ម៉ាថាយ 16:21-24
ម៉ាថាយ 16:21-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
តាំងពីពេលនោះ មក ព្រះយេស៊ូវចាប់ផ្តើមបង្ហាញពួកសិស្សរបស់ព្រះអង្គថា ទ្រង់ត្រូវតែយាងទៅក្រុងយេរូសាឡិម ហើយត្រូវរងទុក្ខជាខ្លាំងពីពួកចាស់ទុំ ពួកសង្គ្រាជ និងពួកអាចារ្យ ក៏ត្រូវគេធ្វើគុត ហើយរស់ឡើងវិញនៅថ្ងៃទីបី។ ពេលនោះ ពេត្រុសនាំព្រះអង្គទៅដោយឡែក ហើយចាប់ផ្ដើមទូលជំទាស់ព្រះអង្គថា៖ «ព្រះអម្ចាស់អើយ សូមទ្រង់មេត្តាប្រណីផង! កុំឲ្យការនេះកើតមានដល់ព្រះអង្គឡើយ»។ ប៉ុន្តែ ព្រះអង្គបែរមក មានព្រះបន្ទូលទៅពេត្រុសថា៖ «សាតាំង! ថយទៅក្រោយយើងទៅ ឯងជាសេចក្តីបង្អាក់ដល់យើង ដ្បិតឯងមិនគិតតាមគំនិតរបស់ព្រះទេ គឺគិតតាមតែគំនិតរបស់មនុស្សប៉ុណ្ណោះ»។ បន្ទាប់មក ព្រះយេស៊ូវប្រាប់ពួកសិស្សរបស់ព្រះអង្គថា៖ «បើអ្នកណាចង់មកតាមខ្ញុំ ត្រូវឲ្យគេលះកាត់ចិត្តខ្លួនឯងចោល ផ្ទុកឈើឆ្កាងរបស់ខ្លួន ហើយមកតាមខ្ញុំ។
ម៉ាថាយ 16:21-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
តាំងពីពេលនោះមក ព្រះយេស៊ូចាប់ផ្ដើមប្រាប់ឲ្យពួកសិស្សដឹងថា ព្រះអង្គត្រូវតែយាងទៅក្រុងយេរូសាឡឹម។ ពួកព្រឹទ្ធាចារ្យ* ពួកនាយកបូជាចារ្យ* និងពួកអាចារ្យ*នឹងនាំគ្នាធ្វើបាបព្រះអង្គឲ្យរងទុក្ខលំបាកយ៉ាងខ្លាំង ថែមទាំងធ្វើគុតព្រះអង្គទៀតផង តែបីថ្ងៃក្រោយមក ព្រះអង្គនឹងមានព្រះជន្មរស់ឡើងវិញ។ លោកពេត្រុស*នាំព្រះយេស៊ូទៅដាច់ឡែកពីគេ ហើយទូលជំទាស់ថា៖ «ព្រះអម្ចាស់អើយ! សូមព្រះជាម្ចាស់មេត្តាអាណិត កុំឲ្យការណ៍នេះកើតមានដល់ព្រះអង្គឡើយ»។ ព្រះយេស៊ូបែរមកមានព្រះបន្ទូលទៅលោកពេត្រុសថា៖ «នែ មារ*សាតាំងអើយ! ថយទៅខាងក្រោយខ្ញុំ ដ្បិតអ្នកកំពុងរារាំងផ្លូវខ្ញុំ គំនិតអ្នកមិនមែនជាគំនិតរបស់ព្រះជាម្ចាស់ទេ គឺជាគំនិតរបស់មនុស្សលោកសុទ្ធសាធ»។ បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ពួកសិស្សថា៖ «បើអ្នកណាចង់មកតាមក្រោយខ្ញុំ ត្រូវលះបង់ខ្លួនឯងចោល ត្រូវលីឈើឆ្កាងរបស់ខ្លួន ហើយមកតាមខ្ញុំចុះ
ម៉ាថាយ 16:21-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តាំងពីគ្រានោះមក ព្រះយេស៊ូវទ្រង់ចាប់ផ្តើមប្រាប់ដល់ពួកសិស្សថា ទ្រង់ត្រូវតែយាងទៅឯក្រុងយេរូសាឡិម ហើយត្រូវរងទុក្ខជាច្រើននៅដៃនៃពួកចាស់ទុំ ពួកសង្គ្រាជ នឹងពួកអាចារ្យ ហើយត្រូវគេធ្វើគុតផង តែក្រោយ៣ថ្ងៃមក ទ្រង់នឹងមានព្រះជន្មរស់ឡើងវិញ នោះពេត្រុសក៏នាំទ្រង់មកជិត ចាប់តាំងទូលជំទាស់ថា ឱព្រះអម្ចាស់អើយ សូមទ្រង់ប្រណីអង្គទ្រង់វិញ ការនោះមិនត្រូវមកដល់ទ្រង់ឡើយ តែទ្រង់បែរទៅមានបន្ទូលនឹងគាត់ថា សាតាំងអើយ ចូរថយទៅក្រោយអញទៅ ឯងជាសេចក្ដីបង្អាក់ដល់ចិត្តអញ ព្រោះមិនចេះគិតតាមគំនិតនៃព្រះសោះ គឺគិតតាមតែគំនិតរបស់មនុស្សលោកវិញ រួចទ្រង់មានបន្ទូលទៅពួកសិស្សទាំងអស់គ្នាថា បើអ្នកណាចង់មកតាមខ្ញុំ នោះត្រូវឲ្យលះកាត់ចិត្តខ្លួនឯងចោលចេញ ហើយផ្ទុកឈើឆ្កាងខ្លួនមកតាមខ្ញុំចុះ