ម៉ាថាយ 2:13-15
ម៉ាថាយ 2:13-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលពួកហោចេញទៅផុត ទេវតាមួយរបស់ព្រះអម្ចាស់លេចមកប្រាប់យ៉ូសែបក្នុងយល់សប្តិថា៖ «ចូរក្រោកឡើង នាំបុត្រតូច និងមាតារបស់ព្រះអង្គគេចចេញទៅស្រុកអេស៊ីព្ទទៅ ហើយនៅស្រុកនោះ រហូតទាល់តែយើងប្រាប់ឲ្យត្រឡប់មកវិញ ដ្បិតហេរ៉ូឌប្រុងនឹងស៊ើបសួររកបុត្រនោះ ដើម្បីធ្វើគុតព្រះអង្គ»។ លោកក៏ក្រោកឡើងទាំងយប់ នាំបុត្រតូច និងមាតារបស់ព្រះអង្គចេញទៅស្រុកអេស៊ីព្ទ ហើយក៏នៅទីនោះ រហូតដល់ហេរ៉ូឌសុគត។ ការនេះបានសម្រេចតាមសេចក្តីដែលព្រះអម្ចាស់មានព្រះបន្ទូលតាមរយៈហោរាថា៖ «យើងបានហៅកូនយើង ចេញពីស្រុកអេស៊ីព្ទមក» ។
ម៉ាថាយ 2:13-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កាលពួកហោរាចារ្យចាកចេញផុតទៅ ទេវតា*របស់ព្រះអម្ចាស់មកប្រាប់លោកយ៉ូសែប ក្នុងសុបិននិមិត្តថា៖ «ចូរក្រោកឡើង នាំព្រះឱរស និងមាតារបស់ព្រះអង្គ រត់ទៅស្រុកអេស៊ីបទៅ។ ចូរស្នាក់នៅស្រុកនោះរហូតដល់យើងប្រាប់ឲ្យវិលត្រឡប់មកវិញ សឹមមក ដ្បិតស្ដេចហេរ៉ូដរកធ្វើគុតព្រះឱរស»។ លោកយ៉ូសែបក្រោកឡើង នាំព្រះឱរស និងមាតារបស់ព្រះអង្គ រត់ភៀសខ្លួនទៅស្រុកអេស៊ីបទាំងយប់។ គាត់ស្នាក់នៅទីនោះរហូតដល់ព្រះបាទហេរ៉ូដសោយទិវង្គត ដើម្បីឲ្យស្របនឹងសេចក្ដី ដែលព្រះអម្ចាស់មានព្រះបន្ទូលតាមរយៈព្យាការីថា៖ «យើងបានហៅបុត្រយើងចេញពីស្រុកអេស៊ីបមក» ។
ម៉ាថាយ 2:13-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលគេចេញទៅបាត់ហើយ នោះទេវតានៃព្រះអម្ចាស់ក៏លេចមក ពន្យល់សប្តិប្រាប់យ៉ូសែបថា ចូរក្រោកឡើងនាំបុត្រតូច នឹងមាតាទ្រង់ រត់ទៅឯស្រុកអេស៊ីព្ទទៅ ឲ្យនៅស្រុកនោះទាល់តែយើងប្រាប់ ដ្បិតហេរ៉ូឌនឹងរកសំឡាប់បុត្រតូច គាត់ក៏ក្រោកឡើងទាំងយប់ នាំបុត្រតូច នឹងមាតាទ្រង់ ចេញទៅនៅស្រុកអេស៊ីព្ទវិញ ក៏នៅស្រុកនោះ ដរាបដល់ហេរ៉ូឌសុគត ដើម្បីឲ្យបានសំរេចសេចក្ដី ដែលព្រះអម្ចាស់ទ្រង់ប្រាប់ ដោយសារហោរាថា «អញបានហៅកូនអញចេញពីស្រុកអេស៊ីព្ទមក»។