ម៉ាថាយ 18:15-20
ម៉ាថាយ 18:15-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
«ប្រសិនបើមានបងប្អូនណាម្នាក់ប្រព្រឹត្តអំពើបាបចំពោះអ្នក ចូរទៅប្រាប់អ្នកនោះឲ្យដឹងពីកំហុសរបស់គាត់ ក្នុងពេលដែលមានតែអ្នក និងគាត់ប៉ុណ្ណោះ។ បើគាត់ស្តាប់អ្នក នោះអ្នកនឹងបានបងប្អូននោះមកវិញ។ តែបើគាត់មិនព្រមស្តាប់អ្នកទេ ចូរនាំម្នាក់ ឬពីរនាក់ទៀតទៅជាមួយ ដើម្បីឲ្យគ្រប់ទាំងពាក្យមានការបញ្ជាក់ ដោយភស្ដុតាងរបស់សាក្សីពីរ ឬបីនាក់ ។ ប្រសិនបើគាត់មិនព្រមស្តាប់អ្នកទាំងនោះ ត្រូវនាំរឿងនេះទៅប្រាប់ដល់ក្រុមជំនុំ ហើយបើគាត់នៅតែមិនព្រមស្តាប់ក្រុមជំនុំទៀត ត្រូវចាត់ទុកគាត់ដូចជាសាសន៍ដទៃ ឬជាអ្នកទារពន្ធចុះ។ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្វីៗដែលអ្នកចងនៅលើផែនដី នោះនឹងត្រូវចងនៅស្ថានសួគ៌ ហើយអ្វីៗដែលអ្នកស្រាយនៅលើផែនដី នោះនឹងត្រូវស្រាយនៅស្ថានសួគ៌ដែរ»។ មួយទៀត ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ក្នុងចំណោមអ្នករាល់គ្នា ប្រសិនបើមានពីរនាក់នៅលើផែនដី ព្រមព្រៀងគ្នាទូលសូមអ្វីក៏ដោយ នោះព្រះវរបិតារបស់ខ្ញុំដែលគង់នៅស្ថានសួគ៌ នឹងសម្រេចឲ្យអ្នករាល់គ្នាជាមិនខាន។ ដ្បិតទីណាមានពីរ ឬបីនាក់ជួបជុំគ្នាក្នុងនាមខ្ញុំ នោះខ្ញុំក៏នៅទីនោះក្នុងចំណោមពួកគេដែរ។
ម៉ាថាយ 18:15-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«ប្រសិនបើមានបងប្អូនណាម្នាក់បានប្រព្រឹត្តអំពើបាបអ្វីមួយ ចូរទៅជួបអ្នកនោះស្ងាត់ៗតែពីរនាក់ ហើយស្ដីប្រដៅគាត់ទៅ។ បើគាត់ស្ដាប់អ្នក អ្នកនឹងរក្សាបងប្អូននោះមិនឲ្យបាត់ឡើយ តែបើគាត់មិនព្រមស្ដាប់អ្នកទេ ចូរនាំម្នាក់ ឬពីរនាក់ទៀតទៅជាមួយ ជួយដាស់តឿន ដើម្បី សម្រួលរឿងទាំងអស់ដោយមានសាក្សីពីរ ឬបីនាក់ ។ ប្រសិនបើគាត់មិនព្រមស្ដាប់ពាក្យអ្នកទាំងនោះ ត្រូវនាំរឿងនេះទៅប្រាប់ក្រុមជំនុំ ហើយបើគាត់នៅតែមិនព្រមស្ដាប់ក្រុមជំនុំទៀតនោះ ត្រូវចាត់ទុកគាត់ដូចជាសាសន៍ដទៃ ឬដូចជាអ្នកទារពន្ធ*ចុះ។ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្វីៗទាំងអស់ដែលអ្នករាល់គ្នាចងនៅលើផែនដីនេះ ព្រះជាម្ចាស់នឹងចងនៅស្ថានបរមសុខ ហើយអ្វីៗដែលអ្នករាល់គ្នាស្រាយនៅលើផែនដី ព្រះជាម្ចាស់ក៏នឹងស្រាយនៅស្ថានបរមសុខដែរ។ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ទៀតថា ក្នុងចំណោមអ្នករាល់គ្នា ប្រសិនបើមានពីរនាក់នៅលើផែនដីនេះរួមចិត្តគំនិតគ្នា ទូលសូមអ្វីក៏ដោយ ក៏ព្រះបិតារបស់ខ្ញុំ ដែលគង់នៅស្ថានបរមសុខនឹងប្រទានឲ្យជាមិនខាន ដ្បិតនៅទីណាមានពីរ ឬបីនាក់ជួបជុំគ្នាក្នុងនាមខ្ញុំ ខ្ញុំក៏ស្ថិតនៅទីនោះជាមួយគេដែរ»។
ម៉ាថាយ 18:15-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
បើបងឬប្អូនធ្វើបាបនឹងអ្នក នោះឲ្យទៅបន្ទោសគាត់ ក្នុងកាលដែលមានតែអ្នកហើយនឹងគាត់ បើគាត់ស្តាប់អ្នក នោះអ្នកនឹងបានបងឬប្អូននោះមកវិញ តែបើគាត់មិនព្រមស្តាប់ទេ នោះត្រូវយកមនុស្សម្នាក់ឬ២នាក់ទៅជាមួយ ដើម្បីនឹងបញ្ជាក់គ្រប់ទាំងពាក្យ ដោយសារស្មរបន្ទាល់២ឬ៣នាក់ បើគាត់មិនព្រមស្តាប់អ្នកទាំងនោះទេ នោះត្រូវតែប្រាប់ដល់ពួកជំនុំ ហើយបើមិនព្រមស្តាប់ពួកជំនុំទៀត នោះត្រូវតែរាប់គាត់ ទុកជាអ្នកក្រៅសាសន៍ ឬជាអ្នកយកពន្ធវិញ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នករាល់គ្នាចងទុកអ្វីៗនៅផែនដី នោះនឹងត្រូវចងទុកនៅស្ថានសួគ៌ដែរ ហើយបើស្រាយអ្វីៗនៅផែនដី នោះក៏នឹងត្រូវស្រាយនៅស្ថានសួគ៌ដែរ មួយទៀត ខ្ញុំប្រាប់ថា បើសិនជាមាន២នាក់ក្នុងពួកអ្នករាល់គ្នា ព្រមព្រៀងគ្នានៅផែនដី ពីដំណើរអ្វីដែលគេចង់សូមក៏ដោយ នោះនឹងបានសំរេចដល់គេ អំពីព្រះវរបិតាខ្ញុំ ដែលគង់នៅស្ថានសួគ៌ ដ្បិតកន្លែងណាដែលមាន២ឬ៣នាក់ ប្រជុំជាមួយគ្នា ដោយនូវឈ្មោះខ្ញុំ នោះខ្ញុំក៏នៅកណ្តាលចំណោមអ្នកទាំងនោះដែរ។