ម៉ាថាយ 20:1-16

ម៉ាថាយ 20:1-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

«ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​ប្រៀប​ដូច​ជា​ថៅកែ​ម្នាក់ ដែល​ចេញ​ពី​ព្រលឹម ទៅ​រក​ជួល​កម្មករ​មក​ធ្វើ​ការ ក្នុង​ចម្ការ​ទំពាំង​បាយ​ជូរ​របស់​ខ្លួន។ កាល​បាន​ព្រម​ព្រៀង​ជា​មួយ​កម្មករ ថា​នឹង​បើក​ប្រាក់​ឈ្នួល​ឲ្យ​មួយ​ដេណារី ក្នុង​មួយ​ថ្ងៃ លោក​ក៏​ចាត់​គេ​ឲ្យ​ទៅ​ធ្វើ​ការ​ក្នុង​ចម្ការ​ទំពាំង​បាយ​ជូរ​របស់​លោក។ លុះ​ប្រហែល​ជា​ម៉ោង​ប្រាំ​បួន​ព្រឹក លោក​ក៏​ចេញ​ទៅ ឃើញ​មនុស្ស​ខ្លះ​ទៀត​ឈរ​ទំនេរ​នៅ​ទី​ផ្សារ លោក​ក៏​និយាយ​ទៅ​គេ​ថា "ចូរ​អ្នក​រាល់​គ្នា​ទៅ​ធ្វើ​ចម្ការ​ដែរ​ទៅ ខ្ញុំ​នឹង​បើក​ប្រាក់​ឈ្នួល​ឲ្យ​តាម​ត្រឹម‌ត្រូវ" គេ​ក៏​ទៅ។ លោក​ក៏​ចេញ​ម្តង​ទៀត​នៅ​ថ្ងៃ​ត្រង់ និង​នៅ​ម៉ោង​ប្រហែល​បី​រ​សៀល ហើយ​ធ្វើ​ដដែល​ដូច​មុន។ លុះ​ប្រហែល​ជា​ម៉ោង​ប្រាំ​ល្ងាច លោក​ចេញ​ទៅ​ឃើញ​នៅ​មាន​មនុស្ស​ខ្លះ​ទៀត​កំពុង​ឈរ ហើយ​លោក​ក៏​សួរ​គេ​ថា "ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ឈរ​ទំនេរ​នៅ​ទី​នេះ មួយ​ថ្ងៃ​វាល់​ល្ងាច​ដូច្នេះ?" គេ​ឆ្លើយ​តប​ថា "ព្រោះ​គ្មាន​អ្នក​ណា​ជួល​យើង​ខ្ញុំ"។ លោក​និយាយ​ទៅ​គេ​ថា "ចូរ​អ្នក​រាល់​គ្នា​ទៅ​ធ្វើ​ចម្ការ​ដែរ​ទៅ [អ្នក​នឹង​ទទួល​បាន​ប្រាក់​ឈ្នួល​តាម​ត្រឹម‌ត្រូវ]" លុះ​ដល់​ល្ងាច ម្ចាស់​ចម្ការ​នោះ​ប្រាប់​មេការ​របស់​លោក​ថា "ចូរ​ហៅ​ពួក​កម្មករ​មក ហើយ​បើក​ប្រាក់​ឈ្នួល​ឲ្យ​គេ ចាប់​ផ្ដើម​ពី​អ្នក​ក្រោយ​បង្អស់ រហូត​ដល់​អ្នក​មុន​បង្អស់"។ ពេល​ពួក​អ្នក​ដែល​បាន​ស៊ី​ឈ្នួល​ពី​ម៉ោង​ប្រាំ​មក​ដល់ គេ​ម្នាក់ៗ​ទទួល​បាន​មួយ​ដេណារី។ លុះ​ពេល​ពួក​អ្នក​មុន​បង្អស់​មក​ដល់ គេ​គិត​ថា គេ​នឹង​ទទួល​បាន​ច្រើន​ជាង តែ​គេ​ម្នាក់ៗ​ក៏​បាន​ទទួល​មួយ​ដេណារី​ដូចៗ​គ្នា។ ពេល​គេ​បាន​ទទួល​ប្រាក់ គេ​រអ៊ូ‌រទាំ​ដាក់​ម្ចាស់​ចម្ការ​ថា "ពួក​អ្នក​មក​ក្រោយ​ទាំង​នេះ ធ្វើ​ការ​បាន​តែ​មួយ​ម៉ោង​ប៉ុណ្ណោះ ហើយ​លោក​បាន​បើក​ឲ្យ​គេ​ស្មើ​នឹង​យើង​ខ្ញុំ ដែល​ទ្រាំ​ធ្វើ​ការ​ធ្ងន់ ទាំង​ហាល​ក្ដៅ​ពេញ​មួយ​ថ្ងៃ"។ ប៉ុន្តែ លោក​ឆ្លើយ​ទៅ​ម្នាក់​ក្នុង​ចំណោម​ពួក​គេ​ថា "សម្លាញ់​អើយ ខ្ញុំ​មិន​ធ្វើ​ខុស​ចំពោះ​អ្នក​ទេ តើ​អ្នក​មិន​យល់​ព្រម​ជា​មួយ​ប្រាក់​ពីរ​កាក់​នេះ​ឬ? ចូរ​យក​ប្រាក់​ឈ្នួល​របស់​អ្នក ហើយ​ទៅ​ចុះ ខ្ញុំ​សម្រេច​ឲ្យ​អ្នក​ដែល​មក​ក្រោយ​នេះ ស្មើ​នឹង​អ្នក​ដែរ តើ​ខ្ញុំ​គ្មាន​ច្បាប់​នឹង​ចាត់​ចែង​អ្វី​ដែល​ជា​របស់​ខ្ញុំ តាម​បំណង​ចិត្ត​របស់​ខ្ញុំ​ទេ​ឬ? ឬ​មួយ​អ្នក​ច្រណែន​ព្រោះ​តែ​ខ្ញុំ​មាន​ចិត្ត​សប្បុរស?" ដូច្នេះ អ្នក​ក្រោយ​នឹង​ទៅ​ជា​មុន ហើយ​អ្នក​មុន​នឹង​ទៅ​ជា​ក្រោយ [ដ្បិត​បាន​ហៅ​មនុស្ស​ជា​ច្រើន តែ​រើស​បាន​តិច​ទេ]»។

ចែក​រំលែក
អាន ម៉ាថាយ 20

ម៉ាថាយ 20:1-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

«ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ*​ប្រៀប​បាន​នឹង​ម្ចាស់​ចម្ការ​ម្នាក់ ដែល​ចាក​ចេញ​ពី​ផ្ទះ​តាំង​ពី​ព្រលឹម ដើម្បី​រក​ជួល​កម្មករ​មក​ធ្វើ​ការ​នៅ​ក្នុង​ចម្ការ​ទំពាំង‌បាយជូរ​របស់​គាត់។ គាត់​ព្រម​ព្រៀង​ជា​មួយ​ពួក​កម្មករ​ជា​ស្រេច​ថា នឹង​ឲ្យ​ប្រាក់​មួយ​ដួង*​ក្នុង​មួយ​ថ្ងៃ ហើយ​ចាត់​គេ​ឲ្យ​ទៅ​ធ្វើ​ការ​ក្នុង​ចម្ការ។ ប្រមាណ​ជា​ម៉ោង​ប្រាំ‌បួន​ព្រឹក គាត់​ចេញ​ទៅ​ឃើញ​អ្នក​ផ្សេង​ទៀត​កំពុង​តែ​ឈរ​នៅ​តាម​ទី​ផ្សារ ឥត​ធ្វើ​អ្វី​សោះ។ គាត់​ក៏​និយាយ​ទៅ​កាន់​គេ​ថា “ចូរ​អ្នក​រាល់​គ្នា​ទៅ​ធ្វើ​ការ​នៅ​ចម្ការ​ខ្ញុំ​ដែរ​ទៅ ខ្ញុំ​នឹង​ឲ្យ​ប្រាក់​ឈ្នួល​ត្រឹម​ត្រូវ”។ អ្នក​ទាំង​នោះ​ក៏​នាំ​គ្នា​ទៅ​ធ្វើ​ការ​នៅ​ចម្ការ។ ម្ចាស់​ចម្ការ​ចេញ​ទៅ​សា​ជា​ថ្មី​ទៀត​នៅ​ម៉ោង​ដប់‌ពីរ និង​ម៉ោង​បី​រសៀល ហើយ​ជួល​អ្នក​ផ្សេង​តាម​របៀប​ដដែល។ ប្រមាណ​ជា​ម៉ោង​ប្រាំ​ល្ងាច គាត់​ចេញ​ទៅ​សា​ជា​ថ្មី ឃើញ​អ្នក​ខ្លះ​ទៀត​ឈរ​នៅ​តាម​ទី​ផ្សារ។ គាត់​សួរ​គេ​ថា “ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​រាល់​គ្នា​ឈរ​នៅ​ទី​នេះ​មួយ​ថ្ងៃ​វាល់​ល្ងាច ឥត​ធ្វើ​អ្វី​សោះ​ដូច្នេះ?” ពួក​គេ​ឆ្លើយ​ថា “មក​ពី​គ្មាន​នរណា​ជួល​យើង​ខ្ញុំ​ទៅ​ធ្វើ​ការ​ទេ!”។ គាត់​ក៏​ពោល​ទៅ​អ្នក​ទាំង​នោះ​ថា “ចូរ​អ្នក​រាល់​គ្នា​ទៅ​ធ្វើ​ការ​នៅ​ចម្ការ​ខ្ញុំ​ដែរ​ទៅ”។ លុះ​ដល់​ល្ងាច ម្ចាស់​ចម្ការ​ប្រាប់​ទៅ​អ្នក​កាន់​ប្រាក់​ថា “ចូរ​ហៅ​ពួក​កម្មករ​មក ហើយ​បើក​ប្រាក់​ឲ្យ​គេ គឺ​ចាប់​ផ្ដើម​ពី​អ្នក​ដែល​ចូល​ធ្វើ​ការ​ក្រោយ​គេ​បង្អស់ រហូត​ដល់​អ្នក​មក​មុន​គេ​បង្អស់”។ ពួក​អ្នក​ដែល​បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ម៉ោង​ប្រាំ​ល្ងាច​មក​ដល់ ទទួល​ប្រាក់​ម្នាក់​មួយ​ដួង*ៗ។ ពួក​អ្នក​ដែល​ចាប់​ផ្ដើម​ធ្វើ​ការ​មុន​គេ​ក៏​មក​ដល់​ដែរ ហើយ​គិត​ថា នឹង​បាន​ប្រាក់​ច្រើន​ជាង ប៉ុន្តែ គេ​ទទួល​ម្នាក់​មួយ​ដួង​ដូចៗ​គ្នា។ គេ​ទទួល​យក​ប្រាក់​ទាំង​រអ៊ូ‌រទាំ​ដាក់​ម្ចាស់​ចម្ការ​ថា “ពួក​អ្នក​ដែល​មក​ដល់​ក្រោយ​នេះ បាន​ធ្វើ​ការ​តែ​មួយ​ម៉ោង​ប៉ុណ្ណោះ រីឯ​យើង​ខ្ញុំ​វិញ យើង​ខ្ញុំ​ធ្វើ​ការ​ហាល​ថ្ងៃ ហាល​ក្ដៅ ហើយ​លោក​បែរ​ជា​បើក​ប្រាក់​ឲ្យ​គេ​ស្មើ​នឹង​យើង​ខ្ញុំ​ដែរ!”។ ម្ចាស់​ចម្ការ​និយាយ​ទៅ​កាន់​ម្នាក់​ក្នុង​ចំណោម​កម្មករ​ទាំង​នោះ​ថា “សម្លាញ់​អើយ! ខ្ញុំ​មិន​បាន​បោក​បញ្ឆោត​អ្នក​ទេ។ អ្នក​បាន​យល់​ព្រម​ធ្វើ​ការ​ឲ្យ​ខ្ញុំ​មួយ​ដួង​ក្នុង​មួយ​ថ្ងៃ​មែន​ឬ​ទេ! ចូរ​យក​ប្រាក់​ឈ្នួល​របស់​អ្នក ហើយ​ចេញ​ទៅ​ចុះ!។ ខ្ញុំ​ចង់​ឲ្យ​អ្នក​ដែល​មក​ដល់​ក្រោយ ទទួល​ប្រាក់​ស្មើ​នឹង​អ្នក​ដែរ។ តើ​ខ្ញុំ​គ្មាន​សិទ្ធិ​នឹង​យក​ប្រាក់​របស់​ខ្ញុំ​ទៅ​ធ្វើ​អ្វី​តាម​បំណង​ចិត្ត​ខ្ញុំ​ទេ​ឬ? ឬ​មួយ​អ្នក​ច្រណែន មក​ពី​ឃើញ​ខ្ញុំ​មាន​ចិត្ត​សប្បុរស?”។ ហេតុ​នេះ អ្នក​ដែល​នៅ​ខាង​ក្រោយ​នឹង​ត្រឡប់​ទៅ​នៅ​ខាង​មុខ រីឯ​អ្នក​ដែល​នៅ​ខាង​មុខ​នឹង​ត្រឡប់​ទៅ​នៅ​ខាង​ក្រោយ​វិញ»។

ចែក​រំលែក
អាន ម៉ាថាយ 20

ម៉ាថាយ 20:1-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដ្បិត​នគរ​ស្ថាន‌សួគ៌​ប្រៀប​ដូច​ជា​ថៅកែ​ម្នាក់ ដែល​ចេញ​ទៅ​ពី​ព្រលឹម ដើម្បី​នឹង​ជួល​ជើង​ឈ្នួល ឲ្យ​មក​ធ្វើ​ការ​ក្នុង​ចំការ​ទំពាំង‌បាយ‌ជូរ​របស់​ខ្លួន កាល​បាន​ព្រម​គ្នា​នឹង​បើក​ឲ្យ​២​កាក់​ម្នាក់​ក្នុង​១​ថ្ងៃ​ហើយ នោះ​ក៏​បញ្ជូន​ឲ្យ​ទៅ​ធ្វើ​ក្នុង​ចំការ ដល់​ពេល​ម៉ោង​៩​ព្រឹក គាត់​ចេញ​ទៅ​ឃើញ​មនុស្ស​ខ្លះ​ទៀត​ឈរ​ទំនេរ​នៅ​ទី​ផ្សារ ក៏​ប្រាប់​គេ​ថា ចូរ​អ្នក​ទាំង‌ឡាយ នាំ​គ្នា​ទៅ​ធ្វើ​ការ​ក្នុង​ចំការ​របស់​ខ្ញុំ​ទៅ ខ្ញុំ​នឹង​បើក​ឲ្យ តាម​ត្រឹម‌ត្រូវ គេ​ក៏​ទៅ ដល់​ថ្ងៃ​ត្រង់ ហើយ​ពេល​ម៉ោង​៣​រសៀល គាត់​ក៏​ចេញ​ទៅ​ធ្វើ​ដូច្នោះ​ទៀត លុះ​ដល់​ពេល​ម៉ោង​៥ គាត់​ចេញ​ទៅ​ឃើញ​មាន​មនុស្ស​ខ្លះ​ទៀត​នៅ​ទំនេរ ក៏​សួរ​គេ​ថា ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ឈរ​ទំនេរ​នៅ​ទី​នេះ តាំង​ពី​ព្រលឹម​មក​ដូច្នេះ គេ​ឆ្លើយ​ថា ពី​ព្រោះ​គ្មាន​អ្នក​ណា​ជួល​យើង​ខ្ញុំ រួច​គាត់​ប្រាប់​ថា ចូរ​អ្នក​រាល់​គ្នា​ទៅ​ធ្វើ​ការ​ក្នុង​ចំការ​របស់​ខ្ញុំ​ទៅ នោះ​អ្នក​នឹង​ទទួល​ឈ្នួល​តាម​ត្រឹម‌ត្រូវ ដល់​ល្ងាច ថៅកែ​ចំការ​នោះ​ប្រាប់​ទៅ​នាយ​ដំរួត​ការ​ថា ចូរ​ហៅ​ពួក​ជើង​ឈ្នួល​មក​បើក​ឈ្នួល​ឲ្យ​គេ ចាប់​តាំង​ពី​មនុស្ស​ក្រោយ​បង្អស់ រៀង​ទៅ​ដល់​អ្នក​មុន​ដំបូង កាល​ពួក​អ្នក​ដែល​គាត់​ជួល​ពី​ម៉ោង​៥​បាន​មក​ដល់ នោះ​គេ​បើក​បាន​២​កាក់​ម្នាក់ៗ រួច​កាល​ពួក​មុន​បង្អស់​បាន​មក​ដល់ គេ​ស្មាន​ថា នឹង​បាន​លើស​ជាង​នោះ​ទៅ​ទៀត តែ​អ្នក​ទាំង​នោះ​ក៏​បាន​ទទួល​២​កាក់​ម្នាក់​ដូច​គ្នា​ដែរ គ្រា​បាន​បើក​ប្រាក់​ស្រេច​ហើយ នោះ​គេ​ត្អូញ‌ត្អែរ​នឹង​ថៅកែ​ថា ពួក​អ្នក​ដែល​មក​ក្រោយ​នេះ គេ​ធ្វើ​ការ​តែ​១​ម៉ោង​សោះ ហើយ​លោក​បាន​ឲ្យ​គេ​ស្មើ​នឹង​យើង​ខ្ញុំ ដែល​ទ្រាំ​ធ្វើ​ការ​ធ្ងន់​ទាំង​ហាល​ថ្ងៃ តាំង​ពី​ព្រលឹម​មក​ដែរ តែ​គាត់​ឆ្លើយ​ទៅ​ម្នាក់​នោះ​ថា សំឡាញ់​អើយ ខ្ញុំ​មិន​ធ្វើ​ខុស​នឹង​អ្នក​ទេ តើ​អ្នក​មិន​បាន​សុខ​ចិត្ត​ព្រម​ទទួល​តែ​២​កាក់​ទេ​ឬ​អី ដូច្នេះ ចូរ​យក​ប្រាក់​របស់​អ្នក​ទៅៗ ខ្ញុំ​បាន​សំរេច​នឹង​ឲ្យ​ដល់​ពួក​អ្នក​ដែល​មក​ក្រោយ​នេះ ដូច​ជា​បាន​ឲ្យ​ដល់​អ្នក​ដែរ តើ​ខ្ញុំ​គ្មាន​ច្បាប់​នឹង​ចាត់‌ចែង​របស់​ខ្ញុំ តាម​អំពើ​ចិត្ត​ទេ​ឬ​អី តើ​ភ្នែក​អ្នក​ឃើញ​អាក្រក់ ពី​ព្រោះ​ខ្ញុំ​ល្អ​ឬ​អី គឺ​យ៉ាង​នោះ​ដែល​អស់​អ្នក​ក្រោយ​នឹង​បាន​ទៅ​ជា​មុន ហើយ​ពួក​អ្នក​មុន​នឹង​ទៅ​ជា​ក្រោយ​វិញ ដ្បិត​បាន​ហៅ​មនុស្ស​ជា​ច្រើន តែ​រើស​បាន​តិច​ទេ។

ចែក​រំលែក
អាន ម៉ាថាយ 20