ម៉ាថាយ 19:3-9

ម៉ាថាយ 19:3-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

មាន​ពួក​ផារិស៊ី​ខ្លះ​ចូល​មក​ជិត​ព្រះ‌អង្គ ហើយ​ល្បង​ល​ព្រះ‌អង្គ​ដោយ​ទូល​សួរ​ថា៖ «តើ​បុរស​មាន​ច្បាប់​នឹង​លែង​ប្រពន្ធ ដោយ​ហេតុ​ណា​មួយ​បាន​ឬ​ទេ?» ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «តើ​អ្នក​រាល់​គ្នា​មិន​បាន​អាន​ទេ​ឬ​ថា ព្រះ‌អង្គ​ដែល​បាន​បង្កើត​គេ​ពី​ដំបូង​មក "ទ្រង់​បាន​បង្កើត​គេ​ជា​ប្រុស​ជា​ស្រី ?" រួច​ក៏​មាន​ព្រះ‌បន្ទូល​ថា "ដោយ​ហេតុ​នេះ បុរស​នឹង​ចាក​ចេញ​ពី​ឪពុក‌ម្តាយ​របស់​ខ្លួន ទៅ​នៅ​ជាប់​នឹង​ប្រពន្ធ ហើយ​អ្នក​ទាំង​ពីរ​នឹង​ត្រឡប់​ជា​សាច់​តែ​មួយ" ។ យ៉ាង​នោះ គេ​មិន​មែន​ពីរ​នាក់​ទៀត​ទេ គឺ​ជា​សាច់​តែ​មួយ​វិញ។ ដូច្នេះ អ្វី​ដែល​ព្រះ‌បាន​ផ្សំ‌ផ្គុំ​ហើយ មិន​ត្រូវ​ឲ្យ​អ្នក​ណា​មក​ពង្រាត់​គេ​ឡើយ»។ គេ​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «ចុះ​ហេតុ​ដូច​ម្តេច​បាន​ជា​លោក​ម៉ូសេ​បង្គាប់​ឲ្យ​ប្រគល់​សំបុត្រ​លែង‌លះ ហើយ​ឲ្យ​លែង​ប្រពន្ធ​ដូច្នេះ?» ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «គឺ​មក​ពី​អ្នក​រាល់​គ្នា​មាន​ចិត្ត​រឹង‌រូស ប៉ុណ្ណោះ បាន​ជា​លោក​ម៉ូសេ​អនុញ្ញាត​ឲ្យ​អ្នក​រាល់​គ្នា​លែង​ប្រពន្ធ តែ​ពី​ដើម​មក​មិន​មែន​ដូច្នោះ​ទេ។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​លែង​ប្រពន្ធ​ដែល​ពុំ​បាន​ផិត​ក្បត់ ហើយ​ទៅ​យក​ប្រពន្ធ​មួយ​ទៀត អ្នក​នោះ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ហើយ [ហើយ​អ្នក​ណា​រៀបការ​នឹង​ស្ត្រី​ប្តី​លែង អ្នក​នោះ​ក៏​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ដែរ]»។

ចែក​រំលែក
អាន ម៉ាថាយ 19

ម៉ាថាយ 19:3-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មាន​ពួក​ខាង​គណៈ​ផារីស៊ី*​ចូល​មក​ជិត ហើយ​ទូល​សួរ​ក្នុង​គោល​បំណង​ល្បង‌ល​មើល​ព្រះអង្គ​ថា៖ «តើ​ស្វាមី​មាន​សិទ្ធិ​នឹង​លែង​ភរិយា ដោយ​សំអាង​លើ​មូល​ហេតុ​អ្វី​ក៏​ដោយ​បាន​ឬ​ទេ?»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «អ្នក​រាល់​គ្នា​ធ្លាប់​អាន​គម្ពីរ​រួច​មក​ហើយ​ថា កាល​ដើម​ដំបូង ព្រះ‌អាទិករ*​បាន​បង្កើត​មនុស្ស​មក​ជា​បុរស ជា​ស្ត្រី រួច​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា: “ហេតុ​នេះ​ហើយ​បាន​ជា​បុរស​ត្រូវ​ចាក​ចេញ​ពី​ឪពុក​ម្ដាយ​ទៅ​រួម​រស់​ជា​មួយ​ភរិយា​របស់​ខ្លួន ហើយ​អ្នក​ទាំង​ពីរ​ត្រឡប់​ទៅ​ជា​រូប​កាយ​តែ​មួយ” ។ គេ​មិន​មែន​ជា​បុគ្គល​ពីរ​នាក់​ទៀត​ទេ គឺ​ជា​រូប​កាយ​តែ​មួយ​វិញ។ ដូច្នេះ មនុស្ស​មិន​ត្រូវ​បំបាក់​បំបែក​គូ‌ស្រករ ដែល​ព្រះ‌ជាម្ចាស់​បាន​ផ្សំ‌ផ្គុំ​នោះ​ឡើយ»។ ពួក​គេ​ទូល​សួរ​ព្រះអង្គ​ថា៖ «ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​លោក​ម៉ូសេ​បញ្ជា​ឲ្យ​ស្វាមី​ធ្វើ​លិខិត​លែង‌លះ​ភរិយា?»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «លោក​ម៉ូសេ​អនុញ្ញាត​ឲ្យ​អ្នក​រាល់​គ្នា​លែង​ភរិយា​បាន ព្រោះ​អ្នក​រាល់​គ្នា​មាន​ចិត្ត​រឹង‌រូស តែ​កាល​ដើម​ឡើយ​មិន​មែន​ដូច្នោះ​ទេ។ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា បុរស​ណា​លែង​ភរិយា(លើក‌លែង​តែ​រួម​រស់​ជា​មួយ​គ្នា ដោយ​ឥត​បាន​រៀបការ) ហើយ​ទៅ​រៀបការ​នឹង​ស្ត្រី​ម្នាក់​ទៀត បុរស​នោះ​ឯង​ជា​អ្នក​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់»។

ចែក​រំលែក
អាន ម៉ាថាយ 19

ម៉ាថាយ 19:3-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​ពួក​ផារិស៊ី គេ​មក​ល្បួង​ទ្រង់​ដោយ​ទូល​ថា តើ​មនុស្ស​មាន​ច្បាប់​នឹង​លែង​ប្រពន្ធ ដោយ​ហេតុ​ណា​ក៏​ដោយ​បាន​ឬ​ទេ ទ្រង់​មាន​បន្ទូល​តប​ថា តើ​អ្នក​រាល់​គ្នា​មិន​បាន​មើល​រឿង​ពី​ព្រះ ដែល​ទ្រង់​បង្កើត​មនុស្ស​កាល​ពី​ដើម ថា​ទ្រង់​បាន​ធ្វើ​ឲ្យ​មាន​ទាំង​ប្រុស​ទាំង​ស្រី​ទេ​ឬ​អី រួច​ក៏​មាន​បន្ទូល​ថា ដោយ​ហេតុ​នោះ​បាន​ជា​មនុស្ស​ប្រុស​នឹង​លា​ចេញ​ពី​ឪពុក​ម្តាយ ទៅ​នៅ​ជាប់​នឹង​ប្រពន្ធ ហើយ​អ្នក​ទាំង​២​នោះ​នឹង​ត្រឡប់​ជា​សាច់​តែ​១​សុទ្ធ យ៉ាង​នោះ គេ​មិន​មែន​ជា​២​ទៀត គឺ​ជា​សាច់​តែ​១​ទេ ដូច្នេះ កុំ​ឲ្យ​អ្នក​ណា​ពង្រាត់​មនុស្ស ដែល​ព្រះ‌ទ្រង់​បាន​ផ្សំ‌ផ្គុំ​គ្នា​ឡើយ គេ​ទូល​សួរ​ទ្រង់​ថា ចុះ​ហេតុ​ដូច​ម្តេច​បាន​ជា​លោក​ម៉ូសេ​បង្គាប់​ឲ្យ​ធ្វើ​សំបុត្រ​លះ‌លែង ហើយ​ឲ្យ​លែង​ចេញ​ដូច្នេះ ទ្រង់​ក៏​មាន​បន្ទូល​តប​ថា បាន​ជា​លោក​ម៉ូសេ​អនុញ្ញាត​ឲ្យ​អ្នក​រាល់​គ្នា​លែង​ប្រពន្ធ​ទៅ គឺ​ដោយ​ព្រោះ​តែ​ចិត្ត​អ្នក​រាល់​គ្នា​រឹង​របឹង​ប៉ុណ្ណោះ តែ​ពី​ដើម​មក​មិន​មែន​ដូច្នោះ​ទេ ហើយ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​ដែល​លែង​ប្រពន្ធ មិន​មែន​ដោយ​ព្រោះ​នាង​នោះ​ផិត ហើយ​ទៅ​យក​ប្រពន្ធ​មួយ​ទៀត អ្នក​នោះ​ឈ្មោះ​ថា​ប្រព្រឹត្ត​សេចក្ដី​កំផិត​ហើយ ឯ​អ្នក​ណា​ដែល​យក​ប្រពន្ធ ជា​ស្រី​ដែល​ប្ដី​ដើម​លែង នោះ​ក៏​ប្រព្រឹត្ត​សេចក្ដី​កំផិត​ដែរ

ចែក​រំលែក
អាន ម៉ាថាយ 19