ម៉ាថាយ 18:23-35
ម៉ាថាយ 18:23-35 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ ព្រះរាជ្យនៃស្ថានសួគ៌ប្រៀបបាននឹងស្តេចមួយអង្គ ដែលចង់គិតបញ្ជីជាមួយពួកអ្នកបម្រើ។ ពេលស្តេចចាប់ផ្ដើមគិតបញ្ជី មានគេនាំកូនបំណុលម្នាក់ ដែលជំពាក់ប្រាក់ពីរកោដិ មកជួបស្ដេច ហើយដោយព្រោះអ្នកនោះគ្មានអ្វីសង ចៅហ្វាយរបស់គាត់បញ្ជាឲ្យលក់ខ្លួនគាត់ ទាំងប្រពន្ធ ទាំងកូន ទាំងរបស់របរដែលគាត់មាន ដើម្បីយកប្រាក់មកសងបំណុលនោះ។ ដូច្នេះ អ្នកបម្រើនោះក៏លុតជង្គង់នៅចំពោះស្ដេច ទូលអង្វរថា "បពិត្រព្រះករុណា សូមទ្រង់មេត្តាពន្យាពេលឲ្យទូលបង្គំសិន ទូលបង្គំនឹងសងព្រះអង្គគ្រប់ចំនួន"។ ដោយព្រោះមានព្រះហឫទ័យអាណិតអាសូរដល់គាត់ ចៅហ្វាយក៏ដោះលែងគាត់ ទាំងលុបបំណុលរបស់គាត់ចោលទៀតផង។ ប៉ុន្តែ ពេលអ្នកបម្រើនោះចេញទៅ គាត់បានជួបនឹងគូកនរបស់ខ្លួនម្នាក់ ដែលជំពាក់ប្រាក់គាត់មួយរយដេណារី គាត់ក៏ចាប់ច្របាច់កអ្នកនោះ ទាំងពោលថា "សងប្រាក់ដែលជំពាក់ខ្ញុំនោះមក"។ ដូច្នេះ គូកនរបស់អ្នកនោះក៏ក្រាបចុះ ហើយអង្វរគាត់ថា "សូមមេត្តាពន្យាពេលឲ្យគ្នាផង គ្នានឹងសងឯង"។ តែគាត់មិនព្រមទេ ផ្ទុយទៅវិញ គាត់បែរជាចាប់អ្នកនោះយកទៅដាក់គុក រហូតទាល់តែបានសងបំណុលរួច។ កាលពួកគូកនរបស់គាត់ឃើញដូច្នោះ គេមានចិត្តឈឺឆ្អាលជាខ្លាំង ហើយគេនាំគ្នាទៅទូលប្រាប់ចៅហ្វាយរបស់ខ្លួន ពីការទាំងប៉ុន្មានដែលបានកើតឡើង។ ពេលនោះ ចៅហ្វាយក៏ហៅអ្នកនោះមក ហើយសួរអ្នកនោះថា "នែ៎អ្នកបម្រើអាក្រក់! យើងបានលុបបំណុលរបស់ឯងចោលទាំងអស់ ព្រោះឯងបានទទូចអង្វរយើង។ ដូច្នេះ តើមិនគួរឲ្យឯងអាណិតមេត្តាដល់គូកនរបស់ឯង ដូចយើងបានអាណិតមេត្តាដល់ឯងទេឬ?" ចៅហ្វាយរបស់អ្នកបម្រើនោះមានសេចក្តីក្រោធជាខ្លាំង ក៏បញ្ជូនអ្នកនោះទៅឲ្យគេធ្វើទារុណកម្ម រហូតទាល់តែអ្នកនោះបានសងបំណុលគ្រប់ចំនួន។ ដូច្នេះ ព្រះវរបិតារបស់ខ្ញុំដែលគង់នៅស្ថានសួគ៌ ក៏នឹងប្រព្រឹត្តចំពោះអ្នករាល់គ្នាដូច្នោះដែរ ប្រសិនបើអ្នករាល់គ្នាមិនអត់ទោសឲ្យបងប្អូនរបស់ខ្លួន ដោយស្មោះពីចិត្តទេនោះ»។
ម៉ាថាយ 18:23-35 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«ហេតុនេះ ព្រះរាជ្យនៃស្ថានបរមសុខ*ប្រៀបបាននឹងស្ដេចមួយអង្គ ដែលចង់គិតបញ្ជីជាមួយអ្នកបម្រើ។ ពេលព្រះរាជាចាប់ផ្ដើមគិតបញ្ជី មានគេនាំកូនបំណុលម្នាក់ដែលជំពាក់ប្រាក់រាប់លានណែនមក។ ដោយអ្នកនោះគ្មានប្រាក់សង ស្ដេចក៏ចេញបញ្ជាឲ្យលក់ទាំងគាត់ ទាំងប្រពន្ធ ទាំងកូន ទាំងរបស់របរដែលគាត់មាន ដើម្បីយកប្រាក់មកសងបំណុល។ អ្នកបម្រើនោះលុតជង្គង់ក្រាបទៀបព្រះបាទាស្ដេច ទូលអង្វរថា: “សូមព្រះរាជាមេត្តាអត់ឱន ពន្យារពេលឲ្យទូលបង្គំផង ទូលបង្គំនឹងសងព្រះអង្គវិញគ្រប់ចំនួន”។ ព្រះរាជាមានព្រះហឫទ័យអាណិតអាសូរអ្នកបម្រើនោះពន់ពេកណាស់ ព្រះអង្គក៏ឲ្យគាត់ទៅវិញ ទាំងលុបបំណុលចោលថែមទៀតផង។ ពេលអ្នកបម្រើនោះចេញទៅ គាត់បានជួបនឹងគូកនម្នាក់ ដែលជំពាក់ប្រាក់គាត់មួយរយដួង* គាត់ចាប់អ្នកនោះច្របាច់-ក ទាំងពោលថា: “សងប្រាក់អញទាំងអស់មក!”។ គូកនរបស់អ្នកនោះក៏លុតជង្គង់ចុះ អង្វរថា “សុំអត់ឱនពន្យារពេលឲ្យគ្នាផង គ្នានឹងសងឯងវិញគ្រប់ចំនួន”។ ប៉ុន្តែ អ្នកបម្រើនោះពុំព្រមទេ មិនតែប៉ុណ្ណោះសោត គាត់ចាប់អ្នកជំពាក់ប្រាក់យកទៅឃុំឃាំង រហូតទាល់តែបានសងបំណុលគ្រប់ចំនួន។ អ្នកបម្រើឯទៀតៗឃើញដូច្នោះ ទាស់ចិត្តជាខ្លាំង គេយករឿងនេះទៅទូលស្ដេច។ ស្ដេចក៏ហៅអ្នកបម្រើនោះមកសួរថា: “នែអ្នកបម្រើអាក្រក់! យើងបានលុបបំណុលឯងទាំងប៉ុន្មានចោលអស់ ព្រោះឯងបានទទូចអង្វរយើង។ យើងបានអាណិតមេត្តាឯង។ ហេតុដូចម្ដេចបានជាឯងពុំព្រមអាណិតមេត្តាគូកនរបស់ឯងផងដូច្នេះ?”។ ស្ដេចទ្រង់ខ្ញាល់ក្រៃលែង ក៏បញ្ជាឲ្យគេយកអ្នកនោះទៅធ្វើទារុណកម្ម រហូតទាល់តែសងបំណុលគ្រប់ចំនួន។ ចំពោះអ្នករាល់គ្នា បើម្នាក់ៗមិនព្រមលើកលែងទោសឲ្យបងប្អូនដោយស្មោះអស់ពីចិត្តទេ ព្រះបិតារបស់ខ្ញុំ ដែលគង់នៅស្ថានបរមសុខ ក៏នឹងធ្វើទារុណកម្មអ្នករាល់គ្នាដូច្នោះដែរ»។
ម៉ាថាយ 18:23-35 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ នគរស្ថានសួគ៌ត្រូវប្រៀបដូចជាស្តេច១អង្គ ដែលចង់គិតបញ្ជីនឹងពួកបាវព្រាវ កាលទ្រង់ចាប់តាំងគិត នោះគេនាំកូនបំណុលម្នាក់មក ដែលជំពាក់ប្រាក់២កោដិ តែដោយព្រោះអ្នកនោះគ្មានអ្វីនឹងសង បានជាចៅហ្វាយបង្គាប់ឲ្យលក់ខ្លួនវា ព្រមទាំងប្រពន្ធកូន នឹងរបស់ទាំងអស់ ដើម្បីនឹងសងបំណុលនោះ ហេតុដូច្នេះ បាវនោះបានទំលាក់ខ្លួនក្រាបចុះថ្វាយបង្គំទូលថា បពិត្រព្រះករុណា សូមទ្រង់មេត្តាបង្អង់ឲ្យទូលបង្គំសិន ទូលបង្គំនឹងសងថ្វាយទ្រង់គ្រប់ចំនួន ឯចៅហ្វាយរបស់បាវនោះ មានព្រះទ័យក្តួលអាណិត ក៏លែងវាឲ្យទៅ ព្រមទាំងលែងទារបំណុលផង តែកាលបាវនោះបានចេញទៅហើយ ក៏ចួបប្រទះនឹងគូកនម្នាក់ ដែលជំពាក់ខ្លួន២០រៀល នោះវាចាប់ច្របាច់កអ្នកនោះ ដោយពាក្យថា ចូរសងប្រាក់ដែលជំពាក់អញនោះមក អ្នកនោះក៏ទំលាក់ខ្លួន ក្រាបចុះនៅទៀបជើង សូមអង្វរថា សូមមេត្តាបង្អង់ឲ្យខ្ញុំសិន ខ្ញុំនឹងសងជូនអ្នក តែវាមិនព្រមទេ ត្រឡប់ជាបានចាប់អ្នកនោះ នាំទៅដាក់គុកវិញ ទាល់តែបានសងបំណុលរួច កាលពួកគូកនគេបានឃើញការនោះ គេមានចិត្តឈឺឆ្អាលណាស់ ក៏នាំគ្នាទៅទូលដល់ចៅហ្វាយ ពីការទាំងប៉ុន្មានដែលកើតមក ចៅហ្វាយក៏ឲ្យគេហៅបាវនោះមក រួចមានបន្ទូលថា នែ អាបំរើអាក្រក់ អញបានលែងទារបំណុលឯងទាំងអស់ហើយតើ ពីព្រោះឯងបានអង្វរដល់អញ ដូច្នេះ តើមិនគួរឲ្យឯងអាណិតមេត្តាដល់គូកនឯង ដូចជាអញបានអាណិតមេត្តាដល់ឯងដែរទេឬអី ចៅហ្វាយក៏មានសេចក្ដីក្រោធ ហើយបញ្ជូនវាទៅឯមេភូឃុំ ទាល់តែបានសងបំណុលនោះគ្រប់ចំនួន យ៉ាងនោះ បើអ្នករាល់គ្នាមិនអត់ទោសការរំលងរបស់បងប្អូន ដោយស្ម័គ្រពីចិត្តទេ នោះព្រះវរបិតានៃខ្ញុំ ដែលគង់នៅស្ថានសួគ៌ ទ្រង់ក៏នឹងប្រព្រឹត្តនឹងអ្នករាល់គ្នាដូច្នោះដែរ។