ម៉ាថាយ 21:33-44
ម៉ាថាយ 21:33-44 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
«ចូរស្តាប់រឿងប្រៀបធៀបមួយទៀត មានបុរសម្នាក់ជាម្ចាស់ចម្ការ បានធ្វើចម្ការទំពាំងបាយជូរមួយ គាត់ធ្វើរបងព័ទ្ធជុំវិញ ជីកកន្លែងបញ្ជាន់ផ្លែក្នុងចម្ការ ហើយសង់ប៉មមួយ។ បន្ទាប់មក គាត់ប្រវាស់ចម្ការនោះទៅឲ្យពួកអ្នកធ្វើចម្ការ ហើយក៏ចេញទៅស្រុកមួយផ្សេងទៀត។ លុះរដូវប្រមូលផលមកដល់ គាត់ក៏ចាត់ពួកអ្នកបម្រើរបស់ខ្លួនឲ្យទៅជួបពួកអ្នកធ្វើចម្ការ ដើម្បីទទួលយកផលដែលជាចំណែករបស់គាត់។ ប៉ុន្តែ ពួកអ្នកធ្វើចម្ការបានចាប់ពួកអ្នកបម្រើរបស់គាត់ គេវាយម្នាក់ សម្លាប់ម្នាក់ ហើយម្នាក់ទៀតចោលនឹងថ្ម។ បន្ទាប់មក គាត់ក៏ចាត់អ្នកបម្រើផ្សេងទៀតច្រើនជាងមុនឲ្យទៅ តែគេប្រព្រឹត្តនឹងអ្នកទាំងនោះដូចគ្នា។ នៅទីបំផុត គាត់ចាត់កូនប្រុសរបស់គាត់ឲ្យទៅជួបពួកគេ ដោយគិតថា "គេមុខជាគោរពកូនប្រុសរបស់ខ្ញុំមិនខាន" ប៉ុន្តែ ពេលពួកអ្នកចម្ការបានឃើញកូនប្រុសនោះ គេពិគ្រោះគ្នាថា "នេះជាកូនគ្រងមត៌កហើយ មកយើងសម្លាប់វាចោល ហើយយកមត៌ករបស់វា!" គេក៏ចាប់កូននោះ បោះទៅខាងក្រៅចម្ការ ហើយសម្លាប់ចោល។ ដូច្នេះ ពេលម្ចាស់ចម្ការមកដល់ តើគាត់នឹងធ្វើយ៉ាងណាចំពោះពួកអ្នកធ្វើចម្ការទាំងនោះ?» គេទូលព្រះអង្គថា៖ «គាត់នឹងសម្លាប់ជនពាលទាំងនោះឥតត្រាប្រណី ហើយប្រវាស់ចម្ការទៅឲ្យអ្នកធ្វើចម្ការផ្សេងទៀត ដែលនឹងប្រគល់ផលជូនគាត់នៅរដូវប្រមូលផល»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «តើអ្នករាល់គ្នាមិនដែលអានទេឬ? នៅក្នុងបទគម្ពីរចែងថា៖ "ថ្មដែលពួកជាងសង់ផ្ទះបានបោះចោល បានត្រឡប់ជាថ្មជ្រុងយ៉ាងឯក។ ព្រះអម្ចាស់បានធ្វើការនេះ ហើយជាការដ៏អស្ចារ្យនៅចំពោះភ្នែកយើងខ្ញុំ "។ ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាថា ព្រះរាជ្យរបស់ព្រះនឹងត្រូវយកចេញពីអ្នករាល់គ្នា ហើយប្រគល់ទៅឲ្យសាសន៍មួយទៀត ដែលនឹងបង្កើតផលរបស់ព្រះរាជ្យ។ អ្នកណាដែលធ្លាក់លើថ្មនេះនឹងត្រូវបាក់បែក តែអ្នកណាដែលថ្មនេះធ្លាក់លើ អ្នកនោះនឹងត្រូវកិនខ្ទេចខ្ទីទៅ»។
ម៉ាថាយ 21:33-44 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«សុំស្ដាប់ប្រស្នាមួយទៀតៈ មានបុរសម្នាក់ជាម្ចាស់ចម្ការ គាត់បានដាំទំពាំងបាយជូរ ហើយធ្វើរបងព័ទ្ធជុំវិញ គាត់រៀបចំកន្លែងមួយ ដើម្បីបញ្ជាន់ផ្លែទំពាំងបាយជូរ ព្រមទាំងសង់ខ្ទមមួយផង។ បន្ទាប់មក គាត់ប្រវាស់ឲ្យពួកកសិករមើលថែទាំ រួចចេញដំណើរពីស្រុកនោះទៅ។ លុះដល់រដូវទំពាំងបាយជូរទុំ គាត់ក៏ចាត់ពួកអ្នកបម្រើឲ្យមកជួបអ្នកថែចម្ការទាំងនោះ ដើម្បីទទួលយកផលដែលជាចំណែករបស់គាត់។ ពួកកសិករនាំគ្នាចាប់ពួកអ្នកបម្រើមកវាយដំម្នាក់ ប្រហារជីវិតម្នាក់ និងយកដុំថ្មគប់សម្លាប់ម្នាក់ទៀត។ ម្ចាស់ចម្ការក៏ចាត់អ្នកបម្រើផ្សេងទៀត ដែលមានគ្នាច្រើនជាងមុនឲ្យមក។ ប៉ុន្តែ ពួកអ្នកថែចម្ការបានធ្វើបាបអ្នកបម្រើទាំងនោះដូចពួកមុនៗដែរ។ នៅទីបំផុត ម្ចាស់ចម្ការចាត់កូនប្រុសរបស់គាត់ឲ្យមកជួបគេ ដោយគិតថា “គេមុខជាគោរពកោតខ្លាចកូនប្រុសខ្ញុំមិនខាន”។ ប៉ុន្តែ ពេលពួកកសិករឃើញកូនប្រុសម្ចាស់ចម្ការមកដល់ គេពិគ្រោះគ្នាថា: “អ្នកនេះជាអ្នកទទួលកេរមត៌កពីម្ចាស់ចម្ការទៅថ្ងៃក្រោយ បើយើងនាំគ្នាសម្លាប់វា មត៌កនេះនឹងត្រូវបានមកយើងមិនខាន”។ គេក៏ចាប់កូនប្រុសម្ចាស់ចម្ការបោះទៅខាងក្រៅ ហើយសម្លាប់ចោលទៅ។ ដល់ពេលម្ចាស់ចម្ការមក តើគាត់នឹងធ្វើយ៉ាងណាចំពោះកសិករទាំងនោះ?»។ គេទូលព្រះអង្គថា៖ «គាត់មុខជាសម្លាប់ជនពាលទាំងនោះឥតត្រាប្រណីឡើយ រួចប្រវាស់ចម្ការឲ្យអ្នកផ្សេងទៀត ដែលនឹងប្រគល់ផលជាចំណែករបស់គាត់ជូនគាត់ នៅរដូវទំពាំងបាយជូរទុំ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ក្នុងគម្ពីរមានចែងថា: “ថ្មដែលពួកជាងសង់ផ្ទះបោះចោល បានត្រឡប់មកជាថ្មគ្រឹះដ៏សំខាន់បំផុត។ ព្រះអម្ចាស់បានសម្រេចការអស្ចារ្យនេះ យើងបានឃើញ ហើយស្ងើចសរសើរផង” ។ តើអ្នករាល់គ្នាដែលអានអត្ថបទនេះឬទេ? ហេតុនេះហើយបានជាខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ព្រះជាម្ចាស់នឹងដកព្រះរាជ្យចេញពីអ្នករាល់គ្នា ប្រគល់ទៅឲ្យសាសន៍មួយទៀត ដែលចេះបង្កើតផលសមស្របនឹងព្រះរាជ្យ។ អ្នកណាដួលលើថ្មនេះ អ្នកនោះមុខជាត្រូវបាក់បែកខ្ទេចខ្ទាំមិនខាន ហើយបើថ្មនេះសង្កត់លើអ្នកណា មុខជាកិនកម្ទេចអ្នកនោះឲ្យស្លាប់ជាប្រាកដដែរ»។
ម៉ាថាយ 21:33-44 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចូរស្តាប់ពាក្យប្រៀបប្រដូច១ទៀត មានថៅកែម្នាក់ដែលដាំចំការទំពាំងបាយជូរ គាត់បានធ្វើរបងព័ទ្ធជុំវិញ ព្រមទាំងជីកទីជាន់ផ្លែ ហើយសង់ប៉ម ក៏ប្រវាស់ទៅឲ្យពួកអ្នកធ្វើចំការ រួចចេញពីស្រុកនោះទៅ កាលជិតដល់រដូវបេះផ្លែហើយ នោះក៏ប្រើបាវខ្លួនឲ្យទៅឯពួកអ្នកទាំងនោះ ដើម្បីនឹងទទួលផល ជាចំណែករបស់ខ្លួន តែពួកធ្វើចំការ គេចាប់បាវទាំងនោះវាយម្នាក់ សំឡាប់ម្នាក់ ហើយម្នាក់ទៀតចោលនឹងថ្មវិញ ថៅកែក៏ប្រើបាវដទៃជាច្រើនជាងមុនឲ្យទៅទៀត តែគេប្រព្រឹត្តនឹងបាវទាំងនោះបែបដូចគ្នា ដល់ក្រោយបង្អស់ គាត់ចាត់កូនខ្លួនឲ្យទៅដោយគិតថា គេនឹងកោតខ្លាចដល់កូនអញ ប៉ុន្តែ កាលពួកចំការបានឃើញ នោះគេនិយាយគ្នាថា នេះជាកូនគ្រងមរដកហើយ ចូរយើងសំឡាប់វាចេញទៅ រួចយើងនឹងដណ្តើមយកមរដករបស់វា គេក៏ចាប់កូននោះ បោះចោលទៅខាងក្រៅចំការ ហើយសំឡាប់ចោលទៅ ដូច្នេះ កាលណាថៅកែចំការមកដល់ តើគាត់នឹងធ្វើអ្វីដល់ពួកអ្នកដែលធ្វើចំការទាំងនោះ គេទូលឆ្លើយតបថា គាត់នឹងសំឡាប់ពួកកំណាចទាំងនោះយ៉ាងអាក្រក់ណាស់ រួចនឹងប្រវាស់ចំការទៅឲ្យពួកឯទៀតវិញ ដែលគេនឹងឲ្យផលដល់គាត់តាមរដូវ ព្រះយេស៊ូវទ្រង់មានបន្ទូលទៅគេថា តើអ្នករាល់គ្នាមិនដែលមើលក្នុងគម្ពីរទេឬអី ដែលថា «ថ្មដែលពួកជាងសង់ផ្ទះបានចោលចេញ នោះបានត្រឡប់ជាថ្មជ្រុងយ៉ាងឯក ការនោះគឺព្រះអម្ចាស់ទ្រង់បានធ្វើ ហើយជាការយ៉ាងអស្ចារ្យនៅភ្នែកយើងខ្ញុំ» ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាថា នគរព្រះនឹងត្រូវហូតចេញពីអ្នករាល់គ្នា ប្រគល់ទៅឲ្យសាសន៍១ទៀត ដែលគេនឹងបង្កើតផលរបស់នគរនោះ អ្នកណាដែលធ្លាក់លើថ្មនោះ នឹងត្រូវបាក់បែក តែអ្នកណាដែលត្រូវថ្មនោះធ្លាក់មកលើខ្លួន នោះនឹងត្រូវកិនខ្ទេចខ្ទីទៅ