ម៉ាថាយ 2:7-14

ម៉ាថាយ 2:7-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​នោះ ព្រះ‌បាទ​ហេរ៉ូឌ​ក៏​ហៅ​ពួក​ហោរ​នោះ​មក​ដោយ​សម្ងាត់ ហើយ​សាក​សួរ​អ្នក​ទាំង​នោះ​ពី​ពេល‌វេលា​ជាក់​លាក់ ដែល​ផ្កាយ​នោះ​បាន​លេច​មក រួច​ទ្រង់​ចាត់​ពួក​ហោរ​ទាំង​នោះ​ឲ្យ​ទៅភូមិ​បេថ្លេហិម ដោយ​ត្រាស់​បង្គាប់​ថា៖ «ចូរ​អស់​លោក​ទៅ​ចុះ ហើយ​ស៊ើប​សួរ​ពី​កូន​តូច​នោះ​ឲ្យ​ច្បាស់​លាស់ ពេល​ឃើញ​ហើយ ត្រូវ​មក​ប្រាប់​យើង​វិញ ដើម្បី​ឲ្យ​យើង​បាន​ទៅ​ថ្វាយ‌បង្គំ​ដែរ»។ ក្រោយ​ពី​បាន​ទទួល​ការ​ត្រាស់​បង្គាប់​របស់​ស្តេច​ហើយ គេ​ក៏​នាំ​គ្នា​ចេញ​ទៅ ពេល​នោះ ផ្កាយ​ដែល​គេ​បាន​ឃើញ​ពី​ទិស​ខាង​កើត ក៏​នាំ​មុខ​គេ​រហូត​ដល់​ចំ​ពី​លើក​ន្លែង​ដែល​បុត្រ​តូច​គង់​នៅ​ទើប​ឈប់។ ពេល​ឃើញ​ផ្កាយ​នោះ​ឈប់​ដូច្នោះ គេ​មាន​អំណរ​ជា​ខ្លាំង ហើយ​ចូល​ទៅ​ក្នុង​ផ្ទះ ឃើញ​បុត្រ​តូច​នៅ​ជា​មួយ​ម៉ារា ជា​មាតា គេ​ក៏​ក្រាប​ថ្វាយ‌បង្គំ រួច​បើក​ប្រអប់​យក​ទ្រព្យ​របស់​ខ្លួន ជា​មាស ជា​កំញាន និង​ជ័រ​ល្វីង​ទេស​ថ្វាយ​ដល់​បុត្រ​នោះ។ បន្ទាប់​មក គេ​ក៏​វិល​ត្រឡប់​ទៅ​ស្រុក​របស់​ខ្លួន​វិញ តាម​ផ្លូវ​មួយ​ផ្សេង​ទៀត ដ្បិត​ព្រះ‌មាន​ព្រះ‌បន្ទូល​ហាម​គេ​ក្នុង​យល់​សប្តិ មិន​ឲ្យ​គេ​ត្រឡប់​ទៅ​ជួប​ហេរ៉ូឌ​វិញ​ឡើយ។ កាល​ពួក​ហោ​ចេញ​ទៅ​ផុត ទេវតា​មួយ​របស់​ព្រះ‌អម្ចាស់​លេច​មក​ប្រាប់​យ៉ូសែប​ក្នុង​យល់​សប្តិ​ថា៖ «ចូរ​ក្រោក​ឡើង នាំ​បុត្រ​តូច និង​មាតា​របស់​ព្រះ‌អង្គ​គេច​ចេញ​ទៅ​ស្រុក​អេស៊ីព្ទ​ទៅ ហើយ​នៅ​ស្រុក​នោះ រហូត​ទាល់​តែ​យើង​ប្រាប់​ឲ្យ​ត្រឡប់​មក​វិញ ដ្បិត​ហេរ៉ូឌ​ប្រុង​នឹង​ស៊ើប​សួរ​រក​បុត្រ​នោះ ដើម្បី​ធ្វើ​គុត​ព្រះ‌អង្គ»។ លោក​ក៏​ក្រោក​ឡើង​ទាំង​យប់ នាំ​បុត្រ​តូច និង​មាតា​របស់​ព្រះ‌អង្គ​ចេញ​ទៅ​ស្រុក​អេស៊ីព្ទ

ចែក​រំលែក
អាន ម៉ាថាយ 2

ម៉ាថាយ 2:7-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​នោះ ព្រះ‌បាទ​ហេរ៉ូដ​ហៅ​ពួក​ហោរា‌ចារ្យ​មក​ជា​សម្ងាត់ សួរ​បញ្ជាក់​អំពី​ពេល​ដែល​ផ្កាយ​រះ​ឡើង។ បន្ទាប់​មក ស្ដេច​ចាត់​ហោរា‌ចារ្យ​ទាំង​នោះ​ឲ្យ​ទៅ​ភូមិ​បេថ្លេ‌ហិម ដោយ​មាន​រាជ‌ឱង្ការ​ថា៖ «សុំ​អស់​លោក​នាំ​គ្នា​ទៅ​ចុះ ហើយ​ស៊ើប‌សួរ​ដំណឹង​អំពី​ព្រះ‌ឱរស​នោះ​ឲ្យ​បាន​ច្បាស់​លាស់។ កាល​បើ​បាន​ឃើញ​ហើយ ចូរ​មក​ប្រាប់​យើង​វិញ​ផង ដើម្បី​ឲ្យ​យើង​បាន​ទៅ​ថ្វាយ‌បង្គំ​ព្រះអង្គ​ដែរ»។ ក្រោយ​ពី​បាន​ទទួល​រាជ‌ឱង្ការ​ហើយ គេ​ក៏​នាំ​គ្នា​ចេញ​ទៅ។ ពេល​នោះ ផ្កាយ​ដែល​គេ​បាន​ឃើញ​នៅ​ទិស​ខាង​កើត នាំ​មុខ​គេ​រហូត​ដល់​កន្លែង​ដែល​ព្រះ‌ឱរស​គង់ ទើប​ឈប់។ កាល​ហោរា‌ចារ្យ​ទាំង​នោះ​ឃើញ​ផ្កាយ គេ​សប្បាយ​ចិត្ត​ពន់​ប្រមាណ គេ​ចូល​ទៅ​ក្នុង​ផ្ទះ ឃើញ​ព្រះ‌ឱរស​គង់​នៅ​ជា​មួយ​នាង​ម៉ារី​ជា​មាតា គេ​ក៏​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ព្រះអង្គ រួច​បើក​ហិប​យក​ទ្រព្យ​របស់​ខ្លួន គឺ​មាស គ្រឿង​ក្រអូប និង​ជ័រ​ល្វីង‌ទេស មក​ថ្វាយ​ព្រះអង្គ។ បន្ទាប់​មក គេ​វិល​ត្រឡប់​ទៅ​ស្រុក​របស់​ខ្លួន​វិញ តាម​ផ្លូវ​មួយ​ផ្សេង​ទៀត ដ្បិត​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ប្រាប់​គេ ក្នុង​សុបិន​និមិត្ត មិន​ឲ្យ​វិល​ទៅ​គាល់​ព្រះ‌បាទ​ហេរ៉ូដ​វិញ​ឡើយ។ កាល​ពួក​ហោរា‌ចារ្យ​ចាក​ចេញ​ផុត​ទៅ ទេវតា*​របស់​ព្រះ‌អម្ចាស់​មក​ប្រាប់​លោក​យ៉ូសែប ក្នុង​សុបិន​និមិត្ត​ថា៖ «ចូរ​ក្រោក​ឡើង នាំ​ព្រះ‌ឱរស និង​មាតា​របស់​ព្រះអង្គ រត់​ទៅ​ស្រុក​អេស៊ីប​ទៅ។ ចូរ​ស្នាក់​នៅ​ស្រុក​នោះ​រហូត​ដល់​យើង​ប្រាប់​ឲ្យ​វិល​ត្រឡប់​មក​វិញ សឹម​មក ដ្បិត​ស្ដេច​ហេរ៉ូដ​រក​ធ្វើ​គុត​ព្រះ‌ឱរស»។ លោក​យ៉ូសែប​ក្រោក​ឡើង នាំ​ព្រះ‌ឱរស និង​មាតា​របស់​ព្រះអង្គ រត់​ភៀស​ខ្លួន​ទៅ​ស្រុក​អេស៊ីប​ទាំង​យប់។

ចែក​រំលែក
អាន ម៉ាថាយ 2

ម៉ាថាយ 2:7-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​ស្តេច​ហេរ៉ូឌ ក៏​ហៅ​ពួក​ហោរ​នោះ​មក ដោយ​សំងាត់ សាក​សួរ​យ៉ាង​ម៉ត់‌ចត់ ពី​ផ្កាយ​នោះ​បាន​លេច​មក​ពី​កាល​ណា រួច​ទ្រង់​ចាត់​គេ​ឲ្យ​ទៅ​ឯ​បេថ្លេ‌ហិម ដោយ​បង្គាប់​ថា ចូរ​អ្នក​រាល់​គ្នា​ទៅ​សើុប​ដំណឹង ពី​កូន​តូច​នោះ​ឲ្យ​ច្បាស់‌លាស់ កាល​ណា​បាន​ឃើញ​ហើយ នោះ​ត្រូវ​មក​ប្រាប់​ដល់​យើង​វិញ ដើម្បី​ឲ្យ​យើង​បាន​ទៅ​ថ្វាយ‌បង្គំ​ដែរ កាល​គេ​បាន​ទទួល​បង្គាប់​នៃ​ស្តេច​ស្រេច​ហើយ នោះ​ក៏​នាំ​គ្នា​ចេញ​ទៅ ឯ​ផ្កាយ​ដែល​គេ​បាន​ឃើញ​ពី​ទិស​ខាង​កើត នោះ​ក៏​នាំ​មុខ​គេ ដរាប​ដល់​ចំ​ពី​លើ​កន្លែង​ដែល​បុត្រ​តូច​នៅ ទើប​ឈប់ គេ​មាន​សេចក្ដី​អំណរ​ជា​ខ្លាំង​ក្រៃ ដោយ​ឃើញ​ផ្កាយ​នោះ ហើយ​ក៏​ចូល​ទៅ​ក្នុង​ផ្ទះ ឃើញ​បុត្រ​តូច នៅ​ជា​មួយ​នឹង​ម៉ារា ជា​មាតា រួច​ក៏​ក្រាប​ថ្វាយ‌បង្គំ ព្រម​ទាំង​បើក​យក​ទ្រព្យ​ដ៏​វិសេស​របស់​ខ្លួន ថ្វាយ​ដង្វាយ​ជា​មាស ជា​កំញាន ជា​ជ័រ​ល្វីង‌ទេស ដល់​បុត្រ​នោះ រួច​វិល​ទៅ​ស្រុក​គេ​វិញ តាម​ផ្លូវ​មួយ​ទៀត​ទៅ ដោយ​ព្រោះ​ព្រះ‌ទ្រង់​ពន្យល់​សប្តិ​ប្រាប់ មិន​ឲ្យ​ត្រឡប់​ទៅ​ឯ​ហេរ៉ូឌ​វិញ​ឡើយ។ កាល​គេ​ចេញ​ទៅ​បាត់​ហើយ នោះ​ទេវតា​នៃ​ព្រះ‌អម្ចាស់​ក៏​លេច​មក ពន្យល់​សប្តិ​ប្រាប់​យ៉ូសែប​ថា ចូរ​ក្រោក​ឡើង​នាំ​បុត្រ​តូច នឹង​មាតា​ទ្រង់ រត់​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​ទៅ ឲ្យ​នៅ​ស្រុក​នោះ​ទាល់​តែ​យើង​ប្រាប់ ដ្បិត​ហេរ៉ូឌ​នឹង​រក​សំឡាប់​បុត្រ​តូច គាត់​ក៏​ក្រោក​ឡើង​ទាំង​យប់ នាំ​បុត្រ​តូច នឹង​មាតា​ទ្រង់ ចេញ​ទៅ​នៅ​ស្រុក​អេស៊ីព្ទ​វិញ

ចែក​រំលែក
អាន ម៉ាថាយ 2