ម៉ាថាយ 18:21-35

ម៉ាថាយ 18:21-35 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​នោះ ពេត្រុស​ចូល​មក​ជិត​ព្រះ‌អង្គ ហើយ​ទូល​ថា៖ «ព្រះ‌អម្ចាស់​អើយ បើ​បង‌ប្អូន​របស់​ទូល‌បង្គំ​ចេះ​តែ​ប្រព្រឹត្ត​អំពើ​បាប​មក​លើ​ទូល‌បង្គំ តើ​ទូល‌បង្គំ​ត្រូវ​អត់​ទោស​ឲ្យ​គាត់​ប៉ុន្មាន​ដង? រហូត​ដល់​ប្រាំ​ពីរ​ដង​ឬ?» ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​ថា មិន​មែន​ប្រាំ​ពីរ​ដង​ទេ គឺ​ចិត‌សិប​ដង​ប្រាំ​ពីរ​ដង។ ដូច្នេះ ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​ប្រៀប​បាន​នឹង​ស្តេច​មួយ​អង្គ ដែល​ចង់​គិត​បញ្ជី​ជា​មួយ​ពួក​អ្នក​បម្រើ។ ពេល​ស្តេច​ចាប់​ផ្ដើម​គិត​បញ្ជី មាន​គេ​នាំ​កូន​បំណុល​ម្នាក់ ដែល​ជំពាក់​ប្រាក់​ពីរ​កោដិ មក​ជួប​ស្ដេ​ច ហើយ​ដោយ​ព្រោះ​អ្នក​នោះ​គ្មាន​អ្វី​សង ចៅហ្វាយ​របស់​គាត់​បញ្ជា​ឲ្យ​លក់​ខ្លួន​គាត់ ទាំង​ប្រពន្ធ ទាំង​កូន ទាំង​របស់‌របរ​ដែល​គាត់​មាន ដើម្បី​យក​ប្រាក់​មក​សង​បំណុល​នោះ។ ដូច្នេះ អ្នក​បម្រើ​នោះ​ក៏​លុត​ជង្គង់​នៅ​ចំពោះ​ស្ដេច ទូល​អង្វរ​ថា "បពិត្រ​ព្រះ‌ករុណា សូម​ទ្រង់​មេត្តា​ពន្យា​ពេល​ឲ្យ​ទូល‌បង្គំ​សិន ទូល‌បង្គំ​នឹង​សង​ព្រះ‌អង្គ​គ្រប់​ចំនួន"។ ដោយ​ព្រោះ​មាន​ព្រះ‌ហឫ‌ទ័យ​អាណិត‌អាសូរ​ដល់​គាត់ ចៅហ្វាយ​ក៏​ដោះ​លែង​គាត់ ទាំង​លុប​បំណុល​របស់​គាត់​ចោល​ទៀត​ផង។ ប៉ុន្តែ ពេល​អ្នក​បម្រើ​នោះ​ចេញ​ទៅ គាត់​បាន​ជួប​នឹង​គូកន​របស់​ខ្លួន​ម្នាក់ ដែល​ជំពាក់​ប្រាក់​គាត់​មួយ​រយ​ដេណារី គាត់​ក៏​ចាប់​ច្របាច់​ក​អ្នក​នោះ ទាំង​ពោល​ថា "សង​ប្រាក់​ដែល​ជំពាក់​ខ្ញុំ​នោះ​មក"។ ដូច្នេះ គូកន​របស់​អ្នក​នោះ​ក៏​ក្រាប​ចុះ ហើយ​អង្វរ​គាត់​ថា "សូម​មេត្តា​ពន្យា​ពេល​ឲ្យ​គ្នា​ផង គ្នា​នឹង​សង​ឯង"។ តែ​គាត់​មិន​ព្រម​ទេ ផ្ទុយ​ទៅ​វិញ គាត់​បែរ​ជា​ចាប់​អ្នក​នោះ​យក​ទៅ​ដាក់​គុក រហូត​ទាល់​តែ​បាន​សង​បំណុល​រួច។ កាល​ពួក​គូកន​របស់​គាត់​ឃើញ​ដូច្នោះ គេ​មាន​ចិត្ត​ឈឺ​ឆ្អាល​ជា​ខ្លាំង ហើយ​គេ​នាំ​គ្នា​ទៅ​ទូល​ប្រាប់​ចៅហ្វាយ​របស់​ខ្លួន ពី​ការ​ទាំង​ប៉ុន្មាន​ដែល​បាន​កើត​ឡើង។ ពេល​នោះ ចៅហ្វាយ​ក៏​ហៅ​អ្នក​នោះ​មក ហើយ​សួរ​អ្នក​នោះ​ថា "នែ៎​អ្នក​បម្រើ​អាក្រក់! យើង​បាន​លុប​បំណុល​របស់​ឯង​ចោល​ទាំង​អស់ ព្រោះ​ឯង​បាន​ទទូច​អង្វរ​យើង។ ដូច្នេះ តើ​មិន​គួរ​ឲ្យ​ឯង​អាណិត​មេត្តា​ដល់​គូកន​របស់​ឯង ដូច​យើង​បាន​អាណិត​មេត្តា​ដល់​ឯង​ទេ​ឬ?" ចៅហ្វាយ​របស់​អ្នក​បម្រើ​នោះ​មាន​សេចក្តី​ក្រោធ​ជា​ខ្លាំង ក៏​បញ្ជូន​អ្នក​នោះ​ទៅ​ឲ្យ​គេ​ធ្វើ​ទារុណ‌កម្ម រហូត​ទាល់​តែ​អ្នក​នោះ​បាន​សង​បំណុល​គ្រប់​ចំនួន។ ដូច្នេះ ព្រះ‌វរបិតា​របស់​ខ្ញុំ​ដែល​គង់​នៅ​ស្ថាន‌សួគ៌ ក៏​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នក​រាល់​គ្នា​ដូច្នោះ​ដែរ ប្រសិន‌បើ​អ្នក​រាល់​គ្នា​មិន​អត់​ទោស​ឲ្យ​បង‌ប្អូន​របស់​ខ្លួន ដោយ​ស្មោះ​ពី​ចិត្ត​ទេ​នោះ»។

ចែក​រំលែក
អាន ម៉ាថាយ 18

ម៉ាថាយ 18:21-35 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​នោះ លោក​ពេត្រុស​ចូល​មក​ជិត​ព្រះ‌យេស៊ូ ហើយ​ទូល​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ បើ​បងប្អូន​ចេះ​តែ​ប្រព្រឹត្ត​អំពើ​បាប​មក​លើ​ទូលបង្គំ តើ​ទូលបង្គំ​ត្រូវ​អត់‌ទោស​ឲ្យ​គេ​ប៉ុន្មាន​ដង? រហូត​ដល់​ប្រាំ‌ពីរ​ដង​ឬ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ខ្ញុំ​សុំ​ប្រាប់​អ្នក​ថា អ្នក​ត្រូវ​អត់‌ទោស​ឲ្យ​គេ​មិន​ត្រឹម​តែ​ប្រាំ‌ពីរ​ដង​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​អត់‌ទោស​ឲ្យ​គេ​ចិត‌សិប​ដង​ប្រាំ‌ពីរ​ដង»។ «ហេតុ​នេះ ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ*​ប្រៀប​បាន​នឹង​ស្ដេច​មួយ​អង្គ ដែល​ចង់​គិត​បញ្ជី​ជា​មួយ​អ្នក​បម្រើ។ ពេល​ព្រះ‌រាជា​ចាប់​ផ្ដើម​គិត​បញ្ជី មាន​គេ​នាំ​កូន​បំណុល​ម្នាក់​ដែល​ជំពាក់​ប្រាក់​រាប់​លាន​ណែនមក។ ដោយ​អ្នក​នោះ​គ្មាន​ប្រាក់​សង ស្ដេច​ក៏​ចេញ​បញ្ជា​ឲ្យ​លក់​ទាំង​គាត់ ទាំង​ប្រពន្ធ ទាំង​កូន ទាំង​របស់​របរ​ដែល​គាត់​មាន ដើម្បី​យក​ប្រាក់​មក​សង​បំណុល។ អ្នក​បម្រើ​នោះ​លុត​ជង្គង់​ក្រាប​ទៀប​ព្រះ‌បាទា​ស្ដេច ទូល‌អង្វរ​ថា: “សូម​ព្រះរាជា​មេត្តា​អត់​ឱន ពន្យារ​ពេល​ឲ្យ​ទូលបង្គំ​ផង ទូលបង្គំ​នឹង​សង​ព្រះអង្គ​វិញ​គ្រប់​ចំនួន”។ ព្រះ‌រាជា​មាន​ព្រះ‌ហឫទ័យ​អាណិត​អាសូរ​អ្នក​បម្រើ​នោះ​ពន់​ពេក​ណាស់ ព្រះអង្គ​ក៏​ឲ្យ​គាត់​ទៅ​វិញ ទាំង​លុប​បំណុល​ចោល​ថែម​ទៀត​ផង។ ពេល​អ្នក​បម្រើ​នោះ​ចេញ​ទៅ គាត់​បាន​ជួប​នឹង​គូ‌កន​ម្នាក់ ដែល​ជំពាក់​ប្រាក់​គាត់​មួយ‌រយ​ដួង* គាត់​ចាប់​អ្នក​នោះ​ច្របាច់-ក ទាំង​ពោល​ថា: “សង​ប្រាក់​អញ​ទាំង​អស់​មក!”។ គូ‌កន​របស់​អ្នក​នោះ​ក៏​លុត​ជង្គង់​ចុះ អង្វរ​ថា “សុំ​អត់​ឱន​ពន្យារ​ពេល​ឲ្យ​គ្នា​ផង គ្នា​នឹង​សង​ឯង​វិញ​គ្រប់​ចំនួន”។ ប៉ុន្តែ អ្នក​បម្រើ​នោះ​ពុំ​ព្រម​ទេ មិន​តែ​ប៉ុណ្ណោះ​សោត គាត់​ចាប់​អ្នក​ជំពាក់​ប្រាក់​យក​ទៅ​ឃុំ‌ឃាំង រហូត​ទាល់​តែ​បាន​សង​បំណុល​គ្រប់​ចំនួន។ អ្នក​បម្រើ​ឯ​ទៀតៗ​ឃើញ​ដូច្នោះ ទាស់​ចិត្ត​ជា​ខ្លាំង គេ​យក​រឿង​នេះ​ទៅ​ទូល​ស្ដេច។ ស្ដេច​ក៏​ហៅ​អ្នក​បម្រើ​នោះ​មក​សួរ​ថា: “នែ​អ្នក​បម្រើ​អាក្រក់! យើង​បាន​លុប​បំណុល​ឯង​ទាំង​ប៉ុន្មាន​ចោល​អស់ ព្រោះ​ឯង​បាន​ទទូច​អង្វរ​យើង។ យើង​បាន​អាណិត​មេត្តា​ឯង។ ហេតុ​ដូច​ម្ដេច​បាន​ជា​ឯង​ពុំ​ព្រម​អាណិត​មេត្តា​គូ‌កន​របស់​ឯង​ផង​ដូច្នេះ?”។ ស្ដេច​ទ្រង់​ខ្ញាល់​ក្រៃ‌លែង ក៏​បញ្ជា​ឲ្យ​គេ​យក​អ្នក​នោះ​ទៅ​ធ្វើ​ទារុណ‌កម្ម រហូត​ទាល់​តែ​សង​បំណុល​គ្រប់​ចំនួន។ ចំពោះ​អ្នក​រាល់​គ្នា បើ​ម្នាក់ៗ​មិន​ព្រម​លើក‌លែង​ទោស​ឲ្យ​បងប្អូន​ដោយ​ស្មោះ​អស់​ពី​ចិត្ត​ទេ ព្រះ‌បិតា​របស់​ខ្ញុំ ដែល​គង់​នៅ​ស្ថាន​បរម‌សុខ ក៏​នឹង​ធ្វើ​ទារុណ‌កម្ម​អ្នក​រាល់​គ្នា​ដូច្នោះ​ដែរ»។

ចែក​រំលែក
អាន ម៉ាថាយ 18

ម៉ាថាយ 18:21-35 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ខណ​នោះ​ពេត្រុស​ក៏​មក​ឯ​ទ្រង់​ទូល​ថា ព្រះ‌អម្ចាស់​អើយ បើ​បង​ឬ​ប្អូន​ធ្វើ​បាប​នឹង​ខ្ញុំ នោះ​ត្រូវ​ឲ្យ​ខ្ញុំ​អត់​ទោស​ឲ្យ​គេ​ដល់​ប៉ុន្មាន​ដង តើ​ដល់​៧​ដង​ឬ​អី ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​តប​ថា ខ្ញុំ​មិន​ថា ឲ្យ​អ្នក​អត់​ទោស​ត្រឹម​តែ​៧​ដង​ទេ គឺ​ដល់​៧​ចិត‌សិប​ដង​ទៅ​ទៀត ដូច្នេះ នគរ​ស្ថាន‌សួគ៌​ត្រូវ​ប្រៀប​ដូច​ជា​ស្តេច​១​អង្គ ដែល​ចង់​គិត​បញ្ជី​នឹង​ពួក​បាវ​ព្រាវ កាល​ទ្រង់​ចាប់​តាំង​គិត នោះ​គេ​នាំ​កូន​បំណុល​ម្នាក់​មក ដែល​ជំពាក់​ប្រាក់​២​កោដិ តែ​ដោយ​ព្រោះ​អ្នក​នោះ​គ្មាន​អ្វី​នឹង​សង បាន​ជា​ចៅហ្វាយ​បង្គាប់​ឲ្យ​លក់​ខ្លួន​វា ព្រម​ទាំង​ប្រពន្ធ​កូន នឹង​របស់​ទាំង​អស់ ដើម្បី​នឹង​សង​បំណុល​នោះ ហេតុ​ដូច្នេះ បាវ​នោះ​បាន​ទំលាក់​ខ្លួន​ក្រាប​ចុះ​ថ្វាយ‌បង្គំ​ទូល​ថា បពិត្រ​ព្រះ‌ករុណា សូម​ទ្រង់​មេត្តា​បង្អង់​ឲ្យ​ទូលបង្គំ​សិន ទូលបង្គំ​នឹង​សង​ថ្វាយ​ទ្រង់​គ្រប់​ចំនួន ឯ​ចៅហ្វាយ​របស់​បាវ​នោះ មាន​ព្រះ‌ទ័យ​ក្តួល​អាណិត ក៏​លែង​វា​ឲ្យ​ទៅ ព្រម​ទាំង​លែង​ទារ​បំណុល​ផង តែ​កាល​បាវ​នោះ​បាន​ចេញ​ទៅ​ហើយ ក៏​ចួប​ប្រទះ​នឹង​គូ‌កន​ម្នាក់ ដែល​ជំពាក់​ខ្លួន​២០​រៀល នោះ​វា​ចាប់​ច្របាច់​ក​អ្នក​នោះ ដោយ​ពាក្យ​ថា ចូរ​សង​ប្រាក់​ដែល​ជំពាក់​អញ​នោះ​មក អ្នក​នោះ​ក៏​ទំលាក់​ខ្លួន ក្រាប​ចុះ​នៅ​ទៀប​ជើង សូម​អង្វរ​ថា សូម​មេត្តា​បង្អង់​ឲ្យ​ខ្ញុំ​សិន ខ្ញុំ​នឹង​សង​ជូន​អ្នក តែ​វា​មិន​ព្រម​ទេ ត្រឡប់​ជា​បាន​ចាប់​អ្នក​នោះ នាំ​ទៅ​ដាក់​គុក​វិញ ទាល់​តែ​បាន​សង​បំណុល​រួច កាល​ពួក​គូ‌កន​គេ​បាន​ឃើញ​ការ​នោះ គេ​មាន​ចិត្ត​ឈឺ‌ឆ្អាល​ណាស់ ក៏​នាំ​គ្នា​ទៅ​ទូល​ដល់​ចៅហ្វាយ ពី​ការ​ទាំង​ប៉ុន្មាន​ដែល​កើត​មក ចៅហ្វាយ​ក៏​ឲ្យ​គេ​ហៅ​បាវ​នោះ​មក រួច​មាន​បន្ទូល​ថា នែ អា​បំរើ​អាក្រក់ អញ​បាន​លែង​ទារ​បំណុល​ឯង​ទាំង​អស់​ហើយ​តើ ពី​ព្រោះ​ឯង​បាន​អង្វរ​ដល់​អញ ដូច្នេះ តើ​មិន​គួរ​ឲ្យ​ឯង​អាណិត​មេត្តា​ដល់​គូ‌កន​ឯង ដូច​ជា​អញ​បាន​អាណិត​មេត្តា​ដល់​ឯង​ដែរ​ទេ​ឬ​អី ចៅហ្វាយ​ក៏​មាន​សេចក្ដី​ក្រោធ ហើយ​បញ្ជូន​វា​ទៅ​ឯ​មេភូ​ឃុំ ទាល់​តែ​បាន​សង​បំណុល​នោះ​គ្រប់​ចំនួន យ៉ាង​នោះ បើ​អ្នក​រាល់​គ្នា​មិន​អត់​ទោស​ការ​រំលង​របស់​បង​ប្អូន ដោយ​ស្ម័គ្រ​ពី​ចិត្ត​ទេ នោះ​ព្រះវរ‌បិតា​នៃ​ខ្ញុំ ដែល​គង់​នៅ​ស្ថាន‌សួគ៌ ទ្រង់​ក៏​នឹង​ប្រព្រឹត្ត​នឹង​អ្នក​រាល់​គ្នា​ដូច្នោះ​ដែរ។

ចែក​រំលែក
អាន ម៉ាថាយ 18