ម៉ាថាយ 14:26-31
ម៉ាថាយ 14:26-31 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលពួកសិស្សឃើញព្រះអង្គយាងលើទឹកដូច្នោះ ពួកគេមានការភ័យរន្ធត់ ហើយពោលថា៖ «ខ្មោចលង!» រួចគេស្រែកឡើងទាំងភ័យខ្លាច។ តែព្រះយេស៊ូវមានព្រះបន្ទូលទៅគេភ្លាមថា៖ «ចូរសង្ឃឹមឡើង គឺខ្ញុំទេតើ កុំខ្លាចអី!» ពេត្រុសទូលតបទៅព្រះអង្គថា៖ «ព្រះអម្ចាស់ បើពិតជាព្រះអង្គមែន សូមបញ្ជាឲ្យទូលបង្គំដើរលើទឹកទៅរកព្រះអង្គផង»។ ទ្រង់មានព្រះបន្ទូលថា៖ «មកចុះ!» ដូច្នេះ ពេត្រុសក៏ចេញពីទូក ហើយចាប់ផ្ដើមដើរលើទឹក សំដៅទៅរកព្រះយេស៊ូវ។ ប៉ុន្តែ កាលលោកឃើញខ្យល់បក់ខ្លាំង លោកភ័យណាស់ ហើយដោយព្រោះចាប់ផ្ដើមលិច លោកក៏ស្រែកឡើងថា៖ «ព្រះអម្ចាស់ ជួយទូលបង្គំផង!»។ រំពេចនោះ ព្រះយេស៊ូវលូកព្រះហស្តទៅចាប់គាត់ភ្លាម ទាំងមានព្រះបន្ទូលទៅគាត់ថា៖ «មនុស្សមានជំនឿតិចអើយ ហេតុអ្វីបានជាអ្នកសង្ស័យដូច្នេះ?»
ម៉ាថាយ 14:26-31 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កាលពួកគេឃើញព្រះអង្គយាងលើទឹកសមុទ្រដូច្នេះ គេភ័យរន្ធត់ ហើយស្រែកឡើងថា «ខ្មោចលង!» ព្រោះគេភ័យពេក។ រំពេចនោះ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ចូរតាំងចិត្តក្លាហានឡើង ខ្ញុំទេតើ កុំខ្លាចអី!»។ លោកពេត្រុសទូលព្រះអង្គថា៖ «លោកម្ចាស់ ប្រសិនបើពិតជាលោកមែន សូមបញ្ជាឲ្យខ្ញុំអាចដើរលើទឹកទៅរកលោកផង»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «អញ្ជើញមក!» លោកពេត្រុសក៏ចុះពីទូក ដើរលើទឹកឆ្ពោះទៅរកព្រះយេស៊ូ។ ប៉ុន្តែ កាលលោកឃើញខ្យល់បក់ខ្លាំង លោកភ័យណាស់ ហើយចាប់ផ្ដើមលិចទៅក្នុងទឹក។ លោកស្រែកឡើងថា៖ «លោកម្ចាស់អើយ សូមជួយខ្ញុំផង!»។ ព្រះយេស៊ូក៏លូកព្រះហស្ដទាញគាត់ឡើងភ្លាម ទាំងមានព្រះបន្ទូលថា៖ «មនុស្សមានជំនឿតិចអើយ ហេតុដូចម្ដេចបានជាអ្នកមិនទុកចិត្តដូច្នេះ?»។
ម៉ាថាយ 14:26-31 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលគេឃើញទ្រង់យាងលើទឹកដូច្នោះ នោះក៏ភ័យវល់ ហើយនិយាយថា ខ្មោចលងហើយ រួចគេស្រែកឡើង ដោយសេចក្ដីតក់ស្លុត តែព្រះយេស៊ូវទ្រង់មានបន្ទូលដល់គេភ្លាមថា ចូរសង្ឃឹមឡើង គឺខ្ញុំទេតើ កុំឲ្យភ័យឡើយ ពេត្រុសទូលតបថា ព្រះអម្ចាស់អើយ បើជាទ្រង់មែន នោះសូមឲ្យទូលបង្គំដើរលើទឹកទៅឯទ្រង់ផង ទ្រង់មានបន្ទូលថា ចូរមកចុះ ពេត្រុសក៏ចុះចេញពីទូកដើរលើទឹក ដើម្បីទៅឯព្រះយេស៊ូវ តែកាលគាត់ឃើញខ្យល់បក់ជាខ្លាំង នោះគាត់មានចិត្តភ័យ ហើយដោយព្រោះចាប់តាំងលិចទៅ បានជាគាត់ស្រែកឡើងថា ព្រះអម្ចាស់អើយ សូមជួយសង្គ្រោះទូលបង្គំផង ស្រាប់តែព្រះយេស៊ូវទ្រង់លូកព្រះហស្តទៅចាប់គាត់ភ្លាម ដោយបន្ទូលថា ឱមនុស្សមានជំនឿតិចអើយ ហេតុអ្វីបានជាអ្នកសង្ស័យ