ម៉ាថាយ 16:13-17
ម៉ាថាយ 16:13-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលព្រះយេស៊ូវយាងមកដល់ស្រុកសេសារាភីលីព ព្រះអង្គមានព្រះបន្ទូលសួរពួកសិស្សថា៖ «តើមនុស្សទាំងឡាយថាកូនមនុស្សជាអ្នកណា?» គេទូលឆ្លើយថា៖ «ខ្លះថាជាលោកយ៉ូហាន-បាទីស្ទ ខ្លះទៀតថាជាលោកអេលីយ៉ា ហើយខ្លះទៀតថាជាលោកយេរេមា ឬហោរាណាម្នាក់»។ ទ្រង់មានព្រះបន្ទូលទៅគេថា៖ «ចុះអ្នករាល់គ្នាវិញ ថាខ្ញុំជាអ្នកណាដែរ?» ស៊ីម៉ូន-ពេត្រុសទូលឆ្លើយថា៖ «ទ្រង់ជាព្រះគ្រីស្ទ ជាព្រះរាជបុត្រារបស់ព្រះដ៏មានព្រះជន្មរស់»។ ព្រះយេស៊ូវមានព្រះបន្ទូលតបទៅគាត់ថា៖ «ស៊ីម៉ូន កូនយ៉ូហានអើយ អ្នកមានពរ ដ្បិតមិនមែនសាច់ឈាម ទេ ដែលបានសម្តែងឲ្យអ្នកដឹងសេចក្ដីនេះ គឺព្រះវរបិតារបស់ខ្ញុំដែលគង់នៅស្ថានសួគ៌វិញ។
ម៉ាថាយ 16:13-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កាលព្រះយេស៊ូយាងមកដល់ស្រុកសេសារា-ភីលីព ព្រះអង្គមានព្រះបន្ទូលសួរពួកសិស្ស*ថា៖ «មនុស្សទាំងឡាយថាបុត្រមនុស្សជានរណា?»។ គេទូលថា៖ «អ្នកខ្លះថាលោកជាលោកយ៉ូហានបាទីស្ដ អ្នកខ្លះថាលោកជាព្យាការី*អេលីយ៉ា អ្នកខ្លះទៀតថាលោកជាព្យាការីយេរេមា ឬជាព្យាការីណាមួយរូប»។ ព្រះអង្គសួរគេទៀតថា៖ «ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាថា ខ្ញុំជានរណាដែរ?»។ លោកស៊ីម៉ូនពេត្រុសទូលព្រះអង្គថា៖ «លោកជាព្រះគ្រិស្ត* ជាព្រះបុត្រារបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មគង់នៅ»។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់វិញថា៖ «ស៊ីម៉ូនកូនលោកយ៉ូណាសអើយ អ្នកពិតជាមានសុភមង្គលមែន អ្នកដឹងសេចក្ដីនេះមិនមែនដោយគំនិតប្រាជ្ញាខាងលោកីយ៍ទេ គឺព្រះបិតារបស់ខ្ញុំដែលគង់នៅស្ថានបរមសុខ*បានសម្តែងឲ្យអ្នកដឹង។
ម៉ាថាយ 16:13-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលព្រះយេស៊ូវ បានយាងមកដល់ក្រវល់ក្រុងសេសារា-ភីលីពហើយ នោះទ្រង់មានបន្ទូលសាកសួរពួកសិស្សថា តើមនុស្សទាំងឡាយ គេថាកូនមនុស្សជាអ្នកណា ពួកសិស្សទូលឆ្លើយថា ខ្លះថាជាយ៉ូហាន-បាទីស្ទ ខ្លះទៀតថាជាអេលីយ៉ា ហើយខ្លះទៀតថាជាយេរេមា ឬហោរាណាមួយ ទ្រង់មានបន្ទូលសួរថា ចុះឯអ្នករាល់គ្នាវិញ តើថាខ្ញុំជាអ្នកណា ស៊ីម៉ូន-ពេត្រុសទូលឆ្លើយថា ទ្រង់ជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់ រួចព្រះយេស៊ូវមានបន្ទូលតបថា អ្នកស៊ីម៉ូន កូនយ៉ូណាសអើយ អ្នកមានពរ ដ្បិតមិនមែនជាសាច់ឈាម ដែលបានសំដែងឲ្យអ្នកស្គាល់ទេ គឺព្រះវរបិតានៃខ្ញុំដែលគង់នៅស្ថានសួគ៌វិញ