ម៉ាថាយ 18:23-27
ម៉ាថាយ 18:23-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ ព្រះរាជ្យនៃស្ថានសួគ៌ប្រៀបបាននឹងស្តេចមួយអង្គ ដែលចង់គិតបញ្ជីជាមួយពួកអ្នកបម្រើ។ ពេលស្តេចចាប់ផ្ដើមគិតបញ្ជី មានគេនាំកូនបំណុលម្នាក់ ដែលជំពាក់ប្រាក់ពីរកោដិ មកជួបស្ដេច ហើយដោយព្រោះអ្នកនោះគ្មានអ្វីសង ចៅហ្វាយរបស់គាត់បញ្ជាឲ្យលក់ខ្លួនគាត់ ទាំងប្រពន្ធ ទាំងកូន ទាំងរបស់របរដែលគាត់មាន ដើម្បីយកប្រាក់មកសងបំណុលនោះ។ ដូច្នេះ អ្នកបម្រើនោះក៏លុតជង្គង់នៅចំពោះស្ដេច ទូលអង្វរថា "បពិត្រព្រះករុណា សូមទ្រង់មេត្តាពន្យាពេលឲ្យទូលបង្គំសិន ទូលបង្គំនឹងសងព្រះអង្គគ្រប់ចំនួន"។ ដោយព្រោះមានព្រះហឫទ័យអាណិតអាសូរដល់គាត់ ចៅហ្វាយក៏ដោះលែងគាត់ ទាំងលុបបំណុលរបស់គាត់ចោលទៀតផង។
ម៉ាថាយ 18:23-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«ហេតុនេះ ព្រះរាជ្យនៃស្ថានបរមសុខ*ប្រៀបបាននឹងស្ដេចមួយអង្គ ដែលចង់គិតបញ្ជីជាមួយអ្នកបម្រើ។ ពេលព្រះរាជាចាប់ផ្ដើមគិតបញ្ជី មានគេនាំកូនបំណុលម្នាក់ដែលជំពាក់ប្រាក់រាប់លានណែនមក។ ដោយអ្នកនោះគ្មានប្រាក់សង ស្ដេចក៏ចេញបញ្ជាឲ្យលក់ទាំងគាត់ ទាំងប្រពន្ធ ទាំងកូន ទាំងរបស់របរដែលគាត់មាន ដើម្បីយកប្រាក់មកសងបំណុល។ អ្នកបម្រើនោះលុតជង្គង់ក្រាបទៀបព្រះបាទាស្ដេច ទូលអង្វរថា: “សូមព្រះរាជាមេត្តាអត់ឱន ពន្យារពេលឲ្យទូលបង្គំផង ទូលបង្គំនឹងសងព្រះអង្គវិញគ្រប់ចំនួន”។ ព្រះរាជាមានព្រះហឫទ័យអាណិតអាសូរអ្នកបម្រើនោះពន់ពេកណាស់ ព្រះអង្គក៏ឲ្យគាត់ទៅវិញ ទាំងលុបបំណុលចោលថែមទៀតផង។
ម៉ាថាយ 18:23-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ នគរស្ថានសួគ៌ត្រូវប្រៀបដូចជាស្តេច១អង្គ ដែលចង់គិតបញ្ជីនឹងពួកបាវព្រាវ កាលទ្រង់ចាប់តាំងគិត នោះគេនាំកូនបំណុលម្នាក់មក ដែលជំពាក់ប្រាក់២កោដិ តែដោយព្រោះអ្នកនោះគ្មានអ្វីនឹងសង បានជាចៅហ្វាយបង្គាប់ឲ្យលក់ខ្លួនវា ព្រមទាំងប្រពន្ធកូន នឹងរបស់ទាំងអស់ ដើម្បីនឹងសងបំណុលនោះ ហេតុដូច្នេះ បាវនោះបានទំលាក់ខ្លួនក្រាបចុះថ្វាយបង្គំទូលថា បពិត្រព្រះករុណា សូមទ្រង់មេត្តាបង្អង់ឲ្យទូលបង្គំសិន ទូលបង្គំនឹងសងថ្វាយទ្រង់គ្រប់ចំនួន ឯចៅហ្វាយរបស់បាវនោះ មានព្រះទ័យក្តួលអាណិត ក៏លែងវាឲ្យទៅ ព្រមទាំងលែងទារបំណុលផង