ម៉ាថាយ 13:47-52

ម៉ាថាយ 13:47-52 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

«មួយ​ទៀត ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​ប្រៀប​ដូច​ជា​សំណាញ់ ដែល​គេ​បង់​ទៅ​ក្នុង​សមុទ្រ ហើយ​ជាប់​បាន​ត្រី​គ្រប់​ប្រភេទ ពេល​ជាប់​ត្រី​ពេញ​ហើយ គេ​ក៏​ទាញ​សំណាញ់​ឡើង​មក​លើ​គោក ហើយ​អង្គុយ​រើស​យក​ត្រី​ល្អៗ​ដាក់​ក្នុង​កញ្ឆេ តែ​ត្រី​អាក្រក់ គេ​បោះ​ចោល។ នៅ​គ្រា​ចុង​បំផុត​ក៏​នឹង​កើត​មាន​ដូច្នោះ​ដែរ។ ពួក​ទេវតា​នឹង​ចេញ​មក ហើយ​ញែក​មនុស្ស​អាក្រក់​ចេញ​ពី​មនុស្ស​សុចរិត រួច​បោះ​មនុស្ស​អាក្រក់​ទាំង​នោះ​ចូល​ទៅ​ក្នុង​គុក​ភ្លើង នៅ​ទី​នោះ​នឹង​យំ ហើយ​សង្កៀត​ធ្មេញ»។ «តើ​អ្នក​រាល់​គ្នា​យល់​សេចក្តី​ទាំង​នេះ ហើយ​ឬ​នៅ?» គេ​ទូល​ឆ្លើយ​ថា៖ «យល់​ហើយ ព្រះ‌អម្ចាស់!» ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ទៀត​ថា៖ «ដូច្នេះ អស់​ទាំង​អាចារ្យ​ណា​ដែល​ទទួល​ការ​បង្ហាត់​បង្រៀន​សម្រាប់​ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌ ប្រៀប​ដូច​ជា​ម្ចាស់​ផ្ទះ​ដែល​បញ្ចេញ​ទ្រព្យ​របស់​ខ្លួន ទាំង​ថ្មី​ទាំង​ចាស់ ចេញ​ពី​ឃ្លាំង»។

ចែក​រំលែក
អាន ម៉ាថាយ 13

ម៉ាថាយ 13:47-52 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

«ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ​ប្រៀប​បី​ដូច​ជា​អួន​មួយ​ដែល​គេ​រាយ​ក្នុង​សមុទ្រ ហើយ​ជាប់​ត្រី​គ្រប់​យ៉ាង។ ពេល​ជាប់​ត្រី​ពេញ​ហើយ គេ​អូស​អួន​នោះ​ឡើង​មក​លើ​គោក រួច​អង្គុយ​រើស​ត្រី​ល្អៗ​ដាក់​ក្នុង​កព្ឆោ រីឯ​ត្រី​មិន​ល្អ​វិញ គេ​បោះ​ចោល។ នៅ​អវសាន‌កាល​នៃ​ពិភព​លោក​ក៏​នឹង​កើត​មាន​ដូច្នេះ​ដែរ។ ពួក​ទេវតា*​នាំ​គ្នា​មក​ញែក​មនុស្ស​ទុច្ចរិត​ចេញ​ពី​ចំណោម​មនុស្ស​សុចរិត រួច​បោះ​មនុស្ស​ទុច្ចរិត​ទាំង​នោះ​ទៅ​ក្នុង​ភ្លើង ដែល​ឆេះ​សន្ធោ‌សន្ធៅ ហើយ​នៅ​ទី​នោះ មាន​តែ​សម្រែក​យំ​សោក​ខឹង​សង្កៀត​ធ្មេញ។ តើ​អ្នក​រាល់​គ្នា​យល់​សេចក្ដី​ទាំង​នេះ​ឬ​ទេ?» ពួក​សិស្ស​ទូល​ព្រះអង្គ​ថា៖ «បាទ យល់!»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ទៀត​ថា៖ «ហេតុ​នេះ​ហើយ​បាន​ជា​ពួក​អាចារ្យ ដែល​បាន​ទទួល​ការ​អប់រំ​អំពី​ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ* ប្រៀប​បាន​ទៅ​នឹង​ម្ចាស់​ផ្ទះ ដែល​យក​ទ្រព្យ ទាំង​ចាស់​ទាំង​ថ្មី​ចេញ​ពី​ឃ្លាំង​របស់​គាត់​ដូច្នោះ​ដែរ»។

ចែក​រំលែក
អាន ម៉ាថាយ 13

ម៉ាថាយ 13:47-52 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

មួយ​ទៀត នគរ​ស្ថាន‌សួគ៌​ក៏​ប្រៀប​ដូច​ជា​អួន ដែល​គេ​ទំលាក់​ទៅ​ក្នុង​សមុទ្រ ជាប់​បាន​ត្រី​គ្រប់​មុខ កាល​បាន​ពេញ​ហើយ នោះ​គេ​ទាញ​ឡើង​មក​លើ​គោក រួច​អង្គុយ​ជ្រើស‌រើស​ត្រី​ល្អៗ ដាក់​ក្នុង​កញ្ឆេ​ទុក តែ​ត្រី​អាក្រក់ៗ​គេ​ចាក់​ចោល​ចេញ ដល់​ទី​បំផុត​កល្ប នឹង​បាន​ដូច​គ្នា​ដែរ គឺ​ពួក​ទេវតា​នឹង​ចេញ​ទៅ​ញែក​យក​ពួក​ទុច្ចរិត​ពី​ពួក​សុចរិត​ចេញ ហើយ​នឹង​បោះ​គេ​ចោល​ទៅ​ក្នុង​គុក​ភ្លើង នៅ​ទី​នោះ គេ​នឹង​យំ ហើយ​សង្កៀត​ធ្មេញ។ ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​សួរ​ដល់​គេ​ថា តើ​អ្នក​រាល់​គ្នា​យល់​សេចក្ដី​ទាំង​នេះ​ឬ​ទេ គេ​ទូល​ឆ្លើយ​ថា យើង​ខ្ញុំ​យល់​ហើយ ព្រះ‌អម្ចាស់ ទ្រង់​ក៏​មាន​បន្ទូល​ទៅ​ទៀត​ថា ដូច្នេះ គ្រប់​អស់​ទាំង​អាចារ្យ​ណា​ដែល​មាន​គេ​បង្ហាត់​បង្រៀន ឲ្យ​ធ្វើ​ជា​សិស្ស​នៃ​នគរ​ស្ថាន‌សួគ៌ នោះ​ធៀប​ដូច​ជា​ថៅកែ​ម្នាក់ ដែល​បញ្ចេញ​របស់​ទាំង​ថ្មី​ទាំង​ចាស់​ពី​ឃ្លាំង​របស់​ខ្លួន។

ចែក​រំលែក
អាន ម៉ាថាយ 13