ម៉ាថាយ 2:16-18
ម៉ាថាយ 2:16-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលព្រះបាទហេរ៉ូឌឃើញថា ពួកហោរបានបញ្ឆោតព្រះអង្គ នោះទ្រង់មានសេចក្តីក្រេវក្រោធជាខ្លាំង ដូច្នេះទ្រង់ក៏ចាត់គេឲ្យទៅសម្លាប់ក្មេងប្រុសៗទាំងអស់នៅភូមិបេថ្លេហិម និងភូមិដែលនៅជុំវិញ ចាប់ពីអាយុពីរឆ្នាំចុះមក តាមពេលវេលាដែលទ្រង់បានសួរពួកហោរ។ នោះក៏បានសម្រេចតាមសេចក្តីដែលបានថ្លែងទុកមក តាមរយៈហោរាយេរេមាថា៖ «មានឮសំឡេងនៅរ៉ាម៉ា ជាសូរទំនួញយំសោក ហើយកាន់ទុក្ខ គឺនាងរ៉ាជែលយំអាណិតកូនរបស់នាង ហើយមិនព្រមឲ្យគេកម្សាន្តចិត្តសោះ ព្រោះកូនរបស់នាងស្លាប់អស់ហើយ»។
ម៉ាថាយ 2:16-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះបាទហេរ៉ូដយល់ថាពួកហោរាចារ្យបានបំបាក់មុខព្រះអង្គ ស្ដេចទ្រង់ព្រះពិរោធក្រៃលែង ហើយចេញបញ្ជាឲ្យគេសម្លាប់ក្មេងប្រុសៗទាំងអស់ ដែលមានអាយុពីពីរខួបចុះ នៅភូមិបេថ្លេហិម និងភូមិជិតខាង គឺគិតចាប់តាំងពីពេលកំណត់ដែលផ្កាយត្រូវរះ ដូចស្ដេចបានសួរបញ្ជាក់ពួកហោរាចារ្យ។ ហេតុការណ៍នេះកើតឡើងស្របនឹងសេចក្ដី ដែលមានចែងទុកតាមរយៈព្យាការី*យេរេមាថា៖ «មានសំឡេងមួយលាន់ឮពីភូមិរ៉ាម៉ាមក ជាទំនួញសោកសៅ គឺនាងរ៉ាជែលយំសោកអាណិតកូន នាងមិនព្រមឲ្យនរណាសម្រាលទុក្ខឡើយ ព្រោះកូននាងបាត់បង់ជីវិតអស់ទៅហើយ» ។
ម៉ាថាយ 2:16-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លុះហេរ៉ូឌឃើញថា ពួកហោរបានបញ្ឆោតទ្រង់ នោះទ្រង់មានសេចក្ដីក្រេវក្រោធជាខ្លាំង ក៏ចាត់គេឲ្យទៅសំឡាប់អស់ទាំងកូនប្រុសៗនៅបេថ្លេហិម នឹងក្នុងក្រវល់ស្រុកនោះទាំងអស់ តាំងពីអាយុ២ឆ្នាំចុះមក តាមកំណត់ថ្ងៃដែលទ្រង់បានសួរពួកហោរយ៉ាងម៉ត់ចត់ នោះបានសំរេចសេចក្ដីទំនាយ ដែលហោរាយេរេមា បានទាយទុកមកថា «មានសំឡេងនៅរ៉ាម៉ា ជាសូរទំនួញយំសោក ហើយកាន់ទុក្ខ គឺនាងរ៉ាជែលយំនឹងកូននាង ហើយមិនព្រមក្សាន្តចិត្តសោះ ដ្បិតកូននាងវិនាសបាត់ហើយ»។