ម៉ាថាយ 13:47-58
ម៉ាថាយ 13:47-58 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
«មួយទៀត ព្រះរាជ្យនៃស្ថានសួគ៌ប្រៀបដូចជាសំណាញ់ ដែលគេបង់ទៅក្នុងសមុទ្រ ហើយជាប់បានត្រីគ្រប់ប្រភេទ ពេលជាប់ត្រីពេញហើយ គេក៏ទាញសំណាញ់ឡើងមកលើគោក ហើយអង្គុយរើសយកត្រីល្អៗដាក់ក្នុងកញ្ឆេ តែត្រីអាក្រក់ គេបោះចោល។ នៅគ្រាចុងបំផុតក៏នឹងកើតមានដូច្នោះដែរ។ ពួកទេវតានឹងចេញមក ហើយញែកមនុស្សអាក្រក់ចេញពីមនុស្សសុចរិត រួចបោះមនុស្សអាក្រក់ទាំងនោះចូលទៅក្នុងគុកភ្លើង នៅទីនោះនឹងយំ ហើយសង្កៀតធ្មេញ»។ «តើអ្នករាល់គ្នាយល់សេចក្តីទាំងនេះ ហើយឬនៅ?» គេទូលឆ្លើយថា៖ «យល់ហើយ ព្រះអម្ចាស់!» ព្រះអង្គមានព្រះបន្ទូលទៅគេទៀតថា៖ «ដូច្នេះ អស់ទាំងអាចារ្យណាដែលទទួលការបង្ហាត់បង្រៀនសម្រាប់ព្រះរាជ្យនៃស្ថានសួគ៌ ប្រៀបដូចជាម្ចាស់ផ្ទះដែលបញ្ចេញទ្រព្យរបស់ខ្លួន ទាំងថ្មីទាំងចាស់ ចេញពីឃ្លាំង»។ កាលព្រះយេស៊ូវមានព្រះបន្ទូល ជារឿងប្រៀបធៀបទាំងនេះចប់ហើយ ព្រះអង្គក៏យាងចេញពីទីនោះ។ លុះយាងមកដល់ស្រុករបស់ព្រះអង្គវិញហើយ ព្រះអង្គបង្រៀនប្រជាជននៅក្នុងសាលាប្រជុំរបស់គេ ធ្វើឲ្យគេនឹកប្លែកក្នុងចិត្ត ហើយនិយាយថា៖ «តើអ្នកនេះបានប្រាជ្ញា និងការអស្ចារ្យទាំងនេះពីណាមក? តើនេះមិនមែនជាកូនរបស់ជាងឈើទេឬ? តើម្តាយរបស់គាត់មិនមែនឈ្មោះម៉ារា ហើយបងប្អូនឈ្មោះយ៉ាកុប យ៉ូសេ ស៊ីម៉ូន និងយូដាសទេឬ? ហើយប្អូនស្រីរបស់គាត់ទាំងប៉ុន្មាន តើមិននៅជាមួយយើងទេឬ? ដូច្នេះ តើអ្នកនេះបានសេចក្តីទាំងនេះពីណាមក?» គេក៏រវាតចិត្តនឹងព្រះអង្គ តែព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ហោរាមិនខ្វះការគោរពរាប់អានទេ លើកលែងតែនៅក្នុងស្រុកកំណើត ឬនៅក្នុងផ្ទះរបស់ខ្លួនប៉ុណ្ណោះ»។ ព្រះអង្គមិនបានធ្វើការអស្ចារ្យច្រើនទេនៅទីនោះ ព្រោះគេមិនជឿ។
ម៉ាថាយ 13:47-58 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«ព្រះរាជ្យនៃស្ថានបរមសុខប្រៀបបីដូចជាអួនមួយដែលគេរាយក្នុងសមុទ្រ ហើយជាប់ត្រីគ្រប់យ៉ាង។ ពេលជាប់ត្រីពេញហើយ គេអូសអួននោះឡើងមកលើគោក រួចអង្គុយរើសត្រីល្អៗដាក់ក្នុងកព្ឆោ រីឯត្រីមិនល្អវិញ គេបោះចោល។ នៅអវសានកាលនៃពិភពលោកក៏នឹងកើតមានដូច្នេះដែរ។ ពួកទេវតា*នាំគ្នាមកញែកមនុស្សទុច្ចរិតចេញពីចំណោមមនុស្សសុចរិត រួចបោះមនុស្សទុច្ចរិតទាំងនោះទៅក្នុងភ្លើង ដែលឆេះសន្ធោសន្ធៅ ហើយនៅទីនោះ មានតែសម្រែកយំសោកខឹងសង្កៀតធ្មេញ។ តើអ្នករាល់គ្នាយល់សេចក្ដីទាំងនេះឬទេ?» ពួកសិស្សទូលព្រះអង្គថា៖ «បាទ យល់!»។ ព្រះអង្គមានព្រះបន្ទូលទៅគេទៀតថា៖ «ហេតុនេះហើយបានជាពួកអាចារ្យ ដែលបានទទួលការអប់រំអំពីព្រះរាជ្យនៃស្ថានបរមសុខ* ប្រៀបបានទៅនឹងម្ចាស់ផ្ទះ ដែលយកទ្រព្យ ទាំងចាស់ទាំងថ្មីចេញពីឃ្លាំងរបស់គាត់ដូច្នោះដែរ»។ កាលព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នាទាំងនេះចប់សព្វគ្រប់ហើយ ព្រះអង្គក៏យាងចេញពីទីនោះ ត្រឡប់ទៅភូមិស្រុករបស់ព្រះអង្គវិញ។ ព្រះអង្គបង្រៀនអ្នកស្រុកនៅក្នុងសាលាប្រជុំ*របស់គេ ធ្វើឲ្យគេងឿងឆ្ងល់គ្រប់ៗគ្នា។ គេពោលថា៖ «តើគាត់បានទទួលប្រាជ្ញា និងឫទ្ធានុភាពធ្វើការអស្ចារ្យទាំងនេះមកពីណា?។ អ្នកនេះជាកូនរបស់ជាងឈើ ហើយម្ដាយរបស់គាត់ឈ្មោះនាងម៉ារី បងប្អូនគាត់ឈ្មោះយ៉ាកុប យ៉ូសែប ស៊ីម៉ូន យូដាស ទេតើ! ប្អូនស្រីរបស់គាត់ទាំងប៉ុន្មានរស់នៅក្នុងភូមិជាមួយយើងដែរ។ ដូច្នេះ គាត់ដឹងសេចក្ដីទាំងនេះពីណាមក?»។ ហេតុនេះហើយបានជាគេមិនអាចជឿព្រះអង្គ។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ធម្មតា គេមើលងាយព្យាការីតែក្នុងស្រុកកំណើត និងក្នុងផ្ទះរបស់លោកប៉ុណ្ណោះ!»។ នៅទីនោះ ព្រះយេស៊ូពុំបានធ្វើការអស្ចារ្យច្រើនឡើយ ព្រោះគេគ្មានជំនឿ។
ម៉ាថាយ 13:47-58 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មួយទៀត នគរស្ថានសួគ៌ក៏ប្រៀបដូចជាអួន ដែលគេទំលាក់ទៅក្នុងសមុទ្រ ជាប់បានត្រីគ្រប់មុខ កាលបានពេញហើយ នោះគេទាញឡើងមកលើគោក រួចអង្គុយជ្រើសរើសត្រីល្អៗ ដាក់ក្នុងកញ្ឆេទុក តែត្រីអាក្រក់ៗគេចាក់ចោលចេញ ដល់ទីបំផុតកល្ប នឹងបានដូចគ្នាដែរ គឺពួកទេវតានឹងចេញទៅញែកយកពួកទុច្ចរិតពីពួកសុចរិតចេញ ហើយនឹងបោះគេចោលទៅក្នុងគុកភ្លើង នៅទីនោះ គេនឹងយំ ហើយសង្កៀតធ្មេញ។ ព្រះយេស៊ូវទ្រង់មានបន្ទូលសួរដល់គេថា តើអ្នករាល់គ្នាយល់សេចក្ដីទាំងនេះឬទេ គេទូលឆ្លើយថា យើងខ្ញុំយល់ហើយ ព្រះអម្ចាស់ ទ្រង់ក៏មានបន្ទូលទៅទៀតថា ដូច្នេះ គ្រប់អស់ទាំងអាចារ្យណាដែលមានគេបង្ហាត់បង្រៀន ឲ្យធ្វើជាសិស្សនៃនគរស្ថានសួគ៌ នោះធៀបដូចជាថៅកែម្នាក់ ដែលបញ្ចេញរបស់ទាំងថ្មីទាំងចាស់ពីឃ្លាំងរបស់ខ្លួន។ កាលព្រះយេស៊ូវ ទ្រង់បានមានបន្ទូលពាក្យប្រៀបប្រដូចទាំងនេះស្រេចហើយ នោះទ្រង់ក៏យាងចេញពីទីនោះទៅ លុះទ្រង់ចូលមកក្នុងស្រុកទ្រង់វិញ នោះក៏បង្រៀនគេនៅក្នុងសាលាប្រជុំ ដល់ម៉្លេះបានជាគេនឹកប្លែកក្នុងចិត្ត ហើយនិយាយថា តើអ្នកនេះបានចំណេះ នឹងការឫទ្ធិបារមីទាំងនេះពីណាមក តើមិនមែនជាកូនរបស់ជាងឈើទេឬអី តើម្តាយមិនមែនឈ្មោះម៉ារា ហើយបងប្អូនឈ្មោះយ៉ាកុប យ៉ូសេ ស៊ីម៉ូន ហើយនឹងយូដាសទេឬអី ឯប្អូនស្រី តើមិននៅជាមួយនឹងយើងទេឬអី ដូច្នេះ តើបានសេចក្ដីទាំងនេះពីណាមក គេក៏រវាតចិត្តចេញពីទ្រង់ តែព្រះយេស៊ូវមានបន្ទូលទៅគេថា ហោរាមិនមែនឥតគេរាប់អានទេ លើកតែនៅក្នុងស្រុក ឬក្នុងផ្ទះរបស់ខ្លួនចេញ ទ្រង់មិនបានធ្វើការឫទ្ធិបារមីជាច្រើននៅទីនោះទេ ពីព្រោះគេមិនជឿ។