ម៉ាថាយ 2:1-7
ម៉ាថាយ 2:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលព្រះយេស៊ូវប្រសូតនៅភូមិបេថ្លេហិម ស្រុកយូដា ក្នុងរាជ្យព្រះបាទហេរ៉ូឌ មានពួកហោរពីទិសខាងកើតធ្វើដំណើរមកក្រុងយេរូសាឡិម សួរថា៖ «តើបុត្រដែលបានប្រសូតមកជាស្តេចសាសន៍យូដាទ្រង់គង់នៅឯណា? ព្រោះយើងបានឃើញផ្កាយរបស់ព្រះអង្គពីទិសខាងកើត ហើយយើងមកថ្វាយបង្គំព្រះអង្គ»។ កាលព្រះបាទហេរ៉ូឌបានឮដូច្នេះ ទ្រង់មានព្រះហឫទ័យរន្ធត់ជាខ្លាំង ហើយពួកអ្នកដែលនៅជាមួយព្រះអង្គក្នុងក្រុងយេរូសាឡិមក៏រន្ធត់ចិត្តដែរ។ ក្រោយពីបានហៅពួកសង្គ្រាជ និងពួកអាចារ្យរបស់បណ្តាជនមកជួបជុំគ្នាហើយ ទ្រង់ក៏សាកសួរពួកគេពីកន្លែងដែលព្រះគ្រីស្ទប្រសូត។ គេទូលស្ដេចថា៖ «នៅភូមិបេថ្លេហិមក្នុងស្រុកយូដា ដ្បិតហោរាបានចែងសេចក្តីទុកមកដូច្នេះថា "ឯឯង បេថ្លេហិម ស្រុកយូដាអើយ! ឯងមិនមែនតូចជាងគេក្នុងចំណោម ពួកមេដឹកនាំនៅស្រុកយូដាទេ ដ្បិតនឹងមានមេដឹកនាំម្នាក់កើតចេញពីឯង អ្នកនោះនឹងឃ្វាលអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង"» ។ ពេលនោះ ព្រះបាទហេរ៉ូឌក៏ហៅពួកហោរនោះមកដោយសម្ងាត់ ហើយសាកសួរអ្នកទាំងនោះពីពេលវេលាជាក់លាក់ ដែលផ្កាយនោះបានលេចមក
ម៉ាថាយ 2:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះយេស៊ូប្រសូតនៅភូមិបេថ្លេហិមក្នុងស្រុកយូដា នារជ្ជកាលព្រះបាទហេរ៉ូដ។ មានពួកហោរាចារ្យនាំគ្នាធ្វើដំណើរពីទិសខាងកើត មកដល់ក្រុងយេរូសាឡឹម សួរថា៖ «ព្រះមហាក្សត្ររបស់ជនជាតិយូដា ដែលទើបនឹងប្រសូតគង់នៅឯណា? យើងខ្ញុំបានឃើញផ្កាយរបស់ព្រះអង្គរះនៅទិសខាងកើត ហើយយើងខ្ញុំមកថ្វាយបង្គំព្រះអង្គ»។ កាលព្រះបាទហេរ៉ូដឮដំណឹងនេះ ស្ដេចរន្ធត់ព្រះហឫទ័យយ៉ាងខ្លាំង ហើយអ្នកក្រុងយេរូសាឡឹមទាំងអស់ក៏រន្ធត់ចិត្តជាមួយស្ដេចដែរ។ ព្រះរាជាត្រាស់ហៅពួកនាយកបូជាចារ្យ* និងពួកអាចារ្យ*ទាំងប៉ុន្មានរបស់ប្រជាជនមក ដើម្បីសួរគេពីទីកន្លែងដែលព្រះគ្រិស្ត*ត្រូវប្រសូត។ គេទូលស្ដេចថា ព្រះគ្រិស្តត្រូវប្រសូតនៅភូមិបេថ្លេហិម ក្នុងស្រុកយូដា ដ្បិតមានសេចក្ដីចែងទុកមកតាមរយៈព្យាការី*ថា៖ «ភូមិបេថ្លេហិមជាដែនដីយូដាអើយ! ក្នុងបណ្ដាក្រុងសំខាន់ៗនៃស្រុកយូដា អ្នកមិនមែនតូចជាងគេទេ ដ្បិតនឹងមានមេដឹកនាំមួយរូបកើតចេញពីអ្នក លោកនឹងថែរក្សាជនជាតិអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង» ។ ពេលនោះ ព្រះបាទហេរ៉ូដហៅពួកហោរាចារ្យមកជាសម្ងាត់ សួរបញ្ជាក់អំពីពេលដែលផ្កាយរះឡើង។
ម៉ាថាយ 2:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលព្រះយេស៊ូវទ្រង់ប្រសូតមក នៅភូមិបេថ្លេហិម ស្រុកយូដា ក្នុងរាជ្យស្តេចហេរ៉ូឌ នោះមានពួកហោរ ពីទិសខាងកើត មកដល់ក្រុងយេរូសាឡិម សួរថា តើព្រះអង្គដែលប្រសូតមក ធ្វើជាស្តេចសាសន៍យូដា ទ្រង់គង់នៅឯណា ពីព្រោះយើងបានឃើញផ្កាយរបស់ទ្រង់ ពីទិសខាងកើតមក ហើយយើងមកថ្វាយបង្គំទ្រង់។ កាលស្តេចហេរ៉ូឌបានឮ នោះទ្រង់មានសេចក្ដីវិតក្កព្រួយ ព្រមទាំងពួកអ្នកនៅក្រុងយេរូសាឡិមទាំងអស់គ្នាផង កាលបានប្រជុំពួកសង្គ្រាជ នឹងពួកអាចារ្យនៃបណ្តាជនមកសាកសួរពីព្រះគ្រីស្ទ ដែលទ្រង់ត្រូវប្រសូតនៅឯណា នោះគេក៏ទូលទ្រង់ថា នៅឯភូមិបេថ្លេហិមក្នុងស្រុកយូដា ព្រោះហោរាបានចែងសេចក្ដីទុកមកដូច្នេះថា «ឯឯងបេថ្លេហិម ស្រុកយូដាអើយ ឯងមិនមែនតូចជាងគេ ក្នុងពួកចៅហ្វាយនៅស្រុកយូដាទេ ដ្បិតនឹងមានចៅហ្វាយ១ចេញពីឯងមក ចៅហ្វាយនោះនឹងឃ្វាលអ៊ីស្រាអែល ជារាស្ត្រអញ»។ នោះស្តេចហេរ៉ូឌ ក៏ហៅពួកហោរនោះមក ដោយសំងាត់ សាកសួរយ៉ាងម៉ត់ចត់ ពីផ្កាយនោះបានលេចមកពីកាលណា