ម៉ាថាយ 15:1-9
ម៉ាថាយ 15:1-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បន្ទាប់មក ពួកផារិស៊ី និងពួកអាចារ្យមកពីក្រុងយេរូសាឡិមបានចូលមកជិតព្រះយេស៊ូវទូលថា៖ «ហេតុអ្វីបានជាពួកសិស្សរបស់លោកប្រព្រឹត្តល្មើសនឹងទំនៀមទម្លាប់របស់ចាស់បុរាណដូច្នេះ? ដ្បិតពេលគេបរិភោគ គេមិនលាងដៃទេ»។ ព្រះអង្គមានព្រះបន្ទូលតបទៅគេថា៖ «ចុះអ្នករាល់គ្នា ហេតុអ្វីបានជាប្រព្រឹត្តល្មើសនឹងបទបញ្ជារបស់ព្រះ ដោយសារតែទំនៀមទម្លាប់របស់អ្នករាល់គ្នាទៅវិញ? ដ្បិតព្រះបានបង្គាប់ថា៖ "ចូរគោរពឪពុកម្តាយរបស់អ្នក" ហើយថា "អ្នកណានិយាយអាក្រក់ពីឪពុកម្តាយ នឹងត្រូវស្លាប់ជាមិនខាន" ។ តែអ្នករាល់គ្នាបែរជានិយាយថា "បើអ្នកណាប្រាប់ឪពុកម្តាយរបស់ខ្លួនថា អ្វីៗដែលខ្ញុំត្រូវជូនលោកឪពុកអ្នកម្តាយ នោះបានថ្វាយដល់ព្រះហើយ អ្នកនោះមិនបាច់គោរពឪពុកម្តាយទេ"។ ដូច្នេះ ដោយសារតែទំនៀមទម្លាប់របស់អ្នករាល់គ្នា អ្នករាល់គ្នាបំបាត់តម្លៃព្រះបន្ទូលរបស់ព្រះ។ មនុស្សមានពុតអើយ! ហោរាអេសាយបានទាយពីអ្នករាល់គ្នាត្រូវណាស់ថា "ប្រជាជននេះគោរពយើងតែបបូរមាត់ ប៉ុន្តែ ចិត្តរបស់គេនៅឆ្ងាយពីយើង គេថ្វាយបង្គំយើងជាឥតប្រយោជន៍ ដោយបង្រៀនសេចក្តីដែលជាគំនិត របស់មនុស្ស" »។
ម៉ាថាយ 15:1-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មានពួកខាងគណៈផារីស៊ី និងពួកអាចារ្យពីក្រុងយេរូសាឡឹម ចូលមកគាល់ព្រះយេស៊ូ ហើយទូលថា៖ «ហេតុអ្វីបានជាសិស្សរបស់លោក មិនគោរពតាមទំនៀមទម្លាប់របស់ចាស់បុរាណ គឺមិនធ្វើពិធីលាងដៃមុនពេលបរិភោគដូច្នេះ?»។ ព្រះអង្គមានព្រះបន្ទូលតបទៅគេវិញថា៖ «ចុះអ្នករាល់គ្នា ហេតុដូចម្ដេចបានជាអ្នករាល់គ្នាប្រព្រឹត្តល្មើសនឹងបទបញ្ជារបស់ព្រះជាម្ចាស់ ទៅកាន់តាមទំនៀមទម្លាប់របស់អ្នករាល់គ្នាវិញដូច្នេះ? ព្រះជាម្ចាស់មានព្រះបន្ទូលថា: “ចូរគោរពមាតាបិតារបស់អ្នក អ្នកណាជេរប្រទេចផ្ដាសាមាតាបិតារបស់ខ្លួន នឹងត្រូវមានទោសដល់ជីវិត” ។ រីឯអ្នករាល់គ្នាវិញបែរជាពោលថា: បើអ្នកណានិយាយទៅឪពុកម្ដាយថា “អ្វីៗដែលខ្ញុំត្រូវជូនលោកឪពុកអ្នកម្ដាយនោះ ខ្ញុំបានទុកថ្វាយព្រះជាម្ចាស់រួចទៅហើយ” អ្នកនោះមិនបាច់គោរពឪពុកម្ដាយទេ។ ត្រង់ហ្នឹងហើយ ដែលអ្នករាល់គ្នាបំបាត់តម្លៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទៅប្រព្រឹត្តតាមទំនៀមទម្លាប់របស់អ្នករាល់គ្នាវិញ!។ មនុស្សមានពុតអើយ ពាក្យដែលព្យាការី*អេសាយថ្លែងទុកអំពីអ្នករាល់គ្នាត្រូវណាស់គឺ: “ប្រជារាស្ត្រនេះគោរពយើងតែបបូរមាត់ រីឯចិត្តគេនៅឆ្ងាយពីយើង។ គេថ្វាយបង្គំយើងឥតបានការអ្វីសោះ ព្រោះគេបង្រៀនតែក្បួនច្បាប់របស់មនុស្ស ប៉ុណ្ណោះ” »។
ម៉ាថាយ 15:1-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គ្រានោះ ពួកអាចារ្យ នឹងពួកផារិស៊ី ដែលនៅក្រុងយេរូសាឡិម គេក៏មកឯព្រះយេស៊ូវទូលថា ហេតុអ្វីបានជាពួកសិស្សលោកធ្វើខុសនឹងទំនៀមទំលាប់ ដែលពួកចាស់ទុំបានតាំងទុកពីបុរាណមកដូច្នេះ ដ្បិតកាលណាបរិភោគ នោះគេមិនលាងដៃសោះ តែទ្រង់មានបន្ទូលតបថា ឯអ្នករាល់គ្នាវិញ តើហេតុអ្វីបានជាធ្វើខុសនឹងបញ្ញត្តព្រះ ដោយកាន់តាមទំនៀមទំលាប់បុរាណរបស់អ្នករាល់គ្នាដូច្នេះដែរ ដ្បិតព្រះទ្រង់បានបង្គាប់ថា «ចូរគោរពប្រតិបត្តិដល់ឪពុកម្តាយឯង» ហើយថា «អ្នកណាដែលនិយាយអាក្រក់ពីឪពុកម្តាយ នោះនឹងត្រូវស្លាប់ជាមិនខាន» តែអ្នករាល់គ្នានិយាយដូច្នេះវិញ បើអ្នកណានឹងនិយាយទៅឪពុកម្តាយថា របស់អ្វីដែលខ្ញុំអាចនឹងជួយម៉ែឪបាន នោះបានថ្វាយជាដង្វាយហើយ យ៉ាងនោះមិនចាំបាច់ឲ្យអ្នកនោះគោរពប្រតិបត្តិ ដល់ឪពុកម្តាយទៀតទេ ដូច្នេះឈ្មោះថាអ្នករាល់គ្នាលើកបញ្ញត្តនៃព្រះចោលហើយ ដោយសារទំនៀមទំលាប់ពីបុរាណរបស់អ្នករាល់គ្នា ឱពួកមនុស្សកំពុតអើយ ហោរាអេសាយបានទាយពីអ្នករាល់គ្នាត្រូវណាស់ ថា «បណ្តាជននេះ គេគោរពប្រតិបត្តិដល់អញតែបបូរមាត់ទេ ឯចិត្តគេ នោះនៅឆ្ងាយពីអញណាស់ គេថ្វាយបង្គំអញជាឥតប្រយោជន៍ទេ ព្រោះគេបង្រៀនសេចក្ដីដែលជាបញ្ញត្តរបស់មនុស្សវិញ»។