ម៉ាថាយ 15:29-31
ម៉ាថាយ 15:29-31 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេស៊ូវបានយាងចេញពីទីនោះ សសៀរតាមមាត់សមុទ្រកាលីឡេ រួចយាងឡើងទៅលើភ្នំ ហើយគង់ចុះនៅទីនោះ។ មានមហាជនច្រើនកុះករចូលមករកព្រះអង្គនាំទាំងមនុស្សខ្វិន មនុស្សខ្វាក់ មនុស្សពិការ មនុស្សគ និងអ្នកជំងឺផ្សេងទៀតជាច្រើនមកជាមួយ។ គេដាក់អ្នកជំងឺទាំងនោះនៅទៀបព្រះបាទព្រះអង្គ ហើយព្រះអង្គក៏ប្រោសគេឲ្យបានជា។ ដូច្នេះ មហាជនមានសេចក្តីអស្ចារ្យ ពេលឃើញមនុស្សគនិយាយបាន មនុស្សពិការជាដូចធម្មតា មនុស្សខ្វិនដើររួច មនុស្សខ្វាក់មើលឃើញ ហើយគេក៏សរសើរតម្កើងដល់ព្រះនៃសាសន៍អ៊ីស្រាអែល។
ម៉ាថាយ 15:29-31 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះយេស៊ូចាកចេញពីទីនោះ ឆ្ពោះទៅកាន់ឆ្នេរសមុទ្រកាលីឡេ។ បន្ទាប់មក ព្រះអង្គយាងឡើងទៅលើភ្នំ លុះយាងដល់ហើយ ព្រះអង្គគង់ចុះ មានមហាជនច្រើនកុះករនាំគ្នាចូលមករកព្រះអង្គ ទាំងនាំមនុស្សខ្វិន មនុស្សខ្វាក់ មនុស្សពិការជើង មនុស្សគថ្លង់ និងអ្នកមានជំងឺឯទៀតៗមកជាមួយ។ គេដាក់អ្នកទាំងនោះនៅទៀបព្រះបាទាព្រះអង្គ ហើយព្រះអង្គប្រោសគេឲ្យជាទាំងអស់គ្នា។ ពេលឃើញមនុស្សគនិយាយបាន មនុស្សពិការជើងជាដូចធម្មតា មនុស្សខ្វិនដើរបាន និងមនុស្សខ្វាក់មើលឃើញ មហាជននាំគ្នាកោតស្ញប់ស្ញែងក្រៃលែង ទាំងលើកតម្កើងសិរីរុងរឿងរបស់ព្រះនៃជនជាតិអ៊ីស្រាអែលផង។
ម៉ាថាយ 15:29-31 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេស៊ូវ ទ្រង់យាងចេញពីទីនោះ មកខាងសមុទ្រកាលីឡេ រួចយាងឡើងទៅលើភ្នំ គង់ចុះនៅទីនោះ នោះមានហ្វូងមនុស្សមកឯទ្រង់កកកុញ នាំទាំងមនុស្សខ្វិន ខ្វាក់ គ ពិការ នឹងមនុស្សឯទៀតជាច្រើន មកដាក់នៅទៀបព្រះបាទទ្រង់ ហើយទ្រង់ក៏ប្រោសឲ្យគេបានជា ដល់ម៉្លេះបានជាបណ្តាមនុស្សទាំងប៉ុន្មានមានសេចក្ដីអស្ចារ្យ ដោយឃើញមនុស្សគនិយាយបាន មនុស្សពិការបានមាំមួន មនុស្សខ្វិនដើររួច នឹងមនុស្សខ្វាក់មើលឃើញ ហើយគេក៏សរសើរដំកើងដល់ព្រះនៃសាសន៍អ៊ីស្រាអែលគ្រប់ៗគ្នា។