ម៉ាថាយ 14:23-36
ម៉ាថាយ 14:23-36 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលព្រះអង្គប្រាប់ឲ្យបណ្តាជនចេញផុតអស់ហើយ ទ្រង់ក៏យាងឡើងលើភ្នំតែមួយអង្គឯង ដើម្បីអធិស្ឋាន។ លុះដល់ពេលព្រលប់ ព្រះអង្គគង់នៅទីនោះតែមួយព្រះអង្គឯង ហើយនៅវេលានោះ ទូកដែលបានចេញឆ្ងាយពីច្រាំង ត្រូវរលកបោកជាខ្លាំង ព្រោះបញ្រ្ចាសខ្យល់។ នៅយាមទីបួន យប់នោះ ព្រះអង្គបានយាងលើទឹកសមុទ្រ សំដៅទៅរកពួកសិស្ស។ កាលពួកសិស្សឃើញព្រះអង្គយាងលើទឹកដូច្នោះ ពួកគេមានការភ័យរន្ធត់ ហើយពោលថា៖ «ខ្មោចលង!» រួចគេស្រែកឡើងទាំងភ័យខ្លាច។ តែព្រះយេស៊ូវមានព្រះបន្ទូលទៅគេភ្លាមថា៖ «ចូរសង្ឃឹមឡើង គឺខ្ញុំទេតើ កុំខ្លាចអី!» ពេត្រុសទូលតបទៅព្រះអង្គថា៖ «ព្រះអម្ចាស់ បើពិតជាព្រះអង្គមែន សូមបញ្ជាឲ្យទូលបង្គំដើរលើទឹកទៅរកព្រះអង្គផង»។ ទ្រង់មានព្រះបន្ទូលថា៖ «មកចុះ!» ដូច្នេះ ពេត្រុសក៏ចេញពីទូក ហើយចាប់ផ្ដើមដើរលើទឹក សំដៅទៅរកព្រះយេស៊ូវ។ ប៉ុន្តែ កាលលោកឃើញខ្យល់បក់ខ្លាំង លោកភ័យណាស់ ហើយដោយព្រោះចាប់ផ្ដើមលិច លោកក៏ស្រែកឡើងថា៖ «ព្រះអម្ចាស់ ជួយទូលបង្គំផង!»។ រំពេចនោះ ព្រះយេស៊ូវលូកព្រះហស្តទៅចាប់គាត់ភ្លាម ទាំងមានព្រះបន្ទូលទៅគាត់ថា៖ «មនុស្សមានជំនឿតិចអើយ ហេតុអ្វីបានជាអ្នកសង្ស័យដូច្នេះ?» ពេលព្រះអង្គ និងពេត្រុសចូលដល់ក្នុងទូក ខ្យល់ក៏ស្ងប់ឈឹង ហើយអស់អ្នកដែលនៅក្នុងទូក ក៏ថ្វាយបង្គំព្រះអង្គទាំងពោលថា៖ «ព្រះអង្គពិតជាព្រះរាជបុត្រារបស់ព្រះមែន!»។ ពេលឆ្លងដល់ត្រើយម្ខាងហើយ គេក៏ចូលទៅស្រុកគេនេសារ៉ែត។ ក្រោយពីប្រជាជននៅទីនោះបានស្គាល់ព្រះអង្គ គេក៏យកដំណឹងទៅផ្សព្វផ្សាយពាសពេញតំបន់នោះទាំងមូល ហើយនាំយកអស់អ្នកដែលមានជំងឺមករកព្រះអង្គ រួចអង្វរព្រះអង្គ សូមឲ្យគ្រាន់តែអ្នកទាំងនោះបានពាល់ជាយព្រះពស្ត្រព្រះអង្គប៉ុណ្ណោះ។ អស់អ្នកដែលបានពាល់ទាំងប៉ុន្មាន បានជាសះស្បើយ គ្រប់គ្នា។
ម៉ាថាយ 14:23-36 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កាលព្រះអង្គឲ្យមហាជនចេញផុតអស់ហើយ ព្រះយេស៊ូយាងឡើងទៅលើភ្នំ ដាច់ឡែកពីគេ ដើម្បីអធិស្ឋាន*។ លុះដល់យប់ ព្រះអង្គគង់នៅទីនោះតែមួយអង្គឯង។ ពេលនោះ ទូកចេញឆ្ងាយពីច្រាំងហើយ ក៏ត្រូវរលកបក់បោក ព្រោះបញ្ច្រាសខ្យល់។ ដល់ពេលជិតភ្លឺ ព្រះអង្គយាងលើទឹកឆ្ពោះទៅរកពួកសិស្ស។ កាលពួកគេឃើញព្រះអង្គយាងលើទឹកសមុទ្រដូច្នេះ គេភ័យរន្ធត់ ហើយស្រែកឡើងថា «ខ្មោចលង!» ព្រោះគេភ័យពេក។ រំពេចនោះ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ចូរតាំងចិត្តក្លាហានឡើង ខ្ញុំទេតើ កុំខ្លាចអី!»។ លោកពេត្រុសទូលព្រះអង្គថា៖ «លោកម្ចាស់ ប្រសិនបើពិតជាលោកមែន សូមបញ្ជាឲ្យខ្ញុំអាចដើរលើទឹកទៅរកលោកផង»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «អញ្ជើញមក!» លោកពេត្រុសក៏ចុះពីទូក ដើរលើទឹកឆ្ពោះទៅរកព្រះយេស៊ូ។ ប៉ុន្តែ កាលលោកឃើញខ្យល់បក់ខ្លាំង លោកភ័យណាស់ ហើយចាប់ផ្ដើមលិចទៅក្នុងទឹក។ លោកស្រែកឡើងថា៖ «លោកម្ចាស់អើយ សូមជួយខ្ញុំផង!»។ ព្រះយេស៊ូក៏លូកព្រះហស្ដទាញគាត់ឡើងភ្លាម ទាំងមានព្រះបន្ទូលថា៖ «មនុស្សមានជំនឿតិចអើយ ហេតុដូចម្ដេចបានជាអ្នកមិនទុកចិត្តដូច្នេះ?»។ បន្ទាប់មក ព្រះអង្គ និងលោកពេត្រុសចូលមកក្នុងទូក ហើយខ្យល់ក៏ស្ងប់។ អ្នកនៅក្នុងទូកនាំគ្នាក្រាបថ្វាយបង្គំព្រះអង្គ ទាំងពោលថា៖ «ព្រះអង្គពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន!»។ ព្រះយេស៊ូ និងពួកសិស្ស*បានឆ្លងទៅដល់ត្រើយម្ខាង ត្រង់ស្រុកគេនេសារ៉ែត។ អ្នកស្រុកនោះស្គាល់ព្រះអង្គភ្លាម ហើយយកដំណឹងទៅផ្សព្វផ្សាយពាសពេញតំបន់ទាំងមូល។ គេនាំអ្នកជំងឺទាំងអស់មករកព្រះអង្គ អង្វរសូមគ្រាន់តែពាល់ជាយព្រះពស្ដ្ររបស់ព្រះអង្គប៉ុណ្ណោះ អស់អ្នកដែលពាល់ ក៏ជាសះស្បើយគ្រប់ៗគ្នា។
ម៉ាថាយ 14:23-36 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លុះបានឲ្យគេទៅផុតអស់ហើយ នោះទ្រង់យាងឡើងលើភ្នំដោយឡែក ដើម្បីនឹងអធិស្ឋាន លុះពេលព្រលប់ហើយ ទ្រង់ក៏នៅទីនោះតែ១អង្គទ្រង់ ឯទូកនៅកណ្តាលសមុទ្រ ត្រូវរលកបោកជាខ្លាំង ដោយព្រោះច្រាសខ្យល់ ដល់យាម៤យប់ នោះទ្រង់យាងកាត់លើទឹកសមុទ្រទៅឯពួកសិស្ស កាលគេឃើញទ្រង់យាងលើទឹកដូច្នោះ នោះក៏ភ័យវល់ ហើយនិយាយថា ខ្មោចលងហើយ រួចគេស្រែកឡើង ដោយសេចក្ដីតក់ស្លុត តែព្រះយេស៊ូវទ្រង់មានបន្ទូលដល់គេភ្លាមថា ចូរសង្ឃឹមឡើង គឺខ្ញុំទេតើ កុំឲ្យភ័យឡើយ ពេត្រុសទូលតបថា ព្រះអម្ចាស់អើយ បើជាទ្រង់មែន នោះសូមឲ្យទូលបង្គំដើរលើទឹកទៅឯទ្រង់ផង ទ្រង់មានបន្ទូលថា ចូរមកចុះ ពេត្រុសក៏ចុះចេញពីទូកដើរលើទឹក ដើម្បីទៅឯព្រះយេស៊ូវ តែកាលគាត់ឃើញខ្យល់បក់ជាខ្លាំង នោះគាត់មានចិត្តភ័យ ហើយដោយព្រោះចាប់តាំងលិចទៅ បានជាគាត់ស្រែកឡើងថា ព្រះអម្ចាស់អើយ សូមជួយសង្គ្រោះទូលបង្គំផង ស្រាប់តែព្រះយេស៊ូវទ្រង់លូកព្រះហស្តទៅចាប់គាត់ភ្លាម ដោយបន្ទូលថា ឱមនុស្សមានជំនឿតិចអើយ ហេតុអ្វីបានជាអ្នកសង្ស័យ រួចកាលទ្រង់នឹងគាត់បានឡើងទៅក្នុងទូកហើយ នោះខ្យល់ក៏ស្ងប់ឈឹង ឯពួកអ្នកដែលនៅក្នុងទូក ក៏មកថ្វាយបង្គំទ្រង់ទូលថា ទ្រង់ប្រាកដជាព្រះរាជបុត្រានៃព្រះមែន។ លុះបានឆ្លងទៅដល់ត្រើយម្ខាងហើយ នោះក៏ចូលទៅក្នុងស្រុកគេនេសារ៉ែត ពួកមនុស្សនៅទីនោះបានចំណាំស្គាល់ទ្រង់ ហើយគេចាត់ឲ្យទៅគ្រប់ក្នុងស្រុកជុំវិញ នាំយកមនុស្សទាំងប៉ុន្មាន ដែលមានជំងឺមកឯទ្រង់ ក៏អង្វរឲ្យទ្រង់អនុញ្ញាត ឲ្យអ្នកទាំងនោះបានគ្រាន់តែពាល់ជាយព្រះពស្ត្រទ្រង់ប៉ុណ្ណោះ ឯអស់អ្នកដែលបានពាល់ នោះក៏បានជាទាំងអស់គ្នា។