ម៉ាថាយ 14:1-36
ម៉ាថាយ 14:1-36 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅគ្រានោះ ព្រះបាទហេរ៉ូឌ ជាស្តេចអនុរាជ បានឮដំណឹងអំពីព្រះយេស៊ូវ ទ្រង់ក៏មានរាជឱង្ការទៅពួកមន្ត្រីថា៖ «នេះច្បាស់ជាយ៉ូហាន-បាទីស្ទ ដែលបានរស់ពីស្លាប់ឡើងវិញហើយ បានជាគាត់មានអំណាចធ្វើការអស្ចារ្យដូច្នេះ»។ ដ្បិតព្រះបាទហេរ៉ូឌបានចាប់ចងលោកយ៉ូហាន ហើយយកលោកទៅដាក់គុក ដោយព្រោះព្រះនាងហេរ៉ូឌាស មហេសីរបស់ភីលីព ជាអនុជ ព្រោះលោកយ៉ូហានបានទូលប្រាប់ស្តេចថា៖ «ទ្រង់គ្មានច្បាប់នឹងយកព្រះនាងមកធ្វើជាមហេសីឡើយ»។ ព្រះបាទហេរ៉ូឌចង់សម្លាប់លោក តែទ្រង់ខ្លាចបណ្ដាជន ព្រោះគេចាត់ទុកលោកជាហោរា។ លុះថ្ងៃបុណ្យខួបចម្រើនព្រះជន្មរបស់ព្រះបាទហេរ៉ូឌមកដល់ បុត្រីរបស់ព្រះនាងហេរ៉ូឌាសចូលមករាំនៅមុខភ្ញៀវ ធ្វើឲ្យស្ដេចពេញចិត្តជាខ្លាំង រហូតដល់ស្តេចបានសន្យាស្បថស្បែថា នឹងប្រទានអ្វីក៏ដោយឲ្យតែនាងសូម។ នាងបានទូលទៅស្ដេច តាមពាក្យបញ្ចេះពីមាតារបស់នាងថា៖ «សូមទ្រង់ប្រទានក្បាលយ៉ូហាន-បាទីស្ទ ដាក់លើថាសមកឲ្យខ្ញុំម្ចាស់នៅទីនេះ»។ ស្តេចព្រួយព្រះហឫទ័យ តែដោយព្រោះសម្បថ និងពួកភ្ញៀវ ទ្រង់ក៏បញ្ជាឲ្យគេធ្វើតាមសំណូមរបស់នាង ដោយចាត់គេឲ្យទៅកាត់ក្បាលលោកយ៉ូហាននៅក្នុងគុក ហើយយកក្បាលរបស់លោកដាក់លើថាសមកឲ្យនាង រួចនាងយកទៅថ្វាយដល់មាតា។ ពួកសិស្សរបស់លោកយ៉ូហានបាននាំគ្នាមកយកសពទៅបញ្ចុះ ហើយក៏យកដំណឹងនេះទៅទូលថ្វាយព្រះយេស៊ូវ។ កាលព្រះយេស៊ូវបានឮដូច្នេះ ទ្រង់ក៏យាងចុះទូកចេញពីទីនោះ ទៅកន្លែងមួយស្ងាត់ដោយឡែកតែមួយអង្គឯង ពេលមហាជនបានដឹង គេក៏នាំគ្នាចេញពីក្រុងនានា ដើរទៅតាមព្រះអង្គ។ ពេលព្រះអង្គយាងឡើងពីទូក ឃើញមហាជនច្រើនកុះករ ព្រះអង្គមានព្រះហឫទ័យក្តួលអាណិតដល់គេ ហើយទ្រង់ក៏ប្រោសអ្នកជំងឺក្នុងចំណោមពួកគេឲ្យបានជា។ លុះដល់ពេលល្ងាច ពួកសិស្សបានចូលមកជិតព្រះអង្គទូលថា៖ «ទីនេះស្ងាត់ណាស់ ហើយម៉ោងក៏ជ្រុលហើយ សូមឲ្យបណ្តាជនត្រឡប់ទៅវិញទៅ ដើម្បីឲ្យគេចូលទៅតាមភូមិ ហើយទិញអាហារសម្រាប់ខ្លួនគេ»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «មិនចាំបាច់ឲ្យគេទៅណាទេ ចូរអ្នករាល់គ្នាឲ្យអាហារគេបរិភោគផង»។ ពួកសិស្សទូលព្រះអង្គថា៖ «នៅទីនេះយើងខ្ញុំគ្មានអ្វីទេ មានតែនំបុ័ងប្រាំដុំ និងត្រីពីរប៉ុណ្ណោះ»។ ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរយកនំបុ័ង និងត្រីនោះមកឲ្យខ្ញុំ»។ បន្ទាប់មក ព្រះអង្គបង្គាប់ឲ្យបណ្តាជនអង្គុយនៅលើស្មៅ។ ព្រះអង្គយកនំប៉័ងប្រាំដុំ និងត្រីពីរនោះមក ហើយងើបព្រះភក្ត្រទៅស្ថានសួគ៌អរព្រះគុណ រួចកាច់នំប៉័ងឲ្យទៅពួកសិស្ស ពួកសិស្សក៏ចែកឲ្យបណ្ដាជន។ គេទាំងអស់គ្នាបានបរិភោគឆ្អែតស្កប់ស្កល់ ហើយគេប្រមូលចំណិតដែលនៅសល់ ដាក់ពេញបានដប់ពីរកន្ត្រក។ អស់អ្នកដែលបានបរិភោគ មានចំនួនបុរសប្រមាណប្រាំពាន់នាក់ មិនរាប់ស្ត្រី និងកូនក្មេងទេ។ ភ្លាមនោះ ព្រះអង្គបញ្ជាពួកសិស្សឲ្យចុះទូក ឆ្លងទៅត្រើយម្ខាងមុន តែព្រះអង្គនៅប្រាប់បណ្តាជនឲ្យវិលត្រឡប់ទៅវិញ។ កាលព្រះអង្គប្រាប់ឲ្យបណ្តាជនចេញផុតអស់ហើយ ទ្រង់ក៏យាងឡើងលើភ្នំតែមួយអង្គឯង ដើម្បីអធិស្ឋាន។ លុះដល់ពេលព្រលប់ ព្រះអង្គគង់នៅទីនោះតែមួយព្រះអង្គឯង ហើយនៅវេលានោះ ទូកដែលបានចេញឆ្ងាយពីច្រាំង ត្រូវរលកបោកជាខ្លាំង ព្រោះបញ្រ្ចាសខ្យល់។ នៅយាមទីបួន យប់នោះ ព្រះអង្គបានយាងលើទឹកសមុទ្រ សំដៅទៅរកពួកសិស្ស។ កាលពួកសិស្សឃើញព្រះអង្គយាងលើទឹកដូច្នោះ ពួកគេមានការភ័យរន្ធត់ ហើយពោលថា៖ «ខ្មោចលង!» រួចគេស្រែកឡើងទាំងភ័យខ្លាច។ តែព្រះយេស៊ូវមានព្រះបន្ទូលទៅគេភ្លាមថា៖ «ចូរសង្ឃឹមឡើង គឺខ្ញុំទេតើ កុំខ្លាចអី!» ពេត្រុសទូលតបទៅព្រះអង្គថា៖ «ព្រះអម្ចាស់ បើពិតជាព្រះអង្គមែន សូមបញ្ជាឲ្យទូលបង្គំដើរលើទឹកទៅរកព្រះអង្គផង»។ ទ្រង់មានព្រះបន្ទូលថា៖ «មកចុះ!» ដូច្នេះ ពេត្រុសក៏ចេញពីទូក ហើយចាប់ផ្ដើមដើរលើទឹក សំដៅទៅរកព្រះយេស៊ូវ។ ប៉ុន្តែ កាលលោកឃើញខ្យល់បក់ខ្លាំង លោកភ័យណាស់ ហើយដោយព្រោះចាប់ផ្ដើមលិច លោកក៏ស្រែកឡើងថា៖ «ព្រះអម្ចាស់ ជួយទូលបង្គំផង!»។ រំពេចនោះ ព្រះយេស៊ូវលូកព្រះហស្តទៅចាប់គាត់ភ្លាម ទាំងមានព្រះបន្ទូលទៅគាត់ថា៖ «មនុស្សមានជំនឿតិចអើយ ហេតុអ្វីបានជាអ្នកសង្ស័យដូច្នេះ?» ពេលព្រះអង្គ និងពេត្រុសចូលដល់ក្នុងទូក ខ្យល់ក៏ស្ងប់ឈឹង ហើយអស់អ្នកដែលនៅក្នុងទូក ក៏ថ្វាយបង្គំព្រះអង្គទាំងពោលថា៖ «ព្រះអង្គពិតជាព្រះរាជបុត្រារបស់ព្រះមែន!»។ ពេលឆ្លងដល់ត្រើយម្ខាងហើយ គេក៏ចូលទៅស្រុកគេនេសារ៉ែត។ ក្រោយពីប្រជាជននៅទីនោះបានស្គាល់ព្រះអង្គ គេក៏យកដំណឹងទៅផ្សព្វផ្សាយពាសពេញតំបន់នោះទាំងមូល ហើយនាំយកអស់អ្នកដែលមានជំងឺមករកព្រះអង្គ រួចអង្វរព្រះអង្គ សូមឲ្យគ្រាន់តែអ្នកទាំងនោះបានពាល់ជាយព្រះពស្ត្រព្រះអង្គប៉ុណ្ណោះ។ អស់អ្នកដែលបានពាល់ទាំងប៉ុន្មាន បានជាសះស្បើយ គ្រប់គ្នា។
ម៉ាថាយ 14:1-36 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅគ្រានោះ ព្រះបាទហេរ៉ូដ ជាស្ដេចអនុរាជ* បានជ្រាបអំពីព្រះកិត្តិនាមរបស់ព្រះយេស៊ូ ស្ដេចមានរាជឱង្ការទៅពួកបរិពារថា៖ «យ៉ូហានបាទីស្ដបានរស់ឡើងវិញហើយ បានជាគាត់មានឫទ្ធានុភាព សម្តែងការអស្ចារ្យយ៉ាងនេះ»។ ព្រះបាទហេរ៉ូដបានចាប់លោកយ៉ូហានដាក់ច្រវាក់យកទៅឃុំឃាំង ដោយស្ដេចជឿតាមពាក្យព្រះនាងហេរ៉ូឌាស ដែលត្រូវជាមហេសីរបស់ស្ដេចភីលីពជាអនុជ* ព្រោះលោកយ៉ូហានបានបន្ទោសស្ដេចថា «ព្រះករុណាគ្មានសិទ្ធិយកព្រះនាងមកធ្វើជាមហេសីឡើយ»។ ស្ដេចហេរ៉ូដចង់សម្លាប់លោកយ៉ូហាន តែស្ដេចខ្លាចបណ្ដាជន ព្រោះពួកគេចាត់ទុកលោកជាព្យាការី*មួយរូប។ នៅថ្ងៃបុណ្យខួបចម្រើនព្រះជន្មរបស់ព្រះបាទហេរ៉ូដ បុត្រីរបស់ព្រះនាងហេរ៉ូឌាសចូលមករាំនៅមុខភ្ញៀវ ធ្វើឲ្យស្ដេចពេញចិត្តយ៉ាងខ្លាំង រហូតដល់ស្បថស្បែសន្យានឹងនាងថា បើនាងចង់បានអ្វី ស្ដេចប្រទានឲ្យទាំងអស់។ នាងទូលទៅស្ដេចវិញ តាមពាក្យបង្គាប់របស់មាតាថា៖ «សូមព្រះករុណាប្រទានក្បាលរបស់យ៉ូហានបាទីស្ដ ដាក់លើថាសមកឲ្យខ្ញុំម្ចាស់!»។ ព្រះរាជាព្រួយព្រះហឫទ័យក្រៃលែង ព្រោះស្ដេចបានស្បថនៅមុខភ្ញៀវទាំងអស់ជ្រុលហួសទៅហើយ។ ស្ដេចក៏បញ្ជាឲ្យគេធ្វើតាមពាក្យសុំរបស់នាង គឺចាត់ទាហានឲ្យទៅកាត់កលោកយ៉ូហាន យកក្បាលដាក់លើថាសមួយប្រគល់ឲ្យនាង រួចនាងយកទៅថ្វាយមាតា។ ពួកសិស្សរបស់លោកយ៉ូហានមកយកសពលោកទៅបញ្ចុះ ហើយនាំគ្នាយកដំណឹងទៅទូលព្រះយេស៊ូ។ កាលព្រះយេស៊ូបានជ្រាបដំណឹងនេះ ព្រះអង្គក៏យាងចុះទូក ចាកចេញជាមួយពួកសិស្ស* ឆ្ពោះទៅកាន់កន្លែងមួយស្ងាត់ដាច់ឡែកពីបណ្ដាជន។ ប៉ុន្តែ មហាជនបានដឹង ហើយនាំគ្នាចេញពីក្រុងនានាដើរទៅតាមព្រះអង្គ។ កាលព្រះយេស៊ូយាងឡើងពីទូក ទតឃើញមហាជនដ៏ច្រើនយ៉ាងនេះ ព្រះអង្គមានព្រះហឫទ័យអាណិតអាសូរគេពន់ពេកណាស់ ហើយព្រះអង្គក៏ប្រោសអ្នកជំងឺឲ្យជា។ ពេលនោះ ថ្ងៃជ្រេណាស់ហើយ សិស្សនាំគ្នាចូលមកជិតព្រះអង្គទូលថា៖ «ទីនេះស្ងាត់ណាស់ ហើយក៏ជិតយប់ផង សូមប្រាប់បណ្ដាជនទាំងនេះឲ្យត្រឡប់ទៅវិញ រកទិញម្ហូបអាហារនៅតាមភូមិ»។ ប៉ុន្តែ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់សិស្សថា៖ «មិនបាច់ឲ្យគេត្រឡប់ទៅវិញទេ ចូរអ្នករាល់គ្នាយកម្ហូបអាហារឲ្យគេបរិភោគទៅ»។ សិស្សទូលព្រះអង្គថា៖ «យើងខ្ញុំមាននំប៉័ងតែប្រាំដុំ និងត្រីងៀតពីរកន្ទុយប៉ុណ្ណោះ»។ ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរយកនំប៉័ង និងត្រីនោះមកឲ្យខ្ញុំ»។ បន្ទាប់មក ព្រះអង្គប្រាប់បណ្ដាជនឲ្យអង្គុយលើស្មៅ ព្រះអង្គយកនំប៉័ងទាំងប្រាំដុំ និងត្រីពីរកន្ទុយនោះមកកាន់ ព្រះអង្គងើបព្រះភ័ក្ត្រឡើងលើ សរសើរតម្កើងព្រះជាម្ចាស់ ហើយកាច់នំប៉័ងប្រទានឲ្យពួកសិស្ស* ពួកសិស្សក៏ចែកឲ្យបណ្ដាជនបរិភោគ។ អ្នកទាំងនោះបានបរិភោគឆ្អែតគ្រប់ៗគ្នា ហើយពួកសិស្សប្រមូលនំប៉័ងដែលនៅសល់ ដាក់បានពេញដប់ពីរល្អី។ អស់អ្នកដែលបានបរិភោគនំប៉័ង មានប្រុសៗទាំងអស់ប្រមាណប្រាំពាន់នាក់ ឥតគិតស្រីៗ និងក្មេងៗផងទេ។ រំពេចនោះ ព្រះយេស៊ូបញ្ជាពួកសិស្ស*ឲ្យចុះទូកឆ្លងទៅត្រើយម្ខាងមុនព្រះអង្គ ហើយព្រះអង្គក៏ប្រាប់មហាជនឲ្យវិលត្រឡប់ទៅវិញដែរ។ កាលព្រះអង្គឲ្យមហាជនចេញផុតអស់ហើយ ព្រះយេស៊ូយាងឡើងទៅលើភ្នំ ដាច់ឡែកពីគេ ដើម្បីអធិស្ឋាន*។ លុះដល់យប់ ព្រះអង្គគង់នៅទីនោះតែមួយអង្គឯង។ ពេលនោះ ទូកចេញឆ្ងាយពីច្រាំងហើយ ក៏ត្រូវរលកបក់បោក ព្រោះបញ្ច្រាសខ្យល់។ ដល់ពេលជិតភ្លឺ ព្រះអង្គយាងលើទឹកឆ្ពោះទៅរកពួកសិស្ស។ កាលពួកគេឃើញព្រះអង្គយាងលើទឹកសមុទ្រដូច្នេះ គេភ័យរន្ធត់ ហើយស្រែកឡើងថា «ខ្មោចលង!» ព្រោះគេភ័យពេក។ រំពេចនោះ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ចូរតាំងចិត្តក្លាហានឡើង ខ្ញុំទេតើ កុំខ្លាចអី!»។ លោកពេត្រុសទូលព្រះអង្គថា៖ «លោកម្ចាស់ ប្រសិនបើពិតជាលោកមែន សូមបញ្ជាឲ្យខ្ញុំអាចដើរលើទឹកទៅរកលោកផង»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «អញ្ជើញមក!» លោកពេត្រុសក៏ចុះពីទូក ដើរលើទឹកឆ្ពោះទៅរកព្រះយេស៊ូ។ ប៉ុន្តែ កាលលោកឃើញខ្យល់បក់ខ្លាំង លោកភ័យណាស់ ហើយចាប់ផ្ដើមលិចទៅក្នុងទឹក។ លោកស្រែកឡើងថា៖ «លោកម្ចាស់អើយ សូមជួយខ្ញុំផង!»។ ព្រះយេស៊ូក៏លូកព្រះហស្ដទាញគាត់ឡើងភ្លាម ទាំងមានព្រះបន្ទូលថា៖ «មនុស្សមានជំនឿតិចអើយ ហេតុដូចម្ដេចបានជាអ្នកមិនទុកចិត្តដូច្នេះ?»។ បន្ទាប់មក ព្រះអង្គ និងលោកពេត្រុសចូលមកក្នុងទូក ហើយខ្យល់ក៏ស្ងប់។ អ្នកនៅក្នុងទូកនាំគ្នាក្រាបថ្វាយបង្គំព្រះអង្គ ទាំងពោលថា៖ «ព្រះអង្គពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន!»។ ព្រះយេស៊ូ និងពួកសិស្ស*បានឆ្លងទៅដល់ត្រើយម្ខាង ត្រង់ស្រុកគេនេសារ៉ែត។ អ្នកស្រុកនោះស្គាល់ព្រះអង្គភ្លាម ហើយយកដំណឹងទៅផ្សព្វផ្សាយពាសពេញតំបន់ទាំងមូល។ គេនាំអ្នកជំងឺទាំងអស់មករកព្រះអង្គ អង្វរសូមគ្រាន់តែពាល់ជាយព្រះពស្ដ្ររបស់ព្រះអង្គប៉ុណ្ណោះ អស់អ្នកដែលពាល់ ក៏ជាសះស្បើយគ្រប់ៗគ្នា។
ម៉ាថាយ 14:1-36 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅគ្រានោះ ហេរ៉ូឌ ជាស្តេចអនុរាជ ទ្រង់បានឮល្បីពីព្រះយេស៊ូវ ទ្រង់ក៏មានបន្ទូលទៅពួកមហាតលិកថា នោះគឺជាយ៉ូហាន-បាទីស្ទ គាត់បានរស់ពីស្លាប់ឡើងវិញហើយ បានជាមានការឫទ្ធិបារមីកើតមក ដោយសារគាត់ដូច្នេះ ដ្បិតហេរ៉ូឌបានចាប់ចងយ៉ូហានដាក់ក្នុងគុក ដោយព្រោះហេរ៉ូឌាស ជាភរិយាភីលីព អនុជទ្រង់ ពីព្រោះយ៉ូហានបានទូលទាស់នឹងស្តេចថា ទ្រង់គ្មានច្បាប់នឹងយកនាងនោះទេ ទ្រង់ចង់សំឡាប់គាត់ណាស់ តែខ្លាចហ្វូងមនុស្ស ព្រោះគេរាប់គាត់ទុកជាហោរា មានសម័យ១ ជាថ្ងៃធ្វើបុណ្យចំរើនព្រះជន្មហេរ៉ូឌ នោះបុត្រីហេរ៉ូឌាស នាងរាំនៅមុខពួកភ្ញៀវ ជាទីគាប់ព្រះទ័យដល់ហេរ៉ូឌណាស់ បានជាទ្រង់ស្បថសន្យានឹងប្រទានគ្រប់របស់អ្វីដែលនាងនឹងសូម តែមាតានាងបានបញ្ចេះឲ្យទូលថា សូមប្រទានក្បាលយ៉ូហាន-បាទីស្ទ ដាក់លើថាសមកឲ្យខ្ញុំម្ចាស់នៅទីនេះ នោះស្តេចទ្រង់ក៏ព្រួយព្រះទ័យ តែដោយព្រោះសម្បថ ហើយនឹងពួកភ្ញៀវ បានជាទ្រង់បង្គាប់ឲ្យគេយកក្បាលគាត់មកឲ្យនាង ទ្រង់ក៏ចាត់គេឲ្យទៅកាត់ក្បាលយ៉ូហាននៅក្នុងគុក គេយកក្បាលគាត់ដាក់លើថាសមកឲ្យនាង រួចនាងយកទៅថ្វាយដល់មាតា នោះពួកសិស្សយ៉ូហានក៏មកយកសពទៅកប់ រួចទៅទូលព្រះយេស៊ូវ។ កាលព្រះយេស៊ូវបានឮហើយ នោះទ្រង់យាងចុះទូកចេញពីទីនោះ ទៅឯទីរហោស្ថានដោយឡែក រីឯពួកបណ្តាជនក៏បានដឹង ហើយគេចេញពីក្រុងទាំងអស់ដើរតាមទ្រង់ទៅ លុះទ្រង់យាងឡើងពីទូកវិញ ស្រាប់តែឃើញមានមនុស្សមីរដេរដាស ទ្រង់ក៏មានព្រះហឫទ័យក្តួលអាណិតដល់គេ ហើយទ្រង់ប្រោសមនុស្សជំងឺទាំងប៉ុន្មានក្នុងពួកគេឲ្យបានជា ដល់ពេលល្ងាច ពួកសិស្សមកឯទ្រង់ទូលថា ទីនេះស្ងាត់ណាស់ ម៉ោងក៏ជ្រុលហើយ សូមឲ្យហ្វូងមនុស្សត្រឡប់ទៅវិញទៅ ដើម្បីឲ្យបានទិញស្បៀងអាហារ នៅក្នុងភូមិជុំវិញ តែព្រះយេស៊ូវទ្រង់ឆ្លើយថា មិនចាំបាច់ឲ្យគេទៅទេ ចូរអ្នករាល់គ្នាឲ្យគេបរិភោគទៅ ពួកសិស្សក៏ទូលទ្រង់ថា នៅទីនេះ យើងខ្ញុំគ្មានអ្វីទេ មានតែនំបុ័ង៥ដុំ ហើយនឹងត្រី២ប៉ុណ្ណោះ នោះទ្រង់មានបន្ទូលថា ចូរយកមកឲ្យខ្ញុំឯណេះ រួចកាលទ្រង់បានបង្គាប់ ឲ្យហ្វូងមនុស្សអង្គុយនៅលើស្មៅហើយ នោះទ្រង់យកនំបុ័ង៥ដុំ នឹងត្រី២នោះ ងើបទតទៅលើមេឃ ទាំងប្រទានពរ រួចកាច់ប្រទានដល់ពួកសិស្ស ហើយពួកសិស្សក៏ចែកដល់ហ្វូងមនុស្ស គេបានបរិភោគឆ្អែតគ្រប់គ្នា រួចប្រមូលចំណិតដែលនៅសល់ដាក់ពេញបាន១២កន្ត្រក រីឯពួកមនុស្សដែលបានបរិភោគ នោះមានចំនួន៥ពាន់នាក់ ឥតរាប់ពួកស្រីៗនឹងកូនក្មេងទេ។ ស្រាប់តែទ្រង់បង្ខំពួកសិស្ស ឲ្យចុះទូកឆ្លងទៅឯត្រើយម្ខាងមុនទ្រង់ ទាល់តែទ្រង់បានឲ្យហ្វូងមនុស្សវិលទៅវិញអស់ លុះបានឲ្យគេទៅផុតអស់ហើយ នោះទ្រង់យាងឡើងលើភ្នំដោយឡែក ដើម្បីនឹងអធិស្ឋាន លុះពេលព្រលប់ហើយ ទ្រង់ក៏នៅទីនោះតែ១អង្គទ្រង់ ឯទូកនៅកណ្តាលសមុទ្រ ត្រូវរលកបោកជាខ្លាំង ដោយព្រោះច្រាសខ្យល់ ដល់យាម៤យប់ នោះទ្រង់យាងកាត់លើទឹកសមុទ្រទៅឯពួកសិស្ស កាលគេឃើញទ្រង់យាងលើទឹកដូច្នោះ នោះក៏ភ័យវល់ ហើយនិយាយថា ខ្មោចលងហើយ រួចគេស្រែកឡើង ដោយសេចក្ដីតក់ស្លុត តែព្រះយេស៊ូវទ្រង់មានបន្ទូលដល់គេភ្លាមថា ចូរសង្ឃឹមឡើង គឺខ្ញុំទេតើ កុំឲ្យភ័យឡើយ ពេត្រុសទូលតបថា ព្រះអម្ចាស់អើយ បើជាទ្រង់មែន នោះសូមឲ្យទូលបង្គំដើរលើទឹកទៅឯទ្រង់ផង ទ្រង់មានបន្ទូលថា ចូរមកចុះ ពេត្រុសក៏ចុះចេញពីទូកដើរលើទឹក ដើម្បីទៅឯព្រះយេស៊ូវ តែកាលគាត់ឃើញខ្យល់បក់ជាខ្លាំង នោះគាត់មានចិត្តភ័យ ហើយដោយព្រោះចាប់តាំងលិចទៅ បានជាគាត់ស្រែកឡើងថា ព្រះអម្ចាស់អើយ សូមជួយសង្គ្រោះទូលបង្គំផង ស្រាប់តែព្រះយេស៊ូវទ្រង់លូកព្រះហស្តទៅចាប់គាត់ភ្លាម ដោយបន្ទូលថា ឱមនុស្សមានជំនឿតិចអើយ ហេតុអ្វីបានជាអ្នកសង្ស័យ រួចកាលទ្រង់នឹងគាត់បានឡើងទៅក្នុងទូកហើយ នោះខ្យល់ក៏ស្ងប់ឈឹង ឯពួកអ្នកដែលនៅក្នុងទូក ក៏មកថ្វាយបង្គំទ្រង់ទូលថា ទ្រង់ប្រាកដជាព្រះរាជបុត្រានៃព្រះមែន។ លុះបានឆ្លងទៅដល់ត្រើយម្ខាងហើយ នោះក៏ចូលទៅក្នុងស្រុកគេនេសារ៉ែត ពួកមនុស្សនៅទីនោះបានចំណាំស្គាល់ទ្រង់ ហើយគេចាត់ឲ្យទៅគ្រប់ក្នុងស្រុកជុំវិញ នាំយកមនុស្សទាំងប៉ុន្មាន ដែលមានជំងឺមកឯទ្រង់ ក៏អង្វរឲ្យទ្រង់អនុញ្ញាត ឲ្យអ្នកទាំងនោះបានគ្រាន់តែពាល់ជាយព្រះពស្ត្រទ្រង់ប៉ុណ្ណោះ ឯអស់អ្នកដែលបានពាល់ នោះក៏បានជាទាំងអស់គ្នា។