ម៉ាថាយ 13:37-43
ម៉ាថាយ 13:37-43 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះអង្គមានព្រះបន្ទូលឆ្លើយថា៖ «អ្នកដែលព្រោះពូជល្អ គឺជាកូនមនុស្ស ស្រែ គឺពិភពលោក ហើយពូជល្អ គឺជាពួកកូនរបស់ព្រះរាជ្យ ឯស្រងែ គឺជាពួកកូនរបស់អាកំណាច សត្រូវដែលព្រោះស្រងែនោះ គឺជាអារក្ស ចម្រូត គឺជាគ្រាចុងបំផុត ហើយពួកអ្នកច្រូត គឺជាពួកទេវតា។ ដូច្នេះ គេច្រូតស្រងែ ហើយយកទៅដុតចោលក្នុងភ្លើងយ៉ាងណា នោះគ្រាចុងបំផុតក៏នឹងកើតមានយ៉ាងនោះដែរ។ កូនមនុស្សនឹងចាត់ពួកទេវតារបស់លោកមក ហើយទេវតាទាំងនោះនឹងប្រមូលអស់អ្នក ដែលនាំឲ្យប្រព្រឹត្តអំពើបាប និងអស់អ្នកដែលប្រព្រឹត្តអំពីទុច្ចរិត ចេញពីនគររបស់លោក ហើយពួកទេវតានឹងបោះអ្នកទាំងនោះទៅក្នុងគុកភ្លើង នៅទីនោះនឹងយំ ហើយសង្កៀតធ្មេញ។ ពេលនោះ មនុស្សសុចរិតនឹងភ្លឺដូចជាថ្ងៃ នៅក្នុងព្រះរាជ្យនៃព្រះវរបិតារបស់គេ។ អ្នកណាមានត្រចៀក ចូរស្តាប់ចុះ!»
ម៉ាថាយ 13:37-43 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអង្គមានព្រះបន្ទូលតបទៅគេវិញថា៖ «អ្នកព្រោះគ្រាប់ពូជល្អគឺបុត្រមនុស្ស* ស្រែគឺពិភពលោក គ្រាប់ពូជល្អគឺអ្នកដែលត្រូវចូលទៅក្នុងព្រះរាជ្យ រីឯស្រងែវិញគឺកូនចៅរបស់មារ*កំណាច។ សត្រូវដែលសាបព្រោះស្រងែគឺមារ រដូវចម្រូតគឺអវសានកាលនៃពិភពលោក ហើយអ្នកច្រូតគឺទេវតា*។ គេច្រូតស្រងែយកទៅដុតក្នុងភ្លើងយ៉ាងណា នៅអវសានកាលនៃពិភពលោក ក៏នឹងកើតមានយ៉ាងនោះដែរ។ បុត្រមនុស្សនឹងចាត់ទេវតារបស់លោកឲ្យមក។ ទេវតាទាំងនោះនឹងប្រមូលពួកអ្នកដែលនាំគេឲ្យប្រព្រឹត្តអំពើបាប និងពួកអ្នកដែលបានប្រព្រឹត្តអំពើទុច្ចរិតយកចេញពីព្រះរាជ្យ បោះទៅក្នុងភ្លើងដែលឆេះសន្ធោសន្ធៅ ហើយនៅទីនោះមានតែសម្រែកយំសោក ខឹងសង្កៀតធ្មេញ។ រីឯអ្នកសុចរិត*វិញ គេនឹងស្ថិតនៅក្នុងព្រះរាជ្យនៃព្រះបិតារបស់គេ ទាំងបញ្ចេញរស្មីភ្លឺដូចព្រះអាទិត្យ។ អ្នកណាឮពាក្យនេះ សូមយកទៅពិចារណាចុះ!»។
ម៉ាថាយ 13:37-43 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទ្រង់មានបន្ទូលឆ្លើយថា អ្នកដែលព្រោះពូជល្អ នោះគឺជាកូនមនុស្ស ចំណែកស្រែ នោះគឺជាតួលោកីយ ឯពូជល្អ គឺអស់ទាំងមនុស្សរបស់នគរស្ថានសួគ៌ ហើយស្រងែ គឺជាអស់ទាំងមនុស្សរបស់អាកំណាចវិញ ខ្មាំងសត្រូវដែលប្លមព្រោះស្រងែ នោះគឺជាអារក្ស ចំរូត គឺជាបំផុតកល្ប ហើយពួកច្រូតនោះ គឺជាពួកទេវតា ដូច្នេះ ដែលគេច្រូតស្រងែដុតបន្សុសក្នុងភ្លើងជាយ៉ាងណា នោះដល់បំផុតកល្បក៏នឹងបានដូច្នោះដែរ គឺកូនមនុស្សនឹងចាត់ពួកទេវតា ទៅច្រូតយកអស់ទាំងក្បួន ដែលនាំឲ្យមនុស្សរវាតចិត្ត នឹងពួកអ្នកដែលប្រព្រឹត្តទទឹងច្បាប់ ពីនគរចេញ ហើយនឹងបោះគេចោលទៅក្នុងគុកភ្លើង នៅទីនោះគេនឹងយំ ហើយសង្កៀតធ្មេញ គ្រានោះ ពួកសុចរិតនឹងភ្លឺដូចជាថ្ងៃ នៅក្នុងនគររបស់ព្រះវរបិតានៃគេ អ្នកណាដែលមានត្រចៀកសំរាប់ស្តាប់ ឲ្យស្តាប់ចុះ។