ម៉ាថាយ 14:24-30
ម៉ាថាយ 14:24-30 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ហើយនៅវេលានោះ ទូកដែលបានចេញឆ្ងាយពីច្រាំង ត្រូវរលកបោកជាខ្លាំង ព្រោះបញ្រ្ចាសខ្យល់។ នៅយាមទីបួន យប់នោះ ព្រះអង្គបានយាងលើទឹកសមុទ្រ សំដៅទៅរកពួកសិស្ស។ កាលពួកសិស្សឃើញព្រះអង្គយាងលើទឹកដូច្នោះ ពួកគេមានការភ័យរន្ធត់ ហើយពោលថា៖ «ខ្មោចលង!» រួចគេស្រែកឡើងទាំងភ័យខ្លាច។ តែព្រះយេស៊ូវមានព្រះបន្ទូលទៅគេភ្លាមថា៖ «ចូរសង្ឃឹមឡើង គឺខ្ញុំទេតើ កុំខ្លាចអី!» ពេត្រុសទូលតបទៅព្រះអង្គថា៖ «ព្រះអម្ចាស់ បើពិតជាព្រះអង្គមែន សូមបញ្ជាឲ្យទូលបង្គំដើរលើទឹកទៅរកព្រះអង្គផង»។ ទ្រង់មានព្រះបន្ទូលថា៖ «មកចុះ!» ដូច្នេះ ពេត្រុសក៏ចេញពីទូក ហើយចាប់ផ្ដើមដើរលើទឹក សំដៅទៅរកព្រះយេស៊ូវ។ ប៉ុន្តែ កាលលោកឃើញខ្យល់បក់ខ្លាំង លោកភ័យណាស់ ហើយដោយព្រោះចាប់ផ្ដើមលិច លោកក៏ស្រែកឡើងថា៖ «ព្រះអម្ចាស់ ជួយទូលបង្គំផង!»។
ម៉ាថាយ 14:24-30 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ ទូកចេញឆ្ងាយពីច្រាំងហើយ ក៏ត្រូវរលកបក់បោក ព្រោះបញ្ច្រាសខ្យល់។ ដល់ពេលជិតភ្លឺ ព្រះអង្គយាងលើទឹកឆ្ពោះទៅរកពួកសិស្ស។ កាលពួកគេឃើញព្រះអង្គយាងលើទឹកសមុទ្រដូច្នេះ គេភ័យរន្ធត់ ហើយស្រែកឡើងថា «ខ្មោចលង!» ព្រោះគេភ័យពេក។ រំពេចនោះ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ចូរតាំងចិត្តក្លាហានឡើង ខ្ញុំទេតើ កុំខ្លាចអី!»។ លោកពេត្រុសទូលព្រះអង្គថា៖ «លោកម្ចាស់ ប្រសិនបើពិតជាលោកមែន សូមបញ្ជាឲ្យខ្ញុំអាចដើរលើទឹកទៅរកលោកផង»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «អញ្ជើញមក!» លោកពេត្រុសក៏ចុះពីទូក ដើរលើទឹកឆ្ពោះទៅរកព្រះយេស៊ូ។ ប៉ុន្តែ កាលលោកឃើញខ្យល់បក់ខ្លាំង លោកភ័យណាស់ ហើយចាប់ផ្ដើមលិចទៅក្នុងទឹក។ លោកស្រែកឡើងថា៖ «លោកម្ចាស់អើយ សូមជួយខ្ញុំផង!»។
ម៉ាថាយ 14:24-30 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯទូកនៅកណ្តាលសមុទ្រ ត្រូវរលកបោកជាខ្លាំង ដោយព្រោះច្រាសខ្យល់ ដល់យាម៤យប់ នោះទ្រង់យាងកាត់លើទឹកសមុទ្រទៅឯពួកសិស្ស កាលគេឃើញទ្រង់យាងលើទឹកដូច្នោះ នោះក៏ភ័យវល់ ហើយនិយាយថា ខ្មោចលងហើយ រួចគេស្រែកឡើង ដោយសេចក្ដីតក់ស្លុត តែព្រះយេស៊ូវទ្រង់មានបន្ទូលដល់គេភ្លាមថា ចូរសង្ឃឹមឡើង គឺខ្ញុំទេតើ កុំឲ្យភ័យឡើយ ពេត្រុសទូលតបថា ព្រះអម្ចាស់អើយ បើជាទ្រង់មែន នោះសូមឲ្យទូលបង្គំដើរលើទឹកទៅឯទ្រង់ផង ទ្រង់មានបន្ទូលថា ចូរមកចុះ ពេត្រុសក៏ចុះចេញពីទូកដើរលើទឹក ដើម្បីទៅឯព្រះយេស៊ូវ តែកាលគាត់ឃើញខ្យល់បក់ជាខ្លាំង នោះគាត់មានចិត្តភ័យ ហើយដោយព្រោះចាប់តាំងលិចទៅ បានជាគាត់ស្រែកឡើងថា ព្រះអម្ចាស់អើយ សូមជួយសង្គ្រោះទូលបង្គំផង