ម៉ាថាយ 15:11-32

ម៉ាថាយ 15:11-32 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

មិន​មែន​អ្វី​ដែល​ចូល​ទៅ​ក្នុង​មាត់ ធ្វើ​ឲ្យ​មនុស្ស​មិន​បរិសុទ្ធ​នោះ​ទេ ប៉ុន្តែ អ្វី​ដែល​ចេញ​ពី​មាត់​នោះ​វិញ ដែល​ធ្វើ​ឲ្យ​មនុស្ស​មិន​បរិសុទ្ធ»។ ពេល​នោះ ពួក​សិស្ស​ចូល​មក​ជិត ហើយ​ទូល​ព្រះ‌អង្គ​ថា៖ «តើ​លោក​គ្រូ​ជ្រាប​ថា ពួក​ផារិស៊ី​អន់​ចិត្ត​ឬ​ទេ ពេល​គេ​ឮ​សេចក្តី​នេះ?» ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «អស់​ទាំង​រុក្ខជាតិ​ណា​ដែល​ព្រះ‌វរបិតា​របស់​ខ្ញុំ​នៅ​ស្ថាន‌សួគ៌​មិន​បាន​ដាំ នឹង​ត្រូវ​ដក​ចេញ។ កុំ​អំពល់​នឹង​គេ គេ​ជា​មនុស្ស​ខ្វាក់​ដែល​នាំ​មនុស្ស​ខ្វាក់ ហើយ​បើ​មនុស្ស​ខ្វាក់​នាំ​មនុស្ស​ខ្វាក់ នោះ​ទាំង​ពីរ​នាក់​នឹង​ធ្លាក់​ក្នុង​រណ្តៅ»។ ពេល​នោះ ពេត្រុស​ទូល​ព្រះ‌អង្គ​ថា៖ «សូម​ពន្យល់​រឿង​ប្រៀប​ធៀប​នេះ​ដល់​យើង​ខ្ញុំ​ផង»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «តើ​អ្នក​រាល់​គ្នា​នៅ​តែ​មិន​យល់​ទៀត​ឬ? តើ​អ្នក​រាល់​គ្នា​មិន​យល់​ទេ​ឬ​ថា អ្វី​ដែល​ចូល​ទៅ​ក្នុង​មាត់ វា​ចូល​ទៅ​ក្នុង​ពោះ ហើយ​ចេញ​ទៅ​ក្នុង​បង្គន់? តែ​អ្វី​ដែល​ចេញ​ពី​មាត់ វា​ចេញ​មក​ពី​ក្នុង​ចិត្ត នេះ​ហើយ​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​មនុស្ស​មិន​បរិសុទ្ធ។ ដ្បិត​បំណង​អាក្រក់ ការ​សម្លាប់​មនុស្ស អំពើ​ផិត​ក្បត់ សហាយ‌ស្មន់ ការ​លួច​ប្លន់ ការ​ធ្វើ​បន្ទាល់​ក្លែង‌ក្លាយ ពាក្យ​មួល​បង្កាច់ សុទ្ធ​តែ​ចេញ​មក​ពី​ក្នុង​ចិត្ត​ទាំង​អស់។ សេចក្តី​ទាំង​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​មនុស្ស​មិន​បរិសុទ្ធ តែ​ដែល​បរិ‌ភោគ​មិន​លាង​ដៃ មិន​មែន​ធ្វើ​ឲ្យ​មនុស្ស​មិន​បរិសុទ្ធ​នោះ​ឡើយ»។ បន្ទាប់​មក ព្រះ‌យេស៊ូវ​យាង​ចេញ​ពី​ទី​នោះ ទៅ​កាន់​តំបន់​ក្រុង​ទីរ៉ុស និង​ក្រុង​ស៊ីដូន។ ពេល​នោះ មាន​ស្ត្រី​សាសន៍​កាណាន​ម្នាក់​នៅ​តំបន់​នោះ បាន​ចេញ​មក ហើយ​ស្រែក​ឡើង​ថា៖ «ព្រះ‌អម្ចាស់ ជា​ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ​អើយ សូម​អាណិត​មេត្តា​ខ្ញុំ​ម្ចាស់​ផង! កូន​ស្រី​ខ្ញុំ​ម្ចាស់​ត្រូវ​អារក្ស​ចូល នាង​វេទនា​ណាស់»។ ប៉ុន្តែ ព្រះ‌អង្គ​មិន​បាន​ឆ្លើយ​តប​នឹង​នាង​មួយ​ព្រះ‌ឱស្ឋ​សោះ។ ពួក​សិស្ស​ព្រះ‌អង្គ​ចូល​មក​ជិត ទាំង​ទទូច​ដាក់​ព្រះ‌អង្គ​ថា៖ «សូម​ឲ្យ​នាង​ចេញ​ទៅ​វិញ​ទៅ ដ្បិត​នាង​ចេះ​តែ​ស្រែក​ពី​ក្រោយ​យើង»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «ព្រះ​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​រក​តែ​ចៀម ដែល​បាត់‌បង់​របស់​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ប៉ុណ្ណោះ»។ ប៉ុន្តែ ស្ត្រី​នោះ​ចូល​មក ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អង្គ​ទូល​ថា៖ «ព្រះ‌អម្ចាស់​អើយ! សូម​ជួយ​ខ្ញុំ​ម្ចាស់​ផង»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «មិន​សម​នឹង​យក​អាហារ​របស់​កូន បោះ​ឲ្យ​ឆ្កែ​ស៊ី​ឡើយ»។ ស្ត្រី​នោះ​ទូល​ថា៖ «មែន​ហើយ​ព្រះ‌អម្ចាស់ ប៉ុន្តែ សូម្បី​តែ​ឆ្កែ​ក៏​ស៊ី​កម្ទេច​ដែល​ធ្លាក់​ពី​តុ​របស់​ម្ចាស់​វា​ដែរ»។ ពេល​នោះ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​តប​ទៅ​នាង​ថា៖ «នាង​អើយ នាង​មាន​ជំនឿ​ខ្លាំង​មែន! ចូរ​ឲ្យ​បាន​សម្រេច​តាម​ចិត្ត​នាង​ប្រាថ្នា​ចុះ»។ រំពេច​នោះ កូន​ស្រី​របស់​នាង​ក៏​បាន​ជា​ភ្លាម។ ព្រះ‌យេស៊ូវ​បាន​យាង​ចេញ​ពី​ទី​នោះ សសៀរ​តាម​មាត់​សមុទ្រ​កាលីឡេ រួច​យាង​ឡើង​ទៅ​លើ​ភ្នំ ហើយ​គង់​ចុះ​នៅ​ទី​នោះ។ មាន​មហា‌ជន​ច្រើន​កុះករ​ចូល​មក​រក​ព្រះ‌អង្គ​នាំ​ទាំង​មនុស្ស​ខ្វិន មនុស្ស​ខ្វាក់ មនុស្ស​ពិការ មនុស្ស​គ និង​អ្នក​ជំងឺ​ផ្សេង​ទៀត​ជា​ច្រើន​មក​ជា​មួយ។ គេ​ដាក់​អ្នក​ជំងឺ​ទាំង​នោះ​នៅ​ទៀប​ព្រះ‌បាទ​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ក៏​ប្រោស​គេ​ឲ្យ​បាន​ជា។ ដូច្នេះ មហា‌ជន​មាន​សេចក្តី​អស្ចារ្យ ពេល​ឃើញ​មនុស្ស​គ​និយាយ​បាន មនុស្ស​ពិការ​ជា​ដូច​ធម្មតា មនុស្ស​ខ្វិន​ដើរ​រួច មនុស្ស​ខ្វាក់​មើល​ឃើញ ហើយ​គេ​ក៏​សរសើរ​តម្កើង​ដល់​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល។ ពេល​នោះ ព្រះ‌យេស៊ូវ​ហៅ​ពួក​សិស្សរ​បស់​ព្រះ‌អង្គ​មក​ជិត ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​មាន​ចិត្ត​ក្តួល​អាណិត​ដល់​បណ្តា‌ជន​ទាំង​នេះ​ណាស់ ព្រោះ​គេ​បាន​នៅ​ជា​មួយ​ខ្ញុំ​អស់​បី​ថ្ងៃ​មក​ហើយ គេ​គ្មាន​អ្វី​បរិ‌ភោគ​សោះ ហើយ​ខ្ញុំ​មិន​ចង់​ឲ្យ​គេ​ទៅ​វិញ​ទាំង​ឃ្លាន​ទេ ក្រែង​គេ​អស់​កម្លាំង​ដួល​តាម​ផ្លូវ»។

ចែក​រំលែក
អាន ម៉ាថាយ 15

ម៉ាថាយ 15:11-32 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

អ្វីៗ​ដែល​ចូល​តាម​មាត់​មនុស្ស​ពុំ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ទៅ​ជា​មិន​បរិសុទ្ធឡើយ ផ្ទុយ​ទៅ​វិញ មាន​តែ​អ្វីៗ​ដែល​ចេញ​ពី​មាត់​មនុស្ស​ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​មនុស្ស​ត្រឡប់​ទៅ​ជា​មិន​បរិសុទ្ធ»។ ពេល​នោះ សិស្ស*​នាំ​គ្នា​ចូល​មក​ជិត​ព្រះអង្គ ហើយ​ទូល​ថា៖ «សូម​ព្រះ‌គ្រូ​ជ្រាប ពួក​ខាង​គណៈ​ផារីស៊ី*​ទាស់​ចិត្ត​ណាស់ មក​ពី​ឮ​ព្រះ‌គ្រូ​មាន​ប្រសាសន៍​ដូច្នេះ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​វិញ​ថា៖ «ព្រះ‌បិតា​របស់​ខ្ញុំ​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ*​នឹង​ដក​រុក្ខ‌ជាតិ​ទាំង‌ឡាយ​ណា ដែល​ព្រះអង្គ​មិន​បាន​ដាំ។ កុំ​អំពល់​នឹង​គេ​ធ្វើ​អ្វី អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​មនុស្ស​ខ្វាក់ ដឹក​នាំ​មនុស្ស​ខ្វាក់។ បើ​មនុស្ស​ខ្វាក់​ដឹក​ដៃ​មនុស្ស​ខ្វាក់ គេ​មុខ​ជា​ធ្លាក់​រណ្ដៅ​ទាំង​ពីរ​នាក់​មិន​ខាន»។ លោក​ពេត្រុស​ទូល​ព្រះអង្គ​ថា៖ «សូម​ព្រះ‌គ្រូ​បក​ស្រាយ​ពាក្យ​ប្រស្នា​នេះ​ឲ្យ​យើង​ខ្ញុំ​យល់​ផង»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​រាល់​គ្នា​នៅ​តែ​គ្មាន​ប្រាជ្ញា​ដូច​គេ​ដែរ​ឬ!។ អ្នក​រាល់​គ្នា​ត្រូវ​យល់​ថា អ្វីៗ​ដែល​ចូល​តាម​មាត់​មនុស្ស ត្រូវ​ចូល​ទៅ​ក្នុង​ពោះ រួច​ធ្លាក់​ទៅ​ទី​បន្ទោ​បង់!។ ផ្ទុយ​ទៅ​វិញ អ្វីៗ​ដែល​ចេញ​ពី​មាត់​មនុស្ស​សុទ្ធ​តែ​ផុស​ចេញ​ពី​ចិត្ត​មក គឺ​សេចក្ដី​នោះ​ឯង​ដែល​ធ្វើ​ឲ្យ​មនុស្ស​ទៅ​ជា​មិន​បរិសុទ្ធ* ដ្បិត​គំនិត​អាក្រក់ ការ​កាប់​សម្លាប់ អំពើ​ផិត​ក្បត់ កាម‌គុណ​ថោក​ទាប ការ​លួច​ប្លន់ ពាក្យ​កុហក ពាក្យ​ត្មះ‌តិះ‌ដៀល សុទ្ធ​តែ​ចេញ​មក​ពី​ចិត្ត​មនុស្ស​ទាំង​អស់ គឺ​ការ​ទាំង​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ក្លាយ​ទៅ​ជា​មិន​បរិសុទ្ធ។ រីឯ​ការ​បរិភោគ​ដោយ​មិន​បាន​ធ្វើ​ពិធី​លាង​ដៃ​នោះ ឥត​ធ្វើ​ឲ្យ​មនុស្ស​ក្លាយ​ទៅ​ជា​មិន​បរិសុទ្ធ​ឡើយ»។ បន្ទាប់​មក ព្រះ‌យេស៊ូ​យាង​ចាក​ចេញ​ពី​ទី​នោះ ឆ្ពោះ​ទៅ​កាន់​តំបន់​ជិត​ក្រុង​ទីរ៉ុស និង​ក្រុង​ស៊ីដូន។ មាន​ស្ត្រី​សាសន៍​កាណាន​ម្នាក់​ដែល​រស់​នៅ​ស្រុក​នោះ​ចូល​មក​គាល់​ព្រះអង្គ ហើយ​ទូល‌អង្វរ​ថា៖ «ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ​អើយ សូម​អាណិត​មេត្តា​ខ្ញុំ​ម្ចាស់​ផង! កូន​ស្រី​ខ្ញុំ​ម្ចាស់​ត្រូវ​អារក្ស​ចូល​បណ្ដាល​ឲ្យ​វេទនា​ខ្លាំង​ណាស់»។ ព្រះ‌យេស៊ូ​ពុំ​បាន​ឆ្លើយ​តប​នឹង​នាង​ឡើយ។ ពួក​សិស្ស​នាំ​គ្នា​ចូល​មក​ជិត​ព្រះអង្គ ទូល​ថា៖ «សូម​ព្រះ‌គ្រូ​ប្រោស‌ប្រណី​ដល់​នាង​ផង ព្រោះ​នាង​ចេះ​តែ​ស្រែក​អង្វរ​ពី​ក្រោយ​យើង»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ព្រះ‌ជាម្ចាស់​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​រក​តែ​អស់​អ្នក​ដែល​វង្វេង ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែលប៉ុណ្ណោះ»។ ប៉ុន្តែ ស្ត្រី​នោះ​ចូល​មក​ក្រាប​ទៀប​ព្រះ‌បាទា​ព្រះអង្គ ហើយ​ទូល​ថា៖ «ព្រះ‌អម្ចាស់​អើយ សូម​ជួយ​ខ្ញុំ​ម្ចាស់​ផង!»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «មិន​គួរ​យក​អាហារ​របស់​កូន​ចៅ​បោះ​ទៅ​ឲ្យ​កូន​ឆ្កែ​ស៊ី​ឡើយ»។ នាង​ទូល​ព្រះអង្គ​ថា៖ «ពិត​មែន​ហើយ​ព្រះ‌អម្ចាស់! ប៉ុន្តែ កូន​ឆ្កែ​ស៊ី​កម្ទេច​អាហារ​ដែល​ជ្រុះ​ពី​តុ​របស់​ម្ចាស់​វា»។ ព្រះ‌យេស៊ូ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «នាង​អើយ នាង​មាន​ជំនឿ​មាំ‌មួន​ណាស់ ដូច្នេះ សូម​ឲ្យ​សម្រេច​តាម​ចិត្ត​នាង​ប្រាថ្នា​ចុះ!»។ កូន​ស្រី​របស់​នាង​បាន​ជា​តាំង​ពី​ពេល​នោះ​មក។ ព្រះ‌យេស៊ូ​ចាក​ចេញ​ពី​ទី​នោះ ឆ្ពោះ​ទៅ​កាន់​ឆ្នេរ​សមុទ្រ​កាលី‌ឡេ។ បន្ទាប់​មក ព្រះអង្គ​យាង​ឡើង​ទៅ​លើ​ភ្នំ លុះ​យាង​ដល់​ហើយ ព្រះអង្គ​គង់​ចុះ មាន​មហា‌ជន​ច្រើន​កុះ‌ករ​នាំ​គ្នា​ចូល​មក​រក​ព្រះអង្គ ទាំង​នាំ​មនុស្ស​ខ្វិន មនុស្ស​ខ្វាក់ មនុស្ស​ពិការ​ជើង មនុស្ស​គ​ថ្លង់ និង​អ្នក​មាន​ជំងឺ​ឯ​ទៀតៗ​មក​ជា​មួយ។ គេ​ដាក់​អ្នក​ទាំង​នោះ​នៅ​ទៀប​ព្រះ‌បាទា​ព្រះអង្គ ហើយ​ព្រះអង្គ​ប្រោស​គេ​ឲ្យ​ជា​ទាំង​អស់​គ្នា។ ពេល​ឃើញ​មនុស្ស​គ​និយាយ​បាន មនុស្ស​ពិការ​ជើង​ជា​ដូច​ធម្មតា មនុស្ស​ខ្វិន​ដើរ​បាន និង​មនុស្ស​ខ្វាក់​មើល​ឃើញ មហា‌ជន​នាំ​គ្នា​កោត​ស្ញប់‌ស្ញែង​ក្រៃ‌លែង ទាំង​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​ផង។ ព្រះ‌យេស៊ូ​ត្រាស់​ហៅ​ពួក​សិស្ស*​មក ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​អាណិត​អាសូរ​បណ្ដា‌ជន​នេះ​ពន់​ពេក​ណាស់ ដ្បិត​គេ​នៅ​ជា​មួយ​ខ្ញុំ​អស់​រយៈ​ពេល​បី​ថ្ងៃ​មក​ហើយ ដោយ​គ្មាន​អ្វី​បរិភោគ​សោះ។ ខ្ញុំ​មិន​ចង់​ឲ្យ​គេ​ត្រឡប់​ទៅ​វិញ ទាំង​ពោះ​ទទេ​ឡើយ ក្រែង​គេ​អស់​កម្លាំង​ដួល​តាម​ផ្លូវ»។

ចែក​រំលែក
អាន ម៉ាថាយ 15

ម៉ាថាយ 15:11-32 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

មិន​មែន​ជា​របស់​ចូល​តាម​មាត់ ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្មោក‌គ្រោក​នោះ​ទេ ឯ​របស់​ដែល​ធ្វើ​ឲ្យ​គេ​ស្មោក‌គ្រោក នោះ​គឺ​ជា​សេចក្ដី​ដែល​ចេញ​ពី​មាត់​វិញ​ទេ​តើ។ នោះ​ពួក​សិស្ស​ក៏​មក​ទូល​ថា តើ​ទ្រង់​ជ្រាប​ថា ពួក​ផារិស៊ី គេ​អន់​ចិត្ត ដោយ​ឮ​សេចក្ដី​នោះ​ឬ​ទេ តែ​ទ្រង់​មាន​បន្ទូល​តប​ថា អស់​ទាំង​ដើម​ណា​ដែល​ព្រះវរ‌បិតា​ខ្ញុំ​នៅ​ស្ថាន‌សួគ៌​មិន​បាន​ដាំ នោះ​នឹង​ត្រូវ​រំលើង​ចោល តាម​តែ​គេ​ចុះ គេ​ជា​មនុស្ស​ខ្វាក់​ដែល​នាំ​មនុស្ស​ខ្វាក់ បើ​មនុស្ស​ខ្វាក់​នាំ​មនុស្ស​ខ្វាក់​ដូច្នេះ នោះ​ទាំង​២​នាក់​នឹង​ធ្លាក់​ទៅ​ក្នុង​រណ្តៅ​ហើយ រួច​ពេត្រុស​ទូល​ថា សូម​ស្រាយ​ន័យ​ពាក្យ​ប្រៀប​នេះ ឲ្យ​យើង​ខ្ញុំ​យល់​ផង ទ្រង់​មាន​បន្ទូល​ថា តើ​អ្នក​រាល់​គ្នា​នៅ​តែ​មិន​យល់​ទៀត​ឬ​អី តើ​មិន​ទាន់​ឃើញ​ទេ​ឬ​អី​ថា របស់​អ្វី​ដែល​ចូល​តាម​មាត់ នោះ​តែង​ចុះ​ទៅ​ក្នុង​ពោះ រួច​ចេញ​ទៅ​ក្នុង​បង្គន់ តែ​ឯ​សេចក្ដី​ដែល​ចេញ​ពី​មាត់​មក នោះ​មក​អំពី​ចិត្ត​វិញ គឺ​សេចក្ដី​ទាំង​នោះ​ហើយ ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្មោក‌គ្រោក ដ្បិត​គឺ​ពី​ក្នុង​ចិត្ត​នោះ​ឯង​ដែល​ចេញ​អស់​ទាំង​គំនិត​អាក្រក់ គឺ​ការ​កាប់​សំឡាប់​គេ ផិត​គ្នា សហាយ‌ស្មន់ លួច​ប្លន់ ធ្វើ​បន្ទាល់​ក្លែង‌ក្លាយ ហើយ​នឹង​ជេរ​ប្រមាថ សេចក្ដី​ទាំង​នេះ​ទើប​ធ្វើ​ឲ្យ​មនុស្ស​ស្មោក‌គ្រោក​មែន តែ​ដែល​បរិភោគ​ឥត​លាង​ដៃ នោះ​មិន​មែន​ធ្វើ​ឲ្យ​ស្មោក‌គ្រោក​ទេ។ ព្រះ‌យេស៊ូវ ទ្រង់​ក៏​យាង​ចេញ​ពី​ទី​នោះ ទៅ​ក្នុង​កំលុង​ក្រុង​ទីរ៉ុស នឹង​ក្រុង​ស៊ីដូន នោះ​ឃើញ​មាន​ស្ត្រី​សាសន៍​កាណាន​ម្នាក់​នៅ​ស្រុក​នោះ គាត់​ចេញ​មក​ស្រែក​ទូល​ទ្រង់​ថា ឱ​ព្រះ‌អម្ចាស់ ជា​ពូជ​ហ្លួង​ដាវីឌ​អើយ សូម​មេត្តា​ប្រោស​ខ្ញុំ​ម្ចាស់​ផង ដ្បិត​កូន​ស្រី​របស់​ខ្ញុំ​ម្ចាស់ មាន​អារក្ស​ចូល ធ្វើ​ទុក្ខ​ជា​ខ្លាំង​ណាស់ តែ​ទ្រង់​មិន​បាន​ឆ្លើយ​តប​ទៅ​ស្ត្រី​នោះ​១​ព្រះ‌ឱស្ឋ​សោះ បាន​ជា​ពួក​សិស្ស​របស់​ទ្រង់​ចូល​មក​ទូល​ថា សូម​ឲ្យ​ស្ត្រី​នេះ​ទៅ​វិញ​ទៅ ដ្បិត​គេ​ចេះ​តែ​ស្រែក​តាម​យើង​ខ្ញុំ តែ​ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា ខ្ញុំ​បាន​ទទួល​បង្គាប់ នឹង​មក​ឯ​ពួក​កូន​ចៀម​ដែល​បាត់‌បង់ របស់​ពូជ‌ពង្ស​សាសន៍​អ៊ីស្រាអែល​តែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ស្ត្រី​នោះ​មក​ក្រាប​ថ្វាយ‌បង្គំ​ទូល​ទ្រង់​ថា ឱ​ព្រះ‌អម្ចាស់​អើយ សូម​ជួយ​ខ្ញុំ​ម្ចាស់​ផង ទ្រង់​មាន​បន្ទូល​ថា ដែល​យក​នំបុ័ង​របស់​កូន​ក្មេង​បោះ​ទៅ​ឲ្យ​កូន​ឆ្កែ នោះ​មិន​ល្អ​ទេ តែ​ស្ត្រី​នោះ​ទូល​ថា មែន​ហើយ​ព្រះ‌អម្ចាស់ ប៉ុន្តែ​កូន​ឆ្កែ​វា​ស៊ី​កំទេច​ដែល​ធ្លាក់​ចុះ​ពី​តុ​ម្ចាស់​វា​មក​ដែរ នោះ​ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​ថា នាង​ស្រី​អើយ នាង​មាន​សេចក្ដី​ជំនឿ​ជា​ខ្លាំង​មែន ចូរ​ឲ្យ​នាង​បាន​ដូច​សេចក្ដី​ប្រាថ្នា​ចុះ ស្រាប់​តែ​កូន​ស្រី​របស់​នាង​បាន​ជា ចាប់​តាំង​ពី​វេលា​នោះ​ឯង​ទៅ។ ព្រះ‌យេស៊ូវ ទ្រង់​យាង​ចេញ​ពី​ទី​នោះ មក​ខាង​សមុទ្រ​កាលី‌ឡេ រួច​យាង​ឡើង​ទៅ​លើ​ភ្នំ គង់​ចុះ​នៅ​ទី​នោះ នោះ​មាន​ហ្វូង​មនុស្ស​មក​ឯ​ទ្រង់​កក‌កុញ នាំ​ទាំង​មនុស្ស​ខ្វិន ខ្វាក់ គ ពិការ នឹង​មនុស្ស​ឯ​ទៀត​ជា​ច្រើន មក​ដាក់​នៅ​ទៀប​ព្រះ‌បាទ​ទ្រង់ ហើយ​ទ្រង់​ក៏​ប្រោស​ឲ្យ​គេ​បាន​ជា ដល់‌ម៉្លេះ​បាន​ជា​បណ្តា​មនុស្ស​ទាំង​ប៉ុន្មាន​មាន​សេចក្ដី​អស្ចារ្យ ដោយ​ឃើញ​មនុស្ស​គ​និយាយ​បាន មនុស្ស​ពិការ​បាន​មាំ‌មួន មនុស្ស​ខ្វិន​ដើរ​រួច នឹង​មនុស្ស​ខ្វាក់​មើល​ឃើញ ហើយ​គេ​ក៏​សរសើរ​ដំកើង​ដល់​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​គ្រប់ៗ​គ្នា។ ព្រះ‌យេស៊ូវ ទ្រង់​ហៅ​ពួក​សិស្ស​មក មាន​បន្ទូល​ថា ខ្ញុំ​មាន​ចិត្ត​ក្តួល​អាណិត ដល់​ហ្វូង​មនុស្ស​នេះ​ណាស់ ដ្បិត​គេ​បាន​នៅ​ជា​មួយ​នឹង​ខ្ញុំ​អស់​៣​ថ្ងៃ​មក​ហើយ គេ​គ្មាន​អ្វី​នឹង​បរិភោគ​សោះ ហើយ​ខ្ញុំ​មិន​ចង់​ឲ្យ​គេ​ទៅ​វិញ​ទាំង​អត់‌ឃ្លាន​ទេ ក្រែង​ហេវ​តាម​ផ្លូវ

ចែក​រំលែក
អាន ម៉ាថាយ 15