ម៉ាថាយ 19:16-22
ម៉ាថាយ 19:16-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ មានបុរសម្នាក់ចូលមកជិតព្រះអង្គទូលថា៖ «លោកគ្រូ តើខ្ញុំត្រូវប្រព្រឹត្តអំពើល្អអ្វីខ្លះ ដើម្បីឲ្យមានជីវិតអស់កល្បជានិច្ច?» ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «ហេតុអ្វីបានជាអ្នកសួរខ្ញុំអំពីអ្វីដែលល្អដូច្នេះ? មានតែម្នាក់ប៉ុណ្ណោះដែលល្អ។ បើអ្នកចង់ចូលទៅក្នុងជីវិត ចូរកាន់តាមបទបញ្ជាទៅ»។ គាត់ទូលសួរថា៖ «តើបទបញ្ជាណាខ្លះ?» ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «កុំសម្លាប់មនុស្ស កុំប្រព្រឹត្តអំពើផិតក្បត់ កុំលួច កុំធ្វើបន្ទាល់ក្លែងក្លាយ ចូរគោរពឪពុកម្តាយ ហើយចូរស្រឡាញ់អ្នកជិតខាងរបស់អ្នកដូចខ្លួនឯង »។ បុរសវ័យក្មេងនោះទូលព្រះអង្គថា៖ «ខ្ញុំបានកាន់តាមបទបញ្ជាទាំងនេះ [តាំងពីក្មេងមក]ហើយ តើខ្ញុំនៅខ្វះអ្វីទៀត?» ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «បើអ្នកចង់ឲ្យបានគ្រប់លក្ខណ៍ ចូរទៅលក់ទ្រព្យសម្បត្តិរបស់អ្នក ហើយយកលុយទៅចែកឲ្យអ្នកក្រទៅ នោះអ្នកនឹងមានទ្រព្យសម្បត្តិនៅស្ថានសួគ៌ រួចហើយមកតាមខ្ញុំ»។ កាលបុរសវ័យក្មេងនោះឮដូច្នោះ គាត់ក៏ចេញទៅទាំងព្រួយចិត្ត ព្រោះគាត់មានទ្រព្យសម្បត្តិច្រើនណាស់។
ម៉ាថាយ 19:16-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ មានបុរសម្នាក់ចូលមកគាល់ព្រះអង្គ ហើយទូលថា៖ «លោកគ្រូ! តើខ្ញុំត្រូវប្រព្រឹត្តអំពើល្អអ្វីខ្លះ ដើម្បីឲ្យមានជីវិតអស់កល្បជានិច្ច?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ហេតុដូចម្ដេចបានជាអ្នកសួរខ្ញុំអំពីអ្វីដែលល្អដូច្នេះ? មានតែព្រះជាម្ចាស់មួយព្រះអង្គប៉ុណ្ណោះដែលល្អសប្បុរស។ បើអ្នកចង់ចូលទៅក្នុងជីវិត ត្រូវប្រតិបត្តិតាមបទបញ្ជា*ទៅ»។ គាត់ទូលសួរព្រះអង្គថា៖ «បទបញ្ជាអ្វីខ្លះ?»។ ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយថា៖ «កុំសម្លាប់មនុស្ស កុំប្រព្រឹត្តអំពើផិតក្បត់ កុំលួចទ្រព្យសម្បត្តិគេ កុំនិយាយកុហកធ្វើឲ្យគេមានទោស ចូរគោរពមាតាបិតា ចូរស្រឡាញ់បងប្អូនឯទៀតៗឲ្យដូចស្រឡាញ់ខ្លួនឯងដែរ »។ យុវបុរសនោះទូលព្រះអង្គថា៖ «ខ្ញុំបានប្រតិបត្តិតាមបទបញ្ជាទាំងនេះហើយ តើនៅខ្វះអ្វីទៀត?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «បើអ្នកចង់បានល្អឥតខ្ចោះ ចូរយកទ្រព្យសម្បត្តិរបស់អ្នកទាំងប៉ុន្មានទៅលក់ ហើយចែកឲ្យជនក្រីក្រទៅ ធ្វើដូច្នេះ ទើបអ្នកបានសម្បត្តិសួគ៌ រួចសឹមអញ្ជើញមកតាមខ្ញុំ!»។ កាលយុវបុរសនោះឮដូច្នេះ គាត់ត្រឡប់ទៅវិញ ទាំងព្រួយចិត្ត ដ្បិតគាត់មានទ្រព្យសម្បត្តិស្ដុកស្ដម្ភណាស់។
ម៉ាថាយ 19:16-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះមានម្នាក់មកទូលសួរទ្រង់ថា លោកគ្រូល្អអើយ តើត្រូវឲ្យខ្ញុំធ្វើការល្អអ្វី ឲ្យបានជីវិតរស់នៅអស់កល្បជានិច្ច ទ្រង់មានបន្ទូលទៅគាត់ថា ហេតុអ្វីបានជាអ្នកហៅខ្ញុំថាជាល្អដូច្នេះ មានតែ១ទេដែលល្អ គឺជាព្រះ តែបើអ្នកចង់ចូលទៅក្នុងជីវិត ចូរកាន់តាមបញ្ញត្តទាំងប៉ុន្មានចុះ គាត់ទូលសួរថា តើបញ្ញត្តណាខ្លះ នោះព្រះយេស៊ូវមានបន្ទូលថា «កុំឲ្យសំឡាប់មនុស្សឲ្យសោះ កុំឲ្យផិតគ្នាឲ្យសោះ កុំឲ្យលួចឲ្យសោះ កុំឲ្យធ្វើជាទីបន្ទាល់ក្លែងឲ្យសោះ ចូរគោរពប្រតិបត្តិឪពុកម្តាយ» ហើយ «ចូរស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង» មនុស្សកំឡោះនោះក៏ទូលទ្រង់ថា ខ្ញុំបានកាន់តាមគ្រប់សេចក្ដីទាំងនោះ តាំងពីក្មេងមកហើយ តើនៅខ្វះអ្វីទៀត នោះទ្រង់មានបន្ទូលថា បើអ្នកចង់បានជាគ្រប់លក្ខណ៍ ចូរអ្នកទៅលក់របស់ទ្រព្យខ្លួន ហើយចែកដល់ពួកអ្នកក្រីក្រទៅ នោះអ្នកនឹងបានទ្រព្យសម្បត្តិ នៅឯស្ថានសួគ៌វិញ រួចឲ្យមកតាមខ្ញុំចុះ កាលមនុស្សកំឡោះបានឮព្រះបន្ទូលនោះហើយ នោះក៏ចេញទៅទាំងព្រួយចិត្ត ព្រោះមានទ្រព្យសម្បត្តិជាច្រើន។