ម៉ាថាយ 16:1-4
ម៉ាថាយ 16:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពួកផារិស៊ី និងពួកសាឌូស៊ីបាននាំគ្នាចូលមកល្បងលព្រះយេស៊ូវ គេសូមឲ្យព្រះអង្គបង្ហាញទីសម្គាល់មួយពីស្ថានសួគ៌ដល់គេ។ ទ្រង់មានព្រះបន្ទូលតបទៅគេថា៖ «នៅពេលល្ងាច អ្នករាល់គ្នានិយាយថា "ច្បាស់ជាមានធាតុអាកាសល្អមិនខាន ព្រោះមេឃក្រហម" ហើយនៅពេលព្រឹក អ្នករាល់គ្នាក៏ថា "ច្បាស់ជាមានព្យុះមិនខានថ្ងៃនេះ ព្រោះមេឃក្រហម ហើយខ្មៅដាស"។ អ្នករាល់គ្នាចេះសម្គាល់មើលសណ្ឋានរបស់មេឃ តែមិនចេះសម្គាល់មើលទីសម្គាល់សម័យនេះសោះ។ ជំនាន់មនុស្សអាក្រក់ ហើយផិតក្បត់ គេស្វែងរកតែទីសម្គាល់ តែនឹងគ្មានទីសម្គាល់ណាប្រទានដល់គេ ក្រៅពីទីសម្គាល់របស់ហោរាយ៉ូណាសឡើយ»។ បន្ទាប់មក ព្រះអង្គក៏យាងចេញពីពួកគេបាត់ទៅ។
ម៉ាថាយ 16:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ ពួកខាងគណៈផារីស៊ី និងពួកខាងគណៈសាឌូស៊ី នាំគ្នាចូលមកគាល់ព្រះយេស៊ូ ក្នុងគោលបំណងចាប់កំហុសព្រះអង្គ។ គេសុំឲ្យព្រះអង្គសម្តែងទីសម្គាល់មួយបញ្ជាក់ថា ព្រះអង្គបានទទួលអំណាចពីព្រះជាម្ចាស់មក។ ប៉ុន្តែ ព្រះអង្គមានព្រះបន្ទូលតបទៅគេថា៖ «[នៅពេលថ្ងៃលិច កាលណាអ្នករាល់គ្នាឃើញផ្ទៃមេឃពណ៌ក្រហមអ្នករាល់គ្នាតែងពោលថា ស្អែកថ្ងៃល្អហើយ។ នៅពេលព្រឹកព្រហាម កាលណាអ្នករាល់គ្នាឃើញផ្ទៃមេឃខ្មៅដាស អ្នករាល់គ្នាតែងពោលថា ថ្ងៃនេះភ្លៀងហើយ។ អ្នករាល់គ្នាយល់ហេតុការណ៍ផ្សេងៗនៅលើមេឃបាន តែអ្នករាល់គ្នាមិនយល់ទីសម្គាល់នាសម័យនេះសោះ!] មនុស្សជំនាន់នេះអាក្រក់ណាស់ ហើយក្បត់នឹងព្រះជាម្ចាស់ផង គេចង់តែឃើញទីសម្គាល់ដ៏អស្ចារ្យ ប៉ុន្តែ ព្រះអង្គមិនប្រទានទីសម្គាល់ណាផ្សេងក្រៅពីទីសម្គាល់របស់ព្យាការី*យ៉ូណាសឡើយ»។ បន្ទាប់មក ព្រះយេស៊ូយាងចាកចេញពីគេទៅ។
ម៉ាថាយ 16:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ពួកផារិស៊ី នឹងពួកសាឌូស៊ី គេមកល្បួងទ្រង់ សូមឲ្យសំដែងទីសំគាល់១ពីលើមេឃឲ្យគេឃើញ តែទ្រង់មានបន្ទូលឆ្លើយថា ដល់ល្ងាចអ្នករាល់គ្នានិយាយថា មេឃនឹងល្អ ពីព្រោះក្រហម ហើយដល់ព្រឹក នោះអ្នករាល់គ្នាក៏ថា នៅថ្ងៃនេះនឹងមានព្យុះភ្លៀង ព្រោះមេឃក្រហមស្រទំ ឱមនុស្សកំពុតអើយ អ្នករាល់គ្នាចេះសំគាល់សណ្ឋានរបស់មេឃមែន តែពុំអាចនឹងស្គាល់ទីសំគាល់នៃសម័យនេះបានទេ ពូជដំណអាក្រក់ ហើយកំផិត គេចេះតែរកទីសំគាល់ តែនឹងគ្មានទីសំគាល់ណាបានប្រទានមកគេ ក្រៅពីទីសំគាល់តែមួយនោះទេ គឺហោរាយ៉ូណាស រួចទ្រង់យាងចោលគេបាត់ទៅ។