ម៉ាថាយ 13:37-50
ម៉ាថាយ 13:37-50 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះអង្គមានព្រះបន្ទូលឆ្លើយថា៖ «អ្នកដែលព្រោះពូជល្អ គឺជាកូនមនុស្ស ស្រែ គឺពិភពលោក ហើយពូជល្អ គឺជាពួកកូនរបស់ព្រះរាជ្យ ឯស្រងែ គឺជាពួកកូនរបស់អាកំណាច សត្រូវដែលព្រោះស្រងែនោះ គឺជាអារក្ស ចម្រូត គឺជាគ្រាចុងបំផុត ហើយពួកអ្នកច្រូត គឺជាពួកទេវតា។ ដូច្នេះ គេច្រូតស្រងែ ហើយយកទៅដុតចោលក្នុងភ្លើងយ៉ាងណា នោះគ្រាចុងបំផុតក៏នឹងកើតមានយ៉ាងនោះដែរ។ កូនមនុស្សនឹងចាត់ពួកទេវតារបស់លោកមក ហើយទេវតាទាំងនោះនឹងប្រមូលអស់អ្នក ដែលនាំឲ្យប្រព្រឹត្តអំពើបាប និងអស់អ្នកដែលប្រព្រឹត្តអំពីទុច្ចរិត ចេញពីនគររបស់លោក ហើយពួកទេវតានឹងបោះអ្នកទាំងនោះទៅក្នុងគុកភ្លើង នៅទីនោះនឹងយំ ហើយសង្កៀតធ្មេញ។ ពេលនោះ មនុស្សសុចរិតនឹងភ្លឺដូចជាថ្ងៃ នៅក្នុងព្រះរាជ្យនៃព្រះវរបិតារបស់គេ។ អ្នកណាមានត្រចៀក ចូរស្តាប់ចុះ!» «មួយទៀត ព្រះរាជ្យនៃស្ថានសួគ៌ប្រៀបដូចជាកំណប់ កប់ទុកក្នុងចម្ការដែលមនុស្សម្នាក់បានរកឃើញ ហើយកប់ទុកវិញ។ បន្ទាប់មក គាត់ទៅលក់ទ្រព្យសម្បត្តិទាំងប៉ុន្មាន ដែលគាត់មានដោយអំណរ ហើយទិញយកចម្ការនោះ។ មួយទៀត ព្រះរាជ្យនៃស្ថានសួគ៌ប្រៀបដូចជាឈ្មួញម្នាក់ កំពុងស្វែងរកកែវមុក្តា ល្អៗ កាលបានឃើញកែវមុក្ដាមួយគ្រាប់ដ៏មានតម្លៃលើសលុប គាត់ក៏ទៅលក់ទ្រព្យសម្បត្តិទាំងប៉ុន្មានដែលគាត់មាន ហើយទិញយកកែវមុក្តានោះ»។ «មួយទៀត ព្រះរាជ្យនៃស្ថានសួគ៌ប្រៀបដូចជាសំណាញ់ ដែលគេបង់ទៅក្នុងសមុទ្រ ហើយជាប់បានត្រីគ្រប់ប្រភេទ ពេលជាប់ត្រីពេញហើយ គេក៏ទាញសំណាញ់ឡើងមកលើគោក ហើយអង្គុយរើសយកត្រីល្អៗដាក់ក្នុងកញ្ឆេ តែត្រីអាក្រក់ គេបោះចោល។ នៅគ្រាចុងបំផុតក៏នឹងកើតមានដូច្នោះដែរ។ ពួកទេវតានឹងចេញមក ហើយញែកមនុស្សអាក្រក់ចេញពីមនុស្សសុចរិត រួចបោះមនុស្សអាក្រក់ទាំងនោះចូលទៅក្នុងគុកភ្លើង នៅទីនោះនឹងយំ ហើយសង្កៀតធ្មេញ»។
ម៉ាថាយ 13:37-50 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអង្គមានព្រះបន្ទូលតបទៅគេវិញថា៖ «អ្នកព្រោះគ្រាប់ពូជល្អគឺបុត្រមនុស្ស* ស្រែគឺពិភពលោក គ្រាប់ពូជល្អគឺអ្នកដែលត្រូវចូលទៅក្នុងព្រះរាជ្យ រីឯស្រងែវិញគឺកូនចៅរបស់មារ*កំណាច។ សត្រូវដែលសាបព្រោះស្រងែគឺមារ រដូវចម្រូតគឺអវសានកាលនៃពិភពលោក ហើយអ្នកច្រូតគឺទេវតា*។ គេច្រូតស្រងែយកទៅដុតក្នុងភ្លើងយ៉ាងណា នៅអវសានកាលនៃពិភពលោក ក៏នឹងកើតមានយ៉ាងនោះដែរ។ បុត្រមនុស្សនឹងចាត់ទេវតារបស់លោកឲ្យមក។ ទេវតាទាំងនោះនឹងប្រមូលពួកអ្នកដែលនាំគេឲ្យប្រព្រឹត្តអំពើបាប និងពួកអ្នកដែលបានប្រព្រឹត្តអំពើទុច្ចរិតយកចេញពីព្រះរាជ្យ បោះទៅក្នុងភ្លើងដែលឆេះសន្ធោសន្ធៅ ហើយនៅទីនោះមានតែសម្រែកយំសោក ខឹងសង្កៀតធ្មេញ។ រីឯអ្នកសុចរិត*វិញ គេនឹងស្ថិតនៅក្នុងព្រះរាជ្យនៃព្រះបិតារបស់គេ ទាំងបញ្ចេញរស្មីភ្លឺដូចព្រះអាទិត្យ។ អ្នកណាឮពាក្យនេះ សូមយកទៅពិចារណាចុះ!»។ «ព្រះរាជ្យនៃស្ថានបរមសុខ*ប្រៀបបីដូចជាកំណប់ដែលគេកប់ទុកនៅក្នុងស្រែមួយ។ មានបុរសម្នាក់រកកំណប់នោះឃើញ ហើយកប់ទុកវិញ។ គាត់មានចិត្តត្រេកអរជាខ្លាំង ក៏ចេញទៅលក់ទ្រព្យសម្បត្តិទាំងប៉ុន្មានដែលគាត់មាន យកប្រាក់ទិញដីស្រែនោះ។ ម្យ៉ាងទៀត ព្រះរាជ្យនៃស្ថានបរមសុខប្រៀបបីដូចជាអ្នកជំនួញម្នាក់ ដែលស្វែងរកទិញពេជ្រល្អៗ។ កាលបានឃើញពេជ្រមួយគ្រាប់ដ៏មានតម្លៃលើសលុបហើយ គាត់ក៏ទៅលក់អ្វីៗទាំងប៉ុន្មានដែលគាត់មាន យកប្រាក់មកទិញពេជ្រនោះ»។ «ព្រះរាជ្យនៃស្ថានបរមសុខប្រៀបបីដូចជាអួនមួយដែលគេរាយក្នុងសមុទ្រ ហើយជាប់ត្រីគ្រប់យ៉ាង។ ពេលជាប់ត្រីពេញហើយ គេអូសអួននោះឡើងមកលើគោក រួចអង្គុយរើសត្រីល្អៗដាក់ក្នុងកព្ឆោ រីឯត្រីមិនល្អវិញ គេបោះចោល។ នៅអវសានកាលនៃពិភពលោកក៏នឹងកើតមានដូច្នេះដែរ។ ពួកទេវតា*នាំគ្នាមកញែកមនុស្សទុច្ចរិតចេញពីចំណោមមនុស្សសុចរិត រួចបោះមនុស្សទុច្ចរិតទាំងនោះទៅក្នុងភ្លើង ដែលឆេះសន្ធោសន្ធៅ ហើយនៅទីនោះ មានតែសម្រែកយំសោកខឹងសង្កៀតធ្មេញ។
ម៉ាថាយ 13:37-50 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទ្រង់មានបន្ទូលឆ្លើយថា អ្នកដែលព្រោះពូជល្អ នោះគឺជាកូនមនុស្ស ចំណែកស្រែ នោះគឺជាតួលោកីយ ឯពូជល្អ គឺអស់ទាំងមនុស្សរបស់នគរស្ថានសួគ៌ ហើយស្រងែ គឺជាអស់ទាំងមនុស្សរបស់អាកំណាចវិញ ខ្មាំងសត្រូវដែលប្លមព្រោះស្រងែ នោះគឺជាអារក្ស ចំរូត គឺជាបំផុតកល្ប ហើយពួកច្រូតនោះ គឺជាពួកទេវតា ដូច្នេះ ដែលគេច្រូតស្រងែដុតបន្សុសក្នុងភ្លើងជាយ៉ាងណា នោះដល់បំផុតកល្បក៏នឹងបានដូច្នោះដែរ គឺកូនមនុស្សនឹងចាត់ពួកទេវតា ទៅច្រូតយកអស់ទាំងក្បួន ដែលនាំឲ្យមនុស្សរវាតចិត្ត នឹងពួកអ្នកដែលប្រព្រឹត្តទទឹងច្បាប់ ពីនគរចេញ ហើយនឹងបោះគេចោលទៅក្នុងគុកភ្លើង នៅទីនោះគេនឹងយំ ហើយសង្កៀតធ្មេញ គ្រានោះ ពួកសុចរិតនឹងភ្លឺដូចជាថ្ងៃ នៅក្នុងនគររបស់ព្រះវរបិតានៃគេ អ្នកណាដែលមានត្រចៀកសំរាប់ស្តាប់ ឲ្យស្តាប់ចុះ។ មួយទៀត នគរស្ថានសួគ៌ក៏ប្រៀបដូចជាកំណប់កប់ទុកក្នុងចំការ ដែលកាលណាមនុស្សម្នាក់បានឃើញ នោះក៏លាក់ទុក រួចចេញទៅ លក់របស់ទ្រព្យខ្លួនទាំងអស់ដោយអំណរ ដើម្បីនឹងទិញចំការនោះ។ មួយទៀត នគរស្ថានសួគ៌ក៏ប្រៀបដូចជាអ្នកឈ្មួញម្នាក់ ដែលរកកែវមុក្តាយ៉ាងល្អ កាលណាបានឃើញ១ដែលមានដំឡៃណាស់ នោះគាត់ទៅលក់របស់ទ្រព្យទាំងអស់ មកទិញកែវមុក្តានោះ។ មួយទៀត នគរស្ថានសួគ៌ក៏ប្រៀបដូចជាអួន ដែលគេទំលាក់ទៅក្នុងសមុទ្រ ជាប់បានត្រីគ្រប់មុខ កាលបានពេញហើយ នោះគេទាញឡើងមកលើគោក រួចអង្គុយជ្រើសរើសត្រីល្អៗ ដាក់ក្នុងកញ្ឆេទុក តែត្រីអាក្រក់ៗគេចាក់ចោលចេញ ដល់ទីបំផុតកល្ប នឹងបានដូចគ្នាដែរ គឺពួកទេវតានឹងចេញទៅញែកយកពួកទុច្ចរិតពីពួកសុចរិតចេញ ហើយនឹងបោះគេចោលទៅក្នុងគុកភ្លើង នៅទីនោះ គេនឹងយំ ហើយសង្កៀតធ្មេញ។