ម៉ាថាយ 18:15-17
ម៉ាថាយ 18:15-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
«ប្រសិនបើមានបងប្អូនណាម្នាក់ប្រព្រឹត្តអំពើបាបចំពោះអ្នក ចូរទៅប្រាប់អ្នកនោះឲ្យដឹងពីកំហុសរបស់គាត់ ក្នុងពេលដែលមានតែអ្នក និងគាត់ប៉ុណ្ណោះ។ បើគាត់ស្តាប់អ្នក នោះអ្នកនឹងបានបងប្អូននោះមកវិញ។ តែបើគាត់មិនព្រមស្តាប់អ្នកទេ ចូរនាំម្នាក់ ឬពីរនាក់ទៀតទៅជាមួយ ដើម្បីឲ្យគ្រប់ទាំងពាក្យមានការបញ្ជាក់ ដោយភស្ដុតាងរបស់សាក្សីពីរ ឬបីនាក់ ។ ប្រសិនបើគាត់មិនព្រមស្តាប់អ្នកទាំងនោះ ត្រូវនាំរឿងនេះទៅប្រាប់ដល់ក្រុមជំនុំ ហើយបើគាត់នៅតែមិនព្រមស្តាប់ក្រុមជំនុំទៀត ត្រូវចាត់ទុកគាត់ដូចជាសាសន៍ដទៃ ឬជាអ្នកទារពន្ធចុះ។
ម៉ាថាយ 18:15-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«ប្រសិនបើមានបងប្អូនណាម្នាក់បានប្រព្រឹត្តអំពើបាបអ្វីមួយ ចូរទៅជួបអ្នកនោះស្ងាត់ៗតែពីរនាក់ ហើយស្ដីប្រដៅគាត់ទៅ។ បើគាត់ស្ដាប់អ្នក អ្នកនឹងរក្សាបងប្អូននោះមិនឲ្យបាត់ឡើយ តែបើគាត់មិនព្រមស្ដាប់អ្នកទេ ចូរនាំម្នាក់ ឬពីរនាក់ទៀតទៅជាមួយ ជួយដាស់តឿន ដើម្បី សម្រួលរឿងទាំងអស់ដោយមានសាក្សីពីរ ឬបីនាក់ ។ ប្រសិនបើគាត់មិនព្រមស្ដាប់ពាក្យអ្នកទាំងនោះ ត្រូវនាំរឿងនេះទៅប្រាប់ក្រុមជំនុំ ហើយបើគាត់នៅតែមិនព្រមស្ដាប់ក្រុមជំនុំទៀតនោះ ត្រូវចាត់ទុកគាត់ដូចជាសាសន៍ដទៃ ឬដូចជាអ្នកទារពន្ធ*ចុះ។
ម៉ាថាយ 18:15-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
បើបងឬប្អូនធ្វើបាបនឹងអ្នក នោះឲ្យទៅបន្ទោសគាត់ ក្នុងកាលដែលមានតែអ្នកហើយនឹងគាត់ បើគាត់ស្តាប់អ្នក នោះអ្នកនឹងបានបងឬប្អូននោះមកវិញ តែបើគាត់មិនព្រមស្តាប់ទេ នោះត្រូវយកមនុស្សម្នាក់ឬ២នាក់ទៅជាមួយ ដើម្បីនឹងបញ្ជាក់គ្រប់ទាំងពាក្យ ដោយសារស្មរបន្ទាល់២ឬ៣នាក់ បើគាត់មិនព្រមស្តាប់អ្នកទាំងនោះទេ នោះត្រូវតែប្រាប់ដល់ពួកជំនុំ ហើយបើមិនព្រមស្តាប់ពួកជំនុំទៀត នោះត្រូវតែរាប់គាត់ ទុកជាអ្នកក្រៅសាសន៍ ឬជាអ្នកយកពន្ធវិញ