ម៉ាថាយ 19:27-30
ម៉ាថាយ 19:27-30 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ ពេត្រុសទូលសួរថា៖ «មើល៍ យើងខ្ញុំបានលះចោលអ្វីៗទាំងអស់មកតាមព្រះអង្គហើយ។ ដូច្នេះ តើយើងខ្ញុំនឹងបានអ្វីទៅ?» ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នៅក្នុងពិភពលោកថ្មី ពេលកូនមនុស្សអង្គុយលើបល្ល័ង្កដ៏រុងរឿងរបស់លោក នោះអ្នករាល់គ្នាដែលបានមកតាមខ្ញុំ ក៏នឹងអង្គុយលើបល្ល័ង្កដប់ពីរ ហើយជំនុំជម្រះកុលសម្ព័ន្ធអ៊ីស្រាអែលទាំងដប់ពីរដែរ។ ឯអស់អ្នកណាដែលលះចោលផ្ទះសំបែង បងប្អូនប្រុសស្រី ឪពុកម្តាយ កូន ឬស្រែចម្ការ ដោយព្រោះនាមខ្ញុំ អ្នកនោះនឹងបានទទួលមួយជាមួយរយ ព្រមទាំងទទួលបានជីវិតអស់កល្បជានិច្ច ជាមត៌កទៀតផង។ ប៉ុន្តែ មនុស្សជាច្រើនដែលជាអ្នកមុន នឹងទៅជាក្រោយ ហើយអ្នកក្រោយនឹងទៅជាមុនវិញ»។
ម៉ាថាយ 19:27-30 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ លោកពេត្រុស*ទូលព្រះអង្គថា៖ «ព្រះអង្គទតឃើញស្រាប់ហើយ យើងខ្ញុំបានលះបង់អ្វីៗទាំងអស់ ដើម្បីមកតាមព្រះអង្គ។ តើយើងខ្ញុំនឹងទៅជាយ៉ាងណា?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅពួកសិស្សថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា នៅក្នុងពិភពថ្មី ពេលបុត្រមនុស្ស*គង់លើបល្ល័ង្កប្រកបដោយសិរីរុងរឿង អ្នករាល់គ្នាដែលមកតាមខ្ញុំនេះ ក៏នឹងអង្គុយលើបល្ល័ង្កទាំងដប់ពីរ ហើយគ្រប់គ្រងលើកុលសម្ព័ន្ធទាំងដប់ពីរនៃជនជាតិអ៊ីស្រាអែលទៀតផង។ អ្នកណាលះបង់ផ្ទះសំបែង បងប្អូនប្រុសស្រី ឪពុកម្ដាយ កូន ឬស្រែចម្ការ ព្រោះតែខ្ញុំ អ្នកនោះនឹងបានទទួលវិញមួយជាមួយរយ ព្រមទាំងមានជីវិតអស់កល្បជានិច្ច។ មានមនុស្សជាច្រើនដែលនៅខាងមុខនឹងត្រឡប់ទៅនៅខាងក្រោយ រីឯអ្នកដែលនៅខាងក្រោយនឹងត្រឡប់ទៅនៅខាងមុខវិញ»។
ម៉ាថាយ 19:27-30 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ពេត្រុសទូលទ្រង់ថា មើល យើងខ្ញុំបានលះចោលទាំងអស់មកតាមទ្រង់ហើយ ដូច្នេះ តើយើងខ្ញុំនឹងបានអ្វីខ្លះ ព្រះយេស៊ូវទ្រង់មានបន្ទូលថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ដល់គ្រាកែជាថ្មីឡើងវិញ កាលណាកូនមនុស្សបានឡើងគង់លើបល្ល័ង្កឧត្តមរបស់លោក នោះអ្នករាល់គ្នាដែលបានមកតាមខ្ញុំ នឹងបានអង្គុយលើបល្ល័ង្ក១២ដែរ ហើយនឹងជំនុំជំរះពូជអំបូរអ៊ីស្រាអែលទាំង១២ ឯអស់អ្នកណាដែលលះចោលផ្ទះសំបែង ឬបងប្អូនប្រុសស្រី ឪពុកម្តាយ ប្រពន្ធកូន ឬស្រែចំការ ដោយយល់ដល់ឈ្មោះខ្ញុំ នោះនឹងបានជា១រយភាគឡើងវិញ ហើយនឹងបានគ្រងជីវិតអស់កល្បជានិច្ច ទុកជាមរដកដែរ តែនឹងមានមនុស្សមុន ទៅជាក្រោយជាច្រើន ហើយនឹងមានមនុស្សក្រោយ ទៅជាមុនវិញ។