ម៉ាថាយ 2:13-18
ម៉ាថាយ 2:13-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលពួកហោចេញទៅផុត ទេវតាមួយរបស់ព្រះអម្ចាស់លេចមកប្រាប់យ៉ូសែបក្នុងយល់សប្តិថា៖ «ចូរក្រោកឡើង នាំបុត្រតូច និងមាតារបស់ព្រះអង្គគេចចេញទៅស្រុកអេស៊ីព្ទទៅ ហើយនៅស្រុកនោះ រហូតទាល់តែយើងប្រាប់ឲ្យត្រឡប់មកវិញ ដ្បិតហេរ៉ូឌប្រុងនឹងស៊ើបសួររកបុត្រនោះ ដើម្បីធ្វើគុតព្រះអង្គ»។ លោកក៏ក្រោកឡើងទាំងយប់ នាំបុត្រតូច និងមាតារបស់ព្រះអង្គចេញទៅស្រុកអេស៊ីព្ទ ហើយក៏នៅទីនោះ រហូតដល់ហេរ៉ូឌសុគត។ ការនេះបានសម្រេចតាមសេចក្តីដែលព្រះអម្ចាស់មានព្រះបន្ទូលតាមរយៈហោរាថា៖ «យើងបានហៅកូនយើង ចេញពីស្រុកអេស៊ីព្ទមក» ។ កាលព្រះបាទហេរ៉ូឌឃើញថា ពួកហោរបានបញ្ឆោតព្រះអង្គ នោះទ្រង់មានសេចក្តីក្រេវក្រោធជាខ្លាំង ដូច្នេះទ្រង់ក៏ចាត់គេឲ្យទៅសម្លាប់ក្មេងប្រុសៗទាំងអស់នៅភូមិបេថ្លេហិម និងភូមិដែលនៅជុំវិញ ចាប់ពីអាយុពីរឆ្នាំចុះមក តាមពេលវេលាដែលទ្រង់បានសួរពួកហោរ។ នោះក៏បានសម្រេចតាមសេចក្តីដែលបានថ្លែងទុកមក តាមរយៈហោរាយេរេមាថា៖ «មានឮសំឡេងនៅរ៉ាម៉ា ជាសូរទំនួញយំសោក ហើយកាន់ទុក្ខ គឺនាងរ៉ាជែលយំអាណិតកូនរបស់នាង ហើយមិនព្រមឲ្យគេកម្សាន្តចិត្តសោះ ព្រោះកូនរបស់នាងស្លាប់អស់ហើយ»។
ម៉ាថាយ 2:13-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កាលពួកហោរាចារ្យចាកចេញផុតទៅ ទេវតា*របស់ព្រះអម្ចាស់មកប្រាប់លោកយ៉ូសែប ក្នុងសុបិននិមិត្តថា៖ «ចូរក្រោកឡើង នាំព្រះឱរស និងមាតារបស់ព្រះអង្គ រត់ទៅស្រុកអេស៊ីបទៅ។ ចូរស្នាក់នៅស្រុកនោះរហូតដល់យើងប្រាប់ឲ្យវិលត្រឡប់មកវិញ សឹមមក ដ្បិតស្ដេចហេរ៉ូដរកធ្វើគុតព្រះឱរស»។ លោកយ៉ូសែបក្រោកឡើង នាំព្រះឱរស និងមាតារបស់ព្រះអង្គ រត់ភៀសខ្លួនទៅស្រុកអេស៊ីបទាំងយប់។ គាត់ស្នាក់នៅទីនោះរហូតដល់ព្រះបាទហេរ៉ូដសោយទិវង្គត ដើម្បីឲ្យស្របនឹងសេចក្ដី ដែលព្រះអម្ចាស់មានព្រះបន្ទូលតាមរយៈព្យាការីថា៖ «យើងបានហៅបុត្រយើងចេញពីស្រុកអេស៊ីបមក» ។ ព្រះបាទហេរ៉ូដយល់ថាពួកហោរាចារ្យបានបំបាក់មុខព្រះអង្គ ស្ដេចទ្រង់ព្រះពិរោធក្រៃលែង ហើយចេញបញ្ជាឲ្យគេសម្លាប់ក្មេងប្រុសៗទាំងអស់ ដែលមានអាយុពីពីរខួបចុះ នៅភូមិបេថ្លេហិម និងភូមិជិតខាង គឺគិតចាប់តាំងពីពេលកំណត់ដែលផ្កាយត្រូវរះ ដូចស្ដេចបានសួរបញ្ជាក់ពួកហោរាចារ្យ។ ហេតុការណ៍នេះកើតឡើងស្របនឹងសេចក្ដី ដែលមានចែងទុកតាមរយៈព្យាការី*យេរេមាថា៖ «មានសំឡេងមួយលាន់ឮពីភូមិរ៉ាម៉ាមក ជាទំនួញសោកសៅ គឺនាងរ៉ាជែលយំសោកអាណិតកូន នាងមិនព្រមឲ្យនរណាសម្រាលទុក្ខឡើយ ព្រោះកូននាងបាត់បង់ជីវិតអស់ទៅហើយ» ។
ម៉ាថាយ 2:13-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលគេចេញទៅបាត់ហើយ នោះទេវតានៃព្រះអម្ចាស់ក៏លេចមក ពន្យល់សប្តិប្រាប់យ៉ូសែបថា ចូរក្រោកឡើងនាំបុត្រតូច នឹងមាតាទ្រង់ រត់ទៅឯស្រុកអេស៊ីព្ទទៅ ឲ្យនៅស្រុកនោះទាល់តែយើងប្រាប់ ដ្បិតហេរ៉ូឌនឹងរកសំឡាប់បុត្រតូច គាត់ក៏ក្រោកឡើងទាំងយប់ នាំបុត្រតូច នឹងមាតាទ្រង់ ចេញទៅនៅស្រុកអេស៊ីព្ទវិញ ក៏នៅស្រុកនោះ ដរាបដល់ហេរ៉ូឌសុគត ដើម្បីឲ្យបានសំរេចសេចក្ដី ដែលព្រះអម្ចាស់ទ្រង់ប្រាប់ ដោយសារហោរាថា «អញបានហៅកូនអញចេញពីស្រុកអេស៊ីព្ទមក»។ លុះហេរ៉ូឌឃើញថា ពួកហោរបានបញ្ឆោតទ្រង់ នោះទ្រង់មានសេចក្ដីក្រេវក្រោធជាខ្លាំង ក៏ចាត់គេឲ្យទៅសំឡាប់អស់ទាំងកូនប្រុសៗនៅបេថ្លេហិម នឹងក្នុងក្រវល់ស្រុកនោះទាំងអស់ តាំងពីអាយុ២ឆ្នាំចុះមក តាមកំណត់ថ្ងៃដែលទ្រង់បានសួរពួកហោរយ៉ាងម៉ត់ចត់ នោះបានសំរេចសេចក្ដីទំនាយ ដែលហោរាយេរេមា បានទាយទុកមកថា «មានសំឡេងនៅរ៉ាម៉ា ជាសូរទំនួញយំសោក ហើយកាន់ទុក្ខ គឺនាងរ៉ាជែលយំនឹងកូននាង ហើយមិនព្រមក្សាន្តចិត្តសោះ ដ្បិតកូននាងវិនាសបាត់ហើយ»។