ម៉ាថាយ 21:12-15
ម៉ាថាយ 21:12-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បន្ទាប់មក ព្រះយេស៊ូវយាងចូលទៅក្នុងព្រះវិហារ ហើយបណ្តេញអស់អ្នកដែលលក់ដូរក្នុងព្រះវិហារចេញ ព្រះអង្គផ្កាប់តុរបស់ពួកអ្នកដូរប្រាក់ និងកៅអីរបស់ពួកអ្នកលក់ព្រាប។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «មានសេចក្តីចែងទុកមកដូច្នេះ "ដំណាក់របស់យើងត្រូវហៅថា ជាដំណាក់សម្រាប់អធិស្ឋាន" តែអ្នករាល់គ្នាបានធ្វើឲ្យដំណាក់នេះក្លាយជារោងចោរ ទៅវិញ»។ ពួកមនុស្សខ្វាក់ និងមនុស្សខ្វិនបាននាំគ្នាចូលមករកព្រះអង្គក្នុងព្រះវិហារ ហើយទ្រង់ក៏ប្រោសពួកគេឲ្យបានជា។ ប៉ុន្តែ ពេលពួកសង្គ្រាជ និងពួកអាចារ្យឃើញការអស្ចារ្យដែលព្រះអង្គបានធ្វើ ហើយឮក្មេងៗស្រែកនៅក្នុងព្រះវិហារថា៖ «ហូសាណា ដល់ព្រះរាជវង្សព្រះបាទដាវីឌ» គេមានចិត្តក្រេវក្រោធ
ម៉ាថាយ 21:12-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បន្ទាប់មក ព្រះយេស៊ូចូលព្រះវិហារ ហើយព្រះអង្គដេញអ្នកលក់ដូរចេញពីទីនោះ។ ព្រះអង្គផ្ដួលតុអ្នកដូរប្រាក់ ផ្ដួលកៅអីរបស់អ្នកលក់ព្រាប។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ក្នុងគម្ពីរមានចែងថា “ដំណាក់របស់យើងត្រូវធ្វើជាកន្លែងសម្រាប់អធិស្ឋាន តែអ្នករាល់គ្នាបែរជាយកធ្វើជាសំបុកចោរទៅវិញ!”» ។ មានមនុស្សខ្វាក់ និងមនុស្សខ្វិន នាំគ្នាមករកព្រះអង្គនៅក្នុងព្រះវិហារ ព្រះអង្គក៏ប្រោសគេឲ្យជាទាំងអស់គ្នា។ កាលក្រុមនាយកបូជាចារ្យ* និងអាចារ្យ*ឃើញការអស្ចារ្យដែលព្រះអង្គបានធ្វើ និងឮក្មេងៗស្រែកនៅក្នុងព្រះវិហារថា «ជយោព្រះរាជវង្សព្រះបាទដាវីឌ!» គេទាស់ចិត្តណាស់
ម៉ាថាយ 21:12-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេស៊ូវ ទ្រង់យាងចូលទៅក្នុងព្រះវិហារ ក៏បណ្តេញអស់ទាំងអ្នកដែលលក់ដូរក្នុងព្រះវិហារចេញ ទ្រង់ផ្កាប់តុនៃពួកអ្នកដូរប្រាក់ នឹងជើងម៉ារបស់ពួកអ្នកលក់ព្រាប ហើយទ្រង់មានបន្ទូលទៅគេថា មានសេចក្ដីចែងទុកមកដូច្នេះ «ដំណាក់អញត្រូវហៅថា ជាទីសំរាប់អធិស្ឋាន» តែអ្នករាល់គ្នាបានយកធ្វើជារោងចោរវិញ ឯពួកមនុស្សខ្វាក់ នឹងមនុស្សខ្វិន គេក៏មកឯទ្រង់ក្នុងព្រះវិហារ ហើយទ្រង់ប្រោសគេឲ្យបានជាទាំងអស់ តែពួកសង្គ្រាជ នឹងពួកអាចារ្យ គេមានចិត្តគ្នាន់ក្នាញ់ណាស់ ដោយបានឃើញការអស្ចារ្យដែលទ្រង់ធ្វើ នឹងឮកូនក្មេងទាំងប៉ុន្មានស្រែកក្នុងព្រះវិហារថា ហូសាណា ដល់ព្រះវង្សហ្លួងដាវីឌដូច្នោះ