ម៉ាថាយ 15:21-28 - Compare All Versions
ម៉ាថាយ 15:21-28 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
បន្ទាប់មក ព្រះយេស៊ូវយាងចេញពីទីនោះ ទៅកាន់តំបន់ក្រុងទីរ៉ុស និងក្រុងស៊ីដូន។ ពេលនោះ មានស្ត្រីសាសន៍កាណានម្នាក់នៅតំបន់នោះ បានចេញមក ហើយស្រែកឡើងថា៖ «ព្រះអម្ចាស់ ជាព្រះរាជវង្សព្រះបាទដាវីឌអើយ សូមអាណិតមេត្តាខ្ញុំម្ចាស់ផង! កូនស្រីខ្ញុំម្ចាស់ត្រូវអារក្សចូល នាងវេទនាណាស់»។ ប៉ុន្តែ ព្រះអង្គមិនបានឆ្លើយតបនឹងនាងមួយព្រះឱស្ឋសោះ។ ពួកសិស្សព្រះអង្គចូលមកជិត ទាំងទទូចដាក់ព្រះអង្គថា៖ «សូមឲ្យនាងចេញទៅវិញទៅ ដ្បិតនាងចេះតែស្រែកពីក្រោយយើង»។ ព្រះអង្គមានព្រះបន្ទូលឆ្លើយថា៖ «ព្រះបានចាត់ឲ្យខ្ញុំមករកតែចៀម ដែលបាត់បង់របស់ពូជពង្សអ៊ីស្រាអែលប៉ុណ្ណោះ»។ ប៉ុន្តែ ស្ត្រីនោះចូលមក ក្រាបថ្វាយបង្គំព្រះអង្គទូលថា៖ «ព្រះអម្ចាស់អើយ! សូមជួយខ្ញុំម្ចាស់ផង»។ ព្រះអង្គមានព្រះបន្ទូលតបថា៖ «មិនសមនឹងយកអាហាររបស់កូន បោះឲ្យឆ្កែស៊ីឡើយ»។ ស្ត្រីនោះទូលថា៖ «មែនហើយព្រះអម្ចាស់ ប៉ុន្តែ សូម្បីតែឆ្កែក៏ស៊ីកម្ទេចដែលធ្លាក់ពីតុរបស់ម្ចាស់វាដែរ»។ ពេលនោះ ព្រះយេស៊ូវមានព្រះបន្ទូលតបទៅនាងថា៖ «នាងអើយ នាងមានជំនឿខ្លាំងមែន! ចូរឲ្យបានសម្រេចតាមចិត្តនាងប្រាថ្នាចុះ»។ រំពេចនោះ កូនស្រីរបស់នាងក៏បានជាភ្លាម។
ម៉ាថាយ 15:21-28 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
បន្ទាប់មក ព្រះយេស៊ូយាងចាកចេញពីទីនោះ ឆ្ពោះទៅកាន់តំបន់ជិតក្រុងទីរ៉ុស និងក្រុងស៊ីដូន។ មានស្ត្រីសាសន៍កាណានម្នាក់ដែលរស់នៅស្រុកនោះចូលមកគាល់ព្រះអង្គ ហើយទូលអង្វរថា៖ «ឱព្រះអម្ចាស់ជាព្រះរាជវង្សរបស់ព្រះបាទដាវីឌអើយ សូមអាណិតមេត្តាខ្ញុំម្ចាស់ផង! កូនស្រីខ្ញុំម្ចាស់ត្រូវអារក្សចូលបណ្ដាលឲ្យវេទនាខ្លាំងណាស់»។ ព្រះយេស៊ូពុំបានឆ្លើយតបនឹងនាងឡើយ។ ពួកសិស្សនាំគ្នាចូលមកជិតព្រះអង្គ ទូលថា៖ «សូមព្រះគ្រូប្រោសប្រណីដល់នាងផង ព្រោះនាងចេះតែស្រែកអង្វរពីក្រោយយើង»។ ព្រះអង្គមានព្រះបន្ទូលតបថា៖ «ព្រះជាម្ចាស់បានចាត់ឲ្យខ្ញុំមករកតែអស់អ្នកដែលវង្វេង ក្នុងចំណោមជនជាតិអ៊ីស្រាអែលប៉ុណ្ណោះ»។ ប៉ុន្តែ ស្ត្រីនោះចូលមកក្រាបទៀបព្រះបាទាព្រះអង្គ ហើយទូលថា៖ «ព្រះអម្ចាស់អើយ សូមជួយខ្ញុំម្ចាស់ផង!»។ ព្រះអង្គមានព្រះបន្ទូលតបថា៖ «មិនគួរយកអាហាររបស់កូនចៅបោះទៅឲ្យកូនឆ្កែស៊ីឡើយ»។ នាងទូលព្រះអង្គថា៖ «ពិតមែនហើយព្រះអម្ចាស់! ប៉ុន្តែ កូនឆ្កែស៊ីកម្ទេចអាហារដែលជ្រុះពីតុរបស់ម្ចាស់វា»។ ព្រះយេស៊ូក៏មានព្រះបន្ទូលទៅនាងថា៖ «នាងអើយ នាងមានជំនឿមាំមួនណាស់ ដូច្នេះ សូមឲ្យសម្រេចតាមចិត្តនាងប្រាថ្នាចុះ!»។ កូនស្រីរបស់នាងបានជាតាំងពីពេលនោះមក។
ម៉ាថាយ 15:21-28 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
ព្រះយេស៊ូវ ទ្រង់ក៏យាងចេញពីទីនោះ ទៅក្នុងកំលុងក្រុងទីរ៉ុស នឹងក្រុងស៊ីដូន នោះឃើញមានស្ត្រីសាសន៍កាណានម្នាក់នៅស្រុកនោះ គាត់ចេញមកស្រែកទូលទ្រង់ថា ឱព្រះអម្ចាស់ ជាពូជហ្លួងដាវីឌអើយ សូមមេត្តាប្រោសខ្ញុំម្ចាស់ផង ដ្បិតកូនស្រីរបស់ខ្ញុំម្ចាស់ មានអារក្សចូល ធ្វើទុក្ខជាខ្លាំងណាស់ តែទ្រង់មិនបានឆ្លើយតបទៅស្ត្រីនោះ១ព្រះឱស្ឋសោះ បានជាពួកសិស្សរបស់ទ្រង់ចូលមកទូលថា សូមឲ្យស្ត្រីនេះទៅវិញទៅ ដ្បិតគេចេះតែស្រែកតាមយើងខ្ញុំ តែទ្រង់មានបន្ទូលឆ្លើយថា ខ្ញុំបានទទួលបង្គាប់ នឹងមកឯពួកកូនចៀមដែលបាត់បង់ របស់ពូជពង្សសាសន៍អ៊ីស្រាអែលតែប៉ុណ្ណោះទេ ប៉ុន្តែ ស្ត្រីនោះមកក្រាបថ្វាយបង្គំទូលទ្រង់ថា ឱព្រះអម្ចាស់អើយ សូមជួយខ្ញុំម្ចាស់ផង ទ្រង់មានបន្ទូលថា ដែលយកនំបុ័ងរបស់កូនក្មេងបោះទៅឲ្យកូនឆ្កែ នោះមិនល្អទេ តែស្ត្រីនោះទូលថា មែនហើយព្រះអម្ចាស់ ប៉ុន្តែកូនឆ្កែវាស៊ីកំទេចដែលធ្លាក់ចុះពីតុម្ចាស់វាមកដែរ នោះព្រះយេស៊ូវទ្រង់មានបន្ទូលថា នាងស្រីអើយ នាងមានសេចក្ដីជំនឿជាខ្លាំងមែន ចូរឲ្យនាងបានដូចសេចក្ដីប្រាថ្នាចុះ ស្រាប់តែកូនស្រីរបស់នាងបានជា ចាប់តាំងពីវេលានោះឯងទៅ។