ម៉ាថាយ 20:20-34

ម៉ាថាយ 20:20-34 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បន្ទាប់​មក ប្រពន្ធ​របស់​លោក​សេបេដេ​បាន​នាំ​កូន​ប្រុស​ទាំង​ពីរ ចូល​មក​ជួប​ព្រះ‌អង្គ ក្រាប​នៅ​ចំពោះ​ព្រះ‌អង្គ ហើយ​ទូល​សូម​ការ​មួយ​ពី​ព្រះ‌អង្គ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «តើ​អ្នក​ចង់​បាន​អ្វី?» គាត់​ទូល​ព្រះ‌អង្គ​ថា៖ «ពេល​ព្រះ‌អង្គ​គ្រង​រាជ្យ សូម​ប្រោស​ប្រទាន​ឲ្យ​កូន​ខ្ញុំ​ម្ចាស់​ទាំង​ពីរ​នេះ បាន​អង្គុយ​ក្បែរ​ព្រះ‌អង្គ​ផង គឺ​ម្នាក់​នៅ​ខាង​ស្តាំ ហើយ​ម្នាក់​នៅ​ខាង​ឆ្វេង»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «អ្នក​មិន​ដឹង​ថា​អ្នក​កំពុង​សុំ​អ្វី​ទេ។ តើ​អ្នក​អាច​នឹង​ផឹក​ពី​ពែង ដែល​ខ្ញុំ​បម្រុង​នឹង​ផឹក [ហើយ​ទទួល​ការ​ជ្រមុជ​ដែល​ខ្ញុំ​ត្រូវ​ទទួល]​បាន​ឬ?» គេ​ទូល​ឆ្លើយ​ថា៖ «យើង​ខ្ញុំ​អាច​ទទួល​បាន»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អ្នក​អាច​នឹង​ផឹក​ពី​ពែង​ខ្ញុំ [ហើយ​ទទួល​ការ​ជ្រមុជ​ដែល​ខ្ញុំ​ត្រូវ​ទទួល]​បាន​មែន តែ​ដែល​អង្គុយ​នៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង​ខ្ញុំ មិន​មែន​ស្រេច​លើ​ខ្ញុំ​ទេ គឺ​សម្រាប់​តែ​អស់​អ្នក​ដែល​ព្រះ‌វរបិតា​ខ្ញុំ​បាន​រៀប​ចំ​ឲ្យ​ប៉ុណ្ណោះ»។ កាល​សិស្ស​ដប់​នាក់​ទៀត​ឮ​ដូច្នោះ គេ​ខឹង​នឹង​បង‌ប្អូន​ទាំង​ពីរ​នាក់​នេះ ប៉ុន្តែ ព្រះ‌យេស៊ូវ​ហៅ​អ្នក​ទាំង​នោះ​មក ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​រាល់​គ្នា​ដឹង​ថា ពួក​អ្នក​គ្រប់​គ្រង​សាសន៍​ដទៃ តែង​ជិះ‌ជាន់​លើ​ប្រជា‌រាស្ត្រ​របស់​ខ្លួន ហើយ​ពួក​អ្នក​ធំ​របស់​គេ ក៏​ប្រើ​អំណាច​លើ​ប្រជា‌រាស្រ្ត​របស់​ខ្លួន​ដែរ ប៉ុន្តែ ក្នុង​ចំណោម​អ្នក​រាល់​គ្នា​មិន​មែន​ដូច្នោះ​ឡើយ។ អ្នក​ណា​ដែល​ចង់​ធ្វើ​ធំ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​នោះ​ត្រូវ​ធ្វើ​ជា​អ្នក​បម្រើ​អ្នក​រាល់​គ្នា​វិញ ហើយ​អ្នក​ណា​ដែល​ចង់​បាន​ជា​ទី​មួយ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​នោះ​ត្រូវ​ធ្វើ​ជា​ខ្ញុំ​បម្រើ​អ្នក​រាល់​គ្នា។ កូន​មនុស្ស​ក៏​ដូច្នោះ​ដែរ លោក​បាន​មក​មិន​មែន​ឲ្យ​គេ​បម្រើ​លោក​ទេ គឺ​លោក​មក​បម្រើ​គេ​វិញ ព្រម​ទាំង​ប្រគល់​ជីវិត​លោក​ជា​ថ្លៃ​លោះ​ដល់​មនុស្ស​ជា​ច្រើន​ផង»។ កាល​គេ​កំពុង​ចាក​ចេញ​ពី​ក្រុង​យេរីខូរ មាន​បណ្ដា‌ជន​ច្រើន​កុះករ​នាំ​គ្នា​ដើរ​តាម​ព្រះ‌អង្គ។ ពេល​នោះ មាន​មនុស្ស​ខ្វាក់​ពីរ​នាក់​អង្គុយ​នៅ​ក្បែរ​ផ្លូវ ហើយ​ពេល​គេ​ឮ​ថា ព្រះ‌យេស៊ូវ​យាង​កាត់​ទី​នោះ ក៏​ស្រែក​ឡើង​ថា៖ «ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ​អើយ! សូម​ទ្រង់​ប្រោស​មេត្តា​ដល់​យើង​ខ្ញុំ​ផង»។ បណ្តា‌ជន​ហាម​អ្នក​ទាំង​ពីរ​នោះ​ឲ្យ​នៅ​ស្ងៀម តែ​គេ​ស្រែក​រឹត​តែ​ខ្លាំង​ឡើង​ថា៖ «ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ​អើយ! សូម​ទ្រង់​ប្រោស​មេត្តា​ដល់​យើង​ខ្ញុំ​ផង!» ព្រះ‌យេស៊ូវ​ក៏​ឈប់ ហើយ​ហៅ​អ្នក​ទាំង​ពីរ​នោះ​មក​សួរ​ថា៖ «តើ​អ្នក​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី?» គេ​ទូល​ព្រះ‌អង្គ​ថា៖ «ឱ​ព្រះ‌អម្ចាស់​អើយ សូម​ប្រោស​ឲ្យ​ភ្នែក​យើង​ខ្ញុំ​បាន​ភ្លឺ​ផង»។ ដោយ​មាន​ព្រះ‌ហឫ‌ទ័យ​ក្តួល​អាណិត ព្រះ‌យេស៊ូវ​ក៏​ពាល់​ភ្នែក​គេ។ រំពេច​នោះ​គេ​មើល​ឃើញ​ភ្លាម ហើយ​ក៏​ដើរ​តាម​ព្រះ‌អង្គ​ទៅ។

ចែក​រំលែក
អាន ម៉ាថាយ 20

ម៉ាថាយ 20:20-34 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​នោះ ភរិយា​របស់​លោក​សេបេ‌ដេ​បាន​នាំ​កូន​ទាំង​ពីរ​ចូល​មក គាត់​ក្រាប​ទៀប​ព្រះ‌បាទា​ព្រះ‌យេស៊ូ ចង់​ទូល​សុំ​អ្វី​មួយ។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​សួរ​គាត់​ថា៖ «អ្នក​ចង់​បាន​អ្វី?»។ គាត់​ទូល​ព្រះអង្គ​វិញ​ថា៖ «ដល់​ពេល​ព្រះអង្គ​គ្រង​រាជ្យ សូម​ឲ្យ​កូន​របស់​ខ្ញុំ​ម្ចាស់​បាន​អង្គុយ​អម​ព្រះអង្គ​ផង គឺ​ម្នាក់​នៅ​ខាង​ស្ដាំ ម្នាក់​នៅ​ខាង​ឆ្វេង»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «អ្នក​មិន​ដឹង​ថា​ខ្លួន​សុំ​អ្វី​ឡើយ តើ​អ្នក​ទាំង​ពីរ​អាច​ទទួល​ពែង ដែល​ខ្ញុំ​ត្រូវ​ទទួល​នោះ​បាន​ឬ​ទេ?»។ លោក​យ៉ាកុប និង​លោក​យ៉ូហាន​ទូល​ថា៖ «យើង​ខ្ញុំ​អាច​ទទួល​បាន»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​ទាំង​ពីរ​ថា៖ «អ្នក​នឹង​ទទួល​ពែង​របស់​ខ្ញុំ​បាន​មែន ចំណែក​ឯ​អង្គុយ​នៅ​ខាង​ស្ដាំ ឬ​ខាង​ឆ្វេង​ខ្ញុំ​នោះ ខ្ញុំ​មិន​អាច​សម្រេច​ឲ្យ​ឡើយ ព្រោះ​កន្លែង​នោះ​បម្រុង​ទុក​សម្រាប់​តែ​អស់​អ្នក ដែល​ព្រះ‌បិតា​របស់​ខ្ញុំ​បាន​សម្រេច​ឲ្យ​ប៉ុណ្ណោះ»។ កាល​សិស្ស*​ដប់​រូប​ទៀត​ឮ​ដូច្នោះ គេ​ទាស់​ចិត្ត​នឹង​បងប្អូន​ទាំង​ពីរ​នាក់​នេះ​ណាស់។ ព្រះ‌យេស៊ូ​ត្រាស់​ហៅ​សិស្ស​ទាំង​អស់​មក ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ ពួក​អ្នក​គ្រប់‌គ្រង​ស្រុក​តែងតែ​ជិះ‌ជាន់​ប្រជា‌រាស្ត្រ​របស់​ខ្លួន រីឯ​អ្នក​ធំ​ក៏​តែងតែ​ប្រើ​អំណាច​លើ​ប្រជា​រាស្ត្រ​របស់​ខ្លួន​ដែរ។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា​មិន​មែន​ដូច្នោះ​ទេ។ ផ្ទុយ​ទៅ​វិញ បើ​មាន​អ្នក​ណា​ម្នាក់​ចង់​ធ្វើ​ធំ​ជាង​គេ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ត្រូវ​ឲ្យ​អ្នក​នោះ​បម្រើ​អ្នក​រាល់​គ្នា​វិញ។ បើ​មាន​អ្នក​ណា​ម្នាក់​ចង់​ធ្វើ​មេ​គេ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​នោះ​ត្រូវ​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​អ្នក​រាល់​គ្នា​សិន។ បុត្រ​មនុស្ស​មក​ក្នុង​ពិភព​លោក​នេះ​មិន​មែន​ដើម្បី​ឲ្យ​គេ​បម្រើ​លោក​ទេ គឺ​លោក​មក​បម្រើ​គេ​វិញ ព្រម​ទាំង​បូជា​ជីវិត ដើម្បី​លោះ​មនុស្ស​ទាំង​អស់​ផង»។ កាល​ព្រះ‌យេស៊ូ​យាង​ចេញ​ពី​ក្រុង​យេរីខូ មាន​បណ្ដា‌ជន​ច្រើន​កុះ‌ករ​នាំ​គ្នា​ដើរ​តាម​ព្រះអង្គ ពេល​នោះ មាន​មនុស្ស​ខ្វាក់​ពីរ​នាក់​អង្គុយ​នៅ​ក្បែរ​ផ្លូវ។ អ្នក​ទាំង​ពីរ​ឮ​ថា ព្រះ‌យេស៊ូ​យាង​មក ក៏​ស្រែក​ឡើង​ថា៖ «ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ​អើយ! សូម​អាណិត​មេត្តា​យើង​ខ្ញុំ​ផង!»។ បណ្ដា‌ជន​គំរាម​អ្នក​ទាំង​ពីរ​ឲ្យ​នៅ​ស្ងៀម ប៉ុន្តែ គេ​ស្រែក​រឹត​តែ​ខ្លាំង​ឡើង​ថា៖ «ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ​អើយ! សូម​អាណិត​មេត្តា​យើង​ខ្ញុំ​ផង!»។ ព្រះ‌យេស៊ូ​ក៏​ឈប់ ហើយ​ហៅ​គេ​មក​សួរ​ថា៖ «តើ​អ្នក​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី?»។ គេ​ទូល​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! សូម​ប្រោស​ឲ្យ​ភ្នែក​យើង​ខ្ញុំ​ភ្លឺ​ផង»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌ហឫទ័យ​អាណិត​អាសូរ​អ្នក​ទាំង​ពីរ​ពន់​ពេក​ណាស់ ព្រះអង្គ​ក៏​ពាល់​ភ្នែក​គេ។ រំពេច​នោះ គេ​មើល​ឃើញ​ភ្លាម ហើយ​នាំ​គ្នា​ដើរ​តាម​ព្រះ‌យេស៊ូ​ទៅ។

ចែក​រំលែក
អាន ម៉ាថាយ 20

ម៉ាថាយ 20:20-34 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

គ្រា​នោះ ប្រពន្ធ​របស់​សេបេដេ គាត់​នាំ​កូន​ទាំង​២​មក​ឯ​ទ្រង់ ក្រាប​ថ្វាយ‌បង្គំ​ទូល​សូម​សេចក្ដី​មួយ ទ្រង់​មាន​បន្ទូល​សួរ​ថា តើ​អ្នក​ចង់​បាន​អ្វី គាត់​ទូល​ថា សូម​អនុញ្ញាត​ឲ្យ​កូន​ខ្ញុំ​ម្ចាស់​ទាំង​២​នេះ​បាន​អង្គុយ ១​ខាង​ស្តាំ​១​ខាង​ឆ្វេង​ទ្រង់ ក្នុង​នគរ​របស់​ទ្រង់ តែ​ព្រះ‌យេស៊ូវ​មាន​បន្ទូល​តប​ថា អ្នក​រាល់​គ្នា​មិន​យល់​សេចក្ដី​ដែល​អ្នក​សូម​ទេ តើ​អ្នក​អាច​នឹង​ផឹក​អំពី​ពែង ដែល​ខ្ញុំ​រៀប​នឹង​ផឹក ហើយ​ទទួល​បុណ្យ​ជ្រមុជ​ដែល​ខ្ញុំ​ទទួល​បាន​ឬ​ទេ គេ​ទូល​ឆ្លើយ​ថា ទទួល​បាន នោះ​ទ្រង់​មាន​បន្ទូល​ថា អ្នក​រាល់​គ្នា​នឹង​ផឹក​ពី​ពែង​ខ្ញុំ ហើយ​នឹង​ទទួល​បុណ្យ​ជ្រមុជ​ដែល​ខ្ញុំ​ទទួល​មែន តែ​ដែល​អង្គុយ​ខាង​ស្តាំ​ឬ​ខាង​ឆ្វេង​ខ្ញុំ នោះ​មិន​ស្រេច​នឹង​ខ្ញុំ​ទេ គឺ​សំរាប់​តែ​អ្នក​ណា ដែល​ព្រះវរ‌បិតា​ខ្ញុំ​បាន​រៀបចំ​ទុក​ឲ្យ​វិញ កាល​១០​នាក់​ឯ​ទៀត​បាន​ឮ​សេចក្ដី​នោះ​ហើយ គេ​ក៏​តូច​ចិត្ត​នឹង​បង​ប្អូន​ទាំង​២​នាក់​នោះ តែ​ព្រះ‌យេស៊ូវ​ទ្រង់​ហៅ​អ្នក​ទាំង​នោះ​មក មាន​បន្ទូល​ថា អ្នក​រាល់​គ្នា​ដឹង​ថា ពួក​ចៅហ្វាយ​នៃ​សាសន៍​ដទៃ​តែង​គ្រប់‌គ្រង​លើ​សាសន៍​របស់​ខ្លួន ហើយ​ពួក​អ្នក​ធំ​ក៏​មាន​អំណាច​លើ​គេ​ដែរ ប៉ុន្តែ​មិន​ត្រូវ​ឲ្យ​មាន​ដូច្នោះ​ក្នុង​ពួក​អ្នក​រាល់​គ្នា​ឡើយ គឺ​អ្នក​ណា​ក្នុង​ពួក​អ្នក​រាល់​គ្នា ដែល​ចង់​ធ្វើ​ជា​ធំ នោះ​នឹង​ត្រូវ​ធ្វើ​ជា​អ្នក​បំរើ​ដល់​អ្នក​រាល់​គ្នា​វិញ ហើយ​អ្នក​ណា​ក្នុង​ពួក​អ្នក ដែល​ចង់​បាន​ជា​លេខ​១ អ្នក​នោះ​ត្រូវ​ធ្វើ​ជា​បាវ​ដល់​អ្នក​រាល់​គ្នា​វិញ​ដែរ ដូច​ជា​កូន​មនុស្ស​បាន​មក មិន​មែន​ឲ្យ​គេ​បំរើ​លោក​ទេ គឺ​នឹង​បំរើ​គេ​វិញ ហើយ​នឹង​ឲ្យ​ជីវិត​ខ្លួន ទុក​ជា​ថ្លៃ​លោះ​មនុស្ស​ជា​ច្រើន​ផង។ កាល​កំពុង​តែ​ចេញ​ពី​ក្រុង​យេរីខូរ​មក នោះ​មាន​មនុស្ស​មីរ‌ដេរ‌ដាស​ដើរ​តាម​ទ្រង់​ទៅ ក៏​ឃើញ​មាន​មនុស្ស​ខ្វាក់​២​នាក់ អង្គុយ​នៅ​ក្បែរ​ផ្លូវ គេ​ឮ​ថា​ព្រះ‌យេស៊ូវ​ទ្រង់​យាង​តាម​ទី​នោះ ក៏​ស្រែក​ឡើង​ថា ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ‌វង្ស​ហ្លួង​ដាវីឌ​អើយ សូម​ទ្រង់​ប្រោស​មេត្តា​ដល់​យើង​ខ្ញុំ​ផង ឯ​បណ្តា​មនុស្ស គេ​ហាម​អ្នក​ទាំង​២​នោះ កុំ​ឲ្យ​មាត់ តែ​គេ​ស្រែក​រឹត‌តែ​ខ្លាំង​ឡើង​ថា ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ‌វង្ស​ហ្លួង​ដាវីឌ​អើយ សូម​ទ្រង់​ប្រោស​មេត្តា​ដល់​យើង​ខ្ញុំ​ផង នោះ​ព្រះ‌យេស៊ូវ​ទ្រង់​ឈប់ ក៏​ហៅ​អ្នក​ទាំង​២​នោះ​មក​មាន​បន្ទូល​សួរ​ថា តើ​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ឲ្យ​អ្នក គេ​ទូល​ទ្រង់​ថា ឱ​ព្រះ‌អម្ចាស់​អើយ សូម​ប្រោស​ឲ្យ​ភ្នែក​យើង​ខ្ញុំ​បាន​ភ្លឺ​ឡើង​ផង ទ្រង់​មាន​សេចក្ដី​ក្តួល​ក្នុង​ព្រះ‌ហឫទ័យ ក៏​ពាល់​ភ្នែក​គេ ស្រាប់​តែ​ភ្នែក​បាន​ភ្លឺ​ឡើង រួច​គេ​ដើរ​តាម​ទ្រង់​ទៅ។

ចែក​រំលែក
អាន ម៉ាថាយ 20