ម៉ាថាយ 21:20-22
ម៉ាថាយ 21:20-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលពួកសិស្សឃើញដូច្នោះ គេមានសេចក្តីអស្ចារ្យ ហើយពោលថា៖ «ហេតុដូចម្ដេចបានជាដើមល្វានេះក្រៀមស្វិតមួយរំពេចដូច្នេះ?» ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយទៅគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ប្រសិនបើអ្នករាល់គ្នាមានជំនឿ ហើយមិនសង្ស័យ អ្នករាល់គ្នាអាចធ្វើបាន មិនត្រឹមតែអ្វីដែលបានកើតឡើងដល់ដើមល្វាប៉ុណ្ណោះ តែទោះបើអ្នកនិយាយទៅភ្នំនេះថា "ចូររើចេញ ហើយធ្លាក់ទៅក្នុងសមុទ្រទៅ" នោះនឹងបានសម្រេចដូច្នោះមិនខាន។ អ្វីក៏ដោយឲ្យតែអ្នករាល់គ្នាអធិស្ឋានសុំទាំងមានជំនឿ អ្នករាល់គ្នានឹងបានទទួល»។
ម៉ាថាយ 21:20-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឃើញដូច្នោះ ពួកសិស្ស*ងឿងឆ្ងល់ជាខ្លាំង គេពោលថា៖ «ហេតុដូចម្ដេចបានជាដើមឧទុម្ពរក្រៀមស្វិតមួយរំពេចដូច្នេះ?»។ ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយទៅគេថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ប្រសិនបើអ្នករាល់គ្នាមានជំនឿឥតសង្ស័យសោះ អ្នករាល់គ្នាមិនត្រឹមតែអាចធ្វើឲ្យដើមឧទុម្ពរនេះក្រៀមស្វិតប៉ុណ្ណោះទេ គឺបើអ្នករាល់គ្នាពោលទៅកាន់ភ្នំនេះថា: “ចូរចេញពីទីនេះ ធ្លាក់ក្នុងសមុទ្រទៅ!” នោះនឹងសម្រេចដូច្នោះជាមិនខាន។ អ្វីក៏ដោយឲ្យតែអ្នករាល់គ្នាអធិស្ឋាន*សុំទាំងមានជំនឿ អ្នករាល់គ្នាមុខជាបានទទួលមែន»។
ម៉ាថាយ 21:20-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលពួកសិស្សបានឃើញដូច្នោះ នោះគេមានសេចក្ដីអស្ចារ្យថា ដើមល្វានេះក្រៀមទៅជា១រំពេចយ៉ាងណាហ្ន៎ ព្រះយេស៊ូវទ្រង់មានបន្ទូលថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើមានសេចក្ដីជំនឿឥតសង្ស័យសោះ នោះអ្នករាល់គ្នានឹងអាចធ្វើបាន មិនត្រឹមតែការដែលកើតឡើងដល់ដើមល្វាប៉ុណ្ណោះទេ គឺទោះបើអ្នកនឹងនិយាយទៅភ្នំនេះថា ឲ្យឯងរើចេញពីទីនេះទៅធ្លាក់ក្នុងសមុទ្រវិញ នោះគង់តែនឹងបានកើតដូច្នោះដែរ ហើយគ្រប់ទាំងសេចក្ដីអ្វី ដែលអ្នករាល់គ្នានឹងអធិស្ឋានសូម ដោយមានចិត្តជឿ នោះនឹងបានសំរេចទាំងអស់។