ម៉ាថាយ 20:20-28
ម៉ាថាយ 20:20-28 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បន្ទាប់មក ប្រពន្ធរបស់លោកសេបេដេបាននាំកូនប្រុសទាំងពីរ ចូលមកជួបព្រះអង្គ ក្រាបនៅចំពោះព្រះអង្គ ហើយទូលសូមការមួយពីព្រះអង្គ។ ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «តើអ្នកចង់បានអ្វី?» គាត់ទូលព្រះអង្គថា៖ «ពេលព្រះអង្គគ្រងរាជ្យ សូមប្រោសប្រទានឲ្យកូនខ្ញុំម្ចាស់ទាំងពីរនេះ បានអង្គុយក្បែរព្រះអង្គផង គឺម្នាក់នៅខាងស្តាំ ហើយម្នាក់នៅខាងឆ្វេង»។ ព្រះយេស៊ូវមានព្រះបន្ទូលតបថា៖ «អ្នកមិនដឹងថាអ្នកកំពុងសុំអ្វីទេ។ តើអ្នកអាចនឹងផឹកពីពែង ដែលខ្ញុំបម្រុងនឹងផឹក [ហើយទទួលការជ្រមុជដែលខ្ញុំត្រូវទទួល]បានឬ?» គេទូលឆ្លើយថា៖ «យើងខ្ញុំអាចទទួលបាន»។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «អ្នកអាចនឹងផឹកពីពែងខ្ញុំ [ហើយទទួលការជ្រមុជដែលខ្ញុំត្រូវទទួល]បានមែន តែដែលអង្គុយនៅខាងស្តាំ ឬខាងឆ្វេងខ្ញុំ មិនមែនស្រេចលើខ្ញុំទេ គឺសម្រាប់តែអស់អ្នកដែលព្រះវរបិតាខ្ញុំបានរៀបចំឲ្យប៉ុណ្ណោះ»។ កាលសិស្សដប់នាក់ទៀតឮដូច្នោះ គេខឹងនឹងបងប្អូនទាំងពីរនាក់នេះ ប៉ុន្តែ ព្រះយេស៊ូវហៅអ្នកទាំងនោះមក ហើយមានព្រះបន្ទូលថា៖ «អ្នករាល់គ្នាដឹងថា ពួកអ្នកគ្រប់គ្រងសាសន៍ដទៃ តែងជិះជាន់លើប្រជារាស្ត្ររបស់ខ្លួន ហើយពួកអ្នកធំរបស់គេ ក៏ប្រើអំណាចលើប្រជារាស្រ្តរបស់ខ្លួនដែរ ប៉ុន្តែ ក្នុងចំណោមអ្នករាល់គ្នាមិនមែនដូច្នោះឡើយ។ អ្នកណាដែលចង់ធ្វើធំក្នុងចំណោមអ្នករាល់គ្នា អ្នកនោះត្រូវធ្វើជាអ្នកបម្រើអ្នករាល់គ្នាវិញ ហើយអ្នកណាដែលចង់បានជាទីមួយក្នុងចំណោមអ្នករាល់គ្នា អ្នកនោះត្រូវធ្វើជាខ្ញុំបម្រើអ្នករាល់គ្នា។ កូនមនុស្សក៏ដូច្នោះដែរ លោកបានមកមិនមែនឲ្យគេបម្រើលោកទេ គឺលោកមកបម្រើគេវិញ ព្រមទាំងប្រគល់ជីវិតលោកជាថ្លៃលោះដល់មនុស្សជាច្រើនផង»។
ម៉ាថាយ 20:20-28 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ ភរិយារបស់លោកសេបេដេបាននាំកូនទាំងពីរចូលមក គាត់ក្រាបទៀបព្រះបាទាព្រះយេស៊ូ ចង់ទូលសុំអ្វីមួយ។ ព្រះអង្គមានព្រះបន្ទូលសួរគាត់ថា៖ «អ្នកចង់បានអ្វី?»។ គាត់ទូលព្រះអង្គវិញថា៖ «ដល់ពេលព្រះអង្គគ្រងរាជ្យ សូមឲ្យកូនរបស់ខ្ញុំម្ចាស់បានអង្គុយអមព្រះអង្គផង គឺម្នាក់នៅខាងស្ដាំ ម្នាក់នៅខាងឆ្វេង»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «អ្នកមិនដឹងថាខ្លួនសុំអ្វីឡើយ តើអ្នកទាំងពីរអាចទទួលពែង ដែលខ្ញុំត្រូវទទួលនោះបានឬទេ?»។ លោកយ៉ាកុប និងលោកយ៉ូហានទូលថា៖ «យើងខ្ញុំអាចទទួលបាន»។ ព្រះអង្គមានព្រះបន្ទូលទៅអ្នកទាំងពីរថា៖ «អ្នកនឹងទទួលពែងរបស់ខ្ញុំបានមែន ចំណែកឯអង្គុយនៅខាងស្ដាំ ឬខាងឆ្វេងខ្ញុំនោះ ខ្ញុំមិនអាចសម្រេចឲ្យឡើយ ព្រោះកន្លែងនោះបម្រុងទុកសម្រាប់តែអស់អ្នក ដែលព្រះបិតារបស់ខ្ញុំបានសម្រេចឲ្យប៉ុណ្ណោះ»។ កាលសិស្ស*ដប់រូបទៀតឮដូច្នោះ គេទាស់ចិត្តនឹងបងប្អូនទាំងពីរនាក់នេះណាស់។ ព្រះយេស៊ូត្រាស់ហៅសិស្សទាំងអស់មក ហើយមានព្រះបន្ទូលថា៖ «អ្នករាល់គ្នាដឹងស្រាប់ហើយ ពួកអ្នកគ្រប់គ្រងស្រុកតែងតែជិះជាន់ប្រជារាស្ត្ររបស់ខ្លួន រីឯអ្នកធំក៏តែងតែប្រើអំណាចលើប្រជារាស្ត្ររបស់ខ្លួនដែរ។ ក្នុងចំណោមអ្នករាល់គ្នាមិនមែនដូច្នោះទេ។ ផ្ទុយទៅវិញ បើមានអ្នកណាម្នាក់ចង់ធ្វើធំជាងគេក្នុងចំណោមអ្នករាល់គ្នា ត្រូវឲ្យអ្នកនោះបម្រើអ្នករាល់គ្នាវិញ។ បើមានអ្នកណាម្នាក់ចង់ធ្វើមេគេក្នុងចំណោមអ្នករាល់គ្នា អ្នកនោះត្រូវធ្វើជាខ្ញុំបម្រើរបស់អ្នករាល់គ្នាសិន។ បុត្រមនុស្សមកក្នុងពិភពលោកនេះមិនមែនដើម្បីឲ្យគេបម្រើលោកទេ គឺលោកមកបម្រើគេវិញ ព្រមទាំងបូជាជីវិត ដើម្បីលោះមនុស្សទាំងអស់ផង»។
ម៉ាថាយ 20:20-28 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គ្រានោះ ប្រពន្ធរបស់សេបេដេ គាត់នាំកូនទាំង២មកឯទ្រង់ ក្រាបថ្វាយបង្គំទូលសូមសេចក្ដីមួយ ទ្រង់មានបន្ទូលសួរថា តើអ្នកចង់បានអ្វី គាត់ទូលថា សូមអនុញ្ញាតឲ្យកូនខ្ញុំម្ចាស់ទាំង២នេះបានអង្គុយ ១ខាងស្តាំ១ខាងឆ្វេងទ្រង់ ក្នុងនគររបស់ទ្រង់ តែព្រះយេស៊ូវមានបន្ទូលតបថា អ្នករាល់គ្នាមិនយល់សេចក្ដីដែលអ្នកសូមទេ តើអ្នកអាចនឹងផឹកអំពីពែង ដែលខ្ញុំរៀបនឹងផឹក ហើយទទួលបុណ្យជ្រមុជដែលខ្ញុំទទួលបានឬទេ គេទូលឆ្លើយថា ទទួលបាន នោះទ្រង់មានបន្ទូលថា អ្នករាល់គ្នានឹងផឹកពីពែងខ្ញុំ ហើយនឹងទទួលបុណ្យជ្រមុជដែលខ្ញុំទទួលមែន តែដែលអង្គុយខាងស្តាំឬខាងឆ្វេងខ្ញុំ នោះមិនស្រេចនឹងខ្ញុំទេ គឺសំរាប់តែអ្នកណា ដែលព្រះវរបិតាខ្ញុំបានរៀបចំទុកឲ្យវិញ កាល១០នាក់ឯទៀតបានឮសេចក្ដីនោះហើយ គេក៏តូចចិត្តនឹងបងប្អូនទាំង២នាក់នោះ តែព្រះយេស៊ូវទ្រង់ហៅអ្នកទាំងនោះមក មានបន្ទូលថា អ្នករាល់គ្នាដឹងថា ពួកចៅហ្វាយនៃសាសន៍ដទៃតែងគ្រប់គ្រងលើសាសន៍របស់ខ្លួន ហើយពួកអ្នកធំក៏មានអំណាចលើគេដែរ ប៉ុន្តែមិនត្រូវឲ្យមានដូច្នោះក្នុងពួកអ្នករាល់គ្នាឡើយ គឺអ្នកណាក្នុងពួកអ្នករាល់គ្នា ដែលចង់ធ្វើជាធំ នោះនឹងត្រូវធ្វើជាអ្នកបំរើដល់អ្នករាល់គ្នាវិញ ហើយអ្នកណាក្នុងពួកអ្នក ដែលចង់បានជាលេខ១ អ្នកនោះត្រូវធ្វើជាបាវដល់អ្នករាល់គ្នាវិញដែរ ដូចជាកូនមនុស្សបានមក មិនមែនឲ្យគេបំរើលោកទេ គឺនឹងបំរើគេវិញ ហើយនឹងឲ្យជីវិតខ្លួន ទុកជាថ្លៃលោះមនុស្សជាច្រើនផង។