ម៉ាថាយ 13:44-50
ម៉ាថាយ 13:44-50 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
«មួយទៀត ព្រះរាជ្យនៃស្ថានសួគ៌ប្រៀបដូចជាកំណប់ កប់ទុកក្នុងចម្ការដែលមនុស្សម្នាក់បានរកឃើញ ហើយកប់ទុកវិញ។ បន្ទាប់មក គាត់ទៅលក់ទ្រព្យសម្បត្តិទាំងប៉ុន្មាន ដែលគាត់មានដោយអំណរ ហើយទិញយកចម្ការនោះ។ មួយទៀត ព្រះរាជ្យនៃស្ថានសួគ៌ប្រៀបដូចជាឈ្មួញម្នាក់ កំពុងស្វែងរកកែវមុក្តា ល្អៗ កាលបានឃើញកែវមុក្ដាមួយគ្រាប់ដ៏មានតម្លៃលើសលុប គាត់ក៏ទៅលក់ទ្រព្យសម្បត្តិទាំងប៉ុន្មានដែលគាត់មាន ហើយទិញយកកែវមុក្តានោះ»។ «មួយទៀត ព្រះរាជ្យនៃស្ថានសួគ៌ប្រៀបដូចជាសំណាញ់ ដែលគេបង់ទៅក្នុងសមុទ្រ ហើយជាប់បានត្រីគ្រប់ប្រភេទ ពេលជាប់ត្រីពេញហើយ គេក៏ទាញសំណាញ់ឡើងមកលើគោក ហើយអង្គុយរើសយកត្រីល្អៗដាក់ក្នុងកញ្ឆេ តែត្រីអាក្រក់ គេបោះចោល។ នៅគ្រាចុងបំផុតក៏នឹងកើតមានដូច្នោះដែរ។ ពួកទេវតានឹងចេញមក ហើយញែកមនុស្សអាក្រក់ចេញពីមនុស្សសុចរិត រួចបោះមនុស្សអាក្រក់ទាំងនោះចូលទៅក្នុងគុកភ្លើង នៅទីនោះនឹងយំ ហើយសង្កៀតធ្មេញ»។
ម៉ាថាយ 13:44-50 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«ព្រះរាជ្យនៃស្ថានបរមសុខ*ប្រៀបបីដូចជាកំណប់ដែលគេកប់ទុកនៅក្នុងស្រែមួយ។ មានបុរសម្នាក់រកកំណប់នោះឃើញ ហើយកប់ទុកវិញ។ គាត់មានចិត្តត្រេកអរជាខ្លាំង ក៏ចេញទៅលក់ទ្រព្យសម្បត្តិទាំងប៉ុន្មានដែលគាត់មាន យកប្រាក់ទិញដីស្រែនោះ។ ម្យ៉ាងទៀត ព្រះរាជ្យនៃស្ថានបរមសុខប្រៀបបីដូចជាអ្នកជំនួញម្នាក់ ដែលស្វែងរកទិញពេជ្រល្អៗ។ កាលបានឃើញពេជ្រមួយគ្រាប់ដ៏មានតម្លៃលើសលុបហើយ គាត់ក៏ទៅលក់អ្វីៗទាំងប៉ុន្មានដែលគាត់មាន យកប្រាក់មកទិញពេជ្រនោះ»។ «ព្រះរាជ្យនៃស្ថានបរមសុខប្រៀបបីដូចជាអួនមួយដែលគេរាយក្នុងសមុទ្រ ហើយជាប់ត្រីគ្រប់យ៉ាង។ ពេលជាប់ត្រីពេញហើយ គេអូសអួននោះឡើងមកលើគោក រួចអង្គុយរើសត្រីល្អៗដាក់ក្នុងកព្ឆោ រីឯត្រីមិនល្អវិញ គេបោះចោល។ នៅអវសានកាលនៃពិភពលោកក៏នឹងកើតមានដូច្នេះដែរ។ ពួកទេវតា*នាំគ្នាមកញែកមនុស្សទុច្ចរិតចេញពីចំណោមមនុស្សសុចរិត រួចបោះមនុស្សទុច្ចរិតទាំងនោះទៅក្នុងភ្លើង ដែលឆេះសន្ធោសន្ធៅ ហើយនៅទីនោះ មានតែសម្រែកយំសោកខឹងសង្កៀតធ្មេញ។
ម៉ាថាយ 13:44-50 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មួយទៀត នគរស្ថានសួគ៌ក៏ប្រៀបដូចជាកំណប់កប់ទុកក្នុងចំការ ដែលកាលណាមនុស្សម្នាក់បានឃើញ នោះក៏លាក់ទុក រួចចេញទៅ លក់របស់ទ្រព្យខ្លួនទាំងអស់ដោយអំណរ ដើម្បីនឹងទិញចំការនោះ។ មួយទៀត នគរស្ថានសួគ៌ក៏ប្រៀបដូចជាអ្នកឈ្មួញម្នាក់ ដែលរកកែវមុក្តាយ៉ាងល្អ កាលណាបានឃើញ១ដែលមានដំឡៃណាស់ នោះគាត់ទៅលក់របស់ទ្រព្យទាំងអស់ មកទិញកែវមុក្តានោះ។ មួយទៀត នគរស្ថានសួគ៌ក៏ប្រៀបដូចជាអួន ដែលគេទំលាក់ទៅក្នុងសមុទ្រ ជាប់បានត្រីគ្រប់មុខ កាលបានពេញហើយ នោះគេទាញឡើងមកលើគោក រួចអង្គុយជ្រើសរើសត្រីល្អៗ ដាក់ក្នុងកញ្ឆេទុក តែត្រីអាក្រក់ៗគេចាក់ចោលចេញ ដល់ទីបំផុតកល្ប នឹងបានដូចគ្នាដែរ គឺពួកទេវតានឹងចេញទៅញែកយកពួកទុច្ចរិតពីពួកសុចរិតចេញ ហើយនឹងបោះគេចោលទៅក្នុងគុកភ្លើង នៅទីនោះ គេនឹងយំ ហើយសង្កៀតធ្មេញ។