ម៉ាថាយ 20:29-34

ម៉ាថាយ 20:29-34 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​គេ​កំពុង​ចាក​ចេញ​ពី​ក្រុង​យេរីខូរ មាន​បណ្ដា‌ជន​ច្រើន​កុះករ​នាំ​គ្នា​ដើរ​តាម​ព្រះ‌អង្គ។ ពេល​នោះ មាន​មនុស្ស​ខ្វាក់​ពីរ​នាក់​អង្គុយ​នៅ​ក្បែរ​ផ្លូវ ហើយ​ពេល​គេ​ឮ​ថា ព្រះ‌យេស៊ូវ​យាង​កាត់​ទី​នោះ ក៏​ស្រែក​ឡើង​ថា៖ «ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ​អើយ! សូម​ទ្រង់​ប្រោស​មេត្តា​ដល់​យើង​ខ្ញុំ​ផង»។ បណ្តា‌ជន​ហាម​អ្នក​ទាំង​ពីរ​នោះ​ឲ្យ​នៅ​ស្ងៀម តែ​គេ​ស្រែក​រឹត​តែ​ខ្លាំង​ឡើង​ថា៖ «ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ​អើយ! សូម​ទ្រង់​ប្រោស​មេត្តា​ដល់​យើង​ខ្ញុំ​ផង!» ព្រះ‌យេស៊ូវ​ក៏​ឈប់ ហើយ​ហៅ​អ្នក​ទាំង​ពីរ​នោះ​មក​សួរ​ថា៖ «តើ​អ្នក​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី?» គេ​ទូល​ព្រះ‌អង្គ​ថា៖ «ឱ​ព្រះ‌អម្ចាស់​អើយ សូម​ប្រោស​ឲ្យ​ភ្នែក​យើង​ខ្ញុំ​បាន​ភ្លឺ​ផង»។ ដោយ​មាន​ព្រះ‌ហឫ‌ទ័យ​ក្តួល​អាណិត ព្រះ‌យេស៊ូវ​ក៏​ពាល់​ភ្នែក​គេ។ រំពេច​នោះ​គេ​មើល​ឃើញ​ភ្លាម ហើយ​ក៏​ដើរ​តាម​ព្រះ‌អង្គ​ទៅ។

ចែក​រំលែក
អាន ម៉ាថាយ 20

ម៉ាថាយ 20:29-34 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កាល​ព្រះ‌យេស៊ូ​យាង​ចេញ​ពី​ក្រុង​យេរីខូ មាន​បណ្ដា‌ជន​ច្រើន​កុះ‌ករ​នាំ​គ្នា​ដើរ​តាម​ព្រះអង្គ ពេល​នោះ មាន​មនុស្ស​ខ្វាក់​ពីរ​នាក់​អង្គុយ​នៅ​ក្បែរ​ផ្លូវ។ អ្នក​ទាំង​ពីរ​ឮ​ថា ព្រះ‌យេស៊ូ​យាង​មក ក៏​ស្រែក​ឡើង​ថា៖ «ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ​អើយ! សូម​អាណិត​មេត្តា​យើង​ខ្ញុំ​ផង!»។ បណ្ដា‌ជន​គំរាម​អ្នក​ទាំង​ពីរ​ឲ្យ​នៅ​ស្ងៀម ប៉ុន្តែ គេ​ស្រែក​រឹត​តែ​ខ្លាំង​ឡើង​ថា៖ «ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ​អើយ! សូម​អាណិត​មេត្តា​យើង​ខ្ញុំ​ផង!»។ ព្រះ‌យេស៊ូ​ក៏​ឈប់ ហើយ​ហៅ​គេ​មក​សួរ​ថា៖ «តើ​អ្នក​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី?»។ គេ​ទូល​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! សូម​ប្រោស​ឲ្យ​ភ្នែក​យើង​ខ្ញុំ​ភ្លឺ​ផង»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌ហឫទ័យ​អាណិត​អាសូរ​អ្នក​ទាំង​ពីរ​ពន់​ពេក​ណាស់ ព្រះអង្គ​ក៏​ពាល់​ភ្នែក​គេ។ រំពេច​នោះ គេ​មើល​ឃើញ​ភ្លាម ហើយ​នាំ​គ្នា​ដើរ​តាម​ព្រះ‌យេស៊ូ​ទៅ។

ចែក​រំលែក
អាន ម៉ាថាយ 20

ម៉ាថាយ 20:29-34 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​កំពុង​តែ​ចេញ​ពី​ក្រុង​យេរីខូរ​មក នោះ​មាន​មនុស្ស​មីរ‌ដេរ‌ដាស​ដើរ​តាម​ទ្រង់​ទៅ ក៏​ឃើញ​មាន​មនុស្ស​ខ្វាក់​២​នាក់ អង្គុយ​នៅ​ក្បែរ​ផ្លូវ គេ​ឮ​ថា​ព្រះ‌យេស៊ូវ​ទ្រង់​យាង​តាម​ទី​នោះ ក៏​ស្រែក​ឡើង​ថា ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ‌វង្ស​ហ្លួង​ដាវីឌ​អើយ សូម​ទ្រង់​ប្រោស​មេត្តា​ដល់​យើង​ខ្ញុំ​ផង ឯ​បណ្តា​មនុស្ស គេ​ហាម​អ្នក​ទាំង​២​នោះ កុំ​ឲ្យ​មាត់ តែ​គេ​ស្រែក​រឹត‌តែ​ខ្លាំង​ឡើង​ថា ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ‌វង្ស​ហ្លួង​ដាវីឌ​អើយ សូម​ទ្រង់​ប្រោស​មេត្តា​ដល់​យើង​ខ្ញុំ​ផង នោះ​ព្រះ‌យេស៊ូវ​ទ្រង់​ឈប់ ក៏​ហៅ​អ្នក​ទាំង​២​នោះ​មក​មាន​បន្ទូល​សួរ​ថា តើ​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ឲ្យ​អ្នក គេ​ទូល​ទ្រង់​ថា ឱ​ព្រះ‌អម្ចាស់​អើយ សូម​ប្រោស​ឲ្យ​ភ្នែក​យើង​ខ្ញុំ​បាន​ភ្លឺ​ឡើង​ផង ទ្រង់​មាន​សេចក្ដី​ក្តួល​ក្នុង​ព្រះ‌ហឫទ័យ ក៏​ពាល់​ភ្នែក​គេ ស្រាប់​តែ​ភ្នែក​បាន​ភ្លឺ​ឡើង រួច​គេ​ដើរ​តាម​ទ្រង់​ទៅ។

ចែក​រំលែក
អាន ម៉ាថាយ 20