ម៉ាថាយ 15:15-20
ម៉ាថាយ 15:15-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ ពេត្រុសទូលព្រះអង្គថា៖ «សូមពន្យល់រឿងប្រៀបធៀបនេះដល់យើងខ្ញុំផង»។ ព្រះអង្គមានព្រះបន្ទូលថា៖ «តើអ្នករាល់គ្នានៅតែមិនយល់ទៀតឬ? តើអ្នករាល់គ្នាមិនយល់ទេឬថា អ្វីដែលចូលទៅក្នុងមាត់ វាចូលទៅក្នុងពោះ ហើយចេញទៅក្នុងបង្គន់? តែអ្វីដែលចេញពីមាត់ វាចេញមកពីក្នុងចិត្ត នេះហើយជាអ្វីដែលធ្វើឲ្យមនុស្សមិនបរិសុទ្ធ។ ដ្បិតបំណងអាក្រក់ ការសម្លាប់មនុស្ស អំពើផិតក្បត់ សហាយស្មន់ ការលួចប្លន់ ការធ្វើបន្ទាល់ក្លែងក្លាយ ពាក្យមួលបង្កាច់ សុទ្ធតែចេញមកពីក្នុងចិត្តទាំងអស់។ សេចក្តីទាំងនេះហើយដែលធ្វើឲ្យមនុស្សមិនបរិសុទ្ធ តែដែលបរិភោគមិនលាងដៃ មិនមែនធ្វើឲ្យមនុស្សមិនបរិសុទ្ធនោះឡើយ»។
ម៉ាថាយ 15:15-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកពេត្រុសទូលព្រះអង្គថា៖ «សូមព្រះគ្រូបកស្រាយពាក្យប្រស្នានេះឲ្យយើងខ្ញុំយល់ផង»។ ព្រះអង្គមានព្រះបន្ទូលថា៖ «អ្នករាល់គ្នានៅតែគ្មានប្រាជ្ញាដូចគេដែរឬ!។ អ្នករាល់គ្នាត្រូវយល់ថា អ្វីៗដែលចូលតាមមាត់មនុស្ស ត្រូវចូលទៅក្នុងពោះ រួចធ្លាក់ទៅទីបន្ទោបង់!។ ផ្ទុយទៅវិញ អ្វីៗដែលចេញពីមាត់មនុស្សសុទ្ធតែផុសចេញពីចិត្តមក គឺសេចក្ដីនោះឯងដែលធ្វើឲ្យមនុស្សទៅជាមិនបរិសុទ្ធ* ដ្បិតគំនិតអាក្រក់ ការកាប់សម្លាប់ អំពើផិតក្បត់ កាមគុណថោកទាប ការលួចប្លន់ ពាក្យកុហក ពាក្យត្មះតិះដៀល សុទ្ធតែចេញមកពីចិត្តមនុស្សទាំងអស់ គឺការទាំងនេះហើយដែលធ្វើឲ្យមនុស្សក្លាយទៅជាមិនបរិសុទ្ធ។ រីឯការបរិភោគដោយមិនបានធ្វើពិធីលាងដៃនោះ ឥតធ្វើឲ្យមនុស្សក្លាយទៅជាមិនបរិសុទ្ធឡើយ»។
ម៉ាថាយ 15:15-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចពេត្រុសទូលថា សូមស្រាយន័យពាក្យប្រៀបនេះ ឲ្យយើងខ្ញុំយល់ផង ទ្រង់មានបន្ទូលថា តើអ្នករាល់គ្នានៅតែមិនយល់ទៀតឬអី តើមិនទាន់ឃើញទេឬអីថា របស់អ្វីដែលចូលតាមមាត់ នោះតែងចុះទៅក្នុងពោះ រួចចេញទៅក្នុងបង្គន់ តែឯសេចក្ដីដែលចេញពីមាត់មក នោះមកអំពីចិត្តវិញ គឺសេចក្ដីទាំងនោះហើយ ដែលធ្វើឲ្យមនុស្សស្មោកគ្រោក ដ្បិតគឺពីក្នុងចិត្តនោះឯងដែលចេញអស់ទាំងគំនិតអាក្រក់ គឺការកាប់សំឡាប់គេ ផិតគ្នា សហាយស្មន់ លួចប្លន់ ធ្វើបន្ទាល់ក្លែងក្លាយ ហើយនឹងជេរប្រមាថ សេចក្ដីទាំងនេះទើបធ្វើឲ្យមនុស្សស្មោកគ្រោកមែន តែដែលបរិភោគឥតលាងដៃ នោះមិនមែនធ្វើឲ្យស្មោកគ្រោកទេ។