ម៉ាថាយ 20:8-12
ម៉ាថាយ 20:8-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លុះដល់ល្ងាច ម្ចាស់ចម្ការនោះប្រាប់មេការរបស់លោកថា "ចូរហៅពួកកម្មករមក ហើយបើកប្រាក់ឈ្នួលឲ្យគេ ចាប់ផ្ដើមពីអ្នកក្រោយបង្អស់ រហូតដល់អ្នកមុនបង្អស់"។ ពេលពួកអ្នកដែលបានស៊ីឈ្នួលពីម៉ោងប្រាំមកដល់ គេម្នាក់ៗទទួលបានមួយដេណារី។ លុះពេលពួកអ្នកមុនបង្អស់មកដល់ គេគិតថា គេនឹងទទួលបានច្រើនជាង តែគេម្នាក់ៗក៏បានទទួលមួយដេណារីដូចៗគ្នា។ ពេលគេបានទទួលប្រាក់ គេរអ៊ូរទាំដាក់ម្ចាស់ចម្ការថា "ពួកអ្នកមកក្រោយទាំងនេះ ធ្វើការបានតែមួយម៉ោងប៉ុណ្ណោះ ហើយលោកបានបើកឲ្យគេស្មើនឹងយើងខ្ញុំ ដែលទ្រាំធ្វើការធ្ងន់ ទាំងហាលក្ដៅពេញមួយថ្ងៃ"។
ម៉ាថាយ 20:8-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លុះដល់ល្ងាច ម្ចាស់ចម្ការប្រាប់ទៅអ្នកកាន់ប្រាក់ថា “ចូរហៅពួកកម្មករមក ហើយបើកប្រាក់ឲ្យគេ គឺចាប់ផ្ដើមពីអ្នកដែលចូលធ្វើការក្រោយគេបង្អស់ រហូតដល់អ្នកមកមុនគេបង្អស់”។ ពួកអ្នកដែលបានចាប់ផ្ដើមធ្វើការម៉ោងប្រាំល្ងាចមកដល់ ទទួលប្រាក់ម្នាក់មួយដួង*ៗ។ ពួកអ្នកដែលចាប់ផ្ដើមធ្វើការមុនគេក៏មកដល់ដែរ ហើយគិតថា នឹងបានប្រាក់ច្រើនជាង ប៉ុន្តែ គេទទួលម្នាក់មួយដួងដូចៗគ្នា។ គេទទួលយកប្រាក់ទាំងរអ៊ូរទាំដាក់ម្ចាស់ចម្ការថា “ពួកអ្នកដែលមកដល់ក្រោយនេះ បានធ្វើការតែមួយម៉ោងប៉ុណ្ណោះ រីឯយើងខ្ញុំវិញ យើងខ្ញុំធ្វើការហាលថ្ងៃ ហាលក្ដៅ ហើយលោកបែរជាបើកប្រាក់ឲ្យគេស្មើនឹងយើងខ្ញុំដែរ!”។
ម៉ាថាយ 20:8-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដល់ល្ងាច ថៅកែចំការនោះប្រាប់ទៅនាយដំរួតការថា ចូរហៅពួកជើងឈ្នួលមកបើកឈ្នួលឲ្យគេ ចាប់តាំងពីមនុស្សក្រោយបង្អស់ រៀងទៅដល់អ្នកមុនដំបូង កាលពួកអ្នកដែលគាត់ជួលពីម៉ោង៥បានមកដល់ នោះគេបើកបាន២កាក់ម្នាក់ៗ រួចកាលពួកមុនបង្អស់បានមកដល់ គេស្មានថា នឹងបានលើសជាងនោះទៅទៀត តែអ្នកទាំងនោះក៏បានទទួល២កាក់ម្នាក់ដូចគ្នាដែរ គ្រាបានបើកប្រាក់ស្រេចហើយ នោះគេត្អូញត្អែរនឹងថៅកែថា ពួកអ្នកដែលមកក្រោយនេះ គេធ្វើការតែ១ម៉ោងសោះ ហើយលោកបានឲ្យគេស្មើនឹងយើងខ្ញុំ ដែលទ្រាំធ្វើការធ្ងន់ទាំងហាលថ្ងៃ តាំងពីព្រលឹមមកដែរ