ម៉ាថាយ 13:54-58
ម៉ាថាយ 13:54-58 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លុះយាងមកដល់ស្រុករបស់ព្រះអង្គវិញហើយ ព្រះអង្គបង្រៀនប្រជាជននៅក្នុងសាលាប្រជុំរបស់គេ ធ្វើឲ្យគេនឹកប្លែកក្នុងចិត្ត ហើយនិយាយថា៖ «តើអ្នកនេះបានប្រាជ្ញា និងការអស្ចារ្យទាំងនេះពីណាមក? តើនេះមិនមែនជាកូនរបស់ជាងឈើទេឬ? តើម្តាយរបស់គាត់មិនមែនឈ្មោះម៉ារា ហើយបងប្អូនឈ្មោះយ៉ាកុប យ៉ូសេ ស៊ីម៉ូន និងយូដាសទេឬ? ហើយប្អូនស្រីរបស់គាត់ទាំងប៉ុន្មាន តើមិននៅជាមួយយើងទេឬ? ដូច្នេះ តើអ្នកនេះបានសេចក្តីទាំងនេះពីណាមក?» គេក៏រវាតចិត្តនឹងព្រះអង្គ តែព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ហោរាមិនខ្វះការគោរពរាប់អានទេ លើកលែងតែនៅក្នុងស្រុកកំណើត ឬនៅក្នុងផ្ទះរបស់ខ្លួនប៉ុណ្ណោះ»។ ព្រះអង្គមិនបានធ្វើការអស្ចារ្យច្រើនទេនៅទីនោះ ព្រោះគេមិនជឿ។
ម៉ាថាយ 13:54-58 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ត្រឡប់ទៅភូមិស្រុករបស់ព្រះអង្គវិញ។ ព្រះអង្គបង្រៀនអ្នកស្រុកនៅក្នុងសាលាប្រជុំ*របស់គេ ធ្វើឲ្យគេងឿងឆ្ងល់គ្រប់ៗគ្នា។ គេពោលថា៖ «តើគាត់បានទទួលប្រាជ្ញា និងឫទ្ធានុភាពធ្វើការអស្ចារ្យទាំងនេះមកពីណា?។ អ្នកនេះជាកូនរបស់ជាងឈើ ហើយម្ដាយរបស់គាត់ឈ្មោះនាងម៉ារី បងប្អូនគាត់ឈ្មោះយ៉ាកុប យ៉ូសែប ស៊ីម៉ូន យូដាស ទេតើ! ប្អូនស្រីរបស់គាត់ទាំងប៉ុន្មានរស់នៅក្នុងភូមិជាមួយយើងដែរ។ ដូច្នេះ គាត់ដឹងសេចក្ដីទាំងនេះពីណាមក?»។ ហេតុនេះហើយបានជាគេមិនអាចជឿព្រះអង្គ។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ធម្មតា គេមើលងាយព្យាការីតែក្នុងស្រុកកំណើត និងក្នុងផ្ទះរបស់លោកប៉ុណ្ណោះ!»។ នៅទីនោះ ព្រះយេស៊ូពុំបានធ្វើការអស្ចារ្យច្រើនឡើយ ព្រោះគេគ្មានជំនឿ។
ម៉ាថាយ 13:54-58 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លុះទ្រង់ចូលមកក្នុងស្រុកទ្រង់វិញ នោះក៏បង្រៀនគេនៅក្នុងសាលាប្រជុំ ដល់ម៉្លេះបានជាគេនឹកប្លែកក្នុងចិត្ត ហើយនិយាយថា តើអ្នកនេះបានចំណេះ នឹងការឫទ្ធិបារមីទាំងនេះពីណាមក តើមិនមែនជាកូនរបស់ជាងឈើទេឬអី តើម្តាយមិនមែនឈ្មោះម៉ារា ហើយបងប្អូនឈ្មោះយ៉ាកុប យ៉ូសេ ស៊ីម៉ូន ហើយនឹងយូដាសទេឬអី ឯប្អូនស្រី តើមិននៅជាមួយនឹងយើងទេឬអី ដូច្នេះ តើបានសេចក្ដីទាំងនេះពីណាមក គេក៏រវាតចិត្តចេញពីទ្រង់ តែព្រះយេស៊ូវមានបន្ទូលទៅគេថា ហោរាមិនមែនឥតគេរាប់អានទេ លើកតែនៅក្នុងស្រុក ឬក្នុងផ្ទះរបស់ខ្លួនចេញ ទ្រង់មិនបានធ្វើការឫទ្ធិបារមីជាច្រើននៅទីនោះទេ ពីព្រោះគេមិនជឿ។