ម៉ាថាយ 2:7-10

ម៉ាថាយ 2:7-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​នោះ ព្រះ‌បាទ​ហេរ៉ូឌ​ក៏​ហៅ​ពួក​ហោរ​នោះ​មក​ដោយ​សម្ងាត់ ហើយ​សាក​សួរ​អ្នក​ទាំង​នោះ​ពី​ពេល‌វេលា​ជាក់​លាក់ ដែល​ផ្កាយ​នោះ​បាន​លេច​មក រួច​ទ្រង់​ចាត់​ពួក​ហោរ​ទាំង​នោះ​ឲ្យ​ទៅភូមិ​បេថ្លេហិម ដោយ​ត្រាស់​បង្គាប់​ថា៖ «ចូរ​អស់​លោក​ទៅ​ចុះ ហើយ​ស៊ើប​សួរ​ពី​កូន​តូច​នោះ​ឲ្យ​ច្បាស់​លាស់ ពេល​ឃើញ​ហើយ ត្រូវ​មក​ប្រាប់​យើង​វិញ ដើម្បី​ឲ្យ​យើង​បាន​ទៅ​ថ្វាយ‌បង្គំ​ដែរ»។ ក្រោយ​ពី​បាន​ទទួល​ការ​ត្រាស់​បង្គាប់​របស់​ស្តេច​ហើយ គេ​ក៏​នាំ​គ្នា​ចេញ​ទៅ ពេល​នោះ ផ្កាយ​ដែល​គេ​បាន​ឃើញ​ពី​ទិស​ខាង​កើត ក៏​នាំ​មុខ​គេ​រហូត​ដល់​ចំ​ពី​លើក​ន្លែង​ដែល​បុត្រ​តូច​គង់​នៅ​ទើប​ឈប់។ ពេល​ឃើញ​ផ្កាយ​នោះ​ឈប់​ដូច្នោះ គេ​មាន​អំណរ​ជា​ខ្លាំង

ចែក​រំលែក
អាន ម៉ាថាយ 2

ម៉ាថាយ 2:7-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​នោះ ព្រះ‌បាទ​ហេរ៉ូដ​ហៅ​ពួក​ហោរា‌ចារ្យ​មក​ជា​សម្ងាត់ សួរ​បញ្ជាក់​អំពី​ពេល​ដែល​ផ្កាយ​រះ​ឡើង។ បន្ទាប់​មក ស្ដេច​ចាត់​ហោរា‌ចារ្យ​ទាំង​នោះ​ឲ្យ​ទៅ​ភូមិ​បេថ្លេ‌ហិម ដោយ​មាន​រាជ‌ឱង្ការ​ថា៖ «សុំ​អស់​លោក​នាំ​គ្នា​ទៅ​ចុះ ហើយ​ស៊ើប‌សួរ​ដំណឹង​អំពី​ព្រះ‌ឱរស​នោះ​ឲ្យ​បាន​ច្បាស់​លាស់។ កាល​បើ​បាន​ឃើញ​ហើយ ចូរ​មក​ប្រាប់​យើង​វិញ​ផង ដើម្បី​ឲ្យ​យើង​បាន​ទៅ​ថ្វាយ‌បង្គំ​ព្រះអង្គ​ដែរ»។ ក្រោយ​ពី​បាន​ទទួល​រាជ‌ឱង្ការ​ហើយ គេ​ក៏​នាំ​គ្នា​ចេញ​ទៅ។ ពេល​នោះ ផ្កាយ​ដែល​គេ​បាន​ឃើញ​នៅ​ទិស​ខាង​កើត នាំ​មុខ​គេ​រហូត​ដល់​កន្លែង​ដែល​ព្រះ‌ឱរស​គង់ ទើប​ឈប់។ កាល​ហោរា‌ចារ្យ​ទាំង​នោះ​ឃើញ​ផ្កាយ គេ​សប្បាយ​ចិត្ត​ពន់​ប្រមាណ

ចែក​រំលែក
អាន ម៉ាថាយ 2

ម៉ាថាយ 2:7-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​ស្តេច​ហេរ៉ូឌ ក៏​ហៅ​ពួក​ហោរ​នោះ​មក ដោយ​សំងាត់ សាក​សួរ​យ៉ាង​ម៉ត់‌ចត់ ពី​ផ្កាយ​នោះ​បាន​លេច​មក​ពី​កាល​ណា រួច​ទ្រង់​ចាត់​គេ​ឲ្យ​ទៅ​ឯ​បេថ្លេ‌ហិម ដោយ​បង្គាប់​ថា ចូរ​អ្នក​រាល់​គ្នា​ទៅ​សើុប​ដំណឹង ពី​កូន​តូច​នោះ​ឲ្យ​ច្បាស់‌លាស់ កាល​ណា​បាន​ឃើញ​ហើយ នោះ​ត្រូវ​មក​ប្រាប់​ដល់​យើង​វិញ ដើម្បី​ឲ្យ​យើង​បាន​ទៅ​ថ្វាយ‌បង្គំ​ដែរ កាល​គេ​បាន​ទទួល​បង្គាប់​នៃ​ស្តេច​ស្រេច​ហើយ នោះ​ក៏​នាំ​គ្នា​ចេញ​ទៅ ឯ​ផ្កាយ​ដែល​គេ​បាន​ឃើញ​ពី​ទិស​ខាង​កើត នោះ​ក៏​នាំ​មុខ​គេ ដរាប​ដល់​ចំ​ពី​លើ​កន្លែង​ដែល​បុត្រ​តូច​នៅ ទើប​ឈប់ គេ​មាន​សេចក្ដី​អំណរ​ជា​ខ្លាំង​ក្រៃ ដោយ​ឃើញ​ផ្កាយ​នោះ

ចែក​រំលែក
អាន ម៉ាថាយ 2