ម៉ាថាយ 19:1-6

ម៉ាថាយ 19:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​សេចក្ដី​ទាំង​នេះ​ចប់​ហើយ ព្រះ‌អង្គ​ក៏​ចាក​ចេញ​ពី​ស្រុក​កាលីឡេ យាង​ទៅ​កាន់​ស្រុក​យូដា ខាង​នាយ​ទន្លេ​យ័រដាន់។ មហា‌ជន​ច្រើន​កុះករ​នាំ​គ្នា​ដើរ​តាម​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ក៏​ប្រោស​គេ​ឲ្យ​បាន​ជា​នៅ​ទី​នោះ។ មាន​ពួក​ផារិស៊ី​ខ្លះ​ចូល​មក​ជិត​ព្រះ‌អង្គ ហើយ​ល្បង​ល​ព្រះ‌អង្គ​ដោយ​ទូល​សួរ​ថា៖ «តើ​បុរស​មាន​ច្បាប់​នឹង​លែង​ប្រពន្ធ ដោយ​ហេតុ​ណា​មួយ​បាន​ឬ​ទេ?» ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «តើ​អ្នក​រាល់​គ្នា​មិន​បាន​អាន​ទេ​ឬ​ថា ព្រះ‌អង្គ​ដែល​បាន​បង្កើត​គេ​ពី​ដំបូង​មក "ទ្រង់​បាន​បង្កើត​គេ​ជា​ប្រុស​ជា​ស្រី ?" រួច​ក៏​មាន​ព្រះ‌បន្ទូល​ថា "ដោយ​ហេតុ​នេះ បុរស​នឹង​ចាក​ចេញ​ពី​ឪពុក‌ម្តាយ​របស់​ខ្លួន ទៅ​នៅ​ជាប់​នឹង​ប្រពន្ធ ហើយ​អ្នក​ទាំង​ពីរ​នឹង​ត្រឡប់​ជា​សាច់​តែ​មួយ" ។ យ៉ាង​នោះ គេ​មិន​មែន​ពីរ​នាក់​ទៀត​ទេ គឺ​ជា​សាច់​តែ​មួយ​វិញ។ ដូច្នេះ អ្វី​ដែល​ព្រះ‌បាន​ផ្សំ‌ផ្គុំ​ហើយ មិន​ត្រូវ​ឲ្យ​អ្នក​ណា​មក​ពង្រាត់​គេ​ឡើយ»។

ចែក​រំលែក
អាន ម៉ាថាយ 19

ម៉ាថាយ 19:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កាល​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទាំង​នេះ​ចប់​សព្វ​គ្រប់​ហើយ ព្រះអង្គ​ក៏​ចាក​ចេញ​ពី​ស្រុក​កាលី‌ឡេ យាង​ឆ្ពោះ​ទៅ​ត្រើយ​ខាង​នាយ​ទន្លេ​យ័រដាន់​ក្នុង​ស្រុក​យូដា។ មហា‌ជន​ច្រើន​កុះ‌ករ​នាំ​គ្នា​មក​តាម​ព្រះអង្គ ព្រះអង្គ​ក៏​ប្រោស​អ្នក​ជំងឺ​ឲ្យ​ជា​នៅ​ទី​នោះ។ មាន​ពួក​ខាង​គណៈ​ផារីស៊ី*​ចូល​មក​ជិត ហើយ​ទូល​សួរ​ក្នុង​គោល​បំណង​ល្បង‌ល​មើល​ព្រះអង្គ​ថា៖ «តើ​ស្វាមី​មាន​សិទ្ធិ​នឹង​លែង​ភរិយា ដោយ​សំអាង​លើ​មូល​ហេតុ​អ្វី​ក៏​ដោយ​បាន​ឬ​ទេ?»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «អ្នក​រាល់​គ្នា​ធ្លាប់​អាន​គម្ពីរ​រួច​មក​ហើយ​ថា កាល​ដើម​ដំបូង ព្រះ‌អាទិករ*​បាន​បង្កើត​មនុស្ស​មក​ជា​បុរស ជា​ស្ត្រី រួច​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា: “ហេតុ​នេះ​ហើយ​បាន​ជា​បុរស​ត្រូវ​ចាក​ចេញ​ពី​ឪពុក​ម្ដាយ​ទៅ​រួម​រស់​ជា​មួយ​ភរិយា​របស់​ខ្លួន ហើយ​អ្នក​ទាំង​ពីរ​ត្រឡប់​ទៅ​ជា​រូប​កាយ​តែ​មួយ” ។ គេ​មិន​មែន​ជា​បុគ្គល​ពីរ​នាក់​ទៀត​ទេ គឺ​ជា​រូប​កាយ​តែ​មួយ​វិញ។ ដូច្នេះ មនុស្ស​មិន​ត្រូវ​បំបាក់​បំបែក​គូ‌ស្រករ ដែល​ព្រះ‌ជាម្ចាស់​បាន​ផ្សំ‌ផ្គុំ​នោះ​ឡើយ»។

ចែក​រំលែក
អាន ម៉ាថាយ 19

ម៉ាថាយ 19:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

លុះ​ព្រះ‌យេស៊ូវ​បាន​មាន​បន្ទូល​ពាក្យ​ទាំង​នោះ​រួច​ហើយ នោះ​ទ្រង់​ថយ​ចេញ​ពី​ស្រុក​កាលី‌ឡេ ទៅ​ឯ​ព្រំ​ស្រុក​យូដា នៅ​ខាង​នាយ​ទន្លេ​យ័រដាន់​វិញ ហើយ​មាន​ហ្វូង​មនុស្ស​កក‌កុញ​តាម​ទ្រង់​ទៅ នៅ​ទី​នោះ​ទ្រង់​ក៏​ប្រោស​ឲ្យ​គេ​បាន​ជា។ រីឯ​ពួក​ផារិស៊ី គេ​មក​ល្បួង​ទ្រង់​ដោយ​ទូល​ថា តើ​មនុស្ស​មាន​ច្បាប់​នឹង​លែង​ប្រពន្ធ ដោយ​ហេតុ​ណា​ក៏​ដោយ​បាន​ឬ​ទេ ទ្រង់​មាន​បន្ទូល​តប​ថា តើ​អ្នក​រាល់​គ្នា​មិន​បាន​មើល​រឿង​ពី​ព្រះ ដែល​ទ្រង់​បង្កើត​មនុស្ស​កាល​ពី​ដើម ថា​ទ្រង់​បាន​ធ្វើ​ឲ្យ​មាន​ទាំង​ប្រុស​ទាំង​ស្រី​ទេ​ឬ​អី រួច​ក៏​មាន​បន្ទូល​ថា ដោយ​ហេតុ​នោះ​បាន​ជា​មនុស្ស​ប្រុស​នឹង​លា​ចេញ​ពី​ឪពុក​ម្តាយ ទៅ​នៅ​ជាប់​នឹង​ប្រពន្ធ ហើយ​អ្នក​ទាំង​២​នោះ​នឹង​ត្រឡប់​ជា​សាច់​តែ​១​សុទ្ធ យ៉ាង​នោះ គេ​មិន​មែន​ជា​២​ទៀត គឺ​ជា​សាច់​តែ​១​ទេ ដូច្នេះ កុំ​ឲ្យ​អ្នក​ណា​ពង្រាត់​មនុស្ស ដែល​ព្រះ‌ទ្រង់​បាន​ផ្សំ‌ផ្គុំ​គ្នា​ឡើយ

ចែក​រំលែក
អាន ម៉ាថាយ 19