ម៉ាថាយ 18:5-9
ម៉ាថាយ 18:5-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
អ្នកណាទទួលក្មេងតូចណាម្នាក់ ដូចក្មេងនេះ ក្នុងនាមខ្ញុំ អ្នកនោះទទួលខ្ញុំហើយ។ ប៉ុន្តែ បើអ្នកណាធ្វើឲ្យក្មេងតូចណាម្នាក់ ក្នុងចំណោមអ្នកដែលជឿដល់ខ្ញុំនេះជំពប់ដួល នោះស៊ូឲ្យគេយកថ្មត្បាល់កិនយ៉ាងធំមកចងកអ្នកនោះ ហើយពន្លិចទៅក្នុងបាតសមុទ្រ នោះប្រសើរដល់អ្នកនោះជាជាង។ វេទនាដល់មនុស្សលោកព្រោះតែហេតុដែលនាំឲ្យជំពប់ដួល! ដ្បិតឱកាសដែលនាំឲ្យជំពប់ដួលត្រូវតែមក តែវេទនាដល់អ្នកដែលនាំឲ្យមានហេតុជំពប់ដួលនោះ។ ប្រសិនបើដៃ ឬជើងរបស់អ្នក នាំអ្នកឲ្យជំពប់ដួល ចូរកាត់វាចេញ ហើយបោះចោលឲ្យឆ្ងាយ ស៊ូឲ្យអ្នកចូលទៅក្នុងជីវិត មានតែដៃម្ខាង ឬជើងម្ខាង នោះប្រសើរជាងមានដៃពីរ ឬមានជើងពីរ ហើយត្រូវបោះទៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច។ ប្រសិនបើភ្នែករបស់អ្នកនាំអ្នកឲ្យជំពប់ដួល ចូរខ្វេះវាចេញ ហើយបោះចោលឲ្យឆ្ងាយ ស៊ូឲ្យអ្នកចូលទៅក្នុងជីវិតមានតែភ្នែកម្ខាង នោះប្រសើរជាងមានភ្នែកពីរ ហើយត្រូវបោះទៅក្នុងភ្លើងនរក។
ម៉ាថាយ 18:5-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អ្នកណាទទួលក្មេងតូចណាម្នាក់ដូចក្មេងនេះក្នុងនាមខ្ញុំ ក៏ដូចជាបានទទួលខ្ញុំដែរ»។ «អ្នកណានាំអ្នកតូចតាចម្នាក់ក្នុងបណ្ដាអ្នកដែលជឿលើខ្ញុំនេះឲ្យប្រព្រឹត្តអំពើបាប ចំពោះអ្នកនោះ ប្រសិនបើគេយកត្បាល់ថ្មយ៉ាងធំមកចងកគាត់ ទម្លាក់ទៅក្នុងបាតសមុទ្រឲ្យលង់ទឹក ប្រសើរជាងទុកគាត់ឲ្យនៅរស់!។ មនុស្សលោកមុខជាត្រូវវេទនាមិនខាន ដ្បិតមានហេតុផ្សេងៗជាច្រើននាំឲ្យគេប្រព្រឹត្តអំពើបាប។ ហេតុផ្សេងៗដែលនាំឲ្យគេប្រព្រឹត្តអំពើបាបនោះត្រូវតែមាន ចៀសមិនផុត ប៉ុន្តែ អ្នកណានាំគេឲ្យប្រព្រឹត្តអំពើបាប អ្នកនោះត្រូវវេទនាហើយ!។ ប្រសិនបើដៃ ឬជើងរបស់អ្នក នាំអ្នកឲ្យប្រព្រឹត្តអំពើបាប ចូរកាត់វាបោះចោលឲ្យឆ្ងាយទៅ បើអ្នកចូលទៅក្នុងជីវិតមានតែដៃម្ខាង ឬជើងម្ខាង នោះប្រសើរជាងមានដៃពីរ ឬមានជើងពីរ ហើយត្រូវធ្លាក់ទៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច។ ប្រសិនបើភ្នែករបស់អ្នកនាំអ្នកឲ្យប្រព្រឹត្តអំពើបាប ចូរខ្វេះវាចេញ ហើយបោះចោលឲ្យឆ្ងាយទៅ បើអ្នកចូលទៅក្នុងជីវិតមានតែភ្នែកម្ខាង នោះប្រសើរជាងមានភ្នែកពីរ ហើយត្រូវធ្លាក់ទៅក្នុងភ្លើងនរក។
ម៉ាថាយ 18:5-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អ្នកណាដែលទទួលកូនតូចណាមួយដូចកូននេះ ដោយនូវឈ្មោះខ្ញុំ នោះក៏ឈ្មោះថាទទួលខ្ញុំដែរ ប៉ុន្តែបើអ្នកណាធ្វើឲ្យកូនតូចណាមួយនេះ ដែលជឿដល់ខ្ញុំ រវាតចិត្តចេញ នោះស៊ូឲ្យគេយកថ្មត្បាល់កិនយ៉ាងធំ ចងកអ្នកនោះ ហើយពន្លង់ទៅក្នុងសមុទ្រទីជ្រៅវិញ ធ្វើយ៉ាងនោះនឹងមានប្រយោជន៍ដល់អ្នកនោះជាជាង វេទនាដល់លោកីយ ដោយព្រោះអស់ទាំងហេតុដែលនាំឲ្យរវាតចិត្ត ដ្បិតសេចក្ដីនោះត្រូវតែមាន តែវេទនាដល់មនុស្សណាដែលបង្កើតហេតុឲ្យរវាតចិត្តនោះ បើសិនជាដៃ ឬជើងអ្នក នាំឲ្យគេរវាតចិត្ត នោះចូរកាត់ចោលទៅ ស៊ូឲ្យអ្នកចូលទៅក្នុងជីវិតកំបុតដៃជើងវិញ ជាជាងមានដៃជើងទាំង២ នឹងត្រូវបោះទៅក្នុងភ្លើង ដែលឆេះនៅអស់កល្បជានិច្ច ហើយបើភ្នែកអ្នកនាំឲ្យគេរវាតចិត្ត ចូរខ្វែះវាចោលទៅ ស៊ូឲ្យអ្នកចូលទៅក្នុងជីវិត មានភ្នែកតែ១វិញ ជាជាងមានភ្នែកទាំង២ នឹងត្រូវបោះទៅក្នុងភ្លើងនរក