ម៉ាថាយ 13:33-45

ម៉ាថាយ 13:33-45 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ជា​រឿង​ប្រៀប​ធៀប​មួយ​ទៀត​ទៅ​គេ​ថា៖ «ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​ប្រៀប​ដូច​ជា​ដំបែ ដែល​ស្ត្រី​ម្នាក់​យក​ទៅ​លាយ​នឹង​ម្សៅ​បី​រង្វាល់ រហូត​ដល់​ម្សៅ​ទាំង​អស់​ដោរ​ឡើង»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​សេចក្តី​ទាំង​នេះ ទៅ​កាន់​មហា‌ជន​ជា​រឿង​ប្រៀប​ធៀប ទ្រង់​មិន​បាន​មាន​ព្រះ‌បន្ទូល​ទៅ​គេ ក្រៅ​ពី​រឿង​ប្រៀប​ធៀប​ឡើយ។ ការ​នេះ​ត្រូវ​តែ​បាន​សម្រេច​តាម​សេចក្តី​ដែល​បាន​ថ្លែង​ទុក​មក តាម​រយៈ​ហោរា​ថា៖ «យើង​នឹង​បើក​មាត់​និយាយ​ជា​រឿង​ប្រៀប​ធៀប យើង​នឹង​ប្រកាស​សេចក្ដី​ដែល​លាក់​ទុក តាំង​ពី​ដើម​កំណើត​ពិភព​លោក​មក» ។ បន្ទាប់​មក ព្រះ‌អង្គ​ក៏​យាង​ចេញ​ពី​មហា‌ជន ហើយ​ចូល​ទៅ​ក្នុង​ផ្ទះ។ ពួក​សិស្ស​របស់​ព្រះ‌អង្គ​បាន​ចូល​មក​ជិត​ព្រះ‌អង្គ​ទូល​ថា៖ «សូម​ពន្យល់​រឿង​ប្រៀប​ធៀប​អំពី​ស្រងែ​ក្នុង​ស្រែ​ប្រាប់​យើង​ខ្ញុំ​ផង»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «អ្នក​ដែល​ព្រោះ​ពូជ​ល្អ គឺ​ជា​កូន​មនុស្ស ស្រែ គឺ​ពិភព​លោក ហើយ​ពូជ​ល្អ គឺ​ជា​ពួក​កូន​របស់​ព្រះរាជ្យ ឯ​ស្រងែ គឺ​ជា​ពួក​កូន​របស់​អា​កំណាច សត្រូវ​ដែល​ព្រោះ​ស្រងែ​នោះ គឺ​ជា​អារក្ស ចម្រូត គឺ​ជា​គ្រា​ចុង​បំផុត ហើយ​ពួក​អ្នក​ច្រូត គឺ​ជា​ពួក​ទេវតា។ ដូច្នេះ គេ​ច្រូត​ស្រងែ ហើយ​យក​ទៅ​ដុត​ចោល​ក្នុង​ភ្លើង​យ៉ាង​ណា នោះ​គ្រា​ចុង​បំផុត​ក៏​នឹង​កើត​មាន​យ៉ាង​នោះ​ដែរ។ កូន​មនុស្ស​នឹង​ចាត់​ពួក​ទេវតា​របស់​លោក​មក ហើយ​ទេវតា​ទាំង​នោះ​នឹង​ប្រមូល​អស់​អ្នក ដែល​នាំ​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប និង​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពី​ទុច្ចរិត ចេញ​ពី​នគរ​របស់​លោក ហើយ​ពួក​ទេវតា​នឹង​បោះ​អ្នក​ទាំង​នោះ​ទៅ​ក្នុង​គុក​ភ្លើង នៅ​ទី​នោះ​នឹង​យំ ហើយ​សង្កៀត​ធ្មេញ។ ពេល​នោះ មនុស្ស​សុចរិត​នឹង​ភ្លឺ​ដូច​ជា​ថ្ងៃ នៅ​ក្នុង​ព្រះរាជ្យ​នៃ​ព្រះ‌វរបិតា​របស់​គេ។ អ្នក​ណា​មាន​ត្រចៀក ចូរ​ស្តាប់​ចុះ!» «មួយ​ទៀត ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​ប្រៀប​ដូច​ជា​កំណប់ កប់​ទុក​ក្នុង​ចម្ការ​ដែល​មនុស្ស​ម្នាក់​បាន​រក​ឃើញ ហើយ​កប់​ទុក​វិញ។ បន្ទាប់​មក គាត់​ទៅ​លក់​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន ដែល​គាត់​មាន​ដោយ​អំណរ ហើយ​ទិញ​យក​ចម្ការ​នោះ។ មួយ​ទៀត ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​ប្រៀប​ដូច​ជា​ឈ្មួញ​ម្នាក់ កំពុង​ស្វែង​រក​កែវ​មុក្តា ល្អៗ

ចែក​រំលែក
អាន ម៉ាថាយ 13

ម៉ាថាយ 13:33-45 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ជា​ពាក្យ​ប្រស្នា​មួយ​ទៀត​ថា៖ «ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ​ប្រៀប​បី​ដូច​ជា​មេ​នំប៉័ង ដែល​ស្ត្រី​ម្នាក់​យក​ទៅ​លាយ​នឹង​ម្សៅ​ពីរ​តៅ ធ្វើ​ឲ្យ​ម្សៅ​នោះ​ដោរ​ឡើង»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​អំពី​សេចក្ដី​ទាំង​នេះ​ទៅ​កាន់​មហា‌ជន ជា​ពាក្យ​ប្រស្នា​ទាំង​អស់ គឺ​ព្រះអង្គ​មិន​ដែល​មាន​ព្រះ‌បន្ទូល​ទៅ​គេ ដោយ​ឥត​ប្រើ​ពាក្យ​ប្រស្នា​ឡើយ ដើម្បី​ឲ្យ​ស្រប​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុក​តាម​រយៈ​ពួក​ព្យាការី*​ថា៖ «យើង​នឹង​និយាយ​ទៅ​គេ​ជា​ពាក្យ​ប្រស្នា យើង​នឹង​ប្រកាស​សេចក្ដី​លាក់​កំបាំង តាំង​ពី​ដើម​កំណើត​ពិភព​លោក​មក ឲ្យ​គេ​ដឹង» ។ ពេល​នោះ ព្រះ‌យេស៊ូ​យាង​ចេញ​ពី​មហា‌ជន​ចូល​ទៅ​ក្នុង​ផ្ទះ។ ពួក​សិស្ស*​នាំ​គ្នា​ចូល​មក​គាល់​ព្រះអង្គ ទូល​ថា៖ «សូម​ព្រះ‌គ្រូ​បក​ស្រាយ​ប្រស្នា​អំពី​ស្រងែ​ក្នុង​ស្រែ ឲ្យ​យើង​ខ្ញុំ​បាន​យល់​អត្ថ‌ន័យ​ផង»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​វិញ​ថា៖ «អ្នក​ព្រោះ​គ្រាប់​ពូជ​ល្អ​គឺ​បុត្រ​មនុស្ស* ស្រែ​គឺ​ពិភព​លោក គ្រាប់​ពូជ​ល្អ​គឺ​អ្នក​ដែល​ត្រូវ​ចូល​ទៅ​ក្នុង​ព្រះ‌រាជ្យ រីឯ​ស្រងែ​វិញ​គឺ​កូន​ចៅ​របស់​មារ*​កំណាច។ សត្រូវ​ដែល​សាប​ព្រោះ​ស្រងែ​គឺ​មារ រដូវ​ចម្រូត​គឺ​អវសាន‌កាល​នៃ​ពិភព​លោក ហើយ​អ្នក​ច្រូត​គឺ​ទេវតា*។ គេ​ច្រូត​ស្រងែ​យក​ទៅ​ដុត​ក្នុង​ភ្លើង​យ៉ាង​ណា នៅ​អវសាន​កាល​នៃ​ពិភព​លោក ក៏​នឹង​កើត​មាន​យ៉ាង​នោះ​ដែរ។ បុត្រ​មនុស្ស​នឹង​ចាត់​ទេវតា​របស់​លោក​ឲ្យ​មក។ ទេវតា​ទាំង​នោះ​នឹង​ប្រមូល​ពួក​អ្នក​ដែល​នាំ​គេ​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប និង​ពួក​អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​យក​ចេញ​ពី​ព្រះ‌រាជ្យ បោះ​ទៅ​ក្នុង​ភ្លើង​ដែល​ឆេះ​សន្ធោ‌សន្ធៅ ហើយ​នៅ​ទី​នោះ​មាន​តែ​សម្រែក​យំ​សោក ខឹង​សង្កៀត​ធ្មេញ។ រីឯ​អ្នក​សុចរិត*​វិញ គេ​នឹង​ស្ថិត​នៅ​ក្នុង​ព្រះ‌រាជ្យ​នៃ​ព្រះ‌បិតា​របស់​គេ ទាំង​បញ្ចេញ​រស្មី​ភ្លឺ​ដូច​ព្រះ‌អាទិត្យ។ អ្នក​ណា​ឮ​ពាក្យ​នេះ សូម​យក​ទៅ​ពិចារណា​ចុះ!»។ «ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ*​ប្រៀប​បី​ដូច​ជា​កំណប់​ដែល​គេ​កប់​ទុក​នៅ​ក្នុង​ស្រែ​មួយ។ មាន​បុរស​ម្នាក់​រក​កំណប់​នោះ​ឃើញ ហើយ​កប់​ទុក​វិញ។ គាត់​មាន​ចិត្ត​ត្រេក​អរ​ជា​ខ្លាំង ក៏​ចេញ​ទៅ​លក់​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​គាត់​មាន យក​ប្រាក់​ទិញ​ដី​ស្រែ​នោះ។ ម្យ៉ាង​ទៀត ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ​ប្រៀប​បី​ដូច​ជា​អ្នក​ជំនួញ​ម្នាក់ ដែល​ស្វែង​រក​ទិញ​ពេជ្រល្អៗ។

ចែក​រំលែក
អាន ម៉ាថាយ 13

ម៉ាថាយ 13:33-45 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ទ្រង់​មាន​បន្ទូល ពាក្យ​ប្រៀប​ប្រដូច​នេះ ឲ្យ​គេ​ទៀត​ថា នគរ​ស្ថាន‌សួគ៌​ប្រៀប​ដូច​ជា​ដំបែ ដែល​ស្ត្រី​ម្នាក់ បាន​យក​មក​លាយ​នឹង​ម្សៅ​៣​រង្វាល់ ទាល់​តែ​ម្សៅ​នោះ​បាន​ដោរ​ឡើង​គ្រប់​ទាំង​អស់។ ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​សេចក្ដី​ទាំង​នេះ ដោយ​ពាក្យ​ប្រៀប​ធៀប​ដល់​ហ្វូង​មនុស្ស ទ្រង់​មិន​បាន​មាន​បន្ទូល​នឹង​គេ ឥត​ពាក្យ​ប្រៀប​ធៀប​ទេ ដើម្បី​ឲ្យ​បាន​សំរេច​តាម​ទំនាយ​ដែល​ហោរា​បាន​ទាយ​ទុក​មក​ថា «អញ​នឹង​បើក​មាត់​និយាយ ជា​ពាក្យ​ប្រៀប​ប្រដូច អញ​នឹង​សំដែង​ពី​ការ​ដែល​លាក់​កំបាំង តាំង​ពី​កំណើត​លោកីយ​មក»។ នោះ​ទ្រង់​ក៏​ឲ្យ​ហ្វូង​មនុស្ស​ទៅ​វិញ រួច​យាង​ចូល​ទៅ​ក្នុង​ផ្ទះ ឯ​ពួក​សិស្ស​មក​ទូល​ទ្រង់​ថា សូម​អធិប្បាយ​ឲ្យ​យើង​ខ្ញុំ​យល់​ន័យ​ពាក្យ​ប្រៀប ពី​ស្មៅ​ស្រងែ​នៅ​ស្រែ​ផង ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា អ្នក​ដែល​ព្រោះ​ពូជ​ល្អ នោះ​គឺ​ជា​កូន​មនុស្ស ចំណែក​ស្រែ នោះ​គឺ​ជា​តួ​លោកីយ ឯ​ពូជ​ល្អ គឺ​អស់​ទាំង​មនុស្ស​របស់​នគរ​ស្ថាន‌សួគ៌ ហើយ​ស្រងែ គឺ​ជា​អស់​ទាំង​មនុស្ស​របស់​អា​កំណាច​វិញ ខ្មាំង​សត្រូវ​ដែល​ប្លម​ព្រោះ​ស្រងែ នោះ​គឺ​ជា​អារក្ស ចំរូត គឺ​ជា​បំផុត​កល្ប ហើយ​ពួក​ច្រូត​នោះ គឺ​ជា​ពួក​ទេវតា ដូច្នេះ ដែល​គេ​ច្រូត​ស្រងែ​ដុត​បន្សុស​ក្នុង​ភ្លើង​ជា​យ៉ាង​ណា នោះ​ដល់​បំផុត​កល្ប​ក៏​នឹង​បាន​ដូច្នោះ​ដែរ គឺ​កូន​មនុស្ស​នឹង​ចាត់​ពួក​ទេវតា ទៅ​ច្រូត​យក​អស់​ទាំង​ក្បួន ដែល​នាំ​ឲ្យ​មនុស្ស​រវាត​ចិត្ត នឹង​ពួក​អ្នក​ដែល​ប្រព្រឹត្ត​ទទឹង​ច្បាប់ ពី​នគរ​ចេញ ហើយ​នឹង​បោះ​គេ​ចោល​ទៅ​ក្នុង​គុក​ភ្លើង នៅ​ទី​នោះ​គេ​នឹង​យំ ហើយ​សង្កៀត​ធ្មេញ គ្រា​នោះ ពួក​សុចរិត​នឹង​ភ្លឺ​ដូច​ជា​ថ្ងៃ នៅ​ក្នុង​នគរ​របស់​ព្រះវរ‌បិតា​នៃ​គេ អ្នក​ណា​ដែល​មាន​ត្រចៀក​សំរាប់​ស្តាប់ ឲ្យ​ស្តាប់​ចុះ។ មួយ​ទៀត នគរ​ស្ថាន‌សួគ៌​ក៏​ប្រៀប​ដូច​ជា​កំណប់​កប់​ទុក​ក្នុង​ចំការ ដែល​កាល​ណា​មនុស្ស​ម្នាក់​បាន​ឃើញ នោះ​ក៏​លាក់​ទុក រួច​ចេញ​ទៅ លក់​របស់​ទ្រព្យ​ខ្លួន​ទាំង​អស់​ដោយ​អំណរ ដើម្បី​នឹង​ទិញ​ចំការ​នោះ។ មួយ​ទៀត នគរ​ស្ថាន‌សួគ៌​ក៏​ប្រៀប​ដូច​ជា​អ្នក​ឈ្មួញ​ម្នាក់ ដែល​រក​កែវ‌មុក្តា​យ៉ាង​ល្អ

ចែក​រំលែក
អាន ម៉ាថាយ 13