ម៉ាថាយ 21:12-27
ម៉ាថាយ 21:12-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បន្ទាប់មក ព្រះយេស៊ូវយាងចូលទៅក្នុងព្រះវិហារ ហើយបណ្តេញអស់អ្នកដែលលក់ដូរក្នុងព្រះវិហារចេញ ព្រះអង្គផ្កាប់តុរបស់ពួកអ្នកដូរប្រាក់ និងកៅអីរបស់ពួកអ្នកលក់ព្រាប។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «មានសេចក្តីចែងទុកមកដូច្នេះ "ដំណាក់របស់យើងត្រូវហៅថា ជាដំណាក់សម្រាប់អធិស្ឋាន" តែអ្នករាល់គ្នាបានធ្វើឲ្យដំណាក់នេះក្លាយជារោងចោរ ទៅវិញ»។ ពួកមនុស្សខ្វាក់ និងមនុស្សខ្វិនបាននាំគ្នាចូលមករកព្រះអង្គក្នុងព្រះវិហារ ហើយទ្រង់ក៏ប្រោសពួកគេឲ្យបានជា។ ប៉ុន្តែ ពេលពួកសង្គ្រាជ និងពួកអាចារ្យឃើញការអស្ចារ្យដែលព្រះអង្គបានធ្វើ ហើយឮក្មេងៗស្រែកនៅក្នុងព្រះវិហារថា៖ «ហូសាណា ដល់ព្រះរាជវង្សព្រះបាទដាវីឌ» គេមានចិត្តក្រេវក្រោធ ហើយទូលព្រះអង្គថា៖ «តើលោកឮក្មេងទាំងនេះថាដូចម្តេចឬទេ?» ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំឮហើយ តើអស់លោកមិនដែលបានអានទេឬថា "ព្រះអង្គបានធ្វើឲ្យពាក្យសរសើរបានគ្រប់លក្ខណ៍ ចេញពីមាត់កូនក្មេង និងកូនដែលនៅបៅ "»។ ព្រះអង្គចាកចេញពីពួកគេ យាងទៅភូមិបេតថានី ហើយស្នាក់នៅទីនោះមួយយប់។ លុះព្រលឹមឡើង ពេលព្រះអង្គយាងត្រឡប់ទៅទីក្រុងវិញ ព្រះអង្គឃ្លាន។ ព្រះអង្គទតឃើញដើមល្វាមួយដើមនៅក្បែរផ្លូវ ទ្រង់ក៏យាងទៅជិត មិនឃើញមានផ្លែសោះ មានសុទ្ធតែស្លឹក។ ទ្រង់មានព្រះបន្ទូលទៅកាន់ដើមល្វានោះថា៖ «ពីពេលនេះទៅ កុំឲ្យឯងមានផ្លែទៀតឡើយ!»។ ពេលនោះ ដើមល្វាក៏ក្រៀមស្វិតមួយរំពេច។ កាលពួកសិស្សឃើញដូច្នោះ គេមានសេចក្តីអស្ចារ្យ ហើយពោលថា៖ «ហេតុដូចម្ដេចបានជាដើមល្វានេះក្រៀមស្វិតមួយរំពេចដូច្នេះ?» ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយទៅគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ប្រសិនបើអ្នករាល់គ្នាមានជំនឿ ហើយមិនសង្ស័យ អ្នករាល់គ្នាអាចធ្វើបាន មិនត្រឹមតែអ្វីដែលបានកើតឡើងដល់ដើមល្វាប៉ុណ្ណោះ តែទោះបើអ្នកនិយាយទៅភ្នំនេះថា "ចូររើចេញ ហើយធ្លាក់ទៅក្នុងសមុទ្រទៅ" នោះនឹងបានសម្រេចដូច្នោះមិនខាន។ អ្វីក៏ដោយឲ្យតែអ្នករាល់គ្នាអធិស្ឋានសុំទាំងមានជំនឿ អ្នករាល់គ្នានឹងបានទទួល»។ កាលព្រះអង្គយាងចូលទៅក្នុងព្រះវិហារ ពួកសង្គ្រាជ និងពួកចាស់ទុំរបស់ប្រជាជន នាំគ្នាចូលមករកព្រះអង្គពេលទ្រង់កំពុងបង្រៀន ហើយសួរថា៖ «តើលោកធ្វើការទាំងនេះដោយអាងអំណាចអ្វី ហើយអ្នកណាប្រគល់អំណាចនេះឲ្យលោក?» ព្រះយេស៊ូវមានព្រះបន្ទូលតបថា៖ «ខ្ញុំក៏នឹងសួរអស់លោកមួយសំណួរដែរ បើអស់លោកឆ្លើយប្រាប់ខ្ញុំ នោះខ្ញុំក៏នឹងប្រាប់អស់លោកវិញថា ខ្ញុំធ្វើការទាំងនេះដោយអាងអំណាចអ្វី។ តើពិធីជ្រមុជរបស់លោកយ៉ូហានមកពីណា? មកពីស្ថានសួគ៌ ឬមកពីមនុស្ស?» គេក៏រិះគិតគ្នាថា៖ «បើយើងថា "មកពីស្ថានសួគ៌" គាត់នឹងសួរយើងថា "ដូច្នេះ ហេតុអ្វីបានជាអ្នករាល់គ្នាមិនជឿ?" តែបើយើងថា "មកពីមនុស្ស" យើងខ្លាចបណ្ដាជន ដ្បិតគេទាំងអស់គ្នាចាត់ទុកយ៉ូហានជាហោរា»។ ដូច្នេះ គេទូលឆ្លើយទៅព្រះយេស៊ូវថា៖ «យើងមិនដឹងទេ» ព្រះអង្គក៏មានព្រះបន្ទូលទៅគេថា៖ «ខ្ញុំក៏មិនប្រាប់អស់លោកថា ខ្ញុំធ្វើការទាំងនេះដោយអាងអំណាចអ្វីដែរ»។
ម៉ាថាយ 21:12-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បន្ទាប់មក ព្រះយេស៊ូចូលព្រះវិហារ ហើយព្រះអង្គដេញអ្នកលក់ដូរចេញពីទីនោះ។ ព្រះអង្គផ្ដួលតុអ្នកដូរប្រាក់ ផ្ដួលកៅអីរបស់អ្នកលក់ព្រាប។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ក្នុងគម្ពីរមានចែងថា “ដំណាក់របស់យើងត្រូវធ្វើជាកន្លែងសម្រាប់អធិស្ឋាន តែអ្នករាល់គ្នាបែរជាយកធ្វើជាសំបុកចោរទៅវិញ!”» ។ មានមនុស្សខ្វាក់ និងមនុស្សខ្វិន នាំគ្នាមករកព្រះអង្គនៅក្នុងព្រះវិហារ ព្រះអង្គក៏ប្រោសគេឲ្យជាទាំងអស់គ្នា។ កាលក្រុមនាយកបូជាចារ្យ* និងអាចារ្យ*ឃើញការអស្ចារ្យដែលព្រះអង្គបានធ្វើ និងឮក្មេងៗស្រែកនៅក្នុងព្រះវិហារថា «ជយោព្រះរាជវង្សព្រះបាទដាវីឌ!» គេទាស់ចិត្តណាស់ គេទូលព្រះអង្គថា៖ «តើលោកឮក្មេងៗស្រែកថាដូចម្ដេចទេ?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេវិញថា៖ «ខ្ញុំឮហើយ! ក្នុងគម្ពីរមានចែងថា “ព្រះអង្គបានធ្វើឲ្យពាក្យសរសើរតម្កើង ហូរចេញពីបបូរមាត់ក្មេងតូចៗ និងទារកដែលនៅបៅ” តើអស់លោកមិនដែលអានទេឬ?»។ ព្រះអង្គទុកគេចោល ហើយយាងចេញពីទីក្រុងឆ្ពោះទៅភូមិបេតថានី រួចស្នាក់នៅទីនោះ។ ព្រលឹមឡើង ព្រះយេស៊ូយាងត្រឡប់ទៅទីក្រុងវិញ ពេលនោះ ព្រះអង្គឃ្លាន។ ព្រះអង្គទតឃើញឧទុម្ពរមួយដើមនៅតាមផ្លូវ ព្រះអង្គយាងចូលទៅជិត មិនឃើញមានផ្លែសោះ មានសុទ្ធតែស្លឹក។ ព្រះអង្គមានព្រះបន្ទូលទៅកាន់ដើមឧទុម្ពរនោះថា៖ «ចាប់ពីពេលនេះតទៅ កុំឲ្យឯងមានផ្លែសោះឡើយ!»។ ពេលនោះ ស្រាប់តែដើមឧទុម្ពរក្រៀមស្វិតមួយរំពេច។ ឃើញដូច្នោះ ពួកសិស្ស*ងឿងឆ្ងល់ជាខ្លាំង គេពោលថា៖ «ហេតុដូចម្ដេចបានជាដើមឧទុម្ពរក្រៀមស្វិតមួយរំពេចដូច្នេះ?»។ ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយទៅគេថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ប្រសិនបើអ្នករាល់គ្នាមានជំនឿឥតសង្ស័យសោះ អ្នករាល់គ្នាមិនត្រឹមតែអាចធ្វើឲ្យដើមឧទុម្ពរនេះក្រៀមស្វិតប៉ុណ្ណោះទេ គឺបើអ្នករាល់គ្នាពោលទៅកាន់ភ្នំនេះថា: “ចូរចេញពីទីនេះ ធ្លាក់ក្នុងសមុទ្រទៅ!” នោះនឹងសម្រេចដូច្នោះជាមិនខាន។ អ្វីក៏ដោយឲ្យតែអ្នករាល់គ្នាអធិស្ឋាន*សុំទាំងមានជំនឿ អ្នករាល់គ្នាមុខជាបានទទួលមែន»។ ព្រះយេស៊ូយាងចូលក្នុងព្រះវិហារ* ហើយនៅពេលព្រះអង្គកំពុងតែបង្រៀនគេ ពួកនាយកបូជាចារ្យ* និងពួកព្រឹទ្ធាចារ្យ*របស់ប្រជាជន នាំគ្នាចូលមកសួរព្រះអង្គថា៖ «តើលោកធ្វើការទាំងនេះដោយអាងអំណាចអ្វី? អ្នកណាប្រគល់អំណាចនេះឲ្យលោក?»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ខ្ញុំក៏សុំសួរសំណួរតែមួយដល់អស់លោកដែរ បើអស់លោកប្រាប់ខ្ញុំ ខ្ញុំនឹងប្រាប់អស់លោកវិញថា ខ្ញុំធ្វើការទាំងនេះដោយអាងលើអំណាចអ្វី។ តើនរណាចាត់លោកយ៉ូហានឲ្យមកធ្វើពិធីជ្រមុជទឹក*? ព្រះជាម្ចាស់ ឬមនុស្ស?»។ គេពិគ្រោះគ្នាថា៖ «បើយើងឆ្លើយថា “ព្រះជាម្ចាស់ចាត់លោកយ៉ូហានឲ្យមក” គាត់មុខជាសួរយើងថា “ហេតុអ្វីបានជាអ្នករាល់គ្នាមិនជឿលោកយ៉ូហាន” បើយើងឆ្លើយថា “មនុស្សចាត់លោកយ៉ូហានឲ្យមក” នោះយើងខ្លាចប្រជាជនរករឿង ដ្បិតមនុស្សគ្រប់ៗគ្នាចាត់ទុកលោកយ៉ូហានជាព្យាការី*»។ ដូច្នេះ គេទូលឆ្លើយព្រះយេស៊ូថា៖ «យើងមិនដឹងទេ!»។ ព្រះអង្គមានព្រះបន្ទូលទៅវិញថា៖ «រីឯខ្ញុំវិញ ខ្ញុំក៏មិនប្រាប់អស់លោកថា ខ្ញុំធ្វើការទាំងនេះដោយអាងលើអំណាចអ្វីដែរ»។
ម៉ាថាយ 21:12-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេស៊ូវ ទ្រង់យាងចូលទៅក្នុងព្រះវិហារ ក៏បណ្តេញអស់ទាំងអ្នកដែលលក់ដូរក្នុងព្រះវិហារចេញ ទ្រង់ផ្កាប់តុនៃពួកអ្នកដូរប្រាក់ នឹងជើងម៉ារបស់ពួកអ្នកលក់ព្រាប ហើយទ្រង់មានបន្ទូលទៅគេថា មានសេចក្ដីចែងទុកមកដូច្នេះ «ដំណាក់អញត្រូវហៅថា ជាទីសំរាប់អធិស្ឋាន» តែអ្នករាល់គ្នាបានយកធ្វើជារោងចោរវិញ ឯពួកមនុស្សខ្វាក់ នឹងមនុស្សខ្វិន គេក៏មកឯទ្រង់ក្នុងព្រះវិហារ ហើយទ្រង់ប្រោសគេឲ្យបានជាទាំងអស់ តែពួកសង្គ្រាជ នឹងពួកអាចារ្យ គេមានចិត្តគ្នាន់ក្នាញ់ណាស់ ដោយបានឃើញការអស្ចារ្យដែលទ្រង់ធ្វើ នឹងឮកូនក្មេងទាំងប៉ុន្មានស្រែកក្នុងព្រះវិហារថា ហូសាណា ដល់ព្រះវង្សហ្លួងដាវីឌដូច្នោះ ហើយគេទូលទ្រង់ថា តើអ្នកឮពាក្យដែលក្មេងទាំងនេះថាឬទេ ព្រះយេស៊ូវទ្រង់ឆ្លើយថា ឮហើយ តើអ្នករាល់គ្នាមិនដែលមើលសេចក្ដីទេឬអី ដែលថា «ទ្រង់បានធ្វើឲ្យសេចក្ដីសរសើរបានគ្រប់លក្ខណ៍ ដោយនូវមាត់កូនក្មេង នឹងកូនដែលនៅបៅ» រួចទ្រង់លះចោលគេយាងចេញទៅឯភូមិបេថានីទៅ ក៏ផ្ទំនៅទីនោះ១យប់។ ដល់ព្រលឹមឡើង កំពុងដែលទ្រង់យាងត្រឡប់ទៅឯទីក្រុងវិញ នោះទ្រង់ក៏ឃ្លាន ទ្រង់ទតឃើញដើមល្វា១តាមផ្លូវ ក៏យាងទៅដល់ ឃើញមានតែស្លឹកទទេ នោះទ្រង់មានបន្ទូលថា កុំឲ្យឯងមានផ្លែទៀតឡើយ ស្រាប់តែដើមល្វានោះក្រៀមទៅ កាលពួកសិស្សបានឃើញដូច្នោះ នោះគេមានសេចក្ដីអស្ចារ្យថា ដើមល្វានេះក្រៀមទៅជា១រំពេចយ៉ាងណាហ្ន៎ ព្រះយេស៊ូវទ្រង់មានបន្ទូលថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើមានសេចក្ដីជំនឿឥតសង្ស័យសោះ នោះអ្នករាល់គ្នានឹងអាចធ្វើបាន មិនត្រឹមតែការដែលកើតឡើងដល់ដើមល្វាប៉ុណ្ណោះទេ គឺទោះបើអ្នកនឹងនិយាយទៅភ្នំនេះថា ឲ្យឯងរើចេញពីទីនេះទៅធ្លាក់ក្នុងសមុទ្រវិញ នោះគង់តែនឹងបានកើតដូច្នោះដែរ ហើយគ្រប់ទាំងសេចក្ដីអ្វី ដែលអ្នករាល់គ្នានឹងអធិស្ឋានសូម ដោយមានចិត្តជឿ នោះនឹងបានសំរេចទាំងអស់។ កាលទ្រង់បានយាងចូលទៅក្នុងព្រះវិហារហើយ នោះពួកសង្គ្រាជ នឹងពួកចាស់ទុំនៃបណ្តាជន គេមកឯទ្រង់ ដែលកំពុងតែបង្រៀន ហើយទូលកាត់សួរថា អ្នកធ្វើការទាំងនេះ តើអាងអំណាចអ្វី តើអ្នកណាបានបើកអំណាចនេះឲ្យអ្នក ព្រះយេស៊ូវមានបន្ទូលតបថា ខ្ញុំនឹងសួរអ្នករាល់គ្នាពីសេចក្ដី១ដែរ បើអ្នកឆ្លើយប្រាប់ខ្ញុំ នោះខ្ញុំក៏នឹងប្រាប់ឲ្យអ្នកដឹង ពីអំណាចដែលខ្ញុំអាង ដើម្បីនឹងធ្វើការទាំងនេះដែរ ឯបុណ្យជ្រមុជរបស់យ៉ូហាន តើមកពីណា ពីស្ថានសួគ៌ ឬពីមនុស្ស នោះគេក៏រិះគិតគ្នាថា បើយើងថា មកពីស្ថានសួគ៌ នោះវានឹងសួរយើងថា ដូច្នេះ ហេតុអ្វីបានជាអ្នករាល់គ្នាមិនបានជឿតាមគាត់ តែបើយើងថា មកពីមនុស្សវិញ នោះខ្លាចហ្វូងមនុស្ស ដ្បិតគេរាប់យ៉ូហានទុកជាហោរាទាំងអស់គ្នា រួចគេទូលឆ្លើយថា យើងមិនដឹងទេ ហើយទ្រង់ក៏មានបន្ទូលតបថា ដូច្នេះ ខ្ញុំក៏មិនប្រាប់ឲ្យអ្នករាល់គ្នាដឹង ពីអំណាចដែលខ្ញុំអាងនឹងធ្វើការទាំងនេះដែរ។