ម៉ាថាយ 13:31-35

ម៉ាថាយ 13:31-35 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ ជា​រឿង​ប្រៀប​ធៀប​មួយ​ទៀត​ថា៖ «ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​ប្រៀប​ដូច​ជា​គ្រាប់​ពូជ​ម៉្យាង​ដ៏​ល្អិត​ដែល​មនុស្ស​ម្នាក់​បាន​យក​ទៅ​ព្រោះ​ក្នុង​ចម្ការ​របស់​ខ្លួន គ្រាប់​ពូជ​នេះ​តូច​ជាង​គ្រាប់​ពូជ​ទាំង​អស់ ប៉ុន្តែ ពេល​ដុះ​ឡើង វា​ធំ​ជាង​រុក្ខជាតិ​ណា​ទាំង​អស់ រួច​ក្លាយ​ជា​ដើម​ឈើ​មួយ​ដើម ហើយ​សត្វ​ហើរ​លើ​អាកាស​មក​ធ្វើ​សម្បុក​នៅ​តាម​មែក​របស់​វា»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ជា​រឿង​ប្រៀប​ធៀប​មួយ​ទៀត​ទៅ​គេ​ថា៖ «ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​ប្រៀប​ដូច​ជា​ដំបែ ដែល​ស្ត្រី​ម្នាក់​យក​ទៅ​លាយ​នឹង​ម្សៅ​បី​រង្វាល់ រហូត​ដល់​ម្សៅ​ទាំង​អស់​ដោរ​ឡើង»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​សេចក្តី​ទាំង​នេះ ទៅ​កាន់​មហា‌ជន​ជា​រឿង​ប្រៀប​ធៀប ទ្រង់​មិន​បាន​មាន​ព្រះ‌បន្ទូល​ទៅ​គេ ក្រៅ​ពី​រឿង​ប្រៀប​ធៀប​ឡើយ។ ការ​នេះ​ត្រូវ​តែ​បាន​សម្រេច​តាម​សេចក្តី​ដែល​បាន​ថ្លែង​ទុក​មក តាម​រយៈ​ហោរា​ថា៖ «យើង​នឹង​បើក​មាត់​និយាយ​ជា​រឿង​ប្រៀប​ធៀប យើង​នឹង​ប្រកាស​សេចក្ដី​ដែល​លាក់​ទុក តាំង​ពី​ដើម​កំណើត​ពិភព​លោក​មក» ។

ចែក​រំលែក
អាន ម៉ាថាយ 13

ម៉ាថាយ 13:31-35 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ជា​ពាក្យ​ប្រស្នា​មួយ​ទៀត​ទៅ​គេ​ថា៖ «ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ​ប្រៀប​បី​ដូច​ជា​គ្រាប់​ពូជ​ម្យ៉ាង​ដ៏​ល្អិត ដែល​បុរស​ម្នាក់​យក​ទៅ​ដាំ​ក្នុង​ចម្ការ​របស់​ខ្លួន។ គ្រាប់​ពូជ​នោះ​តូច​ជាង​គ្រាប់​ពូជ​ទាំង​អស់ ប៉ុន្តែ ពេល​ដុះ​ឡើង វា​ធំ​ជាង​ដំណាំ​ឯ​ទៀតៗ គឺ​ទៅ​ជា​ដើម​ឈើ​មួយ​យ៉ាង​ធំ ហើយ​បក្សា‌បក្សី​មក​ធ្វើ​សំបុក​ស្នាក់​អាស្រ័យ​នៅ​តាម​មែក​របស់​វា»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ជា​ពាក្យ​ប្រស្នា​មួយ​ទៀត​ថា៖ «ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ​ប្រៀប​បី​ដូច​ជា​មេ​នំប៉័ង ដែល​ស្ត្រី​ម្នាក់​យក​ទៅ​លាយ​នឹង​ម្សៅ​ពីរ​តៅ ធ្វើ​ឲ្យ​ម្សៅ​នោះ​ដោរ​ឡើង»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​អំពី​សេចក្ដី​ទាំង​នេះ​ទៅ​កាន់​មហា‌ជន ជា​ពាក្យ​ប្រស្នា​ទាំង​អស់ គឺ​ព្រះអង្គ​មិន​ដែល​មាន​ព្រះ‌បន្ទូល​ទៅ​គេ ដោយ​ឥត​ប្រើ​ពាក្យ​ប្រស្នា​ឡើយ ដើម្បី​ឲ្យ​ស្រប​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុក​តាម​រយៈ​ពួក​ព្យាការី*​ថា៖ «យើង​នឹង​និយាយ​ទៅ​គេ​ជា​ពាក្យ​ប្រស្នា យើង​នឹង​ប្រកាស​សេចក្ដី​លាក់​កំបាំង តាំង​ពី​ដើម​កំណើត​ពិភព​លោក​មក ឲ្យ​គេ​ដឹង» ។

ចែក​រំលែក
អាន ម៉ាថាយ 13

ម៉ាថាយ 13:31-35 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ទ្រង់​មាន​បន្ទូល ជា​ពាក្យ​ប្រៀប​ប្រដូច​១​ទៀត​ថា នគរ​ស្ថាន‌សួគ៌​ប្រៀប​ដូច​គ្រាប់​ពូជ​ម្យ៉ាង ដែល​មនុស្ស​ម្នាក់​បាន​យក​ទៅ​ព្រោះ​ក្នុង​ចំការ​ខ្លួន គ្រាប់​នេះ​ល្អិត​ជាង​គ្រាប់​ពូជ​ទាំង​អស់​ពិត​មែន តែ​កាល​ណា​បាន​ដុះ​ឡើង នោះ​ក៏​ធំ​ជាង​តិណ‌ជាតិ​ទាំង​អស់ ហើយ​ក៏​ត្រឡប់​ជា​ដើម​ធំ ដល់​ម៉្លេះ​បាន​ជា​សត្វ​ហើរ​លើ​អាកាស មក​ទំ​នៅ​លើ​មែក​ផង។ ទ្រង់​មាន​បន្ទូល ពាក្យ​ប្រៀប​ប្រដូច​នេះ ឲ្យ​គេ​ទៀត​ថា នគរ​ស្ថាន‌សួគ៌​ប្រៀប​ដូច​ជា​ដំបែ ដែល​ស្ត្រី​ម្នាក់ បាន​យក​មក​លាយ​នឹង​ម្សៅ​៣​រង្វាល់ ទាល់​តែ​ម្សៅ​នោះ​បាន​ដោរ​ឡើង​គ្រប់​ទាំង​អស់។ ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​សេចក្ដី​ទាំង​នេះ ដោយ​ពាក្យ​ប្រៀប​ធៀប​ដល់​ហ្វូង​មនុស្ស ទ្រង់​មិន​បាន​មាន​បន្ទូល​នឹង​គេ ឥត​ពាក្យ​ប្រៀប​ធៀប​ទេ ដើម្បី​ឲ្យ​បាន​សំរេច​តាម​ទំនាយ​ដែល​ហោរា​បាន​ទាយ​ទុក​មក​ថា «អញ​នឹង​បើក​មាត់​និយាយ ជា​ពាក្យ​ប្រៀប​ប្រដូច អញ​នឹង​សំដែង​ពី​ការ​ដែល​លាក់​កំបាំង តាំង​ពី​កំណើត​លោកីយ​មក»។

ចែក​រំលែក
អាន ម៉ាថាយ 13