ម៉ាថាយ 13:24-43
ម៉ាថាយ 13:24-43 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះអង្គមានព្រះបន្ទូលទៅគេ ជារឿងប្រៀបធៀបមួយទៀតថា៖ «ព្រះរាជ្យនៃស្ថានសួគ៌ប្រៀបបាននឹងបុរសម្នាក់ ដែលព្រោះពូជល្អនៅក្នុងស្រែរបស់ខ្លួន ប៉ុន្តែ កាលគ្រប់គ្នាដេកលក់ សត្រូវរបស់គាត់ចូលមកព្រោះស្រងែនៅក្នុងស្រូវសាលី រួចក៏ចេញបាត់ទៅ។ ដូច្នេះ ពេលស្រូវដុះឡើង ហើយដាក់គ្រាប់ នោះស្រងែក៏លេចមកដែរ។ ពួកអ្នកបម្រើចូលមកជម្រាបម្ចាស់ផ្ទះថា "លោកម្ចាស់! តើលោកមិនបានព្រោះពូជល្អក្នុងស្រែរបស់លោកទេឬ? ចុះស្រងែទាំងនេះមកពីណា?" លោកឆ្លើយថា "គឺសត្រូវហើយដែលធ្វើដូច្នេះ"។ ពួកអ្នកបម្រើសួរលោកថា "ដូច្នេះ តើលោកម្ចាស់ចង់ឲ្យយើងខ្ញុំទៅដកវាចេញឬទេ?" តែលោកឆ្លើយថា "កុំអី! ព្រោះពេលអ្នកដកស្រងែ ស្រូវអាចនឹងដោយមកជាមួយ ទុកឲ្យទាំងពីរដុះជាមួយគ្នា រហូតដល់ពេលច្រូតចុះ ហើយនៅពេលច្រូត ខ្ញុំនឹងប្រាប់ពួកអ្នកច្រូតថា ចូរប្រមូលស្រងែជាមុនសិន ហើយចងវាជាកណ្តាប់ ទុកសម្រាប់ដុត រីឯស្រូវសាលី ចូរប្រមូលដាក់ក្នុងជង្រុករបស់ខ្ញុំ"»។ ព្រះអង្គមានព្រះបន្ទូលទៅគេ ជារឿងប្រៀបធៀបមួយទៀតថា៖ «ព្រះរាជ្យនៃស្ថានសួគ៌ប្រៀបដូចជាគ្រាប់ពូជម៉្យាងដ៏ល្អិតដែលមនុស្សម្នាក់បានយកទៅព្រោះក្នុងចម្ការរបស់ខ្លួន គ្រាប់ពូជនេះតូចជាងគ្រាប់ពូជទាំងអស់ ប៉ុន្តែ ពេលដុះឡើង វាធំជាងរុក្ខជាតិណាទាំងអស់ រួចក្លាយជាដើមឈើមួយដើម ហើយសត្វហើរលើអាកាសមកធ្វើសម្បុកនៅតាមមែករបស់វា»។ ព្រះអង្គមានព្រះបន្ទូលជារឿងប្រៀបធៀបមួយទៀតទៅគេថា៖ «ព្រះរាជ្យនៃស្ថានសួគ៌ប្រៀបដូចជាដំបែ ដែលស្ត្រីម្នាក់យកទៅលាយនឹងម្សៅបីរង្វាល់ រហូតដល់ម្សៅទាំងអស់ដោរឡើង»។ ព្រះយេស៊ូវមានព្រះបន្ទូលសេចក្តីទាំងនេះ ទៅកាន់មហាជនជារឿងប្រៀបធៀប ទ្រង់មិនបានមានព្រះបន្ទូលទៅគេ ក្រៅពីរឿងប្រៀបធៀបឡើយ។ ការនេះត្រូវតែបានសម្រេចតាមសេចក្តីដែលបានថ្លែងទុកមក តាមរយៈហោរាថា៖ «យើងនឹងបើកមាត់និយាយជារឿងប្រៀបធៀប យើងនឹងប្រកាសសេចក្ដីដែលលាក់ទុក តាំងពីដើមកំណើតពិភពលោកមក» ។ បន្ទាប់មក ព្រះអង្គក៏យាងចេញពីមហាជន ហើយចូលទៅក្នុងផ្ទះ។ ពួកសិស្សរបស់ព្រះអង្គបានចូលមកជិតព្រះអង្គទូលថា៖ «សូមពន្យល់រឿងប្រៀបធៀបអំពីស្រងែក្នុងស្រែប្រាប់យើងខ្ញុំផង»។ ព្រះអង្គមានព្រះបន្ទូលឆ្លើយថា៖ «អ្នកដែលព្រោះពូជល្អ គឺជាកូនមនុស្ស ស្រែ គឺពិភពលោក ហើយពូជល្អ គឺជាពួកកូនរបស់ព្រះរាជ្យ ឯស្រងែ គឺជាពួកកូនរបស់អាកំណាច សត្រូវដែលព្រោះស្រងែនោះ គឺជាអារក្ស ចម្រូត គឺជាគ្រាចុងបំផុត ហើយពួកអ្នកច្រូត គឺជាពួកទេវតា។ ដូច្នេះ គេច្រូតស្រងែ ហើយយកទៅដុតចោលក្នុងភ្លើងយ៉ាងណា នោះគ្រាចុងបំផុតក៏នឹងកើតមានយ៉ាងនោះដែរ។ កូនមនុស្សនឹងចាត់ពួកទេវតារបស់លោកមក ហើយទេវតាទាំងនោះនឹងប្រមូលអស់អ្នក ដែលនាំឲ្យប្រព្រឹត្តអំពើបាប និងអស់អ្នកដែលប្រព្រឹត្តអំពីទុច្ចរិត ចេញពីនគររបស់លោក ហើយពួកទេវតានឹងបោះអ្នកទាំងនោះទៅក្នុងគុកភ្លើង នៅទីនោះនឹងយំ ហើយសង្កៀតធ្មេញ។ ពេលនោះ មនុស្សសុចរិតនឹងភ្លឺដូចជាថ្ងៃ នៅក្នុងព្រះរាជ្យនៃព្រះវរបិតារបស់គេ។ អ្នកណាមានត្រចៀក ចូរស្តាប់ចុះ!»
ម៉ាថាយ 13:24-43 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នាមួយទៀតទៅគេថា៖ «ព្រះរាជ្យ*នៃស្ថានបរមសុខ*ប្រៀបបាននឹងបុរសម្នាក់ ដែលបានព្រោះគ្រាប់ពូជល្អទៅក្នុងស្រែរបស់គាត់។ ពេលមនុស្សម្នាដេកលក់អស់ មារសត្រូវរបស់គាត់បានមកព្រោះស្រងែនៅក្នុងស្រែនោះដែរ រួចចេញបាត់ទៅ។ ពេលស្រូវដុះឡើងដាក់គ្រាប់ ស្រងែក៏ដុះឡើងដែរ។ ពួកអ្នកបម្រើចូលមកជម្រាបម្ចាស់ស្រែថា: “លោកម្ចាស់! លោកបានព្រោះតែគ្រាប់ពូជល្អក្នុងស្រែសោះ ចុះស្រងែនេះមកពីណា?”។ ម្ចាស់តបវិញថា: “ពិតជាមានមារសត្រូវមកព្រោះហើយ!”។ ពួកអ្នកបម្រើសួរលោកទៀតថា: “តើលោកចង់ឲ្យយើងខ្ញុំទៅដកស្រងែនោះចេញឬ?”។ ម្ចាស់តបថា: “កុំអី! បើអ្នករាល់គ្នាដក ក្រែងលោដោយស្រូវមកជាមួយដែរ ទុកឲ្យវាដុះជាមួយគ្នារហូតដល់ស្រូវទុំចុះ ពេលនោះ ខ្ញុំនឹងប្រាប់ពួកអ្នកច្រូតថា ចូរប្រមូលស្រងែចងជាបាច់ យកទៅដុតចោលជាមុនសិន រួចសឹមប្រមូលស្រូវដាក់ជង្រុកឲ្យខ្ញុំ”»។ ព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នាមួយទៀតទៅគេថា៖ «ព្រះរាជ្យនៃស្ថានបរមសុខប្រៀបបីដូចជាគ្រាប់ពូជម្យ៉ាងដ៏ល្អិត ដែលបុរសម្នាក់យកទៅដាំក្នុងចម្ការរបស់ខ្លួន។ គ្រាប់ពូជនោះតូចជាងគ្រាប់ពូជទាំងអស់ ប៉ុន្តែ ពេលដុះឡើង វាធំជាងដំណាំឯទៀតៗ គឺទៅជាដើមឈើមួយយ៉ាងធំ ហើយបក្សាបក្សីមកធ្វើសំបុកស្នាក់អាស្រ័យនៅតាមមែករបស់វា»។ ព្រះអង្គមានព្រះបន្ទូលជាពាក្យប្រស្នាមួយទៀតថា៖ «ព្រះរាជ្យនៃស្ថានបរមសុខប្រៀបបីដូចជាមេនំប៉័ង ដែលស្ត្រីម្នាក់យកទៅលាយនឹងម្សៅពីរតៅ ធ្វើឲ្យម្សៅនោះដោរឡើង»។ ព្រះយេស៊ូមានព្រះបន្ទូលអំពីសេចក្ដីទាំងនេះទៅកាន់មហាជន ជាពាក្យប្រស្នាទាំងអស់ គឺព្រះអង្គមិនដែលមានព្រះបន្ទូលទៅគេ ដោយឥតប្រើពាក្យប្រស្នាឡើយ ដើម្បីឲ្យស្របនឹងសេចក្ដីដែលមានចែងទុកតាមរយៈពួកព្យាការី*ថា៖ «យើងនឹងនិយាយទៅគេជាពាក្យប្រស្នា យើងនឹងប្រកាសសេចក្ដីលាក់កំបាំង តាំងពីដើមកំណើតពិភពលោកមក ឲ្យគេដឹង» ។ ពេលនោះ ព្រះយេស៊ូយាងចេញពីមហាជនចូលទៅក្នុងផ្ទះ។ ពួកសិស្ស*នាំគ្នាចូលមកគាល់ព្រះអង្គ ទូលថា៖ «សូមព្រះគ្រូបកស្រាយប្រស្នាអំពីស្រងែក្នុងស្រែ ឲ្យយើងខ្ញុំបានយល់អត្ថន័យផង»។ ព្រះអង្គមានព្រះបន្ទូលតបទៅគេវិញថា៖ «អ្នកព្រោះគ្រាប់ពូជល្អគឺបុត្រមនុស្ស* ស្រែគឺពិភពលោក គ្រាប់ពូជល្អគឺអ្នកដែលត្រូវចូលទៅក្នុងព្រះរាជ្យ រីឯស្រងែវិញគឺកូនចៅរបស់មារ*កំណាច។ សត្រូវដែលសាបព្រោះស្រងែគឺមារ រដូវចម្រូតគឺអវសានកាលនៃពិភពលោក ហើយអ្នកច្រូតគឺទេវតា*។ គេច្រូតស្រងែយកទៅដុតក្នុងភ្លើងយ៉ាងណា នៅអវសានកាលនៃពិភពលោក ក៏នឹងកើតមានយ៉ាងនោះដែរ។ បុត្រមនុស្សនឹងចាត់ទេវតារបស់លោកឲ្យមក។ ទេវតាទាំងនោះនឹងប្រមូលពួកអ្នកដែលនាំគេឲ្យប្រព្រឹត្តអំពើបាប និងពួកអ្នកដែលបានប្រព្រឹត្តអំពើទុច្ចរិតយកចេញពីព្រះរាជ្យ បោះទៅក្នុងភ្លើងដែលឆេះសន្ធោសន្ធៅ ហើយនៅទីនោះមានតែសម្រែកយំសោក ខឹងសង្កៀតធ្មេញ។ រីឯអ្នកសុចរិត*វិញ គេនឹងស្ថិតនៅក្នុងព្រះរាជ្យនៃព្រះបិតារបស់គេ ទាំងបញ្ចេញរស្មីភ្លឺដូចព្រះអាទិត្យ។ អ្នកណាឮពាក្យនេះ សូមយកទៅពិចារណាចុះ!»។
ម៉ាថាយ 13:24-43 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទ្រង់មានបន្ទូល ដោយពាក្យប្រៀបប្រដូច១ទៀតថា នគរស្ថានសួគ៌ប្រៀបដូចជាថៅកែម្នាក់ ដែលព្រោះពូជល្អនៅស្រែខ្លួន ប៉ុន្តែ កាលមនុស្សទាំងអស់កំពុងតែដេកលក់ នោះសត្រូវរបស់ថៅកែនោះ ក៏មកព្រោះស្រងែនៅក្នុងស្រូវសាលីដែរ រួចចេញបាត់ទៅ លុះពន្លកឡើង ហើយស្រូវចេញ នោះស្រងែក៏លេចមកឲ្យស្គាល់ដែរ ពួកបាវរបស់ថៅកែនោះ គេមកជំរាបថា លោកម្ចាស់ តើលោកមិនបានព្រោះពូជល្អ នៅស្រែរបស់លោកទេឬអី ដូច្នេះ តើស្រងែនេះកើតពីណាមក គាត់ក៏ឆ្លើយថា នោះគឺជាខ្មាំងសត្រូវហើយ ដែលបានធ្វើការនោះ រួចពួកបាវសួរថា ដូច្នេះ តើលោកចង់ឲ្យយើងខ្ញុំទៅដកចេញឬទេ គាត់ឆ្លើយថា កុំ ក្រែងកាលណាដកស្រងែចេញ នោះស្រូវសាលីក៏រលើងទៅដែរ ទុកឲ្យវាដុះជាមួយគ្នា ដរាបដល់ពេលច្រូតចុះ ចាំដល់រដូវចំរូត នោះអញនឹងប្រាប់ពួកចំរូតថា ចូរច្រូតស្រងែសិន ហើយចងជាកណ្តាប់ ទុកសំរាប់ដុត ឯស្រូវសាលី ឲ្យប្រមូលដាក់ក្នុងជង្រុកអញវិញ។ ទ្រង់មានបន្ទូល ជាពាក្យប្រៀបប្រដូច១ទៀតថា នគរស្ថានសួគ៌ប្រៀបដូចគ្រាប់ពូជម្យ៉ាង ដែលមនុស្សម្នាក់បានយកទៅព្រោះក្នុងចំការខ្លួន គ្រាប់នេះល្អិតជាងគ្រាប់ពូជទាំងអស់ពិតមែន តែកាលណាបានដុះឡើង នោះក៏ធំជាងតិណជាតិទាំងអស់ ហើយក៏ត្រឡប់ជាដើមធំ ដល់ម៉្លេះបានជាសត្វហើរលើអាកាស មកទំនៅលើមែកផង។ ទ្រង់មានបន្ទូល ពាក្យប្រៀបប្រដូចនេះ ឲ្យគេទៀតថា នគរស្ថានសួគ៌ប្រៀបដូចជាដំបែ ដែលស្ត្រីម្នាក់ បានយកមកលាយនឹងម្សៅ៣រង្វាល់ ទាល់តែម្សៅនោះបានដោរឡើងគ្រប់ទាំងអស់។ ព្រះយេស៊ូវទ្រង់មានបន្ទូលសេចក្ដីទាំងនេះ ដោយពាក្យប្រៀបធៀបដល់ហ្វូងមនុស្ស ទ្រង់មិនបានមានបន្ទូលនឹងគេ ឥតពាក្យប្រៀបធៀបទេ ដើម្បីឲ្យបានសំរេចតាមទំនាយដែលហោរាបានទាយទុកមកថា «អញនឹងបើកមាត់និយាយ ជាពាក្យប្រៀបប្រដូច អញនឹងសំដែងពីការដែលលាក់កំបាំង តាំងពីកំណើតលោកីយមក»។ នោះទ្រង់ក៏ឲ្យហ្វូងមនុស្សទៅវិញ រួចយាងចូលទៅក្នុងផ្ទះ ឯពួកសិស្សមកទូលទ្រង់ថា សូមអធិប្បាយឲ្យយើងខ្ញុំយល់ន័យពាក្យប្រៀប ពីស្មៅស្រងែនៅស្រែផង ទ្រង់មានបន្ទូលឆ្លើយថា អ្នកដែលព្រោះពូជល្អ នោះគឺជាកូនមនុស្ស ចំណែកស្រែ នោះគឺជាតួលោកីយ ឯពូជល្អ គឺអស់ទាំងមនុស្សរបស់នគរស្ថានសួគ៌ ហើយស្រងែ គឺជាអស់ទាំងមនុស្សរបស់អាកំណាចវិញ ខ្មាំងសត្រូវដែលប្លមព្រោះស្រងែ នោះគឺជាអារក្ស ចំរូត គឺជាបំផុតកល្ប ហើយពួកច្រូតនោះ គឺជាពួកទេវតា ដូច្នេះ ដែលគេច្រូតស្រងែដុតបន្សុសក្នុងភ្លើងជាយ៉ាងណា នោះដល់បំផុតកល្បក៏នឹងបានដូច្នោះដែរ គឺកូនមនុស្សនឹងចាត់ពួកទេវតា ទៅច្រូតយកអស់ទាំងក្បួន ដែលនាំឲ្យមនុស្សរវាតចិត្ត នឹងពួកអ្នកដែលប្រព្រឹត្តទទឹងច្បាប់ ពីនគរចេញ ហើយនឹងបោះគេចោលទៅក្នុងគុកភ្លើង នៅទីនោះគេនឹងយំ ហើយសង្កៀតធ្មេញ គ្រានោះ ពួកសុចរិតនឹងភ្លឺដូចជាថ្ងៃ នៅក្នុងនគររបស់ព្រះវរបិតានៃគេ អ្នកណាដែលមានត្រចៀកសំរាប់ស្តាប់ ឲ្យស្តាប់ចុះ។