ម៉ាថាយ 21:1-7
ម៉ាថាយ 21:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលគេបានមកជិតក្រុងយេរូសាឡិម នៅភូមិបេតផាសេ ត្រង់ភ្នំដើមអូលីវ ព្រះយេស៊ូវចាត់សិស្សពីរនាក់ឲ្យទៅ ដោយមានព្រះបន្ទូលទៅគេថា៖ «ចូរទៅភូមិខាងមុខនោះទៅ ហើយភ្លាមនោះអ្នកនឹងឃើញមេលាមួយ ដែលគេចងទុកជាមួយកូនរបស់វា។ ចូរស្រាយវា ហើយយកមកឲ្យខ្ញុំ។ ប្រសិនបើមានអ្នកណាសួរអ្វីដល់អ្នក ចូរប្រាប់គេថា "ព្រះអម្ចាស់ត្រូវការវា" ហើយគេនឹងឲ្យវាមកភ្លាម»។ ការនេះកើតឡើងដើម្បីឲ្យបានសម្រេចសេចក្ដី ដែលបានថ្លែងទុកមកតាមរយៈហោរាថា៖ «ចូរប្រាប់កូនស្រីស៊ីយ៉ូនថា មើល៍ ស្តេចរបស់អ្នកយាងមករកអ្នកហើយ ទ្រង់សុភាព ហើយគង់លើសត្វលា និងលើកូនលា ជាកូនរបស់មេលា» ។ សិស្សទាំងពីរក៏ទៅ ហើយធ្វើតាមដូចព្រះយេស៊ូវបានបង្គាប់។ គេបាននាំមេលា និងកូនវាមក ហើយក្រាលអាវរបស់គេលើខ្នងមេលា និងកូនវា រួចព្រះអង្គក៏គង់លើវា។
ម៉ាថាយ 21:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះយេស៊ូយាងមកជាមួយពួកសិស្ស* ជិតដល់ក្រុងយេរូសាឡឹមហើយ។ កាលមកដល់ភូមិបេតផាសេ ដែលនៅចង្កេះភ្នំដើមអូលីវ ព្រះអង្គចាត់សិស្សពីរនាក់ឲ្យទៅមុន ទាំងមានព្រះបន្ទូលថា៖ «ចូរទៅភូមិដែលនៅមុខអ្នករាល់គ្នា។ ពេលទៅដល់ភ្លាម អ្នកនឹងឃើញមេលាមួយដែលគេចងនៅទីនោះ ហើយមានកូនវានៅជាមួយដែរ។ ចូរស្រាយវាដឹកមកឲ្យខ្ញុំ។ ប្រសិនបើមាននរណាសួរ ចូរប្រាប់គេថា ព្រះអម្ចាស់ត្រូវការវា តែព្រះអង្គនឹងឲ្យគេដឹកមកវិញភ្លាមជាមិនខាន»។ ព្រឹត្តិការណ៍នេះកើតឡើងស្របនឹងសេចក្ដី ដែលមានចែងទុកតាមរយៈព្យាការី*ថា៖ «ចូរប្រាប់ប្រជាជនក្រុងស៊ីយ៉ូនថា: មើលហ្ន៎ ព្រះមហាក្សត្ររបស់អ្នក យាងមករកអ្នកហើយ។ ព្រះអង្គមានព្រះហឫទ័យស្លូតបូត ព្រះអង្គគង់លើខ្នងលា ហើយគង់លើខ្នងកូនលាផងដែរ» ។ សិស្សទាំងពីរនាំគ្នាចេញទៅ ធ្វើតាមបញ្ជារបស់ព្រះយេស៊ូ ដឹកមេលា និងកូនវាមក។ គេយកអាវក្រាលពីលើខ្នងលា និងលើខ្នងកូនលាផង ហើយព្រះយេស៊ូឡើងគង់លើខ្នងវា។
ម៉ាថាយ 21:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គ្រាបានមកជិតក្រុងយេរូសាឡិមហើយ ដល់ភូមិបេតផាសេ ខាងភ្នំដើមអូលីវ នោះព្រះយេស៊ូវទ្រង់ចាត់សិស្ស២នាក់ឲ្យទៅ ដោយបន្ទូលថា ចូរទៅឯភូមិនៅខាងមុខនោះ អ្នកនឹងឃើញមេលា១គេចងទុក នឹងកូនវានៅជាមួយគ្នា ចូរស្រាយដឹកនាំវាមកឯខ្ញុំ បើអ្នកណាថាអ្វីឲ្យ នោះត្រូវឆ្លើយថា ព្រះអម្ចាស់ទ្រង់ត្រូវការនឹងវា រួចគេនឹងឲ្យវាមកហើយ ការទាំងនេះកើតមក ដើម្បីឲ្យបានសំរេចតាមទំនាយ ដែលហោរាបានទាយទុកមកថា «ចូរប្រាប់កូនស្រីស៊ីយ៉ូនថា មើល ស្តេចនៃនាង ទ្រង់យាងមកឯនាង ទ្រង់សុភាព ហើយគង់លើសត្វលា គឺជាលាជំទង់ ដែលជាកូនរបស់មេលា» សិស្សនោះក៏ទៅធ្វើតាមបង្គាប់ព្រះយេស៊ូវ ហើយនាំមេលានឹងកូនវាមក រួចក្រាលអាវខ្លួនលើខ្នងថ្វាយទ្រង់គង់