ម៉ាថាយ 15:34-39
ម៉ាថាយ 15:34-39 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេស៊ូវសួរពួកគេថា៖ «តើអ្នករាល់គ្នាមាននំបុ័ងប៉ុន្មាន?» គេទូលថា៖ «មានប្រាំពីរដុំ និងត្រីតូចៗខ្លះ»។ ក្រោយពីប្រាប់ឲ្យបណ្តាជនអង្គុយផ្ទាល់នឹងដីហើយ ទ្រង់ក៏យកនំបុ័ងប្រាំពីរដុំ និងត្រីទាំងនោះមក អរព្រះគុណដល់ព្រះ ហើយកាច់ប្រទានឲ្យពួកសិស្ស ពួកសិស្សក៏យកទៅចែកឲ្យបណ្តាជន។ ពួកគេទាំងអស់គ្នាបានបរិភោគឆ្អែតស្កប់ស្កល់ ហើយគេប្រមូលចំណិតដែលនៅសល់ ដាក់ពេញបានប្រាំពីរកន្ត្រក។ អស់អ្នកដែលបានបរិភោគ មានបុរសបួនពាន់នាក់ មិនរាប់ស្ត្រី និងកូនក្មេងទេ។ ក្រោយពីបានប្រាប់ឲ្យបណ្តាជនវិលទៅវិញហើយ ទ្រង់ក៏យាងចុះទូក ឆ្លងទៅតំបន់ម៉ាកាដាន់។
ម៉ាថាយ 15:34-39 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «តើអ្នករាល់គ្នាមាននំប៉័ងប៉ុន្មានដុំ?»។ ពួកគេទូលថា៖ «មានប្រាំពីរដុំ និងមានត្រីតូចៗខ្លះដែរ»។ ព្រះអង្គក៏ប្រាប់បណ្ដាជនឲ្យអង្គុយផ្ទាល់នឹងដី ព្រះអង្គយកនំប៉័ងទាំងប្រាំពីរដុំ និងត្រីមកកាន់ អរព្រះគុណព្រះជាម្ចាស់ ហើយកាច់ប្រទានឲ្យពួកសិស្ស ពួកសិស្សក៏យកទៅចែកបណ្ដាជន។ ពួកគេបរិភោគឆ្អែតគ្រប់ៗគ្នា ហើយប្រមូលនំប៉័ង និងត្រីដែលនៅសល់ បានប្រាំពីរជាល។ អស់អ្នកដែលបានបរិភោគមានចំនួនបួនពាន់នាក់ ឥតគិតស្រីៗ និងក្មេងៗផងទេ។ បន្ទាប់មក ព្រះអង្គប្រាប់មហាជនឲ្យវិលត្រឡប់ទៅផ្ទះវិញ រួចព្រះអង្គយាងចុះទូកឆ្ពោះទៅតំបន់ម៉ាកាដាន។
ម៉ាថាយ 15:34-39 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តែព្រះយេស៊ូវទ្រង់សួរថា តើអ្នករាល់គ្នាមាននំបុ័ងប៉ុន្មាន គេទូលថា មាន៧ ហើយនឹងត្រីតូចៗខ្លះ នោះទ្រង់ក៏ប្រាប់ឲ្យហ្វូងមនុស្សអង្គុយនៅដី រួចទ្រង់យកនំបុ័ង៧ នឹងត្រីទាំងនោះមកអរព្រះគុណ ហើយកាច់ប្រទានដល់ពួកសិស្ស គេក៏ចែកដល់ហ្វូងមនុស្ស គ្រប់គ្នាបានបរិភោគឆ្អែត ហើយគេប្រមូលចំណិតដែលនៅសល់ ដាក់ពេញបាន៧កំប្រោង ឯពួកប្រុសៗដែលបានបរិភោគឆ្អែត នោះមាន៤ពាន់នាក់ឥតរាប់ស្រីៗ ហើយនឹងកូនក្មេងផងទេ រួចកាលទ្រង់បានឲ្យហ្វូងមនុស្សវិលទៅវិញ នោះទ្រង់យាងចុះទូកឆ្លងទៅដល់ដែនស្រុកម៉ាកាដាន់។