ម៉ាថាយ 16:5-20

ម៉ាថាយ 16:5-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​ពួក​សិស្ស​ឆ្លង​ទៅ​ដល់​ត្រើយ​ម្ខាង គេ​ភ្លេច​យក​នំបុ័ង​ទៅ​ជា​មួយ។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ចូរ​ពិចារណា ហើយ​ប្រយ័ត្ន​នឹង​ដំបែ​របស់​ពួក​ផារិស៊ី និង​ពួក​សាឌូស៊ី»។ ពួក​សិស្ស​ជជែក​គ្នា​ថា៖ «នេះ​ព្រោះ​តែ​យើង​មិន​បាន​យក​នំបុ័ង​មក​ជា​មួយ»។ ដោយ​ជ្រាប​ពី​ការ​នេះ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «ឱ​មនុស្ស​មាន​ជំនឿ​តិច​អើយ! ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​និយាយ​ពី​រឿង​គ្មាន​នំបុ័ង​ដូច្នេះ? តើ​អ្នក​រាល់​គ្នា​នៅ​តែ​មិន​យល់​ទៀត​ឬ? តើ​អ្នក​រាល់​គ្នា​មិន​ចាំ​ពី​នំបុ័ង​ប្រាំ​ដុំ ចម្អែត​មនុស្ស​ប្រាំ​ពាន់​នាក់ ហើយ​អ្នក​រាល់​គ្នា​ប្រមូល​បាន​ប៉ុន្មាន​កន្ត្រក​នោះ​ទេ​ឬ? ឬ​ពី​នំបុ័ង​ប្រាំ​ពីរ​ដុំ ចម្អែត​មនុស្ស​បួន​ពាន់​នាក់ ហើយ​ប្រមូល​បាន​ប៉ុន្មាន​កន្ត្រក​ទេ​ឬ? ហេតុ​ដូច​ម្តេច​បាន​ជា​អ្នក​រាល់​គ្នា​មិន​យល់​ដូច្នេះ? ខ្ញុំ​មិន​បាន​និយាយ​ពី​រឿង​នំប៉័ង​ទេ តែ​ឲ្យ​ប្រយ័ត្ន​នឹង​ដំបែ​របស់​ពួក​ផារិស៊ី និង​ពួក​សាឌូស៊ី!» ពេល​នោះ ទើប​គេ​យល់​ថា ទ្រង់​មិន​មែន​មាន​ព្រះ‌បន្ទូល​ប្រាប់​គេ​ឲ្យ​ប្រយ័ត្ន​នឹង​ដំបែ​នំប៉័ង​នោះ​ទេ តែ​ឲ្យ​ប្រយ័ត្ន​នឹង​សេចក្ដី​បង្រៀន​របស់​ពួក​ផារិស៊ី និង​ពួក​សាឌូស៊ី​វិញ។ កាល​ព្រះ‌យេស៊ូវ​យាង​មក​ដល់​ស្រុក​សេសារា‌ភីលីព ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សួរ​ពួក​សិស្ស​ថា៖ «តើ​មនុស្ស​ទាំង‌ឡាយ​ថា​កូន​មនុស្ស​ជា​អ្នក​ណា?» គេ​ទូល​ឆ្លើយ​ថា៖ «ខ្លះ​ថា​ជា​លោក​យ៉ូហាន-បាទីស្ទ ខ្លះ​ទៀត​ថា​ជា​លោក​អេលីយ៉ា ហើយ​ខ្លះ​ទៀត​ថា​ជា​លោក​យេរេមា ឬ​ហោរា​ណា​ម្នាក់»។ ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ចុះ​អ្នក​រាល់​គ្នា​វិញ ថា​ខ្ញុំ​ជា​អ្នក​ណា​ដែរ?» ស៊ីម៉ូន-ពេត្រុស​ទូល​ឆ្លើយ​ថា៖ «ទ្រង់​ជា​ព្រះ‌គ្រីស្ទ ជា​ព្រះ‌រាជ​បុត្រា​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គាត់​ថា៖ «ស៊ីម៉ូន កូន​យ៉ូហាន​អើយ អ្នក​មាន​ពរ ដ្បិត​មិន​មែន​សាច់​ឈាម ទេ ដែល​បាន​សម្តែង​ឲ្យ​អ្នក​ដឹង​សេចក្ដី​នេះ គឺ​ព្រះ‌វរបិតា​របស់​ខ្ញុំ​ដែល​គង់​នៅ​ស្ថាន‌សួគ៌​វិញ។ ខ្ញុំ​ប្រាប់​អ្នក​ថា អ្នក​ឈ្មោះ​ពេត្រុស ខ្ញុំ​នឹង​សង់​ក្រុម​ជំនុំ​របស់​ខ្ញុំ​នៅ​លើ​ថ្ម​ដា​នេះ ហើយ​ទ្វារ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ គ្មាន​អំណាច​លើក្រុម​ជំនុំ​នេះ​ឡើយ។ ខ្ញុំ​នឹង​ឲ្យ​កូន​សោ​ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​ដល់​អ្នក ហើយ​អ្វីៗ​ដែល​អ្នក​ចង នៅ​លើ​ផែនដី នោះ​នឹង​ត្រូវ​ចង​នៅ​ស្ថាន‌សួគ៌ ហើយ​អ្វីៗ​ដែល​អ្នក​ស្រាយ​នៅ​លើ​ផែនដី នោះ​នឹង​ត្រូវ​ស្រាយ​នៅ​ស្ថាន‌សួគ៌​ដែរ»។ បន្ទាប់​មក ព្រះ‌អង្គ​ហាម​ផ្ដាច់​មិន​ឲ្យ​ពួក​សិស្ស​ប្រាប់​អ្នក​ណា​ថា ព្រះ‌អង្គ​ជា​ព្រះ‌គ្រីស្ទ​ឡើយ។

ចែក​រំលែក
អាន ម៉ាថាយ 16

ម៉ាថាយ 16:5-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​ឆ្លង​ទៅ​ត្រើយ​ម្ខាង ពួក​សិស្ស​ភ្លេច​យក​នំប៉័ង​ទៅ​ជា​មួយ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ប្រយ័ត្ន​នឹង​មេ​ម្សៅ​របស់​ពួក​ខាង​គណៈ​ផារីស៊ី* និង​មេ​ម្សៅ​របស់​ពួក​ខាង​គណៈ​សាឌូ‌ស៊ី*​ឲ្យ​មែន​ទែន»។ ពួក​សិស្ស​ជជែក​គ្នា​អំពី​រឿង​គ្មាន​នំប៉័ង​ថា៖ «យើង​មិន​បាន​យក​នំប៉័ង​មក​ទេ!»។ ព្រះ‌យេស៊ូ​ជ្រាប​គំនិត​របស់​គេ ក៏​មាន​ព្រះ‌បន្ទូល​ថា៖ «មនុស្ស​មាន​ជំនឿ​តិច​អើយ ម្ដេច​ក៏​ជជែក​គ្នា​អំពី​រឿង​គ្មាន​នំប៉័ង​ដូច្នេះ? អ្នក​រាល់​គ្នា​នៅ​តែ​ពុំ​ទាន់​យល់​ទៀត​ឬ? កាល​ខ្ញុំ​ចែក​នំប៉័ង​ប្រាំ​ដុំ​ឲ្យ​មនុស្ស​ប្រាំ‌ពាន់​នាក់​នោះ អ្នក​រាល់​គ្នា​ប្រមូល​បាន​ប៉ុន្មាន​ល្អី អ្នក​រាល់​គ្នា​ចាំ​ឬ​ទេ? ហើយ​កាល​ខ្ញុំ​ចែក​នំប៉័ង​ប្រាំ‌ពីរ​ដុំ​ឲ្យ​មនុស្ស​បួន‌ពាន់​នាក់ អ្នក​រាល់​គ្នា​ប្រមូល​បាន​ប៉ុន្មាន​ជាល? ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​រាល់​គ្នា​មិន​យល់​ដូច្នេះ ខ្ញុំ​គ្មាន​បំណង​និយាយ​អំពី​នំប៉័ង​ទេ គឺ​ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ប្រយ័ត្ន​នឹង​មេ​ម្សៅ​របស់​ពួក​ខាង​គណៈ​ផារី‌ស៊ី* និង​ពួក​ខាង​គណៈ​សាឌូ‌ស៊ី*​ឯ‌ណោះ»។ ពេល​នោះ ពួក​សិស្ស​យល់​ថា ព្រះអង្គ​ចង់​ឲ្យ​គេ​ប្រយ័ត្ន​នឹង​សេចក្ដី​ដែល​ពួក​ខាង​គណៈ​ផារី‌ស៊ី និង​ពួក​ខាង​គណៈ​សាឌូ‌ស៊ី​បង្រៀន មិន​មែន​ប្រយ័ត្ន​អំពី​មេ​ម្សៅ​នោះ​ឡើយ។ កាល​ព្រះ‌យេស៊ូ​យាង​មក​ដល់​ស្រុក​សេសារា-ភីលីព ព្រះអង្គ​មាន​ព្រះ‌បន្ទូល​សួរ​ពួក​សិស្ស*​ថា៖ «មនុស្ស​ទាំង‌ឡាយ​ថា​បុត្រ​មនុស្ស​ជា​នរណា?»។ គេ​ទូល​ថា៖ «អ្នក​ខ្លះ​ថា​លោក​ជា​លោក​យ៉ូហាន‌បាទីស្ដ អ្នក​ខ្លះ​ថា​លោក​ជា​ព្យាការី*​អេលីយ៉ា អ្នក​ខ្លះ​ទៀត​ថា​លោក​ជា​ព្យាការី​យេរេមា ឬ​ជា​ព្យាការី​ណា​មួយ​រូប»។ ព្រះអង្គ​សួរ​គេ​ទៀត​ថា៖ «ចុះ​អ្នក​រាល់​គ្នា​វិញ តើ​អ្នក​រាល់​គ្នា​ថា ខ្ញុំ​ជា​នរណា​ដែរ?»។ លោក​ស៊ីម៉ូន​ពេត្រុស​ទូល​ព្រះអង្គ​ថា៖ «លោក​ជា​ព្រះ‌គ្រិស្ត* ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គាត់​វិញ​ថា៖ «ស៊ីម៉ូន​កូន​លោក​យ៉ូណាស​អើយ អ្នក​ពិត​ជា​មាន​សុភមង្គល​មែន អ្នក​ដឹង​សេចក្ដី​នេះ​មិន​មែន​ដោយ​គំនិត​ប្រាជ្ញា​ខាង​លោកីយ៍ទេ គឺ​ព្រះ‌បិតា​របស់​ខ្ញុំ​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ*​បាន​សម្តែង​ឲ្យ​អ្នក​ដឹង។ ខ្ញុំ​សុំ​ប្រាប់​អ្នក​ថា​អ្នក​ឈ្មោះ​ពេត្រុស ហើយ​នៅ​លើ​ផ្ទាំង​សិលា​នេះ ខ្ញុំ​នឹង​សង់​ក្រុម‌ជំនុំ*​របស់​ខ្ញុំ។ មច្ចុរាជពុំ​មាន​អំណាច​លើ​ក្រុម‌ជំនុំ​នេះ​បាន​ឡើយ ខ្ញុំ​នឹង​ប្រគល់​កូន​សោ​ព្រះ‌រាជ្យ*​នៃ​ស្ថាន​បរម‌សុខ​ឲ្យ​អ្នក។ អ្វីៗ​ដែល​អ្នក​ចងនៅ​លើ​ផែនដី​នេះ ព្រះ‌ជាម្ចាស់​នឹង​ចង​នៅ​ស្ថាន​បរម‌សុខ ហើយ​អ្វីៗ​ដែល​អ្នក​ស្រាយនៅ​លើ​ផែនដី ព្រះ‌ជាម្ចាស់​ក៏​នឹង​ស្រាយ​នៅ​ស្ថាន​បរម‌សុខ​ដែរ»។ បន្ទាប់​មក ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ហាម​ពួក​សិស្ស*​មិន​ឲ្យ​ប្រាប់​នរណា​ថា ព្រះអង្គ​ជា​ព្រះ‌គ្រិស្ត*​ឡើយ។

ចែក​រំលែក
អាន ម៉ាថាយ 16

ម៉ាថាយ 16:5-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ពួក​សិស្ស​ឆ្លង​ទៅ​ឯ​ត្រើយ​ម្ខាង តែ​គេ​ភ្លេច​យក​នំបុ័ង​ទៅ គ្រា​នោះ ព្រះ‌យេស៊ូវ ទ្រង់​មាន​បន្ទូល​ថា ចូរ​ឲ្យ​ពិចារណា ហើយ​ប្រុង​ប្រយ័ត​ចំពោះ​ដំបែ​របស់​ពួក​ផារិស៊ី នឹង​ពួក​សាឌូស៊ី​ឲ្យ​មែន‌ទែន គេ​ក៏​រិះ‌គិត​គ្នា​ថា ប្រហែល​ជា​ដោយ​ព្រោះ​យើង​មិន​បាន​យក​នំបុ័ង​មក​ទេ​ដឹង កាល​ព្រះ‌យេស៊ូវ​ទ្រង់​ជ្រាប នោះ​ក៏​មាន​បន្ទូល​ថា ឱ​មនុស្ស​មាន​ជំនឿ​តិច​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​រិះ‌គិត​គ្នា អំពី​ដំណើរ​ដែល​មិន​បាន​យក​នំបុ័ង​មក​ដូច្នេះ តើ​អ្នក​រាល់​គ្នា​នឹក​មិន​ទាន់​ឃើញ ឬ​មិន​ចាំ​ពី​នំបុ័ង​៥ នឹង​មនុស្ស​៥​ពាន់​នាក់ ហើយ​ដែល​អ្នក​រាល់​គ្នា​ប្រមូល​បាន​ប៉ុន្មាន​កន្ត្រក​នោះ​ទេ​ឬ​អី ឬ​ពី​នំបុ័ង​៧ នឹង​មនុស្ស​៤​ពាន់​នាក់ ហើយ​ដែល​ប្រមូល​បាន​ប៉ុន្មាន​កំប្រោង​ទេ​ឬ​អី ហេតុ​ដូច​ម្តេច​បាន​ជា​អ្នក​រាល់​គ្នា​នឹក​មិន​ទាន់​ឃើញ​ថា មិន​មែន​ពី​នំបុ័ង​ដែល​ខ្ញុំ​ប្រាប់​ឲ្យ​ប្រយ័ត ពី​ដំបែ​របស់​ពួក​ផារិស៊ី នឹង​ពួក​សាឌូស៊ី​នោះ​ទេ នោះ​ទើប​គេ​បាន​យល់​ថា មិន​មែន​ពី​ដំបែ​នំបុ័ង ដែល​ទ្រង់​មាន​បន្ទូល​ប្រាប់​ឲ្យ​គេ​ប្រយ័ត​ទេ គឺ​ពី​លទ្ធិ​របស់​ពួក​ផារិស៊ី នឹង​ពួក​សាឌូស៊ី​វិញ។ កាល​ព្រះ‌យេស៊ូវ បាន​យាង​មក​ដល់​ក្រវល់​ក្រុង​សេសារា-ភីលីព​ហើយ នោះ​ទ្រង់​មាន​បន្ទូល​សាក‌សួរ​ពួក​សិស្ស​ថា តើ​មនុស្ស​ទាំង‌ឡាយ គេ​ថា​កូន​មនុស្ស​ជា​អ្នក​ណា ពួក​សិស្ស​ទូល​ឆ្លើយ​ថា ខ្លះ​ថា​ជា​យ៉ូហាន-បាទីស្ទ ខ្លះ​ទៀត​ថា​ជា​អេលីយ៉ា ហើយ​ខ្លះ​ទៀត​ថា​ជា​យេរេមា ឬ​ហោរា​ណា​មួយ ទ្រង់​មាន​បន្ទូល​សួរ​ថា ចុះ​ឯ​អ្នក​រាល់​គ្នា​វិញ តើ​ថា​ខ្ញុំ​ជា​អ្នក​ណា ស៊ីម៉ូន-ពេត្រុស​ទូល​ឆ្លើយ​ថា ទ្រង់​ជា​ព្រះ‌គ្រីស្ទ ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ រួច​ព្រះ‌យេស៊ូវ​មាន​បន្ទូល​តប​ថា អ្នក​ស៊ីម៉ូន កូន​យ៉ូណាស​អើយ អ្នក​មាន​ពរ ដ្បិត​មិន​មែន​ជា​សាច់​ឈាម ដែល​បាន​សំដែង​ឲ្យ​អ្នក​ស្គាល់​ទេ គឺ​ព្រះវរ‌បិតា​នៃ​ខ្ញុំ​ដែល​គង់​នៅ​ស្ថាន‌សួគ៌​វិញ ខ្ញុំ​ប្រាប់​អ្នក​ថា អ្នក​ឈ្មោះ​ពេត្រុស ខ្ញុំ​នឹង​តាំង​ពួក​ជំនុំ​ខ្ញុំ​នៅ​លើ​ថ្មដា​នេះ ហើយ​ទ្វារ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​នឹង​មិន​ដែល​ឈ្នះ​ពួក​ជំនុំ​ឡើយ ខ្ញុំ​នឹង​ឲ្យ​កូន​សោ​នៃ​នគរ​ស្ថាន‌សួគ៌​ដល់​អ្នក បើ​អ្នក​នឹង​ចង​ទុក​អ្វីៗ​នៅ​ផែនដី នោះ​នឹង​ត្រូវ​ចង​ទុក​នៅ​លើ​ស្ថាន‌សួគ៌​ដែរ ហើយ​បើ​អ្នក​នឹង​ស្រាយ​អ្វីៗ​នៅ​ផែនដី នោះ​នឹង​ត្រូវ​ស្រាយ​នៅ​ស្ថាន‌សួគ៌​ដែរ រួច​ទ្រង់​ហាម​ពួក​សិស្ស មិន​ឲ្យ​គេ​ប្រាប់​ដល់​អ្នក​ណា​ថា ទ្រង់​ជា​ព្រះ‌គ្រីស្ទ​ឡើយ។

ចែក​រំលែក
អាន ម៉ាថាយ 16