ម៉ាថាយ 14:14-20
ម៉ាថាយ 14:14-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលព្រះអង្គយាងឡើងពីទូក ឃើញមហាជនច្រើនកុះករ ព្រះអង្គមានព្រះហឫទ័យក្តួលអាណិតដល់គេ ហើយទ្រង់ក៏ប្រោសអ្នកជំងឺក្នុងចំណោមពួកគេឲ្យបានជា។ លុះដល់ពេលល្ងាច ពួកសិស្សបានចូលមកជិតព្រះអង្គទូលថា៖ «ទីនេះស្ងាត់ណាស់ ហើយម៉ោងក៏ជ្រុលហើយ សូមឲ្យបណ្តាជនត្រឡប់ទៅវិញទៅ ដើម្បីឲ្យគេចូលទៅតាមភូមិ ហើយទិញអាហារសម្រាប់ខ្លួនគេ»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «មិនចាំបាច់ឲ្យគេទៅណាទេ ចូរអ្នករាល់គ្នាឲ្យអាហារគេបរិភោគផង»។ ពួកសិស្សទូលព្រះអង្គថា៖ «នៅទីនេះយើងខ្ញុំគ្មានអ្វីទេ មានតែនំបុ័ងប្រាំដុំ និងត្រីពីរប៉ុណ្ណោះ»។ ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរយកនំបុ័ង និងត្រីនោះមកឲ្យខ្ញុំ»។ បន្ទាប់មក ព្រះអង្គបង្គាប់ឲ្យបណ្តាជនអង្គុយនៅលើស្មៅ។ ព្រះអង្គយកនំប៉័ងប្រាំដុំ និងត្រីពីរនោះមក ហើយងើបព្រះភក្ត្រទៅស្ថានសួគ៌អរព្រះគុណ រួចកាច់នំប៉័ងឲ្យទៅពួកសិស្ស ពួកសិស្សក៏ចែកឲ្យបណ្ដាជន។ គេទាំងអស់គ្នាបានបរិភោគឆ្អែតស្កប់ស្កល់ ហើយគេប្រមូលចំណិតដែលនៅសល់ ដាក់ពេញបានដប់ពីរកន្ត្រក។
ម៉ាថាយ 14:14-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កាលព្រះយេស៊ូយាងឡើងពីទូក ទតឃើញមហាជនដ៏ច្រើនយ៉ាងនេះ ព្រះអង្គមានព្រះហឫទ័យអាណិតអាសូរគេពន់ពេកណាស់ ហើយព្រះអង្គក៏ប្រោសអ្នកជំងឺឲ្យជា។ ពេលនោះ ថ្ងៃជ្រេណាស់ហើយ សិស្សនាំគ្នាចូលមកជិតព្រះអង្គទូលថា៖ «ទីនេះស្ងាត់ណាស់ ហើយក៏ជិតយប់ផង សូមប្រាប់បណ្ដាជនទាំងនេះឲ្យត្រឡប់ទៅវិញ រកទិញម្ហូបអាហារនៅតាមភូមិ»។ ប៉ុន្តែ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់សិស្សថា៖ «មិនបាច់ឲ្យគេត្រឡប់ទៅវិញទេ ចូរអ្នករាល់គ្នាយកម្ហូបអាហារឲ្យគេបរិភោគទៅ»។ សិស្សទូលព្រះអង្គថា៖ «យើងខ្ញុំមាននំប៉័ងតែប្រាំដុំ និងត្រីងៀតពីរកន្ទុយប៉ុណ្ណោះ»។ ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរយកនំប៉័ង និងត្រីនោះមកឲ្យខ្ញុំ»។ បន្ទាប់មក ព្រះអង្គប្រាប់បណ្ដាជនឲ្យអង្គុយលើស្មៅ ព្រះអង្គយកនំប៉័ងទាំងប្រាំដុំ និងត្រីពីរកន្ទុយនោះមកកាន់ ព្រះអង្គងើបព្រះភ័ក្ត្រឡើងលើ សរសើរតម្កើងព្រះជាម្ចាស់ ហើយកាច់នំប៉័ងប្រទានឲ្យពួកសិស្ស* ពួកសិស្សក៏ចែកឲ្យបណ្ដាជនបរិភោគ។ អ្នកទាំងនោះបានបរិភោគឆ្អែតគ្រប់ៗគ្នា ហើយពួកសិស្សប្រមូលនំប៉័ងដែលនៅសល់ ដាក់បានពេញដប់ពីរល្អី។
ម៉ាថាយ 14:14-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លុះទ្រង់យាងឡើងពីទូកវិញ ស្រាប់តែឃើញមានមនុស្សមីរដេរដាស ទ្រង់ក៏មានព្រះហឫទ័យក្តួលអាណិតដល់គេ ហើយទ្រង់ប្រោសមនុស្សជំងឺទាំងប៉ុន្មានក្នុងពួកគេឲ្យបានជា ដល់ពេលល្ងាច ពួកសិស្សមកឯទ្រង់ទូលថា ទីនេះស្ងាត់ណាស់ ម៉ោងក៏ជ្រុលហើយ សូមឲ្យហ្វូងមនុស្សត្រឡប់ទៅវិញទៅ ដើម្បីឲ្យបានទិញស្បៀងអាហារ នៅក្នុងភូមិជុំវិញ តែព្រះយេស៊ូវទ្រង់ឆ្លើយថា មិនចាំបាច់ឲ្យគេទៅទេ ចូរអ្នករាល់គ្នាឲ្យគេបរិភោគទៅ ពួកសិស្សក៏ទូលទ្រង់ថា នៅទីនេះ យើងខ្ញុំគ្មានអ្វីទេ មានតែនំបុ័ង៥ដុំ ហើយនឹងត្រី២ប៉ុណ្ណោះ នោះទ្រង់មានបន្ទូលថា ចូរយកមកឲ្យខ្ញុំឯណេះ រួចកាលទ្រង់បានបង្គាប់ ឲ្យហ្វូងមនុស្សអង្គុយនៅលើស្មៅហើយ នោះទ្រង់យកនំបុ័ង៥ដុំ នឹងត្រី២នោះ ងើបទតទៅលើមេឃ ទាំងប្រទានពរ រួចកាច់ប្រទានដល់ពួកសិស្ស ហើយពួកសិស្សក៏ចែកដល់ហ្វូងមនុស្ស គេបានបរិភោគឆ្អែតគ្រប់គ្នា រួចប្រមូលចំណិតដែលនៅសល់ដាក់ពេញបាន១២កន្ត្រក